អ្នកជំនាញកសិកម្ម និងជាស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក យ៉ង សាំងកុមារអះអាងថាជំនួបរវាងរូបលោក ជាមួយលោក កឹម សុខា ប្រធានគណបក្សប្រឆាំងនោះមិនបាននិយាយដល់រឿងនយោបាយឡើយ ដ្បិតលោកដឹងថាជារឿងផ្ទុយពីបម្រាមរបស់តុលាការ។ ការលើកឡើងនេះបន្ទាប់ពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាព្រមានថាអាចនឹងមានវិធានការផ្លូវច្បាប់ប្រសិនបើ អ្វីដែលប្រធានគណបក្សប្រឆាំងធ្វើបានល្មើស នឹងបម្រាមរបស់តុលាការ។ អ្នកវិភាគថាគណបក្សកាន់អំណាចទំនងជាកំពុងបារម្ភពីការរួបរួមកម្លាំងគ្នារវាងលោក កឹម សុខា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប៉ុន្តែយកលេសរឿងបម្រាមតុលាការទៅវិញ។
សមាជិកគណៈកម្មការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានមើលមិនឃើញថា ជំនួបរវាងរូបលោក នឹងលោក កឹម សុខា ថា ជាទង្វើខុសឆ្គង ឬរំលោភទៅលើបម្រាមតុលាការឡើយ គឺគ្រាន់តែជាការប្រាស្រ័យទាក់ទងគ្នាធម្មតាក្នុងការងារសង្គម និងជាអ្នកមានទំនាក់ទំនងល្អជាមួយគ្នាតាំងពីដើមរៀងមក៖ « រវាងគាត់ និងខ្ញុំហ្នឹង យើងអត់បានជជែកគ្នាច្រើនរឿងនយោបាយ រឿងអីទេ ដោយសារយើងដឹងថា គាត់ជាប់ក្នុងបម្រាម ក្នុងការធ្វើនយោបាយអីចឹងណាស់។ ទោះបីខ្ញុំខំព្យាយាម លើកប្រធានបទហ្នឹងនិយាយ ក៏គាត់ព្យាយាមមិននិយាយ មិនឆ្លើយនឹងសំណួររបស់ខ្ញុំដែរ » ។
អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន បានដាក់សារក្នុងបណ្ដាញសង្គមតេឡេក្រាម (Telegram) កាលពីថ្ងៃទី៤ ខែមេសា ដោយព្រមានថា បើលោក កឹម សុខា នៅតែព្រហើនផ្គើនអនុវត្តនយោបាយប្រឆាំងខុសច្បាប់ទៀត ការចាត់វិធានការផ្លូវច្បាប់នៅតែមាន។ ប្រតិកម្មរបស់លោក សុខ ឥសាននេះ ធ្វើឡើងបន្ទាប់ពីមេធាវីលោក កឹម សុខា គឺលោក ចាន់ ចេន បានបង្ហោះសារ លើហ្វេសប៊ុក កាលពីថ្ងៃទី៣០ ខែមីនា ដោយភ្ជាប់រូបថតលោក កឹម សុខា និងលោក យ៉ង សាំងកុមារ ដោយសរសេរថា «ឈាមរត់រកឈាម កូនកសិកររត់រកកសិករ។ អ្នកប្រជាធិបតេយ្យពិតប្រាកដដែលស្មោះត្រង់នឹងជាតិដូចគ្នាគឺនៅបន្តរួមសុខ រួមទុក្ខជាមួយគ្នា មិនរត់ចោលគ្នា ទោះបីស្ថានភាពលំបាក ឬគ្រាមានអាសន្ន អន់ក្រយ៉ាងណាក៏ដោយ»។ លោក សុខ ឥសាន ចាត់ទុកពាក្យឈាមរត់រកឈាម ស្មើនឹងថា ការបញ្ចូលគ្នាគណបក្ស និងគណបក្ស ដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជារបស់លោក។ លោក សុខ ឥសាន ថែមទាំងចោទប្រកាន់ជំនួសព្រះរាជអាជ្ញា ឬតុលាការថា សាររបស់មេធាវីលោក កឹម សុខា នៅលើទំព័រហ្វេសប៊ុក (Facebook) អាចជាពិរុទ្ធភាពសម្រាប់ដាក់បន្ទុកលោក កឹម សុខា។
អាស៊ីសេរីនៅមិនទាន់អាចសុំការពន្យល់បន្ថែមពី លោក សុខ ឥសាន និងពីមេធាវីរបស់លោក កឹម សុខា គឺ លោក ចាន់ ចេន បានទេកាលពីយប់ថ្ងៃទី៤ ខែមេសា។
អ្នកសិទ្ធិមនុស្ស និងអ្នកសិក្សាការអភិវឌ្ឍមើលឃើញថា អ្វីដែលមេធាវីលោក កឹម សុខា គឺជាសិទ្ធិសេរីភាពការបញ្ចេញមតិ មិនគួរត្រូវចាត់ទុកថាជាការល្មើសបម្រាមតុលាការនោះទេ។
អ្នកសិក្សាការអភិវឌ្ឍលោក បណ្ឌិត សេង សារី លើកឡើងថា គណបក្សកាន់អំណាចអាចមើលឃើញពីចរន្តនៃការត្រូវរ៉ូវគ្នារវាងគណបក្សនយោបាយណាមួយជាមួយលោក កឹម សុខា ប៉ុន្តែចរន្តនោះក៏ត្រូវគណបក្សកាន់អំណាចមើលឃើញថា ពុំមានការគំរាមកំហែងដល់បក្សខ្លួនដែរ៖ « មិនគួរអ្នកនាំពាក្យជាអ្នកក្រើនរម្លឹកទេ ព្រោះអាហ្នឹងវាអាចបង្ហាញពីការបំពានទៅដល់កិច្ចការតុលាការ ហ្នឹងទី១។ ទី២ វាអាចជាកលល្បិចនៅក្នុងការជានយោបាយ ជាយុទ្ធសាស្ត្ររុញទូកបណ្ដោយទឹក មានន័យថារុញអោយលោក កឹម សុខា បញ្ឆោតអោយ លោក កឹម សុខា ធ្វើហាក់ដូចជា កម្លាំងរបស់លោក កឹម សុខា ហ្នឹងពេលបូកជាមួយនឹង GDP ( គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ) ពិតជាគំរាមកំហែងដល់គណបក្សកាន់អំណាចមែន។ អ៊ីចឹងធ្វើអោយលោក កឹម សុខា ជាមួយនឹង GDP អាចរួមគ្នាមែន ហើយវាជាយុទ្ធសាស្រ្តរុញទូកបណ្ដោយទឹក។ ព្រោះអ្វីដែលជាគោលបំណងរបស់គណបក្សកាន់អំណាចនៅពេលកន្លងមកគឺអ្វី ដែលគាត់បារម្ភគឺ ការរួមគ្នារវាង លោក កឹមសុខា និងលោក សម រង្ស៊ី » ។
សម្រាប់សមាជិកគណៈកម្មការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ វិញ អះអាងថា គណបក្សរបស់លោកនៅតែប្រកាន់ជំហររួបរួមជាមួយអ្នកនិយមប្រជាធិបតេយ្យ ប៉ុន្តែក៏ត្រូវតែអនុវត្តតាមច្បាប់ បើទោះបីជាគណបក្សលោក មិនពេញចិត្តនឹងច្បាប់ ដែលបង្កើតឡើងនាពេលកន្លងមកក៏ដោយ៖ « មកដល់ពេលនេះ ម៉ោងនេះវាអត់ទាន់មានការជជែកគ្នាអំពីរឿងហ្នឹងទេ ព្រោះគាត់អត់ចង់ជជែក ហើយខ្ញុំក៏យល់ពីគាត់ ដោយសារគាត់នៅក្នុងជាប់បម្រាមហ្នឹង។ ទី២ បើទៅថ្ងៃមុខទៅគាត់នៅជាប់បម្រាមហ្នឹង គាត់អត់មានសេរីភាពនយោបាយអីក៏យើងមិនទៅព្យាយាមផ្សារភ្ជាប់អីជាមួយគាត់ដែរ កុំឱ្យប៉ះពាល់ដល់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ព្រោះយើងត្រូវគោរពតាមច្បាប់ ទោះបីយើងមិនពេញចិត្តយ៉ាងណាក៏ដោយ ក៏យើងត្រូវតែគោរពតាម។ ទី៣នៅពេលគាត់មានសេរីភាពនយោបាយឡើងវិញ យើងរីករាយស្វាគមន៍នឹងជជែកជាមួយគាត់ក្នុងរូបភាពសហការ ប៉ុន្តែរឿងពិតយ៉ាងម៉េចយើងនៅអត់ទាន់ដឹងទេ » ។
សមត្ថកិច្ចបានចាប់ខ្លួន លោក កឹម សុខា ដោយចោទប្រកាន់ពីបទក្បត់ជាតិ កាលពីឆ្នាំ២០១៧ ហើយសិទ្ធិធ្វើនយោបាយនយោបាយរបស់លោកត្រូវបានដកហូត និងបន្ទាប់មកគណបក្សសង្គ្រោះជាតិរបស់លោក ត្រូវបានលោក ហ៊ុន សែន បង្គាប់ឱ្យតុលាការកំពូលរម្លាយចោល។ ប៉ុន្តែកាលពីឆ្នាំ២០១៩ តុលាការបានបន្ធូរបន្ថយការត្រួតពិនិត្យខ្លះដោយអនុញ្ញាតឱ្យលោកអាចធ្វើដំណើរក្នុងប្រទេស ប៉ុន្តែហាមធ្វើនយោបាយ និងចេញក្រៅប្រទេស។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា មើលឃើញថា ពិតណាស់គណបក្សកាន់អំណាចមិនចង់ឃើញលោក កឹម សុខា ការធ្វើសកម្មភាព ឬបង្ហាញសារនយោបាយអ្វីទេ។ ទោះយ៉ាងណាលោកយល់ថា ក្នុងនាមលោក កឹម សុខា ជាអ្នកនយោបាយជាន់ខ្ពស់មួយរូបមិនត្រូវដាក់ខ្លួនតាមការរៀបចំរបស់គណបក្សកាន់អំណាចនោះទេ។ លោកថា មេបក្សប្រឆាំង គួរតែបន្តធ្វើសកម្មភាព និងបង្ហាញសាររបស់ខ្លួនទៅអ្នកគាំទ្របន្តទៀត។ លោកថា លោក កឹម សុខា មិនគួរបារម្ភពីការព្រមានណាមួយរបស់គណបក្សកាន់អំណាចទេ ព្រោះពេលនេះ លោកគ្មានអ្វីត្រូវខ្លាចបាត់បង់អ្វីទៀតនោះទេ ខណៈលោក កឹម សុខា បានបាត់បង់អាជីពនយោបាយរួចទៅហើយនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។