អាជ្ញាធរខេត្តបន្ទាយមានជ័យ​ចាប់ខ្លួនពលរដ្ឋ ៤នាក់ រួមទាំងប្រពន្ធ និងកូនរបស់លោក កង សារ៉ន

មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យចំនួន ៦នាក់ បានចូលទៅចាប់ខ្លួនពលរដ្ឋចំនួន ៤ នាក់ នៅក្នុងការិយាល័យអង្គការលីកាដូខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៦ ខែធ្នូ។ អង្គការសិទ្ធិមនុស្សលីកាដូ ចេញផ្សាយអត្ថបទព័ត៌មានខ្លីថា នគរបាល បានចាប់ខ្លួនពលរដ្ឋទាំង ៤នាក់នេះ ក្នុងពេលពួកគាត់ កំពុងទទួលការប្រឹក្សាយោបល់ផ្នែកច្បាប់ ទាក់ទងនឹងករណីសកម្មជនបញ្ចេញមតិក្នុងបណ្តាញសង្គម ដែលកំពុងជាប់ក្នុងពន្ធនាគារ លោក កង សារ៉ន។

អ្នកទាំងបួន រួមមានអ្នកស្រី ហង្ស ត្រឹប ជាភរិយាលោក កង សារ៉ន កញ្ញា សេង ចន្ថា ជាកូនស្រីរបស់លោក កង សារ៉ន និងអ្នកជិតខាងពីរនាក់ផ្សេងទៀត ដែលជូនអ្នកទាំងពីរទៅការិយាល័យ អង្គការ លីកាដូ ខេត្តបន្ទាយមានជ័យ។ អង្គការលីកាដូ បញ្ជាក់ទៀតថា អ្នកទាំងបួន ត្រូវបានចាប់ខ្លួន ១០ នាទី ក្រោយពេលចូលទៅដល់ការិយាល័យរបស់អង្គការ លីកាដូ បន្ទាប់ពីអ្នកទាំងនោះ បានទៅសួរសុខទុក្ខលោក កង សារ៉ន នៅក្នុងពន្ធនាគារកាលពីពេលព្រឹក។

បុគ្គលិកអង្គការ លីកាដូ បានស្នើសុំការបង្ហាញឯកសារពាក់ព័ន្ធ ប៉ុន្តែមន្ត្រីនគរបាលទាំងនោះមិនបានបង្ហាញនោះទេ ហើយបែរជានិយាយថា ពួកគេ “ធ្វើតាមបទបញ្ជា” ទៅវិញ។ មន្ត្រីនគរបាលទាំងនោះ ក៏បានបញ្ជាឱ្យបុគ្គលិក លីកាដូ លុបចោលរូបភាព ដែលបុគ្គលិកថតបានវត្តមានរបស់មន្ត្រីនគរបាលទាំងនោះចូលក្នុងបរិវេណការិយាល័យ ដោយមិនបង្ហាញដីកា។

អ្នកសម្របសម្រួលអង្គការលីកាដូ ខេត្តបន្ទាយមានជ័យ លោក ភុន ឈិន ឲ្យវិទ្យុអាស៊ីសេរីដឹងបន្ថែមថា ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទើបតែបានឆ្លើយតបមកលោកវិញ កាលពីព្រលប់ថ្ងៃដដែលនេះ ដោយអះអាងថា សមត្ថកិច្ចមិនបានចាប់ខ្លួនអ្នកទាំង ៤នាក់នេះទេ គ្រាន់តែហៅពួកគាត់ទៅយកអំណោយប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្ដី លោក ភុន ឈិន អះអាងថា ការបកស្រាយរបស់សមត្ថកិច្ច​បែបនេះ មិនសមហេតុផលឡើយ។ មកទល់ពេលនេះ សមត្ថកិច្ចបានបញ្ចូនអ្នកទាំង ៤នាក់នោះ​ទៅផ្ទះវិញហើយ។

ជុំវិញរឿងនេះ វិទ្យុអាសីសេរីមិនអាចទាក់ទងសុំការឆ្លើយតបពីស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ បានទេ ដោយសារ​ទូរ័ព្ទរបស់លោក​មិនអាចទាក់ទងបាន។

លោក កង សារ៉ន ត្រូវបានអាជ្ញាធរចោមរោមចាប់ឃុំខ្លួនក្នុងពន្ធនាគារចាប់តាំងពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ៣ឆ្នាំ ទាក់ទងនឹងទស្សនៈនយោបាយរបស់លោក ដែលលោកបានបង្ហោះក្នុងគណនីហ្វេសប៊ុករបស់លោកអំឡុងពេលយុទ្ធនាការបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣។ នៅក្នុងវីដេអូផ្សាយផ្ទាល់នោះ លោកបានចោទជាសំណួរថា តើក្រោយពីបក្សប្រជាជនឈ្នះឆ្នោត នឹងមានវិធានការដេញពលរដ្ឋវៀតណាមចេញ ឬបន្តឱ្យហូរចូលដោយខុសច្បាប់បន្តទៀត? ហើយនៅក្នុងនោះ លោកក៏បានរិះគន់ពីបញ្ហាគ្រឿងញៀន អំពើពុករលួយ និងបញ្ហាអសន្តិសុខមួយចំនួនទៀត។

ក្រោយការចាប់ឃុំខ្លួនលោក កង សារ៉ន បណ្តាលឲ្យមានការរិះគន់ព្រោងព្រាតពីអ្នកប្រើប្រាស់បណ្តាញសង្គម និងមន្ត្រីសិទ្ធិមនុស្សថា ទង្វើរបស់អាជ្ញាធររដ្ឋាភិបាល គឺជាការរំលោភសិទ្ធិមនុស្ស និងអមនុស្សធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។