ប្រពន្ធរបស់មន្ត្រីគណបក្សភ្លើងទៀនយល់ថា អាជ្ញាធរផ្ទេរលោក តូច ថឹង ទៅពន្ធនាគារនៅខេត្តពោធិ៍សាត់ ឆ្ងាយពីសាច់ញាតិគឺជាការធ្វើទុក្ខបុកម្នេញដាក់សម្ពាធបន្ថែមលើអ្នកនយោបាយប្រឆាំងដែលកំពុងជាប់ពន្ធនាគារដោយអយុត្តិធម៌។ មន្ត្រីសិទ្ធិមនុស្សយល់ថា អាជ្ញាធរពាក់ព័ន្ធគួរតែបញ្ជូនលោក តូច ថឹង មកពន្ធនាគារនៅភ្នំពេញវិញ ដើម្បីជៀសវាងការរំលោភសិទ្ធិរបស់ជនជាប់ឃុំ។
គ្រួសារបារម្ភអំពីសុខភាពលោក តូច ថឹង ជាខ្លាំង ក្រោយពេលសមត្ថកិច្ចផ្ទេរមន្ត្រីគណបក្សភ្លើងទៀនរូបនេះចេញពីពន្ធនាគារព្រៃស ទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែ (ម៤) ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលនៅតំបន់ដាច់ស្រយាលឆ្ងាយពីគ្រួសារ និងសាច់ញាតិ។
ប្រពន្ធរបស់មន្ត្រីបក្សភ្លើងទៀនប្រចាំខេត្តកំពង់ចាមលោក តូច ថឹង គឺលោកស្រី ហាស់ សុវណ្ណា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១១ ខែវិច្ឆិកាថា លោកស្រីខកចិត្តដែលអាជ្ញាធរបញ្ជូនប្តីលោកស្រីទៅឃុំនៅពន្ធនាគារខេត្តពោធិ៍សាត់ ទាំងតក់ក្រហល់ និងមិនប្រាប់ពីមូលហេតុជាមុននោះថា ជារឿងអយុត្តិធម៌បន្ថែមពីការផ្ដន្ទាទោសប្តីលោកស្រី ឱ្យជាប់គុក២ឆ្នាំដោយគ្មានកំហុស។ លោកស្រីរៀបរាប់ទាំងទឹកភ្នែកថា ការឃុំប្តីលោកស្រីនៅចម្ងាយរាប់រយគីឡូម៉ែត នឹងធ្វើឱ្យគ្រួសារប្រឈមការលំបាកបន្ថែមទៀតទាក់ទងការធ្វើដំណើរទៅសួរសុខទុក្ខ ផ្ញើថ្នាំពេទ្យ និងម្ហូបអាហារជាដើម។ ប៉ុន្តែលោកស្រីថារឿងដែលលោកស្រីបារម្ភបំផុតនោះគឺជំងឺភ្នែក និងជំងឺបេះដូងប្តីរបស់លោកស្រីកំពុងធ្វើទុក្ខដោយត្រូវការថ្នាំលេប និងព្យាបាលតាមកាលណាត់ពីគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យខាងក្រៅក្នុងរាជធានីភ្នំពេញជាចាំបាច់។
លោកស្រី ហាស់ សុវណ្ណា៖ «ខ្ញុំគិតថាអាជ្ញាធរបញ្ជូនគាត់ទៅហ្នឹងជារឿងនយោបាយច្រើនជាង អាហ្នឹងផ្ដឹកស្នាមដៃហ្នឹងខ្ញុំច្រានចោល ពីព្រោះប្តីរបស់ខ្ញុំប្រាប់ថា អត់ទទួលយករឿងហ្នឹងទេ គាត់(ប្តី)ជាប់រឿងនយោបាយហើយតើហេតុអ្វីបានជាយកគាត់ទៅឆ្ងាយ ខ្ញុំសួរគាត់(ប្តី)ព្រឹកមិញហ្នឹងគាត់អត់ដឹងខ្លួនសោះដែលយកគាត់ទៅហ្នឹងឥឡូវគាត់អត់មានថ្នាំលេបទេ»។
មន្ត្រីនៃអគ្គនាយកដ្ឋានពន្ធនាគារកាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា បានវាយខ្នោះរុញ លោក តូច ថឹង បញ្ចូលក្នុងឡានដឹកទៅឃុំនៅពន្ធនាគារពោធិ៍សាត់ភ្លាមៗ បន្ទាប់ពីប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលលោក យូ ប៊ុនឡេង បដិសេធបណ្តឹងស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្ន។
ទាក់ទងរឿង នេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ប្រាប់វិទ្យុអាស៊ីសេរីថាការផ្ទេរលោក តូច ថឹង ទៅមណ្ឌលអប់រំកែប្រែ(ម៤) មិនជាប់ទាក់ទងរឿងនិន្នាការនយោបាយនោះទេ។ លោកអះអាងថា ការផ្ទេរជនជាប់ឃុំពីពន្ធនាគារព្រៃសទៅពន្ធនាគារតាមខេត្តផ្សេងៗគឺធ្វើឡើងជាធម្មតាដើម្បីកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ។
លោក នុត សវនា៖ «គាត់មានឈ្មោះត្រូវផ្ទេរមិនមែនមុខសញ្ញាអ្វីទេ ប៉ុន្តែដោយសារយើងជួយសម្រួលភាពចង្អៀតណែន អ៊ីចឹងអ្នកដែលកាត់ទោសហើយ ឬមិនមាននីតិវិធីតុលាការបន្តវែងឆ្ងាយទៀត អាហ្នឹងអង្គភាពរបស់យើងបញ្ជូនទៅម៤ ឬម៣ទៅតាមកម្រិតទោស»។
ទោះជាយ៉ាងណា លោកស្រី ហាស់ សុវណ្ណា ចាត់ទុកការសម្រេចរបស់អាជ្ញាធរពន្ធនាគារ និងតុលាការថាជាចេតនាធ្វើទុក្ខបុកម្នេញផ្នែកនយោបាយតាមរយៈការដាក់ឱ្យប្តីលោកស្រីនៅឯកាពីប្រពន្ធកូន ឬបងប្អូន ជាពិសេសរងសម្ពាធផ្លូវកាយចិត្តបន្ថែមទៀតដើម្បីឱ្យប្តីរបស់លោកស្រីបោះបង់ការតស៊ូទៅមុខ។ អ្នកស្រីស្នើដល់រដ្ឋាភិបាលបញ្ឈប់គាបសង្កត់លើសកម្មជនបក្សប្រឆាំង ហើយដោះលែងប្ដីរបស់លោកស្រីឱ្យមានសេរីភាពមកវិញ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត យល់ថាអាជ្ញាធរពន្ធនាគារមិនគួរបញ្ជូនលោក តូច ថឹង ទៅឃុំនៅខេត្តពោធិ៍សាត់ធ្វើឱ្យឯកាពីសាច់ញាតិ និងពិបាកទទួលសេវាពិនិត្យព្យាបាលជំងឺប្រចាំកាយដូច្នេះទេ។ លោកសង្កេតឃើញថា ការផ្ទេរសកម្មជនបក្សប្រឆាំងជាប់ឃុំទៅពន្ធនាគារតំបន់ដាច់ស្រយាលកន្លងទៅ សាធារណជនរិះគន់ថា ជាទណ្ឌកម្ម ដែលផ្ទុយពីហេតុផលរបស់អាជ្ញាធរថា ការផ្ទេរសកម្មជនទាំងនោះដើម្បីកាត់បន្ថយការចង្អៀតណែតនៅក្នុងពន្ធនាគារ។ មន្ត្រីសិទ្ធិមនុស្សរូបនេះស្នើឱ្យអាជ្ញាធរពាក់ព័ន្ធគួរតែបញ្ជូនលោក តូច ថឹង មកពន្ធនាគារនៅភ្នំពេញវិញ ដើម្បីឱ្យក្រុមគ្រួសារ មិត្តភ័ក្ដិ រួមទាំងមេធាវីងាយស្រួលក្នុងការចូលសួរសុខទុក្ខ និងបន្តអនុវត្តនីតិវិធីនៅតុលាការដើម្បីជៀសវាងរិះគន់ពីការរំលោភសិទ្ធិរបស់ជនជាប់ឃុំជាដើម។
លោក អំ សំអាត៖ «អគ្គនាយកដ្ឋានពន្ធនាគារថាផ្ទេរហ្នឹងយោងភាពចាំបាច់ ភាពចង្អៀតណែន ឬអសន្តិសុខជាដើម ប៉ុន្តែយើងជាអង្គការសង្គមស៊ីវិលថា ជៀសវាងការរិះគន់ត្រូវពិនិត្យពិចារណាឱ្យបានច្បាស់លាស់ ពីព្រោះរឿងក្តីរបស់គាត់ហ្នឹង ដំណើរការនៅតុលាការនៅទីក្រុងភ្នំពេញ អ៊ីចឹងកាលណាបញ្ជូនទៅឆ្ងាយវាប៉ះពាល់ដល់សិទ្ធិរបស់គាត់ដែរ ទាក់ទងរឿងជួបជាមួយមេធាវីក៏មិនសូវបានជួប ក្រុមគ្រួសារមិនសូវបានជួប ហើយរឿងបញ្ហាសុខភាពរបស់គាត់បន្តតាមដាននៅមន្ទីរពេទ្យភ្នំពេញផងដែរបាទ»។
លោក តូច ថឹង អាយុ ៧៥ឆ្នាំ មានដើមកំណើតខ្មែរក្រោម និងជាអតីតសមាជិកក្រុមការងារ គណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ចាម កាលពីឆ្នាំ២០១៧ ហើយបច្ចុប្បន្នលោកជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តកំពង់ចាមដដែល។ អាជ្ញាធរក្រុងភ្នំពេញបានចាប់លោក និងលោក ខឿន វីរ៉ាត់ អ្នកស្រី នូ សុទ្ធារី កាលពីថ្ងៃទី២៤ ខែមីនា។ ការចាប់ខ្លួននេះ គឺ៦ម៉ោងមុនពេលតុលាការក្រុងភ្នំពេញកាត់ទោសលោក សៀម ភ្លុក ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ៦ខែ ចំណែកលោក និងសមាជិកបក្សភ្លើងទៀនពីរនាក់ទៀតត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំពីបទក្លែងបន្លំឯកសារក្នុងការបង្កើតគណបក្សបេះដូងជាតិ កាលពីឆ្នាំ២០២១ ។ ទោះយ៉ាងណា សហគមន៍ជាតិ និងអន្តរជាតិចាត់ទុកករណីនេះជារឿងនយោបាយ និងទាមទារឱ្យប្រគល់សេរីភាពជូនពួកគេដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។