ក្រុមគ្រួសារសកម្មជនដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ សោកសង្រេងនៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយសារពួកគាត់មិនបានជួបជុំគ្នាដូចគ្រួសារពលរដ្ឋទូទៅ។ ពួកគាត់ថា របបដឹកនាំបច្ចុប្បន្នជាអ្នកពង្រាត់គ្រួសាររបស់គាត់ តាមរយៈការចាប់ខ្លួនដាក់ពន្ធនាគារដោយអយុត្តិធម៌។ ប៉ុន្តែតំណាងបក្សកាន់អំណាចឆ្លើយតបថា នេះគ្រាន់តែជាមនោសញ្ចេតនា ដែលមិនស្របតាមទិដ្ឋភាពច្បាប់។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ មិនខុសពីឆ្នាំមុនទេ គឺជាពេលវេលាដ៏សោកសៅសម្រាប់គ្រួសាររបស់សកម្មជនបក្សប្រឆាំង និងសកម្មជនបរិស្ថានដែលកំពុងជាប់ឃុំក្នុងពន្ធនាគារដោយអយុត្តិធម៌។ ខុសពីពលរដ្ឋទូទៅដែលមានឱកាសជួបជុំគ្នា ស្ថានភាពរបស់ពួកគាត់ពេលនេះ គឺប្រពន្ធព្រាត់ប្ដី ស្វាមីព្រាត់ភរិយា ជីដូនព្រាត់ចៅ ជាដើម។
ប្រពន្ធរបស់មន្ត្រីបក្សប្រឆាំងលោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា ថ្លែងថា បុណ្យភ្ជុំបិណ្ឌសម្រាប់គ្រួសារលោកស្រីនៅឆ្នាំនេះ មានភាពសោះកក្រោះ និងសោកសង្រេងជាខ្លាំង ពីព្រោះអាជ្ញាធរបានចាប់ទាំងប្តី និងកូនលោកស្រីយកទៅដាក់ពន្ធនាគារដោយអយុត្តិធម៌។ លោកស្រីរៀបរាប់ដោយសំឡេងយំខ្សឹកខ្សួលថា លោកស្រីបានឆ្លៀតទៅវត្តធ្វើបុណ្យជាមួយចាស់ៗនៅឯស្រុកកំណើតក្នុងខេត្តតាកែវ និងឡើងមកភ្នំពេញវិញដើម្បីរៀបចំម្ហូបអាហារឆ្ងាញ់ៗ សម្រាប់ប្តី និងកូននៅក្នុងពន្ធនាគារ។ លោកស្រីបួងសួងសុំឱ្យប្ដី និងកូនឆាប់ទទួលបានសេរីភាព ដើម្បីវិលមកជួបជុំគ្រួសារវិញ៖ «ខ្ញុំបានត្រៀមទុកហើយម្ហូបអាហារសម្រាំងជូនប្ដី និងកូនខ្ញុំ។ ពួកគាត់ចូលចិត្តនំអន្សមណាស់ អ៊ីចឹងខ្ញុំនឹងយកទៅឱ្យគាត់នៅពេលភ្ជុំធំ។ ខ្ញុំមានតែការបន់ស្រន់សុំឱ្យពួកគាត់សុខសប្បាយ ហើយនិងមានសុខភាពល្អ ហើយក៏ឆាប់បានមកជួបជុំជាមួយម្ដាយ ហើយនិងប្រពន្ធវិញ»។

អាជ្ញាធរបានចាប់ខ្លួនលោក កាក់ កុម្ភារ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញនៃគណបក្សសង្គ្រោះជាតិកាលពីចុងខែឧសភា ឆ្នាំ២០២០។ ក្រោយមក នៅចុងខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរបានចាប់ខ្លួនកូនប្រុសរបស់លោកស្រីម្នាក់ទៀត គឺយុវជន កាក់ សុវណ្ណច្ឆ័យ ដែលជាអនីតិជន និងមានជំងឺខ្សោយសតិបញ្ញា(Autism)។ ឪពុកត្រូវបានចោទប្រកាន់ និងផ្ដន្ទាទោសពីបទ «ផ្តើមគំនិតក្នុងអំពើប្រមាថ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» រីឯកូនប្រុសត្រូវបានចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងជេរប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល»។
លោកស្រី ព្រុំ ចាន់ថា ចាត់ទុកករណីនេះថា ជាការពង្រាត់បង្រាសគ្រួសារលោកស្រី។ លោកស្រីមានជំនឿថា ក្រុមជនដែលធ្វើបាបគ្រួសារលោកស្រី កម្មពារនឹងធ្លាក់លើគ្រួសាររបស់ពួកគេវិញនៅថ្ងៃណាមួយ៖ «បើគាត់ ( របបក្រុងភ្នំពេញ ) ចេះមានមនោសញ្ចេតនា ហើយនិងចេះគិតពិចារណាឱ្យខ្ពស់ជាងនេះតែបន្តិច គាត់នឹងមិនអាចពង្រាត់បង្រាសគ្រួសារខ្ញុំបានទេ។ ពួកខ្ញុំគ្មានសុភមង្គល គាត់មានសុភមង្គល ខ្ញុំជឿថា ថ្ងៃណាមួយនឹងជួបប៉ះលើក្រុមគ្រួសារគាត់វិញមិនខានទេ»។
រីឯគ្រួសាររបស់សកម្មជនបរិស្ថានដែលកំពុងជាប់ឃុំវិញ ពួកគាត់ក៏ជួបស្ថានភាពស្រដៀងគ្នានេះដែរ។
ប្រពន្ធរបស់អ្នកការពារបរិស្ថានលោក ថុន រដ្ឋា គឺលោកស្រី ប៉ាត់ រស្មី ថ្លែងដោយសម្ដីអួលដើមកថា លោកស្រីនឹករលឹកប្តីជាខ្លាំងនៅពេលពិធីបុណ្យទានម្ដងៗ ជាពិសេសអាណិតកូនដែលកំព្រាឪពុកតាំងពីអាយុ ៦ខែ។ លោកស្រីបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ លោកស្រីបានត្រឹមតែផ្ញើរម្ហូបអាហារ និងលុយកាក់បន្តិចបន្តួចដល់ប្ដីនៅក្នុងពន្ធនាគារតែប៉ុណ្ណោះ៖ «ពីរឆ្នាំនេះ គឺខ្ញុំទឹកភ្នែករហូតហ្នឹង។ ដោយសារតែបុណ្យទានម្ដងៗ យើងធ្វើបុណ្យ យើងត្រូវជុំគ្នា ដើរលេងជុំគ្នា តែពីរឆ្នាំហើយ ខ្ញុំអត់បាននៅជុំគ្រួសារទេ។ ហើយកូនខ្ញុំក៏ត្រូវកំព្រាឪពុក ឃ្លាតឆ្ងាយពីឪពុក អត់បានឃើញមុខឪពុក អត់បានមានភាពកក់ក្ដៅពីឪពុកទេ » ។
លោកស្រី ប៉ាត់ រស្មី ចោទសួរថា តើហេតុអ្វីបានក្រុមអ្នកដឹកនាំបច្ចុប្បន្នចេះស្រឡាញ់គ្រួសាររបស់ខ្លួន ប៉ុន្តែបែរជាមកបំផ្លាញសេចក្តីសុខរបស់គ្រួសារលោកស្រីទៅវិញ? លោកស្រីនៅតែអះអាងថា ប្ដីលោកស្រីមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ ដូច្នេះអាជ្ញាធរគួរតែដោះលែងគាត់ឱ្យមានសេរីភាពវិញ ដើម្បីកុំឱ្យមានបាបកម្មទៅថ្ងៃមុខ៖ «យើងដឹងហើយថា ព្រះពុទ្ធសាសនាយើង អ្នកណាដែលប្រព្រឹត្តអំពើអាក្រក់នឹងទទួលផលកម្ម គ្រាន់ថាយូរ ឬក៏ឆាប់តែប៉ុណ្ណឹង។ ហើយខ្ញុំជឿជាក់ថា អ្នកដែលពង្រាត់បង្រាសគ្រួសារខ្ញុំ អ្នកបំផ្លាញសេចក្តីសុខគ្រួសារខ្ញុំនឹងទទួលបានបាបកម្មនៅថ្ងៃណាមួយជាក់ជាមិនខាន » ។

តុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសលោក ថុន រដ្ឋា ឱ្យជាប់ពន្ធនាគារ ២០ខែ ពីបទញុះញង់ ហើយថ្មីៗនេះតុលាការបានបន្ថែមបទចោទមួយទៀតលើរូបលោក គឺបទរួមគំនិតក្បត់ ដែលប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ។
ទាក់ទងនឹងភាពសោកសៅរបស់ក្រុមគ្រួសារសកម្មជនដែលកំពុងជាប់ឃុំនេះ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យបក្សកាន់អំណាចលោក សុខ ឥសាន ថ្លែងថា វាជារឿងមនោសញ្ចេតនារបស់បុគ្គល។ រីឯរឿងកម្មពារនោះវិញលោកយល់ថា ជាជំនឿផ្ទាល់ខ្លួន ហើយមិនត្រូវនឹងទិដ្ឋភាពច្បាប់នោះទេ៖ «រឿងនេះមិនមែនរឿងកម្មពារ ឬកម្មផលទេ។ អ្នកណាប្រព្រឹត្តខុសច្បាប់ អ្នកហ្នឹងត្រូវជាប់គុក អ្នកហ្នឹងត្រូវគេពិន័យ អ្នកហ្នឹងត្រូវគេចាប់ អ៊ីចឹងគាត់យល់ច្រឡំហើយរឿងកម្មផល »។
ទោះជាយ៉ាងណា មន្ត្រីសិទ្ធិមនុស្សនៅតែមើលឃើញថា ចំណាត់ការលើសកម្មជននយោបាយ និងអ្នកការពារបរិស្ថានកន្លងមក មិនមែនដោយសារពួកគេបានប្រព្រឹត្តបទល្មើសនោះទេ តែដោយសារទំនាស់នយោបាយ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ថ្លែងថា ក្រុមអង្គការជាតិ និងអន្តរជាតិនៅតែរក្សាជំហរដដែល គឺទាមទារឱ្យអាជ្ញាធរដោះលែងក្រុមសកម្មជនដែលកំពុងជាប់ឃុំក្នុងសំណុំរឿងនយោបាយទាំងអស់នោះវិញ។ ក្រៅពីនេះ លោកស្នើដល់មន្ត្រីអនុវត្តច្បាប់ឱ្យពិចារណាគ្រប់ទិដ្ឋភាព ក្នុងនោះក៏រួមទាំងរឿងមនុស្សធម៌ផងដែរ ដើម្បីចៀសវាងការសម្រេចចិត្តណាមួយដែលបង្កើតការឈឺចាប់សម្រាប់ពលរដ្ឋ និងពង្រាត់គ្រួសាររបស់ពួកគាត់៖ « សង្គមស៊ីវិលយើងមានការអាណិតអាសូរទៅដល់អ្នកទាំងអស់ហ្នឹងដែលពួកគាត់ទទួលរងភាពអយុត្តិធម៌ទៅហើយ ហើយរងការបែកបាក់ក្រុមគ្រួសារទៅទៀត។ អ៊ីចឹងភាគីអ្នកដឹកនាំនយោបាយទាំងអស់គួរតោងគិតពិចារណា ហើយបញ្ឈប់ការធ្វើទុក្ខបុកម្នេញគ្នាដើម្បីរឿងចង់ឈ្នះចង់ចាញ់ ដោយមិនខ្វល់ពីភាពឈឺចាប់របស់ភាគីណាមួយ » ។

ក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយនេះ របបលោក ហ៊ុន សែន បានចាប់ខ្លួនសកម្មជននយោបាយ សិទ្ធិមនុស្ស បរិស្ថាន និងសកម្មជនសង្គម ដាក់ពន្ធនាគារជិត ៩០នាក់ហើយ។ ភាគច្រើនអាជ្ញាធរចោទប្រកាន់អ្នកទាំងនោះពីបទរួមគំនិតក្បត់ ញុះញង់ និងប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល ប៉ុន្តែអាជ្ញាធរបានបរាជ័យក្នុងការបង្ហាញភស្តុតាងរឹងមាំដើម្បីបញ្ជាក់ពីទោសកំហុសរបស់ពួកគេ។ ករណីខ្លះទៀត អាជ្ញាធរខ្លួនឯងទៅវិញទេ ដែលជាអ្នករំលោភបំពានច្បាប់ ដូចជា ការឈ្លបយកការណ៍ក្នុងកិច្ចសន្ទនាឯកជនរបស់ពលរដ្ឋតាមអំពើចិត្ត ការចាប់ខ្លួនមនុស្សដោយមិនបង្ហាញដីកា ឬព័ត៌មានដល់គ្រួសាររបស់គេ ព្រមទាំងការមិនគោរពគោលការណ៍វិមតិសង្ស័យ និងសិទ្ធិទទួលបានសវនាការប្រកបដោយយុត្តិធម៌របស់ជនជាប់ចោទ ជាដើម។
ដោយសារតែអំពើអយុត្តិធម៌ផ្ទួនៗគ្នាបែបនេះហើយ ទើបក្រុមគ្រួសារសកម្មជនដែលកំពុងជាប់ឃុំមួយចំនួន នាំគ្នាចេញតវ៉ាជាប្រចាំ ដើម្បីទាមទាររកយុត្តិធម៌ដោយខ្លួនឯង។
តំណាងក្រុមស្ត្រីថ្ងៃសុក្រលោកស្រី ព្រុំ ចាន់ថា បញ្ជាក់ថា លោកស្រី និងគ្រួសារសកម្មជនដទៃទៀតនឹងប្រមូលផ្ដុំគ្នាតវ៉ាដាក់ញត្តិតាមស្ថាប័ន និងស្ថានទូតសំខាន់ៗបន្តទៀត នៅក្រោយពិធីបុណ្យភ្ជុំបិណ្ឌ។ លោកស្រីសង្កត់ធ្ងន់ថា ទោះជាមានភាពសោកសៅក្នុងចិត្តនៅពេលនេះយ៉ាងណាក៏ដោយ ក៏លោកស្រី និងសកម្មជនដទៃទៀត បានតាំងចិត្តរួចហើយថា ត្រូវតែរឹងមាំ ដើម្បីស្វែងរកយុត្តិធម៌ពិតប្រាកដជូនក្រុមគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។