អតីត​មន្ត្រី​បក្ស​ហ្វ៊ុនស៊ិនប៉ិច មិន​គាំទ្រ​​​ការ​លក់​ស្នាក់​ការ​គណ​បក្ស​នៅ​ខេត្ត​មណ្ឌលគីរី និង​ខេត្ត​កំពង់ឆ្នាំង

រូបសញ្ញា​គណបក្ស ហ៊្វុនស៊ិនប៉ិច
រូបសញ្ញា​គណបក្ស ហ៊្វុនស៊ិនប៉ិច (គណបក្ស ហ៊្វុនស៊ិនប៉ិច)

​​អតីត​អគ្គលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ ដែល​ត្រូវ​បណ្ដេញ​ចេញ​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិចរូបនេះ ប្រាប់​អាស៊ី​សេរី ថា លោក​មិន​​​ទាន់​​ទទួល​បាន​ដំណឹង​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​បំណង​ចង់​លក់​ស្នាក់​ការ​បក្ស​តាម​ខេត្ត​ទេ​។ តែ​យ៉ាង​ណា ​លោក​ជំទាស់​ដាច់​ខាត ​ចំពោះ​ផែនការ​​នេះ ព្រោះ​ស្នាក់​ការ​​ទាំង​នោះ ​ជាកេរមរតក​​ ដែល​សមាជិក​ជំនាន់​មុន​បន្សល់​ទុក​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។

លោក ញ៉េប ប៊ុនជិន ឲ្យ​ដឹង​ថា ស្នាក់​ការ​គណបក្ស​​ហ្វ៊ុនស៊ិនប៉ិច តាម​ខេត្ត​​ទាំង​អស់ បាន​កើត​ឡើង​តាម​រយៈ​មូលនិធិ​គណបក្ស​តាំង​ពី ជំនាន់​បោះឆ្នោត​អាណត្តិ​ទី​១ ហើយ​ភាគច្រើន​ជា​ស្នាដៃ​បង្កើត​របស់​អភិបាល​ខេត្ត​ មក​ពី​គោលការណ៍​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ឈ្នះ​ឆ្នោត​ នៅ​ឆ្នាំ​១៩៩៣។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ចុះ​ផ្សាយ​ថា មន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ម្នាក់ ​សុំ​មិន​បញ្ចេញ​ឈ្មោះ ​​ថ្លែង​ថា ​ស្នាក់ការ​គណបក្ស ​ហ៊្វុន​ស៊ិន​ប៉ិច ទាំង ២ខេត្ត ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ប្រហែល ៩០ម៉ឺន​​ដុល្លារ​​សហរដ្ឋ​អាមេរិក គឺ​ស្នាក់​ការ​បក្ស​នៅ​ខេត្ត​មណ្ឌល​គិរី​ លក់​ក្នុង​តម្លៃ​ប្រហែល ៤០ម៉ឺន​ដុល្លារ និង​ស្នាក់​ការ​បក្ស​នៅ​ខេត្ត​កំពង់ឆ្នាំង លក់​តម្លៃ​ប្រហែល​៥០​ម៉ឺន​ដុល្លារ។ ស្នាក់​ការ​បក្ស​​នៅ​ខេត្ត​ទាំង២ នេះ ត្រូវ​បាន​ដាក់​លក់​ក្រោម​ហេតុ​ផល​ប្រមូល​ថវិកា​​ថ្វាយ​ប្រធាន​គណបក្ស ហ្វ៊ុនស៊ិនប៉ិច សម្តេច​ក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ ដើម្បី​ព្យាបាល​ជំងឺ​របស់​ព្រះអង្គ នៅ​ប្រទេស​ថៃ។

អាស៊ី​សេរី បាន​ព្យាយាម​សុំ​ការ​បញ្ជាក់​បន្ថែម​​រឿងនេះ​ពី​អ្នក​នាំ​ពាក្យ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច លោក ណុប សុធារិទ្ធិ ច្រើន​ដងតាម​ទូរស័ព្ទ ​នៅ​ថ្ងៃ​ទី៥ សីហា ប៉ុន្តែ​​អ្នក​លើក​ទូរស័ព្ទ​ប្រាប់​ថា ខ្លួន​ជា​ជំនួយ​ការ​ ចំណែក​ឯ​​អ្នក​នាំ​ពាក្យ​បក្ស​ជាប់​​រវល់​ប្រជុំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។