សកម្មជនសង្គ្រោះជាតិនៅប្រទេសថៃថាការវិលចូលស្រុកដើមឆ្នាំនេះជាផែនការនយោបាយចម្បង សម្រាប់ឆ្នាំថ្មីឆ្នាំ២០២១ខាងមុខនេះ។ អ្នកវិភាគថា ការធ្វើនយោបាយនៅក្នុងស្រុកជាការល្អសម្រាប់នយោបាយនៃគណបក្សប្រឆាំង ប៉ុន្តែពួកគេសង្កេតឃើញថា ការរាតត្បាតជំងឺCovid-19 នឹងអាចបង្កផលលំបាកដល់ការវិលត្រឡប់មកវិញរបស់មន្ត្រីបក្សប្រឆាំង។
សកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅប្រទេសថៃថា ការបន្តរស់នៅប្រទេសថៃ ឬការសុំសិទ្ធិទៅរស់នៅប្រទេសទី៣ មិនមែនជាជម្រើសរបស់ពួកគេទេ។ ពួកគេរំពឹងថា នឹងបានជាន់ទឹកដីកម្ពុជាឡើងវិញជាមួយថ្នាក់ដឹកនាំរបស់ខ្លួន ទោះប្រឈមនឹងឧបសគ្គឬត្រូវរដ្ឋាភិបាល លោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារក្ដី។
សមាជិកជាប់ឆ្នោតក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញរបស់គណបក្សសង្គ្រោះជាតិ លោក ហង្ស ស៊ីសុវត្ថិ ដែលទើបរត់ភៀសខ្លួនមកប្រទេសថៃ កាលពីថ្មីៗនេះប្រាប់អាស៊ីសេរីថា ទោះប្រទេសកម្ពុជានិងប្រទេសថៃមិនទាន់បើកព្រំដែនវិញក្ដី ប៉ុន្តែលោកនឹងរកគ្រប់មធ្យោបាយដើម្បីអាចវិលទៅប្រទេសកម្ពុជាវិញ។ លោកបញ្ជាក់ជំហរថា ទោះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមិនអាចចូលស្រុកបានក្នុងថ្ងៃទី០៤ ខែមករាខាងមុខ ក៏លោកនៅតែប្ដេជ្ញាចូលស្រុកវិញដែរ ទោះក្នុងរូបភាពអ្វីក៏ដោយ។ លោកថា ទោះបីលោកប្រឈមនឹងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរក្ដី ប៉ុន្តែការវិលចូលស្រុកលើកនេះផ្ដល់ប្រយោជន៍ដល់គណបក្សសង្គ្រោះជាតិ និងពលរដ្ឋខ្មែរ៖ «គោលបំណងឆន្ទៈខ្ញុំផ្ទាល់ ខ្ញុំត្រូវតែទៅ ប៉ុន្តែសំខាន់ទៅក្នុងពេលហ្នឹងខាងរដ្ឋាភិបាលថៃគេឱ្យទៅបានរួចឬក៏មិនរួចស្ថិតលើភាពជាក់ស្ដែង ប៉ុន្តែខ្ញុំត្រូវតែទៅដាច់ខាតទៅ»។
រីឯសកម្មជនគណបក្សសង្គ្រោះជាតិនៅខេត្តព្រៃវែង លោកស្រី ស ខ្ចី ដែលកំពុងភៀសខ្លួនជាមួយកូនតូចនៅប្រទេសថៃនិយាយដែរថា លោកស្រីនឹងចូលរួមការធ្វើមាតុភូមិនិវត្តន៍លើកទី២ជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ប៉ុន្តែលោកស្រីថា ប្រសិនការវិលចូលស្រុកនេះមិនអាចទៅរួច លោកស្រីនឹងមិនបន្តរស់នៅប្រទេសថៃទៀតនោះទេ។ ទោះយ៉ាងណាលោកស្រីយល់ថា ឆ្នាំថ្មីនេះសម្រាប់ជនភៀសខ្លួននយោបាយនៅប្រទេសថៃអាចនឹងប្រឈមជាងពេលមុនៗក្នុងពេលដែលមានការរាតត្បាតជំងឺកូវីដ១៩នេះ ព្រោះសមត្ថកិច្ចថៃតែងចុះត្រួតពិនិត្យស្ទើរគ្រប់ទីកន្លែងដែលជាកត្តាប្រឈមនឹងការចាប់ខ្លួនដោយការរស់នៅប្រទេសនេះខុសច្បាប់ ឬលើសទិដ្ឋាការ៖ «អ្វីដែលយើងចង់គឺចង់ទៅប្រទេសយើងណាស់បើសិនជាថ្នាក់ដឹកនាំចូលបានយើងអរណាស់ យើងនឹងត្រឡប់ទៅវិញមិនចង់ទៅប្រទេសទី៣ ទី៤ណាទេ»។
ស្រដៀងគ្នានេះដែរ សកម្មជនគណក្សសង្គ្រោះជាតិនៅខេត្តបន្ទាយមានជ័យ លោក ឆាំ សុភាន់ ប្រាប់ថា លោកនៅតែរង់ចាំផែនការពីគណបក្សចាត់ចែងយ៉ាងណាលោកនឹងអនុវត្តតាម។ ចំណែកការចំណាយសម្រាប់ការរស់នៅប្រចាំថ្ងៃលោកថា មិនចោទជាបញ្ហាទេព្រោះមានក្រុមគ្រួសាររបស់លោកផ្ញើលុយពីស្រុកខ្មែរឱ្យចាយទោះតិច ឬច្រើនក្ដីប៉ុន្តែលោកអាចតស៊ូរស់បាន។ សកម្មជនគណបក្សសង្គ្រោះជាតិរូបនេះយល់ថា ដល់ពេលលោកត្រូវវិលចូលប្រទេសកម្ពុជាដើម្បីទាមទារឱ្យមានដំណោះស្រាយនយោបាយឡើងវិញ ហើយលោកលែងខ្លាចការចាប់ខ្លួនឬការចោទប្រកាន់របស់តុលាការហើយ៖ «គ្មានព្រួយអីថាខ្លាចជាប់គុកខ្លាចគេយកទៅសម្លាប់អីទៀតហើយ ឃើញរាល់ថ្ងៃហ៊ុន សែន រាល់ថ្ងៃបើយើងនៅតែខ្លាចទៀតប្រើដូចឱ្យ ហ៊ុន សែន ធ្វើអីតាមចិត្តនៅប្រទេសយើង ដូច្នេះយើងត្រូវតែទៅ ដើម្បីឱ្យដំណោះស្រាយនៅខាងមុខអង្គការសហប្រជាជាតិគេជួយយើងអ៊ីចឹងណា»។
ចំពោះការប្តេជ្ញាចិត្តចូលស្រុកវិញរបស់មន្ត្រីបក្សប្រឆាំងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅតែចោទប្រកាន់ថា សកម្មជនគណបក្សសង្គ្រោះជាតិដែលរត់ទៅប្រទេសថៃគឺដើម្បីសុំសិទ្ធិទៅរស់នៅប្រទេសទី៣ ។ លោក សុខ ឥសាន បន្តថា គ្មានអ្នកណាហាមឃាត់មន្ត្រីបក្សប្រឆាំងឲ្យចូលស្រុកទេ ប៉ុន្តែបើអ្នកណាមានទោសនឹងត្រូវដោះស្រាយតាមផ្លូវច្បាប់៖ «គ្មានផ្លូវមកទេ អត់មកទេ បានតែថា ដូចខ្ញុំថា អ៊ីចឹងបើចៃដន្យចូលបានអាហ្នឹងខ្នោះគ្រឹប»។
ជុំវិញការរក្សាជំហរវិលចូលរបស់សកម្មជនគណបក្សសង្គ្រោះជាតិនេះដែរ អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ លោក ឯម សុវណ្ណារ៉ា សង្កេតឃើញថា ការសម្រេចចិត្តរបស់សកម្មជនគឺជារឿងល្អសម្រាប់គណបក្សនេះ ប៉ុន្តែលោកថា ខណៈប្រទេសថៃកំពុងផ្ទុះឡើងវិញនូវជំងឺកូវីដអាចនឹងធ្វើឱ្យផែនការវិលចូលស្រុកលើកទី២ របស់គណបក្សសង្គ្រោះជាតិជួបបញ្ហា។ អ្នកឃ្លាំមើលរូបនេះយល់ថា ដើម្បីឱ្យនយោបាយកម្ពុជាមានដំណោះស្រាយលុះត្រាណាមានការរុញច្រាន ឬការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិ៖ «បើពួកគាត់ចូលអត់បានហើយគាត់ស្នាក់នៅប្រទេសជិតផ្សេងៗឬប្រទេសជិតខាងកម្ពុជាខ្ញុំគិតថា ជាការលំបាកបើសិនគាត់ ( ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ) នៅក្នុងប្រទេសកម្ពុជា ទោះជាប់ឃុំឃាំងអីគាត់មានចរន្តនយោបាយទំនាក់ទំនងខ្លាំងជាង»។
ក្នុងខួប៣ឆ្នាំដែលគណបក្សសង្គ្រោះជាតិ ត្រូវរដ្ឋាភិបាលលោក ហ៊ុន សែន រំលាយចោលកាលពីខែវិច្ឆិកាកន្លងទៅនេះ គណបក្សនេះ សម្រេចយកថ្ងៃទី០៤ ខែមករា ខាងមុខវិលចូលស្រុកវិញ ដើម្បីតតាំងក្ដីតុលាការ និងរកដំណោះស្រាយនយោបាយឡើងវិញ ដែលសកម្មភាពនេះនឹងដឹកនាំដោយអនុប្រធានគណបក្សសង្គ្រោះជាតិអ្នកស្រី មូរ សុខហួរ៕