តំណាងស្ត្រីថ្ងៃសុក្រលោកស្រី ព្រំ ចាន់ថា ទទួលរងគ្រោះ និងសោកសង្រេងផ្ទួនៗ នៅពេលដែលតុលាការមិនដោះលែងកូនប្រុសឱ្យមកទាន់ដង្ហើមជីដូនជាលើកចុងក្រោយ ដែលបានស្លាប់នៅថ្ងៃអង្គារនេះ ខណៈកូនប្រុសជាអនីតិជន ដែលមានជំងឺអូទីហ្សឹមពីកំណើតកំពុងជាប់ពន្ធនាគារ។ មន្ត្រីសង្គមស៊ីវិលយល់អាជ្ញាធរពន្ធនាគារគួរយោគយល់ និងជួយសម្រួលឱ្យអ្នកជាប់ឃុំបានជួបមុខសាច់ញាតិរបស់ខ្លួន ដើម្បីបង្ហាញពីទឹកចិត្តកតញ្ញូចំពោះអ្នកមានគុណ។
គ្រួសារសកម្មជនគណបក្សប្រឆាំងមួយទៀតហើយ កំពុងសោកសង្រេងជាខ្លាំងក្រោយម្ដាយអាយុ ៨៤ឆ្នាំ បានស្លាប់ដោយមិនបានជួបមុខកូនប្រុស និងចៅជាលើកចុងក្រោយ ខណៈពួកគេកំពុងជាប់ពន្ធនាគារ។
តំណាងស្ត្រីថ្ងៃសុក្រដែលតែងតែចេញមុខតវ៉ាទាមទារឱ្យដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិកំពុងជាប់ឃុំ គឺលោកស្រី ព្រុំ ចាន់ថា ថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា ម្ដាយលោកស្រីដែលត្រូវជាយាយបង្កើតក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ បានស្លាប់នៅពីថ្ងៃ១៩ តុលា នៅខេត្តតាកែវ។ លោកស្រីបន្តថា មូលហេតុដែលម្ដាយលោកស្រីធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់ស្លាប់បែបនេះ ដោយសារគាត់នឹករលឹក តក់ស្លុត ហើយបារម្ភខ្លាចអាជ្ញាធរធ្វើបាបចៅប្រុស។ លោកស្រីថា អ្វីដែលលោកស្រីខ្លោចផ្សាបំផុតនោះ គឺម្ដាយរបស់គាត់បានដង្ហោយហៅឈ្មោះ កាក់ សុវណ្ណច្ឆ័យ មុនពេលស្លាប់។ លោកស្រីសោកស្ដាយ និងខកចិត្តជាខ្លាំង ចំពោះតុលាការក្រុងភ្នំពេញ ដែលបានលើកពេលប្រកាសសាលក្រម ដោយមិនដោះលែងកូនប្រុសឱ្យមកទាន់ដង្ហើមយាយ។
លោកស្រី ព្រុំ ចាន់ថា ចាត់ទុកចំណាត់ការរបស់តុលាការដែលបណ្ដាលឱ្យគ្រួសារលោកស្រីរស់នៅបែកបាក់គ្នាពេលនេះថា ជារឿងអយុត្តិធម៌ និងធ្វើឲ្យមានការឈឺចាប់បំផុត ដោយសារគ្រួសារលោកស្រីជាសកម្មជនបក្សប្រឆាំង ទើបអាជ្ញាធរតាមធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្ត។ ស្ត្រីរូបនេះឱ្យដឹងទៀតថា លោកស្រីរងគ្រោះផ្ទួនៗ ដោយសារប្ដី និងកូនប្រុសជាប់ពន្ធនាគារ រីឯម្ដាយក៏ស្លាប់ ហើយលោកស្រីត្រូវរស់នៅតែម្នាក់ឯងនៅរាជធានីភ្នំពេញ។ លោកស្រីប្ដេជ្ញាចិត្តថា នឹងបន្តសកម្មភាពទាមទារយុត្តិធម៌សង្គមដដែល បើទោះបីជាគាត់ទទួលរងការធ្វើទុកបុកម្នេញ បំភិតបំភ័យយ៉ាងណាក្តី៖ «ពិសេសការងារដែលខ្ញុំត្រូវតវ៉ា គឺខ្ញុំអត់ឈប់ទេ តវ៉ារហូតមានដំណោះស្រាយជូនគ្រួសារប្រជាពលរដ្ឋនិងក្រុមគ្រួសារពួកខ្ញុំទាំងអស់គ្នាហ្នឹង ខ្ញុំអត់ដកថយ ខ្ញុំមិនចុះចាញ់ មិនចុះញ៉មទេ វាដុតកម្ដៅខ្ញុំកាន់តែខ្លាំង ខ្ញុំឈឺចាប់ខ្លាំងណាស់ ខ្ញុំឈឺចាប់រកអីប្រៀបស្មើពុំបាន ជីវិតម្ដាយខ្ញុំតក់ស្លុតដោយសារចាប់ចៅគាត់អ៊ីចឹងម្ដាយខ្ញុំក៏មិនស្លាប់ដែរ ម្ដាយខ្ញុំមានអីគាត់នៅហូបបាយបាន សម្រាន្តបាន ចាប់តាំងពីចាប់ចៅតក់ស្លុតខ្លាំងមែនទែន»។
លោកស្រីឱ្យដឹងថា រហូតមកដល់ពេលនេះកូនប្រុស និងប្ដីដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស នៅមិនទាន់ទទួលដំណឹងដ៏ក្រៀមក្រំនេះនៅឡើយទេ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យតុលាការក្រុងភ្នំពេញ លោក អ៊ី រិន្ទ និងអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ដើម្បីសុំការបញ្ជាក់ជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៩ ខែតុលា។
ទោះយ៉ាងណា មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកច្បាប់ រិះគន់អាជ្ញាធរថា មិនគួរ ដកហូតសិទ្ធិអ្នកជាប់ឃុំមិនឱ្យជួបជុំក្រុមគ្រួសារជាលើកចុងក្រោយនោះទេ។ ពួកគេជំរុញឲ្យសមត្ថកិច្ចកែប្រែចំណុចនេះ ដោយត្រូវផ្ដល់សិទ្ធិដល់អ្នកជាប់ឃុំ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា ថ្លែងថា ស្ថានភាពបែបនេះ គឺជារឿងឈឺចាប់ និងសោកសង្រេងបំផុត ចំពោះសកម្មជននយោបាយ និងសកម្មជនសិទ្ធិមនុស្ស ខណៈពួកគេកំពុងជាប់ពន្ធនាគារទាំងអយុត្តិធម៌ ដែលធ្វើឱ្យសកម្មជនទាំងនោះព្រាត់ប្រាសក្រុមគ្រួសារដោយមិនបានជួបសាច់ញាតិជាលើកចុងក្រោយនេះ។ លោកយល់ថា ទោះបីអាជ្ញាធរមានសមត្ថកិច្ចមិនអនុញ្ញាតអ្នកជាប់ឃុំមកទាន់ដង្ហើមក៏ដោយ ក៏អាជ្ញាធរពន្ធនាគារ គួរយោគយល់ និងជួយសម្រួលឱ្យអ្នកជាប់ឃុំបានជួបមុខសាច់ញាតិរបស់ខ្លួន៖ «តុលាការក៏ដូចអាជ្ញាធរយើងចាប់ដាក់ពន្ធនាគារហើយធ្វើឱ្យមានការព្រាត់ប្រាស់បែកបាក់គ្រួសារ អាហ្នឹងជារឿងមួយសោកសៅបំផុត ការព្រាត់ប្រាស់នៅក្នុងស្ថានភាពបែបនេះ នឹងធ្វើឱ្យគ្រួសារពួកគាត់ពិបាកក្នុងការទទួលយក ឪពុកនិងកូនជាប់ពន្ធនាគារ ហើយបែរជាជីដូនស្លាប់បាត់បង់ជីវិតទៅទៀត ហើយមិនបានជួបមុខគ្នាជាចុងក្រោយទៅទៀត អានេះគឺជាសោកសៅបំផុតនៅក្នុងក្រុមគ្រួសាររបស់គាត់ ក៏ដូចជាគ្រួសារផ្សេងៗទៀតដែរ»។
មន្ត្រីសង្គមស៊ីវិលរូបនេះបញ្ជាក់ថា ការដែលតុលាការអូសបន្លាយប្រកាសសាលក្រមលើសំណុំរឿងក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់អនីតិជនរូបនេះ ដូច្នេះលោកទទូចដល់តុលាការកំណត់ពេលប្រកាសសាលក្រមកាលឱ្យបានឆាប់ ដោយទម្លាក់ចោលបទចោទប្រកាន់ដោយដោះលែងឱ្យក្មេងប្រុសរូប នេះឱ្យមានសេរីភាព ដើម្បីជួបមុខម្ដាយឡើងវិញ។
ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ក្រោមបទចោទញុះញង់ និងប្រមាថមន្ត្រីសាធារណៈ ពាក់ព័ន្ធនឹងការបញ្ចេញមតិតាមអនឡាញ។ នៅមុនពេលចាប់ខ្លួន ក្មេងប្រុសរូបនេះ ក៏ធ្លាប់ទទួលរងនូវការវាយដំពីសំណាក់ជនមិនស្គាល់មុខពីរនាក់ បណ្ដាលឱ្យស្រាំឆ្អឹងលលាដ៍ក្បាល។ ឪពុករបស់កុមាររូបនេះ គឺលោក កាក់ កុម្ភារ ជាសមាជិកគណបក្សសង្គ្រោះជាតិ បច្ចុប្បន្នក៏កំពុងជាប់ពន្ធនាគារ តាំងពីខែមិថុនា ឆ្នាំ២០២០ មក ដោយរងការចោទប្រកាន់ពីបទផ្ដើមគំនិតក្នុងអំពើប្រមាថ និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ។ រីឯម្ដាយរបស់កុមាររូបនេះ ជាសកម្មជនក្រុមស្ត្រីថ្ងៃសុក្រ គឺលោកស្រី ព្រុំ ចាន់ថា ក៏តែងទទួលរងនូវការវាយដំ និងការប្រមាថពីសំណាក់កងសន្តិសុខ ក្នុងអំឡុងពេលដែលពួកគាត់ចេញតវ៉ាដោយសន្តិវិធី ទាមទារឱ្យដោះលែងប្តី និងកូន រួមទាំងសកម្មជនជាប់ឃុំដទៃទៀត។ កុមារ កាក់ សុវណ្ណច្ឆ័យ មានជំងឺខ្សោយបញ្ញាស្មារតី ឬអូទីហ្សឹម ពីកំណើត។
ចាប់តាំងពីរបបក្រុងភ្នំពេញបង្កើនការចាប់ខ្លួនសកម្មជននយោបាយ សកម្មជនសង្គម សកម្មជនបរិស្ថាន ដាក់ពន្ធនាគារ មានអ្នកនយោបាយច្រើននាក់ហើយ ដែលម្ដាយឪពុក ឬសមាជិកគ្រួសារស្លាប់ ដោយពួកគេមិនត្រូវបានអនុញ្ញាតឱ្យជួបទាន់ដង្ហើមជាលើកចុងក្រោយ មានដូចជាករណី លោក ស៊ុន ធន់ លោក គា វិសាល លោក គង់ ម៉ាស់ លោក ជុំ ពុទ្ធី និងលោក សួង សុភ័ណ្ឌ ជាដើម។ សង្គមស៊ីវិលជាតិ អន្តរជាតិ និងក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានស្នើយ៉ាងទទូចឱ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំដោយសារបញ្ហានយោបាយ និងសិទ្ធិមនុស្សទាំងនេះវិញ និងត្រូវបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើពួកគេតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។