អ្នកជំនាញយល់ឃើញផ្សេងគ្នាជុំវិញទស្សនៈដែលថា សមាគមអាស៊ានគួរតែបណ្ដេញកម្ពុជា និងឡាវចេញពីសមាជិកភាពរបស់ខ្លួន ដោយសារតែប្រទេសទាំងពីរនេះ មានជំហរគាំទ្រមហាអំណាចចិន។ អំណះអំណាងជុំវិញបញ្ហាបណ្ដេញកម្ពុជា និងឡាវចេញពីសមាគមអាស៊ាននេះ កើតមានឡើងសាជាថ្មី ស្របពេលដែលសមាគមមួយនេះ ត្រៀមរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំ នៅពាក់កណ្ដាលខែវិច្ឆិកានេះ ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ។
អ្នកជំនាញតំបន់អាស៊ីអាគ្នេយ៍ លោក ក្រិកហ្គោរី ផលីង (Gregory Poling) ពន្យល់ប្រាប់អាស៊ីសេរី ថា តំបន់អាស៊ាន ចាំបាច់ត្រូវតែសម្រុះសម្រួលគ្នា លើបញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាតំបន់មេគង្គដែលកំពុងតែកើនកម្ដៅ។ លោក ក្រិកហ្គោរី ផលីង ដែលជានាយកគំនិតផ្ដួចផ្ដើមតម្លាភាពលំហសមុទ្រ (AMTI) របស់មជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (CSIS) មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតុន (Washington) សហរដ្ឋអាមេរិក ព្រមានថា បើមិនដូច្នោះទេ រដ្ឋសមាជិកនៃតំបន់អាស៊ានមួយចំនួន នឹងមើលឃើញថា សមាគមអាស៊ានគឺជាផ្នែកមួយនៃបញ្ហា ជាជាងដំណោះស្រាយ ក្នុងពេលដែលកម្ពុជា និងឡាវកំពុងតែមានជំហរទោទន់ខ្លាំងទៅរកមហាអំណាចចិន៖ « នៅក្នុងរឿងរ៉ាវសមុទ្រចិនខាងត្បូង បើសិនជាវាទំនងកាន់តែខ្លាំងថា កម្ពុជា និងឡាវ ហើយអាចថា ថៃ នៅតែបដិសេធមិនគាំទ្រដល់ប្រទេសសមាជិកអាស៊ានដទៃទៀត ពេលនោះ អាស៊ានខ្លួនឯងនឹងក្លាយជាបញ្ហាសម្រាប់រដ្ឋសមាជិកដទៃទៀត ដូចជាសម្រាប់ប្រទេសវៀតណាម ប្រទេសហ្វីលីពីន ប្រទេសឥណ្ឌូណេស៊ី។ ប្រទេសអស់ទាំងនេះ នឹងចាប់ផ្ដើមមើលឃើញថា អាស៊ានគឺជាផ្នែកមួយនៃបញ្ហា ហើយមិនមែនជាផ្នែកមួយនៃដំណោះស្រាយនោះទេ។ នេះនឹងក្លាយជារឿងរ៉ាវដ៏អាក្រក់មួយសម្រាប់សមាគមនេះ »។
អ្នកជំនាញរូបនេះ ពុំមានជំនឿថា សមាគមអាស៊ាន អាចនឹងឈានទៅបណ្ដេញសមាជិកភាពកម្ពុជា និងឡាវចេញពីសមាគមនេះបានឡើយ។ ក៏ប៉ុន្តែ លោកយល់ថា អ្វីដែលទំនងជាអាចកើតមានឡើងនោះ គឺរដ្ឋសមាជិកមួយចំនួនរបស់អាស៊ានកំពុងតែយកបញ្ហាជាច្រើនទៅនិយាយនៅក្រៅរង្វង់យន្តការរបស់អាស៊ាន ដែលលោកយល់ថា អាចជារឿងមួយល្អដើម្បីដាក់សម្ពាធដល់សមាគមនេះ និងដល់កម្ពុជាដែលតែងរណបចិន៖ « ការធ្វើដូច្នេះមិនមែនជារឿងរ៉ាវអាក្រក់នោះទេ ព្រោះវាអាចជាការដាក់សម្ពាធទៅលើសមាគមអាស៊ាន និងដាក់សម្ពាធទៅលើប្រទេសមួយចំនួនដូចជាកម្ពុជា ដែលតែងតែខ្លាចប្រទេសចិនយ៉ាងខ្លាំង ជាជាងផ្តល់ការគាំទ្រដល់បណ្ដាប្រទេសភូមិផងរបងជាមួយខ្លួននោះ »។
រីឯ អ្នកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា អាស៊ានអាចបណ្ដេញកម្ពុជា និងឡាវចេញពីសមាគមរបស់ខ្លួនបាន ដរាបណាមានការរំលាយចោលធម្មនុញ្ញចាស់របស់អាស៊ានជាមុនសិន។ លោកផ្ដល់អំណះអំណាងថា ការរំលាយចោលធម្មនុញ្ញចាស់របស់អាស៊ាននេះ អាចធ្វើទៅបានដោយមិនចាំបាច់មានការឯកភាពជារួម ឬកុងសង់ស៊ីស ពីសំណាក់គ្រប់សមាជិកអាស៊ានទាំងអស់នោះទេ៖ « ការរំលាយនេះ វាអត់អាចទាល់តែសមាជិកណាមួយព្រមព្រៀងនោះទេ។ វាអាចធ្វើទៅបានឧទាហរណ៍ថា សមាជិកទាំង១០ សមាជិក ៨ទៀត គេលាលែងចេញពីអាស៊ាន ប្រទេសមួយៗហ្នឹងសភាគេៗឲ្យសច្ចាប័នដកខ្លួនចេញពីសមាគមអាស៊ាន អាហ្នឹងក៏វាអាចទៅរួចដែរ »។
អំណះអំណាងជុំវិញការបណ្ដេញកម្ពុជា និងឡាវ ចេញពីសមាគមអាស៊ានកើតមានឡើងជាថ្មីម្តងទៀត ស្របពេលដែលសមាគមអាស៊ានកំពុងត្រៀមរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី៣៧ តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំកំពូលអាស៊ានដែលមានប្រទេសវៀតណាមធ្វើជាប្រធានប្តូរវេននេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ វិច្ឆិកា ខាងមុខ។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP របស់រដ្ឋាភិបាល រាយការណ៍កាលពីថ្ងៃទី០៦ វិច្ឆិកា ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមិនអាចចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ាននេះបានទេ ក្រោមហេតុផលថា លោកកំពុងអនុវត្តវិធានការចត្តាឡឺស័ករយៈពេល១៤ថ្ងៃ ក្រោយពីលោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ហុងគ្រី (Hungary) ដែលក្រោយមកបានរកឃើញថាបានឆ្លងជំងឺកូវីដ១៩។ បើតាម AKP លោក ហ៊ុន សែន បានពន្យល់ក្នុងសារជាសំឡេងថា បើទោះជាកិច្ចប្រជុំកំពូលអាស៊ាននេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូក៏ដោយ វាអាចមានហានិភ័យខ្ពស់ដល់អ្នកសារព័ត៌មាន និងមន្ត្រីដទៃទៀតរបស់លោកដែលនឹងចូលរួមកិច្ចប្រជុំនេះ។ យ៉ាងណា លទ្ធផលធ្វើតេស្តនៅពុំទាន់រកឃើញថា លោក ហ៊ុន សែន កើតជំងឺកូវីដ១៩ នៅឡើយទេ។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ដើម្បីសុំអត្ថាធិប្បាយបន្ថែមជុំវិញរឿងអវត្តមានរបស់លោក ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះបានទេ ដោយសារតែលោកពុំលើកទូរស័ព្ទ កាលពីល្ងាចថ្ងៃទី០៦ វិច្ឆិកា។ យ៉ាងណា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP រាយការណ៍ថា លោក ហ៊ុន សែន បានសុំឲ្យមានការយោគយល់ពីសមភាគី និងដៃគូអាស៊ាន ជុំវិញបញ្ហាអវត្តមានរបស់លោក ហើយថា លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងតំណាងឲ្យរូបលោកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ ដោយសារតែលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក៏កំពុងអនុវត្តវិធានការណ៍ចត្តាឡឺស័ករយៈពេល ១៤ថ្ងៃដែរ។
អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត អៀ សុផល មើលឃើញថា អវត្តមានរបស់លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ អាចដោយសារតែការលើកឡើងរបស់អតីតអ្នកការទូតប្រទេសសិង្ហបុរី លោក ប៊ីឡាហារី កូស៊ីកាន (Bilahari Kausikan) ដែលបានថ្លែងកាលពីចុងខែតុលាថា កម្ពុជា និងឡាវគួរតែត្រូវបានបណ្ដេញចេញពីសមាគមអាស៊ាន។ កាលណោះ អតីតអ្នកការទូតសិង្ហបុរីរូបនោះ បានផ្តល់អំណះអំណាងថា នេះគឺដោយសារតែ កម្ពុជា និងឡាវ មានទំនោរឃ្លីងឃ្លោងងាកទៅរកកំហុសដូចកាលពីចុងទសវត្សរ៍ទី៦០ និង៧០ ដែលលោកចង់សំដៅថា ប្រទេសទាំងពីរនេះស្ថិតក្រោមឥទ្ធិពលរបស់ប្រទេសចិនកុម្មុយនិស្ត។ ទស្សនៈរបស់អតីតអ្នកការទូតសិង្ហបុរីរូបនេះ បានបណ្ដាលឲ្យមានសង្គ្រាមប៉ាកាជាមួយមន្ត្រីការទូតកម្ពុជាមួយចំនួន។
ក្នុងនោះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហ៊ួន បានបញ្ចេញទស្សនៈជាលក្ខណៈបុគ្គលផ្ទាល់ខ្លួននៅលើទំព័រហ្វេសប៊ុករបស់លោក ដោយហៅការអំពាវនាវរបស់អ្នកការទូតសិង្ហបុរីរូបនោះ ថាជាសកម្មភាព«បំផ្លាញស្មារតីនៃសមាហរណកម្មអាស៊ាន» និងថាជាសកម្មភាព «បញ្ឆោតយកចំណេញ»លើប្រទេសកម្ពុជា។
បញ្ហាអវត្តមានរបស់លោក ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះ ត្រូវអ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងនយោបាយ បណ្ឌិត សេង សារី លើកហេតុផលថា នឹងធ្វើឲ្យខាតបង់ប្រយោជន៍មួយចំនួនធំរបស់កម្ពុជា ស្របពេលដែលប្រទេសដទៃក្នុងតំបន់អាស៊ាន កំពុងតែមានមន្ទិលសង្ស័យមកលើកម្ពុជា ក្នុងរឿងមានទំនាក់ទំនងពិសេសស្អិតល្មួតជាមួយមហាអំណាចចិនតែម្ដង៖ « វាជារឿងដែលខាតបង់ប្រយោជន៍មួយចំនួនធំ ហើយជាពិសេសអំឡុងពេលដែលសមាជិកអាស៊ានផ្សេងទៀត ក៏កំពុងតែសម្លឹងមើលកម្ពុជាថា ជាប្រទេសដែលមាននិន្នាការទៅលើការគាំទ្រទៅលើមហាអំណាចចិន ហើយដែលធ្វើឲ្យប៉ះពាល់ទៅដល់សន្តិសុខអាស៊ាន ... ។ កិច្ចប្រជុំអាស៊ានលើកនេះ វាជាឱកាសមួយដែលកម្ពុជាអាចចូលរួមបំភ្លឺទៅលើអ្វីដែលជាមន្ទិលសង្ស័យរបស់សមាជិកដទៃទៀត។ អ៊ីចឹង ការខកខានលើកនេះ វាអាចធ្វើឲ្យមន្ទិលសង្ស័យរបស់សមាជិកដទៃនៅតែបន្តសង្ស័យលើកម្ពុជាយើង »។
បណ្ឌិត សេង សារី ពន្យល់បន្ថែមថា ចិនអាចនឹងពិចារណាឡើងវិញអំពីទម្ងន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ប្រសិនបើកម្ពុជាបាត់បង់សមាជិកភាពចេញពីតំបន់អាស៊ានមែននោះ។ កាលពីកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅ កម្ពុជា ធ្លាប់បានចេញមុខការពារចិនជាចំហ នៅក្នុងរឿងជម្លោះរ៉ាំរ៉ៃដណ្ដើមប្រជុំកោះនៅតំបន់សមុទ្រចិនខាងត្បូង រវាងប្រទេសចិន និងប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន។ ជាជាងគាំទ្រប្រទេសអាស៊ានគ្នាឯង កម្ពុជាបានរារាំងមិនឲ្យសមាគមអាស៊ានចេញសេចក្ដីថ្លែងការណ៍ណាមួយថ្កោលទោសប្រទេសចិនបាន នៅក្នុងវិបត្តិជម្លោះដណ្ដើមអធិបតេយ្យលើប្រជុំកោះទាំងនេះ។ ជំហររបស់កម្ពុជានេះ ធ្វើឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីប្រទេសដែលពាក់ព័ន្ធទាំងនេះ។
ជាដំណោះស្រាយលើបញ្ហាបែកបាក់នៅក្នុងតំបន់អាស៊ាននេះ អ្នកជំនាញ ក្រិកហ្គោរី ផលីង ផ្ដល់អនុសាសន៍ថា ជារឿងសំខាន់ដែលសមាគមនេះត្រូវទទួលស្គាល់អំពីភាពនៅមានកម្រិតរបស់ខ្លួន ដែលថា អាស៊ានពុំមានសមត្ថភាពអាចដោះស្រាយបញ្ហានយោបាយ និងបញ្ហាសន្តិសុខក្នុងតំបន់ ជាពិសេសបញ្ហាទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធជាមួយប្រទេសចិនបាននោះឡើយ។ លោកថា ដូច្នេះហើយ សមាគមអាស៊ានចាំបាច់ត្រូវយកបញ្ហាអស់ទាំងនោះ ទៅដោះស្រាយនៅក្រៅរង្វង់យន្តការអាស៊ាន។ លោកបន្តថា អាស៊ានមិនត្រូវដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ឬបញ្ហាតំបន់មេគង្គនោះទេ ក៏ប៉ុន្តែ អាស៊ានគួរតែផ្ដោតលើបញ្ហាសេដ្ឋកិច្ច និងបញ្ហាទំនាក់ទំនងរវាងប្រជាជននិងប្រជាជនវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។