ប្រទេសជាសមាជិកអាស៊ានបានឯកភាពគ្នា មិនអនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេសនៃរបបសឹកភូមាចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី១៦-១៧ ខែកុម្ភៈ ខាងមុខនោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី ឲ្យដឹងថា ការសម្រេចបែបនេះ ព្រោះរបបសឹកភូមាអនុវត្តបានតិចតួចនៃកិច្ចព្រមព្រៀង ៥ ចំណុចរបស់អាស៊ាន។
កម្ពុជាជាប្រទេសប្រធានប្ដូរវេននិងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាននឹងអនុញ្ញាតត្រឹមអ្នកតំណាងដែលមិនជាប់ពាក់ព័ន្ធនយោបាយ ឬមន្ត្រីបច្ចេកទេស អាចចូលរួមក្នុងប្រជុំប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន។ ការសម្រេចបែបនេះ ធ្វើឡើងដោយមានការឯកភាពគ្នានៃប្រទេសជាសមាជិកអាស៊ាន។
អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី ប្រាប់សារព័ត៌មានឲ្យដឹងថា ការអនុញ្ញាតឲ្យអ្នកតំណាងដែលមិនជាប់ពាក់ព័ន្ធនយោបាយមកអង្គុយកៅអីនេះ ល្អជាងការទុកកៅអីរបស់ភូមាឲ្យនៅទំនេរ។
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី បានទេ នៅថ្ងៃទី៣ ខែកុម្ភៈ។
ការសម្រេចមិនឲ្យតំណាងរបបសឹកចូលរួមកិច្ចប្រជុំនេះ ធ្វើឡើងក្រោយពេលកម្ពុជាបានសំដែងក្តីបារម្ភពីការបន្តមានអំពើហិង្សា និងការធ្លាក់ចុះនៃស្ថានភាពមនុស្សធម៌នៅភូមា។ កាលពីថ្ងៃពុធម្សិលមិញ អាស៊ានបានស្នើឲ្យគ្រប់ភាគីភូមាទាំងអស់បញ្ឈប់អំពើហិង្សានិងរក្សាភាពអត់ធ្មត់។
អ្នកវិភាគនយោបាយ ដែលកំពុងភៀសខ្លួននៅប្រទេសហ្វាំងឡង់ (Finland) លោក គឹម សុខ យល់ថា រដ្ឋជាសមាជិកអាស៊ានបានបំបាក់មុខលោក ហ៊ុន សែន មិនឲ្យធ្វើអ្វីតាមទំនើងចិត្តទោះពេលនេះលោក ហ៊ុន សែន ជាប្រធានអាស៊ានក្ដី។ លោកបន្តថា នេះជាសញ្ញាបញ្ជាក់ថា នៅពេលខាងមុខ ទោះលោក ហ៊ុន សែន មានបំណងទាញមេដឹកនាំរបបសឹកលោក មីន អ៊ុងលាំង (Min Aung Hlaing) ចូលក្នុងកិច្ចប្រជុំកំពូលអាស៊ានក៏មិនអាចធ្វើទៅបានដែរ៖ «រដ្ឋជាសមាជិកអាស៊ានឯទៀត ពួកគេដឹងពុត លោក ហ៊ុន សែន ដែលចង់ឲ្យអាស៊ានទទួលស្គាល់រដ្ឋាភិបាលរដ្ឋប្រហារមួយនៅភូមា ក៏ប៉ុន្តែសមាជិកអាស៊ានផ្សេងទៀតគេដឹងច្បាស់អំពីល្បិចរបស់លោក ហ៊ុន សែន ហើយរុញឲ្យផែនការរបស់លោក ហ៊ុន សែន ហ្នឹង ជួបបរាជ័យបាក់មុខ ដូចយើងឃើញសព្វថ្ងៃ។ លោក ហ៊ុន សែន ត្រូវតែសម្រួលឥរិយាបថរបស់ខ្លួន ហើយបើមិនដូច្នេះទេ គាត់នឹងក្លាយជាប្រធានអាស៊ានព្យួរការងារ គឺមានន័យថា គ្មានរដ្ឋជាសមាជិកអាស៊ានណាចូលរួមឬក៏សហការជាមួយគាត់ទៀតទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែបង្ហាញជំហររបស់ខ្លួនឲ្យមេដឹកនាំរបបសឹកភូមាលោក មីន អ៊ុងលាំង ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដោយលោកលើកឡើងពីគោលការណ៍របស់លោក គឺអាស៊ានត្រូវមាន១០ប្រទេស។
ទោះយ៉ាងណាលោក គឹម សុខ លើកឡើងថា ទោះគ្មានក្រុមមេដឹកនាំរបបសឹកភូមាចូលរួមកិច្ចប្រជុំ ក៏សមាជិកអាស៊ាននៅតែមាន១០ប្រទេសដដែល ព្រោះ ភូមានៅតែមិនទាន់ដកចេញពីអាស៊ានទេ ហើយមន្ត្រីបច្ចេកទេសនៅតែមានសិទ្ធិចូលរួមប្រជុំអាស៊ាន។
កាលពីខែមេសា ឆ្នាំ២០២១ សមាជិកអាស៊ាន បានឯកភាពចេញកិច្ចព្រមព្រៀងប្រាំចំណុច រួមមាន៖ ការបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ហើយគ្រប់ភាគីត្រូវបង្កើនការអត់ធ្មត់។ ការចាប់ផ្ដើមការសន្ទនាប្រកបដោយស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីជាដើម។ ក្រៅពីនោះក៏មានការតម្រូវឱ្យរបបសឹកសម្រួលឱ្យប្រេសិតពិសេសរបស់ប្រធានអាស៊ាន អាចរៀបចំកិច្ចសន្ទនាជាមួយគ្រប់ភាគីពាក់ព័ន្ធ ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទោះយ៉ាងណា មេដឹកនាំរបបសឹកលោក មីន អ៊ុងលាំង ទើបបានអនុវត្តតិចតូចប៉ុណ្ណោះ។
កាលពីថ្ងៃទី៧ និងទី៨ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចតែឯកឯងដោយមិនបានពិគ្រោះយោបល់ជាមួយសមាជិកអាស៊ានជាមុន ដោយជំនះធ្វើដំណើរទស្សនកិច្ចទៅជួបមេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងលាំង។ ដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសនេះ មិនត្រឹមតែទទួលរងនូវការរិះគន់ថា កំពុងធ្វើឱ្យអាស៊ានបែកបាក់គ្នាតែប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យកម្ពុជាដែលជាប្រធានប្តូរវេនអាស៊ានខ្លួនឯងមិនអាចរៀបចំកិច្ចប្រជុំបើកឆាកថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានបានទៀតផង ដោយសារតែប្រទេសសមាជិកអាស៊ានមួយចំនួនសម្តែងការមិនពេញចិត្ត។
មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក ដួង ចន្ត្រា សង្កេតឃើញថា កន្លងមក លោក ហ៊ុន សែន តែងព្យាយាមអូសទាញមេដឹកនាំរបបសឹកភូមាចូលរួមក្នុងប្រជុំសំខាន់ៗរបស់អាស៊ាន ដែលករណីនេះធ្វើប្រទេសជាសមាជិកអាស៊ានផ្សេងទៀតមិនសប្បាយចិត្ត។ លោកយល់ថា ការអនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេសនៃរបបសឹកភូមាចូលរួមក្នុងកិច្ចប្រជុំនានា ព្រោះមានការដាក់សម្ពាធពីក្រុមប្រទេសជាសមាជិកអាស៊ានផ្សេងទៀតដែលប្រកាន់យកគោលការណ៍ប្រជាធិបតេយ្យ៖ «ចង់អូសទាញឧក្រិដ្ឋជនមក ចូលរួមកិច្ចប្រជុំជាមួយអាស៊ាន គឺជាអំពើមួយអាក្រក់ បើនិយាយទៅលោក ហ៊ុន សែន មានគំនិតដូចតែមីន អ៊ុងលាំង ដូចគ្នា ប៉ុន្តែឃើញថា អាស៊ានគេបដិសេធឲ្យលោក ហ៊ុន សែន មកចូលរួមប្រជុំទេ»។
រដ្ឋាភិបាលលោក ហ៊ុន សែន ដែលជាប្រធានអាស៊ានប្ដូរវេន ធ្លាប់រៀបគម្រោងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) កាលពីថ្ងៃទី១៨-១៩ ខែមករា នៅខេត្តសៀមរាប ម្ដងរួចហើយ ប៉ុន្តែត្រូវកម្ពុជាប្រកាសលើកពេល។ កាលនោះលោក ហ៊ុន សែន ព្យាយាមឲ្យរដ្ឋមន្ត្រីការបរទេសនៃរបបសឹកយោធាចូលរួមកិច្ចប្រជុំនេះ។ ទោះយ៉ាងណា មន្ត្រីការបរទេសកម្ពុជាបកស្រាយថា ការលើកពេលនេះ ព្រោះមានការលំបាកក្នុងការធ្វើដំណើរមកចូលរួមក្នុងកិច្ចប្រជុំ និងថា រដ្ឋមន្ត្រីខ្លះមានធុរៈការងារបន្ទាន់ ដែលមិនអាចមកចូលរួមប្រជុំនោះបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។