នាយ​ឧត្ដមសេនីយ៍ នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ ​ទៅ​​ប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ FBI នៅ​សហរដ្ឋ​អាមេរិក

0:00 / 0:00

អគ្គ​ស្នងការ​នគរបាល​ជាតិ នាយ​ឧត្ដមសេនីយ៍ នេត សាវឿន បាន​ចាក​ចេញ​ពី​កម្ពុជា​ទៅ​កាន់​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី៤ មេសា ដើម្បី​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​សហរដ្ឋ​អាមេរិក ឬ FBI ដោយ​មាន​គម្រោង​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ស្តីពី​កិច្ច​សហប្រតិបត្តិការ​អនុវត្តន៍​ច្បាប់​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក។

កាសែត​ក្នុង​ស្រុក​ផ្សាយ​ឱ្យ​ដឹង​ថា លោក នេត សាវឿន ត្រូវ​បាន​ទីភ្នាក់ងារ FBI អាមេរិក​អញ្ជើញ​ឱ្យ​មក​ធ្វើ​ទស្សនកិច្ច​នៅ​លើ​ទឹក​ដី​អាមេរិក ពី​ថ្ងៃ​ទី៥ ដល់​ថ្ងៃ​ទី១០ ខែ​មេសា ក្នុង​គោល​បំណង ដើម្បី​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ប្រយុទ្ធ​ប្រឆាំង​បទ​ឧក្រិដ្ឋ​ផ្សេងៗ។

ផ្អែកលើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ សហរដ្ឋ​អាមេរិក មាន​គម្រោង​ផ្ដល់​សម្ភារៈ​មួយ​ចំនួន ដែល​បម្រើ​ដល់​កិច្ច​សហប្រតិបត្តិការ និង​ការ​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​នគរបាល​កម្ពុជា។

អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក លោក Arend Zwartjes មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​មេ​ប៉ូលិស​រូប​នេះ​លើ​ទឹក​ដី​អាមេរិក ដោយ​ស្នើ​ឱ្យ​អាស៊ី​សេរី​សួរ​ទៅ​ទីភ្នាក់ងារ​អាមេរិក FBI ជំនួស​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។