របបក្រុងភ្នំពេញ បានចាប់ផ្ដើមបង្ហាញរូបភាពការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ សម្រាប់ត្រៀមបង្ក្រាបអ្នកអមដំណើរ និងហែហម មេដឹកនាំបក្សប្រឆាំងវិលចូលកម្ពុជា នៅថ្ងៃទី៩ វិច្ឆិកា ខាងមុខនេះ។ អ្នកគាំទ្របក្សប្រឆាំងប្រាប់ថា នេះជាការបង្ហាញរូបភាពសាហាវឃោរឃៅ និងជាការបន្លាចពលរដ្ឋ។
ស្នងការនគរបាលចំនួន ២ខេត្ត គឺខេត្តបាត់ដំបង និងខេត្តមណ្ឌលគិរី បានបើកការហ្វឹកហ្វឺន និងជំនាញយុទ្ធវិធីបង្ក្រាបបាតុកម្ម ដើម្បីបំពាក់បំប៉នកងកម្លាំងនគរបាលច្រើននាក់។
គេហទំព័រអគ្គស្នងការនគរបាលជាតិ បានស្រង់សំដីស្នងការនគរបាលខេត្តមណ្ឌលគិរី លោក ឡោ សុខា ថា ការហ្វឹកហ្វឺននេះ គឺរៀនលំហាត់របៀប និងជំនាញយុទ្ធវិធីប្រឆាំងបាតុកម្ម។ វគ្គហ្វឹកហ្វឺននេះ ត្រូវបានបើកជាបន្តបន្ទាប់ ដើម្បីក្រើនរំលឹកដល់កងកម្លាំងកុំឱ្យភ្លេច។ ចំណែកនៅខេត្តបាត់ដំបងវិញ អាជ្ញាធរក៏បានលើកឡើងថា ការបើកវគ្គហ្វឹកហ្វឺនបង្ក្រាបបាតុកម្មនេះ គឺដើម្បីអនុវត្តតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ ក្នុងន័យជួយពង្រឹងសមត្ថភាពក្នុងពេលចេញប្រតិបត្តិការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់។
អាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បានទេ នៅថ្ងៃទី២៤ តុលា ដោយអ្នកលើកទូរស័ព្ទប្រាប់ថា លោកនិយាយមិនកើត ដោយសារឈឺក និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ចំណែកអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ទូរស័ព្ទរោទ៍គ្មានអ្នកទទួល។ ប៉ុន្តែ លោក នេត សាវឿន ប្រាប់សារព័ត៌មានក្នុងស្រុក (ភ្នំពេញប៉ុស្តិ៍) ថា ស្នងការដ្ឋាននគរបាលខេត្តនីមួយៗ ត្រូវតែហ្វឹកហ្វឺនពីលំហាត់របៀប និងជំនាញយុទ្ធវិធីប្រឆាំងបាតុកម្ម ដល់មន្ត្រីនគរបាល ដើម្បីជួយពង្រឹងសមត្ថភាព និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម។ លោកថា ការហ្វឹកហ្វឺននេះជាផ្នែកមួយដើម្បីត្រៀមទប់ស្កាត់ និងបង្ក្រាបទៅលើក្រុមទាំងឡាយណា ដែលបង្កឱ្យមានភាពអសន្តិសុខ និងមានបំណងធ្វើរដ្ឋប្រហារផ្ដួលរំលរដ្ឋាភិបាល។
របបក្រុងភ្នំពេញ តែងតែបំផុសកងកម្លាំង និងពលរដ្ឋថា ដំណើរវិលចូលស្រុករបស់មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី នៅថ្ងៃទី៩ វិច្ឆិកា ជាការធ្វើរដ្ឋប្រហារ មានបំណងចង់ផ្ដួលរបបក្រុងភ្នំពេញ។ តែទាំងលោក សម រង្ស៊ី និងអ្នកគាំទ្របក្សប្រឆាំងអះអាងថា ដំណើរវិលត្រឡប់ នៅថ្ងៃទី៩ ខែវិច្ឆិកា មានបំណងចង់ដោះស្រាយបញ្ហាជាតិ និងវិបត្តិនយោបាយ។
ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសថៃ លោក លី រតនៈរស្មី យល់ថា ការបង្គាប់ឱ្យកងកម្លាំងហ្វឹកហ្វឺនវិធីសាស្ត្របង្ក្រាបអ្នកគាំទ្របក្សប្រឆាំង នៅថ្ងៃទី៩ វិច្ឆិកា ជារូបភាពបង្ហាញពី ភាពឃោរឃៅ របស់របបក្រុងភ្នំពេញ។ លោកបន្តថា នេះជាទង្វើបង្ហាញប្រាប់ពលរដ្ឋថា របបក្រុងភ្នំពេញ កាន់តែផ្ដាច់ការ។ មន្ត្រីបក្សប្រឆាំងរូបនេះ អះអាងថា ពលករក្រៅប្រទេស និងពលរដ្ឋនៅក្នុងស្រុក នឹងមិនខ្លាចការកំញើញនេះទេ នៅថ្ងៃទី៩ វិច្ឆិកា។
លោក លី រតនៈរស្មី បន្ថែមទៀតថា ក្រៅពីការបង្ហាញរូបភាពកងកម្លាំងរបបក្រុងភ្នំពេញ បានប្រើប្រាស់វិធីសាស្ត្រច្រើនទៀត ដើម្បីបង្អាក់ដំណើរ លោក សម រង្ស៊ី មិនឱ្យវិលចូលស្រុក ដូចជា ការប្រើឱ្យក្មេងៗ មនុស្សជំនិត ជេរ ប្រមាថ ត្មះតិះដៀល និងសុំភ្នាល់ដាក់លុយ ជាមួយលោក សម រង្ស៊ី ជាដើម។ លោកបន្តថា មកដល់ពេលនេះ អាជ្ញាធរភូមិ ឃុំ បានធ្វើខិត្តប័ណ្ណ ចែកឱ្យពលរដ្ឋ ដោយសរសេរបន្លាចអ្នកភូមិថា ការទៅទទួលលោក សម រង្ស៊ី ត្រូវមានទោស។ ឯអាជ្ញាធរមូលដ្ឋានខ្លះទៀត ហៅពលរដ្ឋទៅបំភិតបំភ័យ ពីដំណើរវិលចូលស្រុករបស់ លោក សម រង្ស៊ី នៅថ្ងៃទី៩ វិច្ឆិកា។
ទោះយ៉ាងណា លោក លី រតនៈរស្មី ប្រាប់ថា ពលរដ្ឋនឹងមិនខ្លាចការគំរាមទាំងនោះឡើយ ព្រោះពួកគេ បានដឹងពីទង្វើដឹកនាំបែបផ្ដាច់ការ របស់ លោក ហ៊ុន សែន។ លោកអះអាងថា គិតត្រឹមថ្ងៃទី២៤ តុលា ពលករ នៅប្រទេសថៃ ជាង ២០ម៉ឺននាក់ នឹងអមដំណើរ លោក សម រង្ស៊ី ត្រលប់ទៅវិញ។ ចំណែកពលករ នៅប្រទេសផ្សេងទៀត នឹងធ្វើដំណើរចូលប្រទេសថៃ និងប្រទេសក្បែរកម្ពុជាផ្សេងទៀត ដើម្បីត្រៀម វិលចូលកម្ពុជា នៅថ្ងៃទី៩ វិច្ឆិកា។ លោកអះអាងទៀតថា មកដល់ពេលនេះ មានពលករខ្លះ បានចូលទៅដល់កម្ពុជាហើយ ដើម្បីត្រៀមទទួល លោក សម រង្ស៊ី ពីក្នុងប្រទេសកម្ពុជា៖ «បើនិយាយពីបញ្ហាខ្លាច ខ្ញុំគិតថា បងប្អូនមួយចំនួន គាត់មានការព្រួយបារម្ភ បានន័យថា ការខ្លាចតិចតួច។ តែបងប្អូន ដែលយល់អំពីស្ថានភាព ដែលយល់អំពីទង្វើ ឬក៏ការដឹកនាំរបស់ លោក ហ៊ុន សែន បានន័យថា ពួកយើងទាំងអស់គ្នា បើសិនជានៅក្នុងប្រទេសថៃនេះ យើងមិនខ្លាចទេ ហើយយើងបានត្រៀមលក្ខណៈគ្រប់សព្វបែបយ៉ាងទាំងអស់ហើយ ហើយយើងទៅនេះ មិនមែនទៅផ្ដួលរំលំ លោក ហ៊ុន សែន ទេ។ តែសំខាន់ សូមឱ្យ លោក ហ៊ុន សែន គាត់ទទួលខុសត្រូវ ហើយត្រូវប្រកាន់ខ្ជាប់នូវសន្ធិសញ្ញាក្រុងប៉ារីស នៅហ្សឺណែវ ឆ្នាំ១៩៩១ ហើយឱ្យ លោក ហ៊ុន សែន ហ្នឹង គាត់គោរពនូវលទ្ធិប្រជាធិបតេយ្យ»។
ពាក់ព័ន្ធការហ្វឹកហ្វឺនកងកម្លាំង ដើម្បីត្រៀមបង្ក្រាបក្រុមអ្នកគាំទ្របក្សប្រឆាំង ដែលរបបក្រុងភ្នំពេញ ចាត់ទុកជាការធ្វើរដ្ឋប្រហារនេះ មន្ត្រីសង្គមស៊ីវិល មិនចង់ឃើញមានការប្រើប្រាស់កងកម្លាំងបង្ក្រាបលើជនជាតិខ្មែរដូចគ្នាឡើយ។ អ្នកសម្របសម្រួល និងអង្កេត នៃអង្គការខុមហ្វ្រែល (Comfrel)លោក កន សាវាង្ស យល់ថា ប្រសិនបើកើតមានករណីកងកម្លាំងបង្ក្រាបលើអ្នកគាំទ្របក្សប្រឆាំងមែន ពលរដ្ឋជាអ្នករងទុក្ខសោក ដូចករណី បង្ក្រាបកម្មករលើផ្លូវវេងស្រេង កាលឆ្នាំ២០១៣ ដែលបង្កឱ្យមានអ្នករបួសច្រើននាក់ និងអ្នកខ្លះបន្តការបាត់ខ្លួន។
លោកបន្តថា ការប្រើប្រាស់កងកម្លាំងក្នុងស្ថានភាពវិវាទនយោបាយបែបនេះ មិនមែនជាដំណោះស្រាយទេ ខណៈប្រទេសកម្ពុជា មិនត្រូវបានប្រកាសដាក់ក្នុងភាពមានអាសន្នទេ ដូច្នេះ នេះជាជម្លោះអ្នកនយោបាយ មិនមែនជាសង្គ្រាមឡើយ។ តំណាងសង្គមស៊ីវិលរូបនេះយល់ថា កងកម្លាំងប្រដាប់អាវុធ គឺប្រើសម្រាប់ប្រទេសមានសង្គ្រាមប៉ុណ្ណោះ ដូច្នេះ លោកចង់ឃើញមានការចរចារវាងអ្នកនយោបាយ ជាជាងការប្រឈមមុខដាក់គ្នា៖ «អ៊ីចឹង មិនគួរណាប្រើប្រាស់កម្លាំងទេ បើសិនជាអាចជៀសបាន គឺសំណូមពរថា គួរតែជជែកគ្នា ដោយសន្តិវិធី។ បើសិនជាមានការប្រើប្រាស់មែន វាជាសញ្ញាមួយ នៃការគ្រោះថ្នាក់សម្រាប់សង្គមយើង ហើយខ្ញុំជាអ្នកដែលធ្វើកិច្ចការងារសង្គម ហើយជាអ្នកដែលតាមដាន ខ្ញុំសំណូមពរថា មិនគួរណា មានការប្រើប្រាស់កងកម្លាំងទេ។ អ៊ីចឹង សំណូមពរថា ដល់អ្នកនយោបាយទាំងអស់ គួរតែជជែកគ្នា គួរតែពិនិត្យមើល ហើយកងកម្លាំងក៏គួរធ្វើការដោយរក្សាសន្តិសុខសម្រាប់ប្រជាពលរដ្ឋ។ វាជាចំណុចមួយល្អ សម្រាប់ប្រជាពលរដ្ឋយើង»។
ទោះយ៉ាងណា អ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បញ្ជាក់ថា ក្នុងករណីរដ្ឋាភិបាលយល់ឃើញថា មានសកម្មភាពរដ្ឋប្រហារ ក្នុងដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី រដ្ឋាភិបាលនឹងបើកយុទ្ធនាការបង្ក្រាប ឬកម្ទេច។ លោកអំពាវនាវកុំឱ្យពលករ និងពលរដ្ឋ ចូលរួមសកម្មភាព ជាមួយ លោក សម រង្ស៊ី។ ប៉ុន្តែ ក្រុមតំណាងរាស្ត្រសហរដ្ឋអាមេរិក បានព្រមានរបបក្រុងភ្នំពេញថា នឹងរងទណ្ឌកម្មធ្ងន់ធ្ងរ បើហ៊ានចាប់ខ្លួន បង្ក្រាប និងបាញ់សម្លាប់ក្រុមអ្នកនិយមប្រជាធិបតេយ្យ ពេលលោក សម រង្ស៊ី វិលចូលប្រទេសកម្ពុជា ថ្ងៃទី៩ វិច្ឆិកា។ គិតត្រឹមថ្ងៃទី២៤ តុលា នៅសល់ ១៦ថ្ងៃទៀត ដល់ថ្ងៃកំណត់ លោក សម រង្ស៊ី សន្យាវិលចូលប្រទេសកម្ពុជាវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។