ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ស្នើ​តុលាការ​ដោះលែង​ប្ដី​ពី​ពន្ធនាគារ

0:00 / 0:00

ប្រពន្ធ​សកម្មជន​គណបក្សប្រឆាំង​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទប្រកាន់​និង​ដោះលែង​ប្ដី​របស់​ពួកគាត់​ឱ្យ​មាន​សេរីភាព​វិញ ដូច​សកម្មជន​សង្គម បរិស្ថាន និង​សិទ្ធិមនុស្ស​ដែរ​។ ពួកគាត់​នៅតែ​អះអាង​ថា ប្ដី​របស់​គាត់​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​រយៈពេល​ជាង​១​ឆ្នាំ​មកនេះ​ធ្វើ​ឱ្យ​ពួកគាត់​ឈឺចាប់​មិនអាច​បំភ្លេច​បាន​ឡើយ។

ក្រុម​គ្រួសារ​សាច់​ញាតិ​របស់​សកម្មជន​បក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស នៅតែ​អះអាង​ថា ប្ដី​របស់​ពួកគាត់​មិន​មាន​កំហុស​ដូច​ការចោទប្រកាន់​របស់​តុលាការ​ឡើយ​។​

ប្រពន្ធ​ជន​ជាប់​ជាប់​លោកស្រី អ៊ុក ចន្ធី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៤ វិច្ឆិកា​ថា តុលាការ​បាន​ចាប់​ប្ដី​របស់​លោកស្រី គឺ លោក យឹម សារ៉េត ដាក់​ជាប់​ពន្ធនាគារ​រយៈពេល​ជិត​២​ឆ្នាំ​ហើយ គឺ​មិនទាន់​ជំនុំជម្រះ​ក្ដី​នៅ​ឡើយ​ទេ​។ លោកស្រី​បន្ត​ថា ប្ដី​របស់​គាត់​ជា​មនុស្ស​ស្លូតត្រង់ និង​ពុំ​បាន​ប្រព្រឹត្តិ​ខុស​ច្បាប់​អ្វី​ឡើយ។ លោកស្រី​ស្នើ​ឱ្យ​តុលាការ​ដោះលែង​ប្ដី​លោកស្រី​ឱ្យ​មាន​សេរីភាព​ឱ្យ​បាន​ឆាប់ ដើម្បី​ជួយ​ធ្វើ​ការងារ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​ឡើង​វិញ​។ ស្ត្រី​វ័យ​៥០​ឆ្នាំ​រូប​នេះ ព្រួយ​បារម្ភ​ពី​សុខភាព​ប្ដី​នៅក្នុង​ពន្ធនាគារ ពីព្រោះ​ប្ដី​គាត់​មាន​វ័យ​កាន់​ចាស់ និង​មាន​ជំងឺ​ប្រចាំ​កាយ​ជាច្រើន​មុខ៖ «ក្ដុកក្ដួល​ណាស់​ពេល​ទៅ​ទទួល​គាត់​អីចឹង​ខ្ញុំ​ទឹកភ្នែក​រលីងរលោង​ដោយសារ ទៅ​ឃើញ​តែ​គេ​ចេញ​មក។ ដោយឡែក​ក្រុម​គ្រួសារ​ខ្ញុំ​វិញ​មិន​ដឹង​ថា​ថ្ងៃ​ណា​

។ គាត់​ថា​កុំ​ឱ្យ​ប្រាប់​ថា ខ្ញុំ​នឹង​ខ្វល់ខ្វាយ​ពី​គាត់​ក៏​គាត់​ចេះតែ​លាក់​ខ្ញុំ ខ្ញុំ​សួរ​ពី​បញ្ហា​សុខភាព​អីចឹង​គាត់​ថា មិន​អី​ទេ គ្រាន់​ថា​ឈឺភ្នែក គាត់​ថា​មួយ​រយៈ​មុន​ឈឺ​ខ្លាំង​ណាស់ តែ​ឥឡូវ​បាន​ធូរ​តែ​វា​ងងឹត​មើល​អី​មើល​អី​មិនឃើញ។ ឮ​គាត់​និយាយ​អីចឹង​ព្រួយ​មែនទែន មិនដឹង​គាត់​ចេញ​មក​រកស៊ី​ធ្វើការ​អី​កើត»។

ស្រដៀង​គ្នា​នេះ​ដែរ ប្រពន្ធ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង លោក កែវ ថៃ គឺ​លោកស្រី សំ ចិន្តា ថ្លែង​ថា លោកស្រី​មាន​អារម្មណ៍​ក្ដុកក្ដួល​នៅ​ពេល​ដែល​ឃើញ​តុលាការ​ដោះលែង​សកម្មជន​បរិស្ថាន និង​សកម្មជន​សង្គម​ជាច្រើន​នាក់ ប៉ុន្តែ​ជន​ជាប់ឃុំ​នយោបាយ​ដែល​មាន​ឈ្មោះ​ល្បីៗ ដូចជា​ប្ដី​របស់​លោកស្រី​ជាដើម​តុលាការ​មិន​បាន​ដោះលែង​នោះ​ទេ។ លោកស្រី​យល់​ថា ការ​ធ្វើ​បែប​នេះ​ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​ធ្វើ​ឱ្យ​ពួក​លោក​ស្រី​ឈឺចាប់​កាន់តែ​ខ្លាំង៖ «តាំងពី​គេ​ចាប់​ប្ដី​ខ្ញុំ​ទៅ​ឥឡូវ​រឹង​តែ​មាន​ការឈឺចាប់​កាន់តែ​ខ្លាំង​ជាង​មុន ព្រោះ​អយុត្តិធម៌ គេ​មក​ចាប់​ប្ដី​ខ្ញុំ​ទាំង​ងងឹត​មក​បើកទ្វារ​ចូល​មក​ចាប់​អីចឹង​គឺ​ឃោរឃៅ​បំផុត ខ្ញុំ​មិនអាច​ទទួលយក​បានទេ​។ អ្នកលក់​គ្រឿងញៀន គេ​លក់​ដី​លក់​ព្រៃ​អត់​ចាប់​គេ ចំណែក​អ្នកធ្វើ​ល្អ​មិន​ចេះ​លក់​ដី​លក់​ព្រៃ ជំនួញ​គ្រឿងញៀន​ផង​មក​ចាប់​គាត់​ដាក់គុក​គឺ​អយុត្តិធម៌​បំផុត»។

ទាក់ទង​នឹង​បញ្ហា​នេះ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក តាំង ស៊ុនឡាយ ប្រាប់​វិទ្យុ​អាស៊ីសេរី​យ៉ាង​ខ្លី​ថា លោក​សុំ​មិន​បកស្រាយ​ជុំវិញ​ការ​ស្នើ​សុំ​របស់​សាច់ញាតិ​ជន​ជាប់ឃុំ​នេះ​ទេ ដោយ​លោក​រុញ​ឱ្យ​សួរ​ទៅ​អ្នកនាំពាក្យ​តុលាការក្រុង​ភ្នំពេញ​ជំនួស​វិញ៖ «លោក​ជួប​អ្នកនាំពាក្យ​វិញ​ក្រែង​លោក​គេ​ទទួល​បាន​ព័ត៌មាន​ពេញលេញ​ជាង​ខ្ញុំ ដោយសារ​ខាង​ខ្ញុំ​អត់​ដឹង​ដែរ​ទេ ។ លោក​សួរ​ទៅ​ខាង​គាត់​ទៅ ដើម្បី​គាត់​មាន​ព័ត៌មាន​ហ្នឹង​ច្បាស់លាស់​ជាង​ខ្ញុំ​ដោយសារ​គាត់​មានការ​ជជែក​ជាមួយ​ក្រុមការងារ​របស់​គាត់»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​ពាក្យ​សាលាដំបូង​ក្រុងភ្នំពេញ​លោក អ៊ី រិន្ទ ដើម្បី​សុំ​ឆ្លង​តប​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី​១៤ វិច្ឆិកា ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នក​ទទួល។

កាលពី​ថ្ងៃទី​១១ វិច្ឆិកា ព្រះរាជអាជ្ញា​រង​អម​សាលា​សាលាដំបូង​ក្រុងភ្នំពេញ លោក សេង ហៀង បាន​ចេញ​លិខិត​អញ្ជើញ​មេធាវី​ការពារ​ក្ដី​ជន​ជាប់ឃុំ​ដែល​ជា​សកម្មជន​បក្ស​ប្រឆាំង​ឱ្យ​ចូល​ស្ដាប់​សវនាការ​លើ​ពាក្យ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​បក្ស​ប្រឆាំង​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា​ខាងមុខ​។ ការ​អញ្ជើញ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​គណបក្សប្រឆាំង​គឺ​លោក សំ សុគង់ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឱ្យ​តុលាការ​ដោះលែង​កូនក្ដី​របស់​លោក​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ទាំងអស់​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយសារ​ពួកគាត់​មាន​បញ្ហា​សុខភាព និង​បាន​ជាប់ឃុំ​ដោយ​អយុត្តិធម៌​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក សឹង សែនករុណា យល់​ថា តុលាការ​គួរតែ​ទម្លាក់​ចោល​ការចោទប្រកាន់​លើ​ជន​ជាប់ឃុំ​នយោបាយ​ទាំងនោះ និង​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​វិញ​ដោយ​ឥត​លក្ខខណ្ឌ ដើម្បី​ស្ដារ​មុខ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ឡើង​វិញ។ លោក​យល់​ថា ប្រសិនបើ​តុលាការ​បន្ត​ឃុំខ្លួន​សកម្មជន​ទាំងនោះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​មាន​កេរ្តិ៍ឈ្មោះ​កាន់តែ​អាក្រក់​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​អាច​នឹង​រង​ទណ្ឌកម្ម​ពី​ប្រទេស​ប្រជាធិបតេយ្យ​សេរី​ជា​មិនខាន៖ «បើសិនជា​បរិយាកាស​ហ្នឹង​អត់​ទាន់​មានការ​ដោះលែង​បន្ធូរបន្ថយ​ទេ មានន័យថា ការ​ដោះលែង​ទាំងអស់​ហ្នឹង​មិន​អាច​បញ្ជាក់​ឱ្យទៅ​សហគមន៍​ជាតិ​ហ្នឹង​គេ​យល់​ថា កម្ពុជា​កំពុងតែ​បើក​ឱ្យ​មាន​សេរីភាព​នយោបាយ​ការ​គោរព​សិទ្ធិមនុស្ស ឬក៏​លទ្ធិប្រជាធិបតេយ្យ​ហ្នឹង​អត់​ទាន់​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ។ ពីព្រោះ​នៅ​មាន​បញ្ហា​ជាច្រើន​ទៀត​ដែល គេ​អាច​វាយ​តម្លៃ​ថា បញ្ហា​ប្រជាធិបតេយ្យ ឬ​ក៏​ការ​គោរព​សិទ្ធិមនុស្ស​របស់​កម្ពុជា​នៅតែ​មាន​ការ​ធ្លាក់​ចុះ​ដដែល»។

មួយ​រយៈ​នេះ​តុលាការ​របប​ក្រុងភ្នំពេញ​បាន​ដោះលែង​សកម្មជន​បរិស្ថាន សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​សរុប​ចំនួន​៣៥ ពី​ពន្ធនាគារ​ជា​បន្តបន្ទាប់។ ការ​ដោះលែង​នេះ ដោយ​អ្នក​ខ្លះ​បាន​អនុវត្ត​ទោស​គ្រប់​ចំនួន​និង​ខ្លះទៀត មាន​ភ្ជាប់​លក្ខខណ្ឌ ដូចជា​ជូន​ដំណឹង​ដល់​ព្រះរាជអាជ្ញា ប្រសិនបើ​ចង់​ចេញ​ក្រៅប្រទេស​ផ្លាស់ប្ដូរ​ទីលំនៅឋាន និង​ត្រូវ​បង្ហាញមុខ​សមត្ថកិច្ច​ជា​រៀងរាល់​ខែ​ជាដើម។

គិត​ត្រឹម​ថ្ងៃទី​១៤​វិច្ឆិកា មាន​សកម្មជន​គណបក្ស​ប្រឆាំង និង​សកម្មជន​សង្គម​សរុប​ជិត​៦០​នាក់​ទៀត​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ ក្នុង​នោះ មាន​អ្នកខ្លះ​ជាប់ឃុំ​ជិត ២​ឆ្នាំ និង​ជិត​៥​ឆ្នាំ​ក៏មាន​ដែរ។ ពួកគេ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ និង​ញុះញង់​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។

ក្រុម​អង្គការ​ជាតិ​-​អន្តរជាតិ និង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ ព្រមទាំង​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ បាន​ចាត់ទុក​ថា ការ​ចាប់ខ្លួន និង​ចោទប្រកាន់​សកម្មជន​ទាំងនោះ​គឺជា​រឿង​អយុត្តិធម៌ និង​គ្មាន​មូលដ្ឋាន​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។