សាច់ញាតិ​សកម្ម​ជន​បក្ស​ប្រឆាំង​ថា ការ​ឃុំ​ខ្លួន​លោក ប៉ែន ច័ន្ទសង្គ្រាម ជា​រឿង​អយុត្តិធម៌

0:00 / 0:00

សាច់ញាតិ​សកម្មជន​បក្ស​ប្រឆាំង លោក ប៉ែន ច័ន្ទសង្គ្រាម ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​រូបលោក​ឱ្យ​មាន​សេរីភាព​វិញ ព្រោះ​សកម្មជន​រូប​នេះ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ​។ អាជ្ញាធរ​បាន​ចាប់ខ្លួន​លោក ប៉ែន ច័ន្ទសង្គ្រាម កាលពី​ថ្ងៃ​ទី​២៣ ធ្នូ តាម​ដីកា​តុលាការ ដែល​ចោទ​លោក​ពី​បទ​ញុះញង់។

គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​លោក ប៉ែន ច័ន្ទសង្គ្រាម ចាត់​ទុក​ការ​ចាប់ខ្លួន​លោក ប៉ែន ច័ន្ទសង្គ្រាម ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ និង​គំរាមកំហែង​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ។

ប្អូនប្រុស​របស់​លោក ប៉ែន ច័ន្ទសង្គ្រាម គឺ​លោក ប៉ែន ពុទ្ធសភា ដែល​កំពុង​រស់នៅ​ប្រទេស​កាណាដា ថ្លែង​ថា បងប្រុស​របស់​លោក មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​នោះ​ទេ​។ លោក​ថា រយៈពេល​ជាង ៤​ខែ​ចុង​ក្រោយនេះ បងប្រុស​របស់​លោក​បាន​សំងំ​លាក់ខ្លួន​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ ដើម្បី​គេច​ពី​តាម​ចាប់ខ្លួន របស់​សមត្ថកិច្ច​របប​ក្រុងភ្នំពេញ​៖ «យើង​គិត​ថា នេះ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ចំពោះ​ពលរដ្ឋ និង​សកម្មជន ( សកម្មជន​បក្ស​ប្រឆាំង​ ) ដែល​ហ៊ាន​ចេញមុខ​និយាយ​ជា​សាធារណៈ សម្ដែង​មតិ​មិន​ពេញចិត្ត​រដ្ឋាភិបាល​លោក ហ៊ុន សែន ហើយ​វា​ជា​ការ​គំរាមកំហែង​លើ​សិទ្ធិ​បញ្ចេញ​មតិ ក៏ប៉ុន្តែ​យើង​ឃើញ​ហើយ របៀប​ហ្នឹង​គឺ​វា​មិន​មាន​ប្រសិទ្ធភាព​ទេ ផ្ទុយ​មកវិញ​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​កំហឹង និង​ផ្ទុះ​ការ​តវ៉ា​កាន់តែ​ខ្លាំង»។

តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទប្រកាន់ លោក ប៉ែន ច័ន្ទសង្គ្រាម ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បាន​ចេញ​ដីកា​បញ្ជា​ឱ្យ​ចាប់ខ្លួន​លោក កាលពី​ចុងខែ​សីហា​។ ក្ដីក្ដាំ​ប្រឆាំង​នឹង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ កើតមានឡើង​ក្រោយពី​លោក​បាន​ចូលរួម​តវ៉ា ទាមទារ​ឱ្យ​តុលាការ​ដោះលែង​មេ​សហជីព​លោក រ៉ុង ឈុន សកម្មជន​គណបក្សប្រឆាំង និង​សកម្មជន​ព្រំដែន ចេញ​ពី​ពន្ធនាគារ។

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ប្រាប់​អាស៊ីសេរី​ថា សមត្ថកិច្ច​បាន​ចាប់ខ្លួន លោក ប៉ែន ច័ន្ទសង្គ្រាម នៅ​ខេត្ត​ឧត្តរមានជ័យ កាលពី​ថ្ងៃ​ទី២៣ ធ្នូ តាម​ដីកា​បញ្ជា​ឱ្យ​នាំ​ខ្លួន របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ លោក​ថា មក​ទល់​ពេល​នេះ សកម្មជន​គណបក្សប្រឆាំង​រូប​នេះ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស៖ «បាន​បញ្ជូន​ទៅ​តុលាការ​តាំងពី​ម្សិលមិញ ហើយ​ឮ​ថា តុលាការ​បាន​ចេញ​ដីកា​ឃុំខ្លួន​ហើយ​។ យើង​ចាប់​អនុវត្ត​តាម​ដីកា​របស់​តុលាការ»។

​លោក ប៉ែន ច័ន្ទ​សង្គ្រាម គឺជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ​។ លោក​ធ្លាប់​ត្រូវ​បាន​មេកង​សន្តិសុខ​ខណ្ឌ​ដូនពេញ ឈ្មោះ គឹម វុត្ថា ទះ​កំភ្លៀង​យ៉ាង​កម្រោល កាលពី​ចុងខែ​មីនា ឆ្នាំ​២០១៨ នៅ​ពេល​លោក​ចូលរួម​តាមដាន​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក កឹម សុខា នៅ​សាលាឧទ្ធរណ៍។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ថ្លែង​ថា ការ​ចាប់ខ្លួន​លោក ប៉ែន ច័ន្ទសង្គ្រាម នេះ នឹង​ធ្វើ​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ រិះគន់​កាន់តែ​ខ្លាំង​ចំពោះ​ការ​រំលោភ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​៖ «ករណី​នេះ​មិន​ខុសគ្នា​ដូច​ករណី​លោក រ៉ុង ឈុន និង​យុវជន​មួយ​ចំនួន​ហើយ​គាត់​ធ្វើ​ការ​តវ៉ា​នៅមុខ​តុលាការ​នោះ​ទេ​។ ករណី​ទាំងអស់​ហ្នឹង​រង​ការរិះគន់​កាន់តែ​ខ្លាំង ពី​សហគមន៍​អន្តរជាតិ និង​អង្គការសហប្រជាជាតិ​ថា វា​រំលោភបំពាន​លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ហើយ​ការ​ចាប់ខ្លួន​ទាំងអស់​ហ្នឹង ក៏​គេ​ថា​វា​ជាប់​ពាក់ព័ន្ធ​នឹង​ស្ថានភាព​នយោបាយ​ផង​ដែរ»។

ចាប់​តាំង​ពី​ខែ​មករា រហូត​ដល់​ចុងខែ​ធ្នូ ឆ្នាំ​២០២០ នេះ អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង មន្ត្រី​សង្គម​ស៊ីវិល មេ​សហជីព អ្នកការពារ​បរិស្ថាន និង​យុវជន​រិះគន់​សង្គម ដាក់​ពន្ធនាគារ​ជិត​៥០ នាក់​ហើយ ក្រោម​បទ​ចោទ ញុះញង់ និង​រួមគំនិត​ក្បត់​។ សហគមន៍​ជាតិ និង​អន្តរជាតិ​បាន​ថ្កោលទោស​ការ​ចាប់ខ្លួន​ទាំងនេះ និង​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​អ្នក​ជាប់ឃុំ​ទាំងនោះ​ឱ្យ​មាន​សេរីភាព​វិញ ព្រោះ​ពួកគេ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការចោទប្រកាន់​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។