មន្ត្រី​បក្ស​ប្រឆាំង​ថា៖ ការ​ដែល​តំណាងរាស្ត្រ និង​មន្ត្រី​របស់​ខ្លួន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ និង​ចុះចូល​គណបក្ស​កាន់​អំណាច​នោះ គឺ​ដោយសារ​ការ​គំរាម​កំហែង

0:00 / 0:00

មន្ត្រី​សំខាន់ៗ របស់​គណបក្ស​ប្រឆាំង ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​រដ្ឋាភិបាល លោក ហ៊ុន សែន ដើម្បី​សិទ្ធិ​នយោបាយ​ឡើង​វិញ មាន​ចំនួន ១៤នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​ទី១២ វិច្ឆិកា។

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​នេះ​ថា ការ​ដែល​តំណាងរាស្ត្រ និង​មន្ត្រី​របស់​ខ្លួន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ហើយ​អ្នក​ខ្លះ​រហូត​ដល់​ទៅ​ចុះ​ចូល​គណបក្ស​កាន់​អំណាច​ទៀត​នោះ គឺ​ដោយសារ​មាន​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ពួក​គេ ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ។ ចំណែក​មន្ត្រី​គណបក្ស​កាន់​អំណាច បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

មន្រ្តី​បក្ស​ប្រឆាំង​អះអាង​ថា របប​ក្រុង​ភ្នំពេញ នៅ​តែ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ ទាំង​មន្ត្រី សកម្មជន និង​តំណាងរាស្ត្រ ដែល​នៅ​ក្នុងស្រុក ​មិន​ឲ្យ​ពួកគាត់​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​នាម​ជា​ពលរដ្ឋ ជា​អ្នក​នយោបាយ និង​មិន​អាច​​ឲ្យ​ចូលរួម​បម្រើ​រាស្ត្រ​ម្ចាស់​ឆ្នោត ដូច​ជា​ចូលរួម​រក​ដំណោះ​ស្រាយ​បញ្ហា​សង្គម និង​បញ្ហា​ផ្សេង​ទៀត។

អ្នកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស មានប្រសាសន៍​ប្រាប់​អាស៊ី​សេរី​នៅ​យប់​ថ្ងៃ​ទី១២ វិច្ឆិកា​ថា គណបក្ស​កាន់​អំណាច​តែងតែ​ប្រើប្រាស់​គ្រប់​រូបភាព​ទាំង​អស់ ក្នុង​ការ​គំរាម​កំហែង​ដាក់​សំពាធ​លើ​គណបក្ស​ប្រឆាំង។

ក្នុង​នោះ​មន្រ្តី​ជាប់​ឆ្នោត​នៃ​គណបក្ស​ប្រឆាំង​នៅ​មូលដ្ឋាន ត្រូវ​គេ​ដក​ហូត​មុខតំណែង និង​ជាប់​ក្ដីក្ដាំ​តាម​ផ្លូវ​តុលាការ ចំណែក​ឯ​តំណាង​រាស្ត្រ​ជាប់ឆ្នោត​វិញ ត្រូវ​ជាប់​បម្រាម និង​ការ​រើសអើង​នយោបាយ ចំពោះ​អ្នក​នៅ​ក្រៅ​ស្រុក ត្រូវ​គេ​លុប​សុពលភាព​លិខិត​ឆ្លង​ដែន ដែល​មិន​អាច​ឲ្យ​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​ស្រុក​ខ្មែរ​វិញ​បាន​ជា​ដើម។

ចំពោះ​អ្នក​វិញ​នៅ​ក្នុង​ស្រុក​វិញ ក្រៅ​ពី​ប្រើ​ជន​មិន​ស្គាល់​មុខ​ប្រើ​ហិង្សា​តាម​ដង​ផ្លូវ​វាយ​ដំ​ឲ្យ​របួស​ធ្ងន់ និង​ប្រើ​ឈ្លប​ឲ្យ​តាម​ដាន​ដំណើរ​ចេញ​ចូល​គ្រប់​ទីកន្លែង​ហើយ​នោះ ក៏​ត្រូវ​គំរាម​ឲ្យ​ចាក​ចេញ​ពី​គណបក្ស​ប្រឆាំង ហើយ​ត្រូវ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច បើ​មិន​ចង់​ជាប់​គុក​ជា​ដើម​នោះ៖ « បើ​យើង​មិន​ចុះ​ចូល​ទេ មាន​តែ​ជាប់​គុក។ បើ​មិន​ចង់​ចុះ​ចូល​ទេ មាន​តែ​រត់​ចេញ​ពី​ផ្ទះ ឬ​ពី​ប្រទេស។ ទាំង​នេះ គឺ​ជា​គំនាប​ធ្ងន់ធ្ងរ​ណាស់ ដែល​ធ្វើ​ឲ្យ​ពួក​យើង​ខ្ញុំ​បាត់បង់​សិទ្ធិ​សេរីភាព​គ្រប់​យ៉ាង​ទាំង​អស់ »

ការ​លើក​នេះ​បន្ទាប់​ពី​ព្រះមហាក្សត្រ ព្រះរាជទាន​នីតិសម្បទា​នយោបាយ​ដល់​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី លី ស្រីវីណា តាម​រយៈ​ព្រះរាជ​ក្រឹត្យ​ចុះ​ថ្ងៃ​ទី១២ វិច្ឆិកា។

អ្នកស្រី លី ស្រីវីណា ជា​តំណាងរាស្រ្តជាប់ឆ្នោតម្នាក់ក្នុងចំណោម១១៨នាក់​នៃ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​តុលាការ​កំពូល​ចេញ​សាលដីកា សម្រេច​ផ្អាក​មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ រយៈពេល ៥ឆ្នាំ កាល​ពី​ថ្ងៃ​ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់​ពី​របប​លោក ហ៊ុន សែន សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

អាស៊ី​សេរី​ពុំ​ទាន់​អាច​ទាក់ទង​អ្នកស្រី លី ស្រីវីណា ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១២ វិច្ឆិកា​នេះ។

ប៉ុន្តែ​ការ​សម្រេច​ផ្ដល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​លិខិត​មួយ​ច្បាប់​សរសេរ​ដោយ​ផ្ទាល់​ដៃ​ជូន​លោក ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី៦ វិច្ឆិកា ថា នាង​ខ្ញុំ លី ស្រីវីណា សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នកស្រី លី ស្រីវីណា ក៏​សរសេរ​លិខិត​ដាច់​ដោយ​ឡែក​មួយ​ទៀត ស្នើ​សុំ​ទៅ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី៩ វិច្ឆិកា។

រហូតមកដល់​ថ្ងៃ​ទី១២ វិច្ឆិកា មាន​មន្ត្រី​ជាន់​ខ្ពស់ និង​ជា​អ្នក​តំណាង​រាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១៤រូប​ហើយ ដែល​ត្រូវ​បាន​គេ​ផ្តល់​នីតិសម្បទា​នយោបាយ​ឡើង​វិញ ហើយ​អ្នកស្រី លី ស្រីវីណា មនុស្ស​ចុង​ក្រោយ​គេ។ ការ​សរសេរ​លិខិត​សុំ​ចុះចូល​គណបក្ស​កាន់​អំណាច​នេះ ធ្វើបន្ទាប់ពី ក្រសួង​សុខាភិបាល បាន​​សម្រេច​​ឲ្យ​​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​មួយ​​កន្លែង ឈ្មោះ លី ស្រីវីណា ជា​របស់​លោកស្រី វេជ្ជបណ្ឌិត លី ស្រីវីណា ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​ទំពូង​​ទី​២ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​បញ្ជាក់​ក្នុង​សេចក្ដី​សម្រេច​ចុះ​ថ្ងៃ​ទី៦ វិច្ឆិកា និង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី៨ វិច្ឆិកា​ថា ការ​បិទ​នេះ ដោយ​សារ​រក​ឃើញ​ថា គ្លីនិក​ឯកជន​មួយ​នេះ ពុំ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ក្នុង​ការ​ផ្ដល់​​សេវា​សង្គ្រោះ​អ្នក​ជំងឺ។ ការ​ប្រកាស​បិទ​នេះ​ ធ្វើ​ឡើង​ក្រោយ​ពី​​មាន​អ្នក​ជំងឺ​ម្នាក់​ស្លាប់​ក្នុង​គ្លីនិក​ឯកជន​នោះ កាល​ពី​ថ្ងៃ​ទី២៩ ខែតុលា។

មន្ត្រី​គណបក្ស​ប្រឆាំង​ថា ករណី​នេះ អាច​ជា​សំពាធ​មួយ​ធ្ងន់ធ្ងរ សម្រាប់​អ្នកស្រី លី ស្រីវីណា ដែល​អាច​ដើរ​ដល់​ផ្លូវ​ទាល់​ច្រក។

ចំណែក​មន្រ្តី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក ​សុខ ឥសាន ប្រាប់​អាស៊ី​សេរី​ថា សូម​កុំ​យល់​ច្រឡំ​គ្នា រវាង​ការ​បិទ​គ្លីនិក​ឯកជន និង​ការ​ចុះចូល​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា។

លោក​ពន្យល់​ថា ការ​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​មួយ​កន្លែង​ឈ្មោះ លី ស្រីវីណា គឺ​ជា​រឿង​បច្ចេកទេស ទាក់ទង​នឹង​ក្រសួង​សុខាភិបាល ដែល​គេ​ត្រូវ​បិទ​បណ្ដោះអាសន្ន ដើម្បី​ស៊ើបអង្កេត​លើ​បញ្ហា​មួយ​ចំនួន ដែល​បាន​កើត​ឡើង​កន្លង​មក។ លោក​បន្ត​ថា ចំពោះ​ការ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​រឿង​ឆន្ទ​នយោបាយ ដោយ​លោក​អះអាង​ថា អ្នកស្រី លី ស្រីវីណា អស់​ជំនឿ​លើ​គណបក្ស​សង្គ្រោះ​ជាតិ និង​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ ដែល​លោក​ចាត់​ទុក​ថា ជា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់៖ « គ្មាន​អ្នក​ណា​លូក​ប្រហុក​ជាមួយ​អតីត​បក្ស​ប្រឆាំង​ជ្រៅ​កប់​ក្លៀក​ដូច​អ្នក​ស្រី លី ស្រីវីណា ហ្នឹង​ទេ ដល់​ទៅ​ពេល​អស់​ជំនឿ​អ៊ីចឹង​គាត់​មក​លូក​ប្រហុក​ឲ្យ​ជ្រៅ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ម្ដង ពី​ព្រោះ​គាត់​មិន​មែន​សុំ​ត្រឹម​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នោះ​ទេ គឺ​គាត់​ថែម​ទាំង​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ថែម​ទៀត »

លោក​សង្ឃឹមថា ក្រុម​គ្រួសារ​របស់​អ្នកស្រី លីស្រីវីណា វិល​មក​រួម​រស់​ក្រោម​ដំបូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជា​បន្ត​បន្ទាប់​ទៀត​នា​ពេល​ខាង​មុខ។

ទោះ​យ៉ាង​ណា លោក​បញ្ជាក់​ថា គណបក្ស​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល មិន​បាន​សន្យា​ផ្តល់​តំណែង​អ្វី​មួយ​ដល់​អ្នក​ស្រី លី ស្រីវីណា នោះ​ទេ ដោយ​រង់ចាំ​លទ្ធផល​ ឬ​ចាំ​ពិនិត្យ​មើល​ស្នាដៃ​ក្នុង​ការ​បំពេញ​ការងារ​ជាមួយ​គ្នា​ជា​មុន​សិន។

ចំណែក​មន្រ្តី និង​សកម្មជន​នយោបាយ​ក្នុង​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ផ្សេង​ទៀត បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា ការ​ចាកចេញ​របស់​អ្នក​ស្រី លីស្រីវីណា គឺ​ប្រៀប​ដូច​ជា​ដង្កូវ វា​ចេញ​ពី​ដួង​ព្រលឹង សង្គ្រោះ​ជាតិ និង​ថា អ្នកស្រី លី ស្រីវីណា មិន​ស័ក្ដិសម​ជា​អ្នក​តំណាង​រាស្ត្រ​នោះ​ទេ៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។