គ្រួសារ​ស្នើ​ឱ្យ​តុលាការ​ដោះលែង​មេ​បក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី នៅ​ថ្ងៃ​ជំនុំជម្រះក្ដី

0:00 / 0:00

គ្រួសារ​សង្ឃឹម​ថា ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​ផ្តល់​យុត្តិធម៌​ដល់​ប្រធាន​បក្ស​កម្លាំងជាតិ លោក ស៊ុន ចន្ធី ដោយ​លើកលែង​ការ​ចោទប្រកាន់ និង​ដោះលែង​លោក​ឲ្យ​មាន​សេរីភាព​វិញ ក្នុង​ថ្ងៃ​បើក​សវនាការ​ជំនុំជម្រះក្ដី​នៅ​រសៀល​ថ្ងៃ​ទី២៥ ខែវិច្ឆិកា។ មន្រ្តី​សិទ្ធិមនុស្ស​អំពាវនាវ​ដល់​តុលាការ​ឱ្យ​កាត់ក្ដី​ឈរ​លើ​ភាព​ត្រឹមត្រូវ​ចំពោះ​អ្នកប្រើប្រាស់​សិទ្ធិ​សេរីភាព​ស្របតាម​ច្បាប់ ដើម្បី​ផលប្រយោជន៍​ជាតិ និង​ជៀស​ពី​ការរិះគន់​នានា​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ។

គ្រួសារ​នៅតែ​ទាមទារ​ឱ្យ​តុលាការ​កាត់ក្តី​ដោយ​ឯករាជ្យ និង​ប្រគល់​សេរីភាព​ជូន​លោក ស៊ុន ចន្ធី វិញ។

ប្រពន្ធ​របស់​លោក ស៊ុន ចន្ធី គឺ​លោកស្រី យាន ស្រីយ៉ាន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ចាប់ប្តី​លោកស្រី ដែល​ជា​អ្នកនយោបាយ​ចេញមុខ​ការពារ​ផល​ប្រយោជន៍​ជាតិ យក​ទៅ​ដាក់​ពន្ធនាគារ​ជាង ៦ខែ​មកនេះ ជា​រឿង​អយុត្តិធម៌ និង​ឈឺចាប់​បំផុត។ លោកស្រី​អះអាង​ថា ប្តី​លោកស្រី​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​នោះ​ទេ ដូច្នេះ​បើសិន​តុលាការ​កាត់ក្តី​ឈរ​លើ​ភាព​ត្រឹមត្រូវ គឺ​ប្តី​លោកស្រី​នឹង​រួចផុត​ពី​ការចោទប្រកាន់ និង​ទទួល​បាន​សេរីភាព​មក​វិញ។ លោកស្រី យាន ស្រីយ៉ាន បញ្ជាក់​ថា ការ​ដោះលែង​ប្តី​លោកស្រី​ដែល​ជា​មនុស្ស​ស្អាតស្អំ​ឱ្យ​មាន​សេរីភាព​នៅ​ថ្ងៃ​សវនាការ​ខាងមុខ​នេះ គឺ​មាន​សារៈសំខាន់​សម្រាប់​ជាតិ ចំណែក​លោកស្រី​វិញ​ត្រូវការ​វត្តមាន​ប្តី​ជាចាំបាច់​នៅពេល​ដែល​លោកស្រី​ត្រូវ​សម្រាល​កូន​នៅ​ពាក់កណ្តាល​ខែធ្នូ។

លោកស្រី យាន ស្រីយ៉ាន៖ «ពលរដ្ឋ​ខ្លះ​គាត់​មាន​ជីវភាព​ក្រីក្រ តែ​គាត់​អត់​មាន​ប័ណ្ណ​ក្រីក្រ ដល់​អ៊ីចឹង​ប្តី​របស់ខ្ញុំ​លើកឡើង​ហ្នឹង​មិនមែន​ជា​ការខុសឆ្គង​អ្វី​ទេ ហើយ​អ្នកនយោបាយ​តែងតែ​មាន​ការ​និយាយ​រិះគន់​ដើម្បី​ស្ថាបនា កែ​លម្អ​ដើម្បី​ឱ្យ​ប្រទេសជាតិ​យើង​ល្អ​ប្រសើរ​ឡើងវិញ។ អ៊ីចឹង​ចំណុច​ទាំងអស់​នេះ ខ្ញុំ​សង្ឃឹម​ថា​តុលាការ ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ​ប្រទេស​ នឹង​គិតគូរ​ពិចារណា​ម្តង​ទៀត ហើយ​ខ្ញុំ​សង្ឃឹម​ថា ថ្ងៃស្អែក​ប្តី​របស់ខ្ញុំ​នឹង​មាន​សេរីភាព​ឡើងវិញ»។

សំណើ​របស់​ក្រុម​គ្រួសារ​នេះ ធ្វើឡើង​មុន​ពេល​ ចៅក្រម​នៃ​សាលាដំបូង​រាជធានីភ្នំពេញ​នឹង​បើក​សវនា​ជំនុំជម្រះក្ដី លើ​ប្រធាន​គណបក្ស​កម្លាំងជាតិ​លោក ស៊ុន ចន្ធី នៅ​រសៀល​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ពាក់ព័ន្ធ​រឿង​លោក​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចែក​ប័ណ្ណ​ក្រីក្រ​ថា គ្មាន​តម្លាភាព​កន្លងមក។

ទន្ទឹម​នឹង​នេះ គណបក្ស​កម្លាំងជាតិ​បាន​អំពាវនាវ​ដល់​មន្ត្រី និង​សកម្មជន​បក្ស មន្រ្តី​ស្ថានទូត​ប្រចាំ​កម្ពុជា អង្គការ​ជាតិ និង​អន្តរជាតិ ព្រមទាំង​សាធារណជន​ទូទៅ ចូលរួម​ឃ្លាំមើល​ដំណើរការ​សវនាការ និង​លើក​ទឹកចិត្ត​ដល់​លោក ស៊ុន ចន្ធី នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ឱ្យ​បាន​ច្រើន​កុះករ​ផង​ដែរ។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញលោក អ៊ី រិន្ទ ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា អ្នកនយោបាយ​មាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ស្របតាម​រដ្ឋធម្មនុញ្ញ​ដោយ​មិនមែន​ជា​បទល្មើស​នោះ​ទេ។ លោក​មើលឃើញ​ថា ការ​ចាប់ខ្លួន​ អតីត​ប្រធាន​គណបក្ស​កម្លាំងជាតិ​លោក ស៊ុន ចន្ធី ទាក់ទង​ការ​បញ្ចេញមតិ​កន្លងមក ត្រូវ​បាន​សហគមន៍​អន្តរជាតិ រួម​ទាំង​អ្នកជំនាញ​សិទ្ធិ​មនុស្ស​ផង​បាន​រិះគន់​ថា ជា​ការ​រឹតត្បិត​ទៅ​លើ​សិទ្ធិ​របស់​អ្នកនយោបាយ​ជំទាស់។ លោក អំ សំអាត យល់​ថា​អ្នកនយោបាយ​គួរ​ដល់​ពេល​ងាក​មក​ផ្សះផ្សា​ជាតិ ពីព្រោះ​ការ​បន្តឃុំខ្លួន​លើ​អ្នក​ទាំង​នេះ គ្មាន​ផល​ចំណេញ​សម្រាប់​ជាតិ​ឡើយ។

លោក អំ សំអាត៖ «យើង​គ្រាន់តែ​ចង់​ឃើញ​ថា​អ្នកនយោបាយ ប្រធាន​គណបក្ស​នយោបាយ​ទាំងអស់ ត្រូវ​គិត​ពី​ឧត្តម​ប្រយោជន៍ជាតិ ពលរដ្ឋ​ជា​ធំ ហើយ​គិត​ពី​អ្វី​ជា​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ អ្វី​ជា​បទល្មើស ដើម្បី​បញ្ចៀស​ការរិះគន់ ការ​ប៉ះពាល់ ឬ​ការ​រិតត្បិត​ទៅលើ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ»។អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​ចាប់ខ្លួន​ប្រធាន​បក្ស​កម្លាំងជាតិ​លោក ស៊ុន ចន្ធី កាល​ពី​ថ្ងៃ​ទី៩ ខែ​ឧសភា។ មួយថ្ងៃ​បន្ទាប់មក គឺ​នៅ​ថ្ងៃ​ទី១០ ខែ​ឧសភា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឱ្យ​សមត្ថកិច្ច​ឃុំខ្លួន​លោក ស៊ុន ចន្ធី ដាក់​ពន្ធនាគារ​ក្នុង​តំបន់​ដាច់ស្រយាល ស្ថិត​នៅ​ជាប់ជើង​ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់ ពី​បទ​«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​ក្នុង​ការ​ចែក​ប័ណ្ណក្រីក្រ​មាន​ការ​រើសអើង។

ក្រុម​គ្រួសារ និង​មន្ត្រី​សង្គមស៊ីវិល នៅតែ​ចាត់​ទុក​ក្ដីក្ដាំ​នេះ ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ និង​ស្នើ​ឱ្យ​តុលាការ​ដោះលែង​លោក ស៊ុន ចន្ធី ឱ្យ​មាន​សេរីភាព​វិញ​ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។