អ្នកឃ្លាំមើលលើកឡើងថា អ្នកការទូតមិនសូវចាប់អារម្មណ៍ការងាររបស់រដ្ឋសភា ដែលជាស្ថាប័នតំណាងប្រជាពលរដ្ឋផ្ទាល់ តែបែរជាទៅមានជំនួបជាមួយប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ដោយសារតែ អ្នកការទូតបរទេសយល់ថា លោក ហ៊ុន សែន ជាអ្នកក្ដោបក្តាប់អំណាចស្ថាប័នកំពូលៗទាំងអស់នៅកម្ពុជា។
ក្នុងមួយរយៈពេលចុងក្រោយនេះ លោក ហ៊ុន សែន ហាក់មមាញឹកខ្លាំងក្នុងការទទួលជួបជាមួយភ្ញៀវ និងអ្នកការទូតបរទេស បើទោះបីជាលោកគ្រាន់តែជាប្រធានព្រឹទ្ធសភា ដែលតំណែងនេះ កើតចេញពីការបោះឆ្នោតតាមបែបអសកលក្តី។
ការវិវត្តនេះ កើតឡើងផុសផុលក្រោយពីមានការរុះរើរចនាសម្ព័ន្ធដឹកនាំស្ថាប័នជាតិសំខាន់ៗ ដូចជា រដ្ឋសភា រដ្ឋាភិបាល និងជាពិសេសបន្ទាប់ពីការផ្លាស់ប្ដូរតំណែង ប្រធានព្រឹទ្ធសភាទៅលោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាឪពុករបស់នាយករដ្ឋមន្ត្រី។
អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសង្គម លោក ស៊ឹង សែនករុណា លើកឡើងថា នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា ដែលទើបឡើងកាន់តំណែងថ្មីៗនេះ គឺជាមនុស្សអត់មានឥទ្ធិពលដូចប្រធានព្រឹទ្ធសភា ដែលជាអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ឡើយ ហើយប្រធានព្រឹទ្ធសភា ក៏ជាមនុស្សមានឥទ្ធិពល ដោយសារ លោកគឺជាប្រធានគណបក្សប្រជាជនកម្ពុជាថែមទៀត។
លោក ស៊ឹង សែនករុណា លើកឡើងថា អ្នកការទូតបរទេសអាចយល់ថា ការជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអ្នកស្រី ឃួន សុដារី ឬក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្មានប្រយោជន៍ ឬគ្មានឥទ្ធិពលក្នុងការសម្រេចកិច្ចការផ្សេងៗ ដូចជួបពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន នោះទេ។
លោក ស៊ឹង សែនករុណា៖ «ការដឹកនាំប្រទេសយើង វាមិនមែនអាស្រ័យទៅលើស្ថាប័នដែលជាតំណាងរបស់ប្រជាពលរដ្ឋអីទេ គឺជាការដឹកនាំមួយដែលមានទម្រង់ប្រហាក់ប្រហែលទៅហ្នឹង ការដឹកនាំតាមប្រទេសបែបផ្ដាច់ការ ឬកុម្មុយនីស្ត។ អ៊ីចឹងវាមិនបានផ្ដល់នូវអំណាច ឬឯករាជ្យភាពទៅឱ្យប្រធានរដ្ឋសភា ឬក៏នាយកមន្ត្រី ឬក៏ខាងតុលាការអីទេ។ អ៊ីចឹងយើងយល់ថា ការជួបទាំងឡាយបណ្ដាហ្នឹង គឺប្រទេសនានាក៏គេយល់អ៊ីចឹងដែរ»។
ប៉ុន្តែអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៩ ខែមិថុនាថា លោកមិនបានដឹងពីមូលហេតុ ដែលអ្នកការទូតនានា មិនសូវចាប់អារម្មណ៍ជួបប្រធានរដ្ឋសភាអ្នកស្រី ឃួន សុដារី តែបែរជាទៅជួបលោក ហ៊ុន សែន ទៅវិញនោះឡើយ។
លោក ឡេង ប៉េងឡុង៖ «បាទ!អាហ្នឹងទាល់តែសួរម្ចាស់ យើងមិនដឹងហេតុអីគេមិនមកជួបខ្ញុំម៉េចដឹង។ ខ្ញុំមិនអាចមិនមានយោបល់ចំពោះរឿងនេះទេបាទ»។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៨ ខែមិថុនា ថា តាមគោលការណ៍រដ្ឋធម្មនុញ្ញអ្នកស្រី ឃួន សុដារី មានអំណាច ពិតប្រាកដមួយ ក្នុងនាមជាប្រធានអង្គការនីតិបញ្ញត្តិ ប៉ុន្តែរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ត្រូវក្រុមគ្រួសារលោក ហ៊ុន សែន និងបក្ខពួកបំពានទៅហើយ ហើយត្រួតត្រាគ្រប់ ស្ថាប័នជាតិ រួមទាំងស្ថាប័នព្រះមហាក្សត្រផង។
លោក ម៉ែន ណាត ថា អ្នកការទូតសំខាន់ៗ ដឹងច្បាស់ថា លោក ហ៊ុន សែន គឺជាតំណាងអំណាចពិតប្រាកដតែមួយគត់នៅកម្ពុជា ទើបពួកគេជួបលោក ហ៊ុន សែន និងតែងតែស្នើឱ្យស្ដារប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ព្រមទាំងជំរុញឱ្យ ដោះលែងអ្នកទោសមនសិការ។
លោក ម៉ែន ណាត៖ «ស្ថាប័ននីតិបញ្ញត្តិ ទាំងនីតិប្រតិបត្តិ ទាំងតុលាការ ទាំងស្ថាប័ន ព្រះមហាក្សត្រគឺលោក ហ៊ុន សែន ត្រួតត្រាទាំងអស់។ អ៊ីចឹងហើយ បានជាគេចូលចិត្តទៅជួបសំណេះសំណាលជាមួយលោក ហ៊ុន សែន ហើយបន្តបន្ទាប់មកទៀត គឺជួបលោក ហ៊ុន ម៉ាណែត។ ដោយឡែកអ្នកស្រី ឃួន សុដារី ដែលជាប្រធានរដ្ឋសភា គេមើលឃើញថា គាត់មិនមែនជាអ្នកតំណាងឱ្យអំណាចនីតិប្បញ្ញតិពិតប្រាកដ អ៊ីចឹងគេជួបធ្វើអី»។
ចំណែកឯអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ លើកឡើងថា គោលដៅរបស់អ្នកការទូតផ្តោតលើការជួបជាមួយអ្នកដែលមានអំណាចសម្រេចចិត្ត ហើយនៅកម្ពុជាក្រុមអ្នកការទូតអាចមើលដឹងថា អ្នកមានអំណាចពិតប្រាកដ គឺជាប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ជាជាងអ្នកស្រី ឃួន សុដារី និង លោក ហ៊ុន ម៉ាណែត។
លោក សេក សុជាតិ៖ «នយោបាយនៅក្នុងប្រទេសកម្ពុជា គឺផ្ដោតទៅលើគណបក្សជាធំ ដូច្នេះ គេអាចនិយាយបានដោយខ្លីពេលដែលជួបប្រធានគណបក្សកាន់អំណាចអ្វីៗ គឺអាចដោះស្រាយបានទាំងអស់ ដោយពុំបាច់ឆ្លងកាត់ដំណាក់កាលផ្សេងៗទៀត»។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត ក៏មើលឃើញដែរថា នៅកម្ពុជាបច្ចុប្បន្ន លោក ហ៊ុន សែន ជាបុគ្គលគន្លឹះទើបអ្នកការទូតជួបជជែកការងារច្រើន។
យ៉ាងណា លោកពន្យល់ថា ការដឹកនាំដែលពឹងផ្អែកតែលើបុគ្គលម្នាក់ ឬមនុស្សមួយក្រុមដោយមិនអើពើពីដំណើរការប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស នឹងនាំប្រទេសជាតិទៅរកភាពបរាជ័យ។
លោក វ៉ន ចាន់ឡូត៖ «កាលណាតែសង្គមជាតិមួយអាស្រ័យទាំងស្រុងតែលើបុគ្គលម្នាក់ ឬក៏បក្ខពួកមួយក្រុម សង្គមជាតិនោះ នឹងមិនអាចរីកចម្រើនរុងរឿងពលរដ្ឋរស់នៅដោយសេចក្ដីថ្លៃថ្នូរបានទេ។ ទី២ សង្គមជាតិនោះ ក៏មិនអាចស៊ីវិល័យជឿនលឿនដែលជាសង្គមជាតិមនុស្សរស់នៅដោយការគោរពសិទ្ធិមនុស្ស មនុស្សរស់នៅដោយសេចក្ដីថ្លៃថ្នូរបានដែរ»។
តាមរដ្ឋធម្មនុញ្ញតំណាងរាស្ត្រ គឺជាតំណាងប្រជាជាតិខ្មែរទាំងមូល។ រីឯរដ្ឋសភាគឺស្ថាប័នជាតិកំពូលមួយ ដែលមានអំណាចពិនិត្យសកម្មភាពរបស់រដ្ឋាភិបាល រហូតដល់អាចទម្លាក់សមាជិករដ្ឋាភិបាល ឬទម្លាក់រាជរដ្ឋាភិបាលទាំងមូលតែម្ដង។
ប៉ុន្តែស្ថាប័ននេះ រងការគំរាមចំៗពីលោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា។ មុនដើរចេញពីរដ្ឋសភាលោក ហ៊ុន សែន បានថ្លែងបង្ហាញ ឥទ្ធិពលរបស់ខ្លួនថា ទោះបីជាលោកលែងនៅក្នុងរដ្ឋសភាក៏ដោយ ក៏លោកនៅមានសិទ្ធិអំណាចពេញលេញ ក្នុងការដកឬដាក់តំណាងរាស្ត្រ ព្រមទាំងអាចផ្លាស់ប្ដូរ តំណែងតួនាទីរបស់តំណាងរាស្ត្រនៅក្នុងសភាដែរ។អ្នកឃ្លាំមើលលើកឡើងថា មិនមែនតែអ្នកការទូតទេ ដែលមើលឃើញអំពីការក្ដោបអំណាចពេញដៃរបស់លោក ហ៊ុន សែន សូម្បីតែប្រជាពលរដ្ឋខ្មែរទូទៅក៏មើលយ៉ាងដូច្នេះដែរ។
ជាក់ស្ដែងពេលពលរដ្ឋមានបញ្ហា ពួកគាត់នាំគ្នាលើកបដារូបថតលោក ហ៊ុន សែន និងប្រពន្ធឱ្យជួយដោះស្រាយ រីឯថ្នាក់ដឹកនាំរដ្ឋសភា និងតំណាងរាស្ត្រវិញ ដែល មានតួនាទីជាតំណាងប្រជាពលរដ្ឋ និងត្រូវការពារពលរដ្ឋនោះ មិនហ៊ានចេញមុខ អន្តរាគមន៍ទៅរដ្ឋាភិបាល ឱ្យជួយរកយុត្តិធម៌ឡើយ។
ចំពោះរដ្ឋាភិបាលវិញ លោក ហ៊ុន សែន ចេញប្រកាសសម្រេចកាត់មុខនាយករដ្ឋមន្ត្រីស្ទើរតែគ្រប់រឿងធំៗរបស់ជាតិ ដូចជា ការជំរុញឱ្យកំណត់ពេលវេលា សាងសង់ព្រែកជីកហ្វូណនឱ្យបានលឿន ការសម្រេចមិនឱ្យកម្ពុជាចូលរួមវេទិកាសន្តិភាពសម្រាប់អ៊ុយក្រែននៅប្រទេសស្វីស និងអះអាងពីទំនាក់ទំនងកម្ពុជា-ចិនជាដើម ដែលទាំងនេះ សុទ្ធតែជាតួនាទីការងាររបស់នាយករដ្ឋមន្ត្រី និងរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។