អាជ្ញាធរខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងបង្ហាញកងកម្លាំងប្រដាប់អាវុធរាប់រយនាក់ ដែលមានអាវុធគ្រប់ដៃធ្វើដំណើរតាមដងផ្លូវក្នុងទីរួមខេត្តទាំងនេះ នៅព្រឹកថ្ងៃទី១ វិច្ឆិកា។ ប្រជាពលរដ្ឋមួយចំនួនរស់នៅខេត្តទាំងនេះព្រួយបារម្ភ ខ្លាចការបញ្ចេញកងកម្លាំងដ៏ច្រើននេះ មិនបានយកទៅការពារជាតិ ហើយយកទៅបង្ក្រាបខ្មែរគ្នាឯង ស្របពេលដែលគម្រោងថ្ងៃធ្វើមាតុភូមិនិវត្តន៍របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី កាន់តែខិតចូលមកដល់នោះ។
ប្រជាពលរដ្ឋនៅបាត់ដំបង និងខេត្តបន្ទាយមានជ័យលើកឡើងស្រដៀងគ្នាថា ៤០ឆ្នាំក្រោយពីរបបអាវខ្មៅដួលរលំ ពួកគាត់មិនធ្លាប់ឃើញអាជ្ញាធរបញ្ចេញកងកម្លាំងប្រដាប់អាវុធសន្ធឹកសន្ធាប់តាមដងផ្លូវបែបនេះឡើយ។
ប្រជាពលរដ្ឋម្នាក់រស់នៅខេត្តបន្ទាយមានជ័យសុំមិនឱ្យបញ្ចេញឈ្មោះ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន ថ្លែងនៅថ្ងៃទី១ វិច្ឆិកាថា អ្នកខេត្តបន្ទាយមានជ័យភាគច្រើនភ្ញាក់ផ្អើល នៅពេលដែលឃើញប៉ូលិស និងទាហានប្រហែល ៥០០នាក់ ដែលមានកាន់អាវុធជាប់ដៃ ធ្វើដំណើរថ្មើរជើង និងរថយន្តជាច្រើនគ្រឿងតាមដងផ្លូវនៅក្នុងក្រុងសិរីសោភ័ណនោះ។ លោកបញ្ជាក់ថា សមត្ថកិច្ចទាំងនោះមានកាន់កាំភ្លើង បេ៤០ (B40) អាកា៤៧ (AK47) និងកាំភ្លើងបាញ់យន្តហោះជាដើម នាំគ្នាដើរក្បួនជាក្រុមបន្តបន្ទាប់គ្នា។ អ្នកខ្លះស្ពាយគ្រាប់កាំភ្លើងរយីងរយោងពេញខ្លួនក៏មានដែរ៖ « និយាយឱ្យមានអាវុធសឹងតែគ្រប់ប្រភេទដែរ ហើយអ្នកខ្លះគាត់ចេញមកគាត់ភ័យតែម្ដង ដោយសារគាត់អត់ដែលបានជួប ប៉ុន្តែសម្រាប់ខ្ញុំធ្លាប់ជួបហើយខ្ញុំមិនភ័យទេ។ ខ្ញុំមានការបារម្ភសកម្មភាពនេះប្រសិនបើកើតមានរហូតដល់ថ្ងៃលោក សម រង្ស៊ី វិលចូលស្រុក គឺវាជារឿងមួយកាន់តែព្រួយបារម្ភសុវត្ថិភាពប្រជាពលរដ្ឋ ព្រោះខ្លាចមានការបង្ហូរឈាមបង្ក របួសស្នាមដល់ខ្មែរគ្នាឯង » ។
លោកបន្តថា ប្រជាពលរដ្ឋខ្លះបានចេញទៅឈរមើលក្បួនហែរបស់កងកម្លាំងទាំងនេះនៅមុខផ្ទះដែរ ប៉ុន្តែភាគច្រើនមិនពេញចិត្តនឹងការបង្ហាញសាច់ដុំកងកម្លាំងបែបនេះទេ ព្រោះពួកគាត់យល់ថា ជាសកម្មភាពនេះ បំភិតបំភ័យដល់ប្រជាពលរដ្ឋច្រើនជាងការនាំគ្នាទៅបម្រើជាតិ។
រីឯប្រជាពលរដ្ឋនៅឯខេត្តបាត់ដំបងឯណោះវិញ ដែលមិនហ៊ានបញ្ចេញឈ្មោះដែរនោះថ្លែងថា មានការបញ្ចេញកងកម្លាំងជាច្រើននាក់តាមដងផ្លូវដែរ។ លោកបន្តថា នៅខេត្តបាត់ដំបង មានអ្នកស្រុកខ្លះទៅហែហម និងជូនបន្លែត្រីសាច់ ទឹកសុទ្ធ និងគ្រឿងហូបចុកមួយចំនួនទៀតតាមដងផ្លូវក៏មាន ប៉ុន្តែក៏មានពលរដ្ឋមួយចំនួនភ័យខ្លាច ហើយនាំគ្នាទៅដកប្រាក់ពីធនាគារ ដើម្បីដាក់ជាប់ខ្លួនទុកប្រើប្រាស់ខ្លាចប្រទេសកើតចលាចលនៅពេលខាងមុខ៖ «ព្រោះធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ មិនជាហែយ៉ាងម៉េច របៀបគំរាមពលរដ្ឋ ហើយខ្ញុំមិនសប្បាយចិត្តសោះ វាដូចប្រទេសមានភ័យអាសន្នរដ្ឋាភិបាលមិនគួរធ្វើអីចឹងទេ ព្រោះធម្មតាកងទ័ពត្រូវការពារពលរដ្ឋ ដល់ពេលគាត់ធ្វើបែបនេះហាក់ដូចជាបង្អើលពលរដ្ឋធ្វើឱ្យភ័យខ្លាចមិនដឹងជាហ្វឹកហាត់យកទៅបាញ់អីខ្ញុំឆ្ងល់ដែរ បើកាំភ្លើងសព្វបែបយ៉ាងបែបនេះងាប់ហើយ » ។
អាស៊ីសេរីមិនទាចទាក់ទងអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ និងអភិបាលខេត្តបន្ទាយមានលោក អ៊ុំ រាត្រី ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១ វិច្ឆិកា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
គេហទំព័រហ្វេសប៊ុកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យឱ្យដឹងថា កងកម្លាំងដែលហែក្បួននោះ រួមមាន កងរាជអាវុធហត្ថខេត្ត ទាហាន និងនគរបាល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ វិច្ឆិកាហ្វឹកហាត់រួមគ្នា ដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅក្នុងខេត្ត។ ការហ្វឹកហាត់នេះ មានការចល័តកម្លាំងចេញពីទីបញ្ជាការដ្ឋានទិសទី១ និងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឆ្ពោះទៅស្នងការដ្ឋាននគរបាលខេត្តផងដែរ។
អាវុធហត្ថខេត្តបញ្ជាក់ទៀតថា ការហ្វឹកហាត់នេះ ដើម្បីបង្កើនសមត្ថភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ របស់រដ្ឋាភិបាលសព្វថ្ងៃ។
រីឯគេហទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងឱ្យដឹងនៅថ្ងៃទី១ វិច្ឆិកាថា កម្លាំងនគរបាល កងរាជអាវុធហត្ថ និងទាហានទាំងនោះ បែងចែកជា ៤ក្រុម ដើម្បីត្រៀមចុះល្បាត និងអន្តរាគមន៍ក្នុងខេត្តបាត់ដំបង ដែលមានជាង ៤០០នាក់។ ក្នុងនោះកម្លាំងប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្ត ទាហានភូមិភាគ៥ ទាហានសឹករងខេត្ត និងកងរាជអាវុធហត្ថខេត្តបាត់ដំបង។
អ្នកវិភាគនយោបាយដែលកំពុងភៀសខ្លួននៅក្រៅប្រទេស លោក កឹម សុខ ថា ការហ្វឹកហាត់កម្លាំងនេះ គឺជាយុទ្ធសាស្ត្រគំរាមកំហែងរបស់អាជ្ញាធរ ដើម្បីបង្កើលដល់ប្រជាពលរដ្ឋធ្វើឱ្យភ័យខ្លាចដើម្បីកាត់បន្ថែមចំនួនមនុស្សទៅចូលរួមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកនៅថ្ងៃទី៩ វិច្ឆិកា។លោកបន្តថា អាជ្ញាធរធ្វើបែបនេះ ដោយសាររបបក្រុងភ្នំពេញដឹងពីកម្លាំងប្រជាពលរដ្ឋដែលត្រៀមទៅទទួលថ្នាក់ដឹកនាំគណបក្សប្រឆាំង ដែលមានចំនួនច្រើន៖ «ការធ្វើបែបនេះក្នុងបំណងព្យាយាមផ្ដល់សេចក្ដីសង្ឃឹមដល់ខ្លួនថា ហ្នឹងបង្ក្រាបទឹកចិត្តរបស់ពលរដ្ឋបាន។តែបើតាមខ្ញុំមើលទៅវិញទឹកដែលពលរដ្ឋមានហើយចង់បានការផ្លាស់ប្ដូរនោះបើទោះបីរបបក្រុងភ្នំពេញចល័តទ័ពឱ្យឃើញបំពាក់អាវុធបែបនេះក៏ដោយបើលោក សម រង្ស៊ី ចូលស្រុកមែនគឺការធ្វើបែបនេះក៏មិនបានជោគជ័យធំទេ » ។
ក្រៅពីការបញ្ចេញកងកម្លាំងប្រដាប់អាវុធនៅទីរួមខេត្តនេះហើយ នៅតាមច្រកព្រំដែនកម្ពុជា-ថៃក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងខេត្តឧត្ដរមានជ័យ ក៏មានកងកម្លាំងចន្លោះពី ១០ទៅជិត១០០នាក់ ពង្រាយនៅគ្រប់ច្រកព្រំដែនដែរ ជាពិសេស នៅច្រកទ្វារព្រំដែនច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ច្រកដូងក្នុងខេត្តបាត់ដំបង និងច្រកអូស្មាច់ខេត្តឧត្ដរមានជ័យជាដើម សុទ្ធតែមានប៉ូលិស ទាហាន និងមន្ត្រីកងរាជអាវុធហត្ថប្រដាប់ដោយកាំភ្លើងគ្រប់ដៃ ឈរច្រូងច្រាងនៅមាត់ច្រកព្រំដែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។