គណបក្ស​៤​គ្រោង​ដាក់​លិខិត​ទៅ​រដ្ឋសភា​ស្នើ​ជជែក​ពី​ការ​កែលំអ​ប្រព័ន្ធ​បោះឆ្នោត និង​សេរីភាព​នយោបាយ

0:00 / 0:00

គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល ៤ គ្រោង​ដាក់​លិខិត​ទៅ​រដ្ឋសភា ជាថ្មី​ម្ដងទៀត​នៅ​សប្ដាហ៍​នេះ ដើម្បី​ជជែក​ពី​ការ​កែ​លំអ ប្រព័ន្ធ​បោះឆ្នោត និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា​។ ទោះ​យ៉ាងណា មន្ត្រី​រដ្ឋសភា លើកឡើង​ថា រដ្ឋសភា អាច​ជជែក​ជាមួយនឹង​គណបក្ស​មាន​អាសនៈ នៅក្នុង​សភា ប៉ុណ្ណោះ ប៉ុន្តែ មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា គណបក្ស​ទាំងនេះ ទទួល​បាន​ការបោះឆ្នោត​គាំទ្រ​ពី​ពលរដ្ឋ​រាប់​សែន​នាក់ ដែល​រដ្ឋសភា គួរ​ស្ដាប់​មតិយោបល់​របស់​គ​ណ​បក្ស​ទាំងនេះ​ខ្លះ​ដែរ។

គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល ៤ លើកឡើង​ថា ដើម្បី​ឲ្យ​ការបោះឆ្នោត​ឆ្នាំ​២០២៣​ខាងមុខ មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ចាំបាច់ ត្រូវ​មាន​កែលំអ​ប្រព័ន្ធ​បោះឆ្នោត និង​សេរីភាព​នយោបាយ​ជាមុន​សិន​។ ពួកគេ​ថា តួអង្គ​ការសំខាន់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​គឺ រដ្ឋាភិបាល រដ្ឋសភា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​

អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក លោក ចេប គឹមអ៊ាង ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថ្ងៃទី​០៦ ខែ​កញ្ញា​ថា គណបក្ស​ទាំង​បួន​បាន​ធ្វើ​លិខិត​រួចរាល់​ហើយ គឺ​នៅតែ​រង់ចាំ​មេដឹកនាំ​គណបក្ស​ទាំងនោះ​ចុះ​ហត្ថលេខា ប៉ុណ្ណោះ​។ លោក​ថា គណបក្ស​ទាំង​បួន​នឹង​ដាក់​លិខិត​នេះ​ទៅ​រដ្ឋសភា ក្នុង​សប្ដាហ៍​នេះ​។ លោក ចេប គឹមអ៊ាង ឲ្យ​ដឹង​ទៀត​ថា ខ្លឹមសារ​នេះ គឺជា​ការ​ទាមទារ​ឲ្យ​មានការ​កែ​លម្អ​ប្រព័ន្ធ​បោះឆ្នោត និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា ពោល​គឺ​ដូចគ្នា​ទៅ​នឹង​ខ្លឹមសារ​លិខិត​លើក​មុន ដែល​រដ្ឋសភា​បដិសេធ​ទទួល​ដែរ ប៉ុន្តែ​គ្រាន់តែ​ជា​ការ​កែតម្រូវ ឲ្យ​ត្រូវ​តាម​បែបផែន​រដ្ឋបាល​នៃ​ការ​ទាមទារ​របស់​រដ្ឋ​សភា៖ « ជា​ការ​ផ្ដួចផ្ដើម​ដែល​គណបក្ស​ទាំង​៤​សុំ​ជួប ដើម្បី ឲ្យ​រដ្ឋសភា​ធ្វើ​យ៉ាងណា​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​កម្ពុជា​បាន​ប្រសើរ​ហើយ​ដើម្បី​ការបោះឆ្នោត ឆ្នាំ​២០២៣​ក៏​អាណត្តិ​២០២៧ បន្តបន្ទាប់​ទៀត មាន​ភាព​យុត្តិធម៌​ត្រឹមត្រូវ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់លោក​ទទួលយក​បាន​ទាំងអស់គ្នា ទាំង​ភាគី​ពាក់ព័ន្ធ ទាំង​ភាគី​គណបក្ស​ក្រៅ​រដ្ឋាភិបាល និង​ភាគី​គណបក្ស​ឈ្នះ​ឆ្នោត​ទទួល​បាន​ទាំងអស់គ្នា​បាទ»។

អ្វី​ដែល​គណបក្ស​បួន​ចង់បាន​ពី​ការ​ទាមទារ​នេះ គឺ​មាន​ឲ្យ​ការបោះឆ្នោត​មួយ​ដែល​គ្រប់​ភាគី​អាច​ទទួល​យក​បាន​ទាំងអស់គ្នា ដោយ​អ្នកឈ្នះ​គឺ​ឈ្នះ​ដោយ​កិត្តិយស ចំណែក​អ្នក​ចាញ់ គឺ​ចាញ់​ដោយ​អស់ចិត្ត។

ទាក់ទង​រឿង​នេះ​ដែរ វិទ្យុ​អាស៊ីសេរី មិនទាន់​សុំ​ការ​បំភ្លឺ​ពី​តំណាង​គណបក្ស​នយោបាយ​បី​ទៀត គឺ​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉េង វីរៈ ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មូនីកា និង​អនុប្រធាន​គណបក្ស​កែទម្រង់​កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន បានទេ​នៅ​ថ្ងៃទី​០៦ ខែកញ្ញា។

ទោះយ៉ាងណា អគ្គលេខាធិការ​នៃ​រដ្ឋសភា លោក ឡេង ប៉េងឡុង លើកឡើង​ថា សំណើ​ដែល​គណបក្ស​ទាំង​៤​បាន​ស្នើ​កន្លង​ទៅ ជា​ជំនួប​មិន​បាន​ការ ព្រោះ​លោក​ថា គ្មាន​ច្បាប់​ណាមួយ​ចែងថា រដ្ឋសភា​ត្រូវ​ជជែក​ជាមួយ​គណបក្ស​គ្មាន​សំឡេង​ក្នុង​សភា​នោះ​ទេ។ លោក​ថា បើ​លើក​នេះ​គណបក្ស​ទាំង​៤​ស្នើ​ជួប​ក្នុងនាម​ពលរដ្ឋ គឺ​អាច​ទៅរួច ប៉ុន្តែ ទាមទារ​ឲ្យ​គណបក្ស​ទាំងនោះ​ធ្វើ​ញត្តិ​ដាក់​មក​រដ្ឋសភា ហើយ​ក្រុមការងារ​រដ្ឋសភា នឹង​ចេញ​មក​ទទួល និង​ដោះស្រាយ​តាម​នីតិវិធី៖ «បាទ​ដាក់​អី​ដាក់​ទៅ ខ្ញុំ​អត់​ដឹង​ទេ ប៉ុន្តែ បើ​ដាក់​ដូច​មុន​គឺ​ជំហរ នៅ​ដដែល អត់​មាន​នីតិវិធី​ឲ្យ​ជួប ជួប​ធ្វើ​អី អត់​មាន​ប្រយោជន៍​អី ខ្ញុំ​មិនដឹង​ទេ និយាយ​រួម​គឺ​គ្មាន​នីតិវិធី ជួបពិភាក្សា​ជាមួយ​ហ្នឹង​នែ​គណបក្ស​ដែល​គ្មាន​អាសនៈ​នៅ​រដ្ឋសភា​ទេ យើង​មានតែ​ប៉ុណ្ណឹង​ទេ​បាទ»។

ទោះ​មានការ​ឆ្លើយ​បែបនេះ ពី​មន្ត្រីជាន់ខ្ពស់​រដ្ឋសភា ប៉ុន្តែ ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់​ថា សំណើ​របស់​គណបក្ស​ទាំង​៤​លើក​ជា​សំណើ​មាន​ប្រយោជន៍​ដែល​រដ្ឋសភា និង​ស្ថាប័ន​ផ្សេងទៀត គួរ​យកចិត្តទុកដាក់ និង​ដោះស្រាយ ដើម្បី​ឲ្យ​ការបោះឆ្នោត​ឆ្នាំ​២០២៣ ខាង​មាន​យុត្តិធម៌ តម្លាភាព និង​អាច​ជឿ​ទុកចិត្ត​។ លោក​បន្តថា ទោះ​គណបក្ស​ទាំង​៤​នេះ មិនទាន់​មាន​សំឡេង​នៅក្នុង​រដ្ឋសភា​ក្នុង​ពេលនេះ​ក្ដី ប៉ុន្តែ គណបក្ស​ទាំងនេះ​ជា​តួអង្គ​សំខាន់ តំណាង​ពលរដ្ឋ​ម្ចាស់​ឆ្នោត​រាប់​សែន​នាក់៖ «ពួកគាត់​ជា​តួអង្គ​សំខាន់​ដែល​ត្រូវ​ប្រកួតប្រជែង គឺជា គណបក្ស​នយោបាយ​សំខាន់​ណាស់​ដែល​ត្រូវតែ​ពិចារណា នូវ​សំណូមពរ​របស់​ពួកគាត់ ហើយ​សំណូមពរ​អស់​ទាំងនោះ មិន​មានអី​ហួសហេតុ​ទេ ជា​សំណូមពរ​ដែល​មហាជន ក៏ដូចជា​អន្តរជាតិ​មើល​ចាំបាច់​ត្រូវការ​កែលំអ​បាទ»។

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំង​៤​ធ្លាប់​បានដាក់​លិខិត​ទៅ​រដ្ឋសភា ក្រសួងមហាផ្ទៃ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ម្ដង​រួចហើយ កាលពី​ថ្ងៃទី​៣១ ខែ​សីហា កន្លងទៅ ប៉ុន្តែ រដ្ឋសភា បដិសេធ​មិន​ទទួល​លិខិត​នោះ ដោយ​អះអាង​ថា រដ្ឋសភា​មិន​ជជែក​ជាមួយ​គណបក្ស​នយោបាយ​ដែល​គ្មាន​កៅអី​នៅក្នុង​សភា​នោះ​ទេ​។ ចំណែក ក្រសួង​មហាផ្ទៃ និង​គ​.​ជ​.​ប បាន​យល់ព្រម​ទទួល​លិខិត​នោះ ប៉ុន្តែ ស្ថាប័ន​ទាំងពីរ​នេះ មិន​ទាន់​ឆ្លើយតប​មកវិញ​នៅឡើយ​ទេ។

ទាក់ទង​រឿង​នេះ​វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​ឆ្លើយ​តប​ពី​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ទេ​នៅ​ថ្ងៃទី​០៦ ខែកញ្ញា​។ នៅ​ថ្ងៃ​ដដែល​នេះ​ដែរ អ្នកនាំពាក្យ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា ពេលនេះ​គ​.​ជ​.​ប មិនទាន់​បាន​ឆ្លើយតប​ទៅ​គណបក្ស​ទាំង​៤​នៅឡើយ​ទេ ព្រោះ​កំពុង​ស្ថិត​ក្នុង​នីតិវិធី​នៃ​ពិនិត្យ​របស់​គ.ជ.ប។

ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ នេះ គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី នៃ​ការអនុវត្ត​របស់​មន្ត្រី គ​.​ជ​.​ប ដូចជា ការ​បិទទ្វារ រាប់​សន្លឹកឆ្នោត និង​ការ​បិទ​ការិយាល័យ​មុន​ដំណើរការ​រាប់​សន្លឹកឆ្នោត​ជាដើម​។ ក្រៅ​ពីនេះ ក៏​មាន​អាជ្ញាធរ​នៅក្នុង​បរិវេណ នៃ​ការិយាល័យ​បោះឆ្នោត មេភូមិ ឬ​មេឃុំ អង្គុយ​ចាំ​កត់​ឈ្មោះ​អ្នក​មក​បោះឆ្នោត ទោះ​យ៉ាងណា​បញ្ហា​ទាំងនេះ មិនត្រូវ​បាន​គ​.​ជ​.​បលើក​យក​មក​ដោះស្រាយ​នោះ​ទេ។

ចំណែក​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក មិនទាន់​ផ្ដល់​ជំនួយ​ណាមួយ​ទាក់ទង ការងារ​បោះឆ្នោត​នៅឡើយ​ទេ ខណៈ​ពួកគេ​មើលឃើញ​ថា ច្បាប់​មួយចំនួន​ទាក់ទង​ការបោះឆ្នោត​មានការ​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ ចំណែក​ស្ថាប័ន គ​.​ជ​.​ប ក៏​មិនទាន់​អាច​ជឿ​ទុកចិត្ត​បាន​នៅ​ឡើយ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។