ប្រជាពលរដ្ឋនិងអ្នកសិក្សាមួយចំនួន យល់ថា របបក្រុងភ្នំពេញមិនគួរបញ្ចេញប្រតិកម្មតាមអំពើចិត្តចំពោះមេដឹកនាំប្រទេសសិង្ហបុរី ដែលនិយាយការពិតអំពីរឿងប្រវត្តិសាស្រវៀតណាមឈ្លានពានកម្ពុជានោះទេ។ ពួកគេព្រួយបារម្ភថា ប្រតិកម្មបែបនេះ នឹងធ្វើឱ្យភាគីទាំងពីរមានទំនាក់ទំនងមិនល្អជាមួយគ្នា។
ប្រជាពលរដ្ឋ និងអ្នកសិក្សា ឬបញ្ញវន្តខ្មែរមួយចំនួនចាត់ទុកការបញ្ចេញប្រតិកម្មជាបន្តបន្ទាប់របស់របបក្រុងភ្នំពេញចំពោះនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong ) ដែលហ៊ានថ្លែងសារការពិតថាវៀតណាមបានឈ្លានពានទឹកដីកម្ពុជានោះ គឺជាប្រតិកម្មខ្វះការយល់ដឹងផ្នែកការទូតនិងបង្ហាញថា របបនេះនៅតែរណបវៀតណាមដដែល។
ពលរដ្ឋខ្មែរកម្ពុជាក្រោមនិងជាដើមបណ្ដឹងរដ្ឋប្បវេណីនៃសាលាក្តីខ្មែរក្រហមលោក ចៅ នី ថ្លែងថា អ្វីដែលមេដឹកនាំប្រទេសសិង្ហបុរីថ្លែងថា វៀតណាមបានចាប់ផ្ដើមឈ្លានពានកម្ពុជានៅចុងឆ្នាំ១៩៧៨នោះ គឺជារឿងប្រវត្តិសាស្ត្រពិតជាក់ស្ដែងមិនអាចប្រកែកបានឡើយ៖ «នាយករដ្ឋមន្ត្រីសិង្ហបុរីហ៊ាននិយាយហើយ គឺគាត់ប្រហែលជាគាត់ហ៊ាននិយាយការពិត ដូច្នេះទំនាក់ទំនងភាគីទាំងពីរប្រហែលជាមិនល្អដូចមុនទេ។ អ៊ីចឹងហ្អា ! រដ្ឋាភិបាលបច្ចុប្បន្នបានតំណែងតាំងពី ១៩៧៩ ដល់សព្វថ្ងៃ ដោយសារតែវៀតណាមបានជួយគាត់ម្ល៉ោះហើយគាត់ត្រូវដឹងគុណវៀតណាម ប៉ុន្តែពលរដ្ឋខ្មែរភាគច្រើនដែលថា វៀតណាមជាអ្នកមានគុណទេ»។
មេដឹកនាំកំពូលរបបក្រុងភ្នំពេញគឺលោក ហ៊ុន សែន និងមន្ត្រីរបស់លោករួមមានលោក ទៀ បាញ់ លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់លោកហ៊ុន សែន និងក្រសួងការបរទេសជាដើមសុទ្ធតែបាន សម្ដែងការសោកស្ដាយដែលលោក លី ស៊ានឡុង ថ្លែងសារចាត់ទុកការណ៍ដែលកងទ័ពវៀតណាមលើកទ័ពចូលប្រទេសកម្ពុជានៅចុងឆ្នាំ១៩៧៨នោះ ថាជាការឈ្លានពានរបស់វៀតណាមមកលើប្រទេសកម្ពុជា។ លោក ហ៊ុន សែន ចោទនាយករដ្ឋមន្ត្រីសិង្ហបុរីរូបនេះថា គាំទ្ររបបខ្មែរក្រហម និងចង់ឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកកម្ពុជាវិញទើបថ្លែងសារដូច្នេះ។
មន្ត្រីនាំពាក្យក្រសួងការបរទេសវៀតណាមអ្នកស្រី ឡេ ធី ធូហាំង (Lê Thị Thu Hằng) ក៏ជំទាស់ទៅនឹងសាររបស់លោក លី សៀនឡុង ដែរ ដោយថា ការលើកឡើងនេះមិនបានឆ្លុះបញ្ចាំងការពិតនៃប្រវត្តិសាស្ត្រនាំឱ្យមានការយល់ខុសពីសាធារណមតិ។
បើទោះជារបបក្រុងភ្នំពេញបញ្ចេញប្រតិកម្មខ្លាំងៗ ជាបន្តបន្ទាប់ប្រឆាំងការប្រើពាក្យថា វៀតណាមឈ្លានពានកម្ពុជាក្តី ក៏របបក្រុងភ្នំពេញមិនទាន់កោះហៅមន្ត្រីស្ថានទូតសិង្ហបុរីប្រចាំក្រុងភ្នំពេញទៅតវ៉ានៅឡើយទេ។ ស្ថានទូតសិង្ហបុរីប្រចាំក្រុងភ្នំពេញប្រាប់អាស៊ីសេរីនៅថ្ងៃទី៦ មិថុនាថា ស្ថានទូតមិនទាន់ឃើញមានលិខិតកោះអញ្ជើញជួបដើម្បីសួរនាំរឿងនេះនៅឡើយទេ។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការបរទេសលោក កេត សោផាន់ បានទេ ដោយទូរស័ព្ទរបស់លោកមិនអាចទំនាក់ទំនងបាន។ ប៉ុន្តែ គេហទំព័រថ្មីៗ ចុះផ្សាយថាក្រសួងការបរទេសកម្ពុជា បានទំនាក់ទំនងនិងកំណត់ពេលជួបជាមួយស្ថានទូតសិង្ហបុរីហើយ។ ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលឯកបក្សគឺលោក ផៃ ស៊ីផាន មិនទទួលទូរស័ព្ទ។
អ្នកគ្រប់គ្រងកម្មវិធីពង្រឹងអំណាចយុវជន ដើម្បីសមធម៌សង្គម នៃអង្គការអភិវឌ្ឍន៍ធនធានយុវជន (YRDP) លោក លី ប៊ុនធា មានប្រសាសន៍ថា ការលើកឡើងរបស់មេដឹកនាំកម្ពុជា និងមេដឹកនាំសិង្ហបុរី គឺពិបាកបែងចែករកខុសត្រូវ ព្រោះថា ជ្រុងប្រវត្តិសាស្ត្រមួយផ្នែក គឺត្រូវទទួលស្គាល់ថា វៀតណាមពិតជាបាននាំកងទ័ពចូលមករំដោះពលរដ្ឋខ្មែរពីរបបខ្មែរក្រហម។ ប៉ុន្តែជ្រុងប្រវត្តិសាស្ត្រមួយទៀត គឺពេលវៀតណាមបានចូលមកហើយ វៀតណាមមិនបានដកកងទ័ពទៅវិញនោះទេ គឺវត្តមានកងទ័ពនៅកម្ពុជារហូត ១០ឆ្នាំ ដែលធ្វើឱ្យមានការកត់ត្រាថា វៀតណាមបានចូលឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជា៖ «ពេលដែលវៀតណាមចូលមកវាយខ្មែរក្រហម គឺព្រឹត្តិការណ៍នោះគឺទាញបានថា ជាការរំដោះ ប៉ុន្តែក្រោយមកក៏យើងមានសំណួរសួរថា ហេតុអីចូលមកហើយ មិនត្រឡប់ទៅវិញ ? នេះគឺជាព្រឹត្តិការណ៍មួយទៀត ដែលយើងមើលជ្រុងខុសគ្នា។ ខ្ញុំមិនថា រំដោះបានត្រូវ ឬឈ្លានពានបានត្រូវនោះទេ ប៉ុន្តែព្រឹត្តិការណ៍នេះ គឺកើតឡើងទាំងពីរ»។
លោកបន្តថា រដ្ឋាភិបាលកម្ពុជាមិនគួរបញ្ចេញប្រតិកម្មតាមការនឹកឃើញឬតាមនិន្នាការរបស់ខ្លួននោះទេ គួរតែធ្វើការតវ៉ាដែលមានលក្ខណៈការទូតទើបប្រសើរជាង ដើម្បីរក្សាទំនាក់ទងល្អជាមួយគ្នា៖ «គួរតែក្រសួងស្ថាប័នជាតិជាពិសេសក្រសួងការបរទេសខ្មែរឆ្លើយបំភ្លឺតាមរយៈការទូតឱ្យបានត្រឹមត្រូវដើម្បីថែរក្សាចំណងមិត្តភាពក្នុងនាមជាសមាជិកអាស៊ាន និងត្រូវឆ្លើយបំភ្លឺឱ្យបានត្រឹមត្រូវជាមួយប្រជាពលរដ្ឋដើម្បីយល់ថាស្ថានភាពពេលនោះយ៉ាងម៉េច»។
ប្រតិកម្មរបស់របបក្រុងភ្នំពេញគឺបន្ទាប់ពីកាលពីសប្ដាហ៍មុននាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង (Lee Hsien Loong) បានបង្ហោះសំណេរមួយនៅលើហ្វេសប៊ុក ផ្ញើជូននាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូឆា (Prayut Chan-o-Cha) ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ប្រធានទីប្រឹក្សាព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រីថៃជំនាន់ទសវត្សរ៍ទី៨០ លោក ប្រេម ទីនស៊ូឡាណុន (Prem Tinsulanonda)។ លោក លី សៀនឡុង បានសង្កត់ធ្ងន់អំពីគុណសម្បត្តិដឹកនាំរបស់ឧត្ដមសេនីយ៍ ប្រេម ក្នុងកិច្ចការការពារសន្តិសុខនៅប្រទេសថៃនិងតំបន់អាស៊ានដែលកាលនោះមានប្រទេស ៥ជាសមាជិក គឺសិង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីន។ លោកបញ្ជាក់ថា លោក ប្រេម រួមជាមួយនឹងមេដឹកនាំអាស៊ានផ្សេងទៀត បានពួតដៃគ្នាប្រឆាំងនឹងការឈ្លានពានរបស់វៀតណាមលើកម្ពុជា និងរដ្ឋាភិបាលថ្មី ដែលកើតចេញពីអន្តរាគមន៍យោធារបស់វៀតណាម។ លោកបញ្ជាក់ទៀតថា លោក ប្រេម និងថ្នាក់ដឹកនាំអាស៊ានដទៃទៀតបានជំទាស់នៅលើឆាកអន្តរជាតិចំពោះការដាក់នឹមត្រួតត្រាលើកម្ពុជា ពីសំណាក់ប្រទេសវៀតណាម ដែលជាហេតុធ្វើឱ្យការឈ្លានពានតាមរយៈកម្លាំងយោធា និងរបបថ្មីនៅពេលនោះ មិនត្រូវបានគេទទួលស្គាល់តាមផ្លូវច្បាប់ឡើយ ហើយនេះគឺការជួយការពារសន្តិសុខសម្រាប់ប្រទេសអាស៊ានដទៃទៀត។
តំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ដែលធ្លាប់ត្រូវបានរបបលោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារជាង ២ឆ្នាំរឿងរិះគន់រឿងបញ្ហាព្រំដែនកម្ពុជា-វៀតណាមនោះលើក ឡើងថា ថ្ងៃទី៧ ខែមករា ១៩៧៩ ដែលជាថ្ងៃកងទ័ពដណ្តើមបានទីក្រុងភ្នំពេញនោះគឺជាថ្ងៃវៀតណាមចូលឈ្លានពានកម្ពុជា ដែលវៀតណាមចាំតែឱកាសនេះជាយូរមកហើយ ដើម្បីឈ្លានពានកម្ពុជា និងយកកម្ពុជាដូចយកកម្ពុជាក្រោមតាមនយោបាយឆ្ពោះមកទិសខាងលិចរបស់ហូជីមិញ។ លោកបន្តថា ដោយសារតែចលនាតស៊ូខ្មែរ ដែលដឹកនាំដោយព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅតាមជាយដែនខ្មែរ-ថៃ និងគំនាបអន្តរជាតិ ព្រមទាំងការដួលរលំរបស់សហភាពសូវៀត ទើបធ្វើឱ្យវៀតណាមព្រមដកទ័ពចេញពីកម្ពុជា បើពុំនោះទេ វៀតណាមមិនព្រមចេញពីកម្ពុជាឡើយ។ លោកបញ្ជាក់ថា មានភស្តុតាងជាច្រើនដែលបញ្ជាក់ថា វៀតណាមឈ្លានពានកម្ពុជា៖ «ទី១ យួនបានចូលមករំលំរបបខ្មែរក្រហម ហើយមិនបានដកទ័ពទៅវិញនោះទេ។ ទី២ យួនបានដាក់ជំនាញការគ្រប់ស្ថាប័ន និងគ្រប់ថ្នាក់ដើម្បីត្រួតត្រាខ្មែរ។ ទី៣ យួនបានបង្ខំឱ្យខ្មែរ ( លោក ហ៊ុន សែន កាលនោះជារដ្ឋមន្ត្រីការបរទេស ) ស៊ីញេកាត់ដីខ្មែរឱ្យយួនតាមសន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ១៩៨២, ១៩៨៣ និងឆ្នាំ១៩៨៥។ ទី៤ យួនបានបង្ខំឱ្យខ្មែរ ( រដ្ឋាភិបាលដែលលើកបន្តុបដោយយួន ) ស៊ីញេឱ្យខ្មែរ ៥គ្រួសារត្រូវមានយួន ៣គ្រួសារ និងទី៥ យួនបង្ខំឱ្យអនុវត្តផែនការ ក៥ ដើម្បីសម្លាប់ខ្មែរ»។
លោក អ៊ុំ សំអាន បន្តថា ការលើកឡើងរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី គឺជារឿងត្រឹមត្រូវ ដែលខុសពីរបបក្រុងភ្នំពេញ បែរជាប្រតិកម្មជំនួសវៀតណាមទៅវិញ។ លោកបញ្ជាក់ថា សូម្បីតែព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ ក៏ធ្លាប់មានព្រះបន្ទូលថា វៀតណាមឈ្លានពានកម្ពុជានាទសវត្សទី៨០ ដែរ។ ប្រវត្តិសាស្ត្រ សកលលោកក៏សុទ្ធតែលើកឡើងថា វៀតណាមឈ្លានពានកម្ពុជា។ ការណ៍ដែលលោក ហ៊ុន សែន ខំការពារវៀតណាមដូច្នេះ ព្រោះរបបសព្វថ្ងៃនេះនៅតែរណបវៀតណាម និងចាត់ទុកវៀតណាមជាបងធំដដែល។
ក្រោយមានការប្រតិកម្មពីរបបក្រុងភ្នំពេញ និងក្រសួងការបរទេសវៀតណាមនោះ ប្រធានរដ្ឋសភា ប្រទេសសិង្ហបុរី លោក តាន់ ឈន់ជីន (Tan Chuan-Jin) បង្ហោះសំណេរនៅលើហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៧ ខែមិថុនា ឆ្លើយតបទៅវៀតណាមថា វៀតណាមប្រហែលជាមិនពេញចិត្តចំពោះសម្ដីរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីទេ ហើយវៀតណាមអាចកំណត់និយមន័យពីអតីតកាលបែបណាដែលខ្លួនគិតថា សមស្រប។ សំណេរដដែលបន្តថា ទោះយ៉ាងណាក្តីវានៅតែមិនអាចផ្លាស់ប្ដូរអតីតកាលដែលមនុស្សភាគច្រើនបានយល់ឃើញឡើយ ហើយករណីនេះ ក៏មិនអាចបំបែកមិត្តភាពប្រទេសទាំងពីរដែរ។ ប្រធានរដ្ឋសភាសិង្ហបុរីរូបនេះក៏បានថ្លែងក្នុងន័យបង្ហាញពីជំហរនៅតែគាំទ្រការលើកឡើងរបស់នាយករដ្ឋមន្ត្រីខ្លួនដដែលថា ស្ថានភាពកាលនោះបានបង្កជាក្ដីព្រួយបារម្ភដល់ភ្នាក់ងារសន្តិសុខរបស់សិង្ហបុរី ហើយបណ្ដាប្រទេសពាក់ព័ន្ធសុទ្ធតែបានដឹងច្បាស់ថា ការគំរាមកំហែងនៃលទ្ធិកុម្មុយនិស្ត និងការរីកសាយភាយនៃលទ្ធិនេះឆ្ពោះទៅទិសខាងត្បូងជាកង្វល់ធ្ងន់ធ្ងរបំផុត។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍនៅកម្ពុជាលោក យង់ គិមអេង មានប្រសាសន៍ថា កម្ពុជាមិនគួរបញ្ចេញប្រតិកម្មបែបនេះនោះទេ ព្រោះអន្តរជាតិសុទ្ធតែកំណត់និយមន័យ និងកត់ត្រាថា ការចូលអន្តរាគមន៍របស់វៀតណាមពេលនោះ គឺជាការឈ្លានពានទឹកដីខ្មែរ។ ម្យ៉ាងវិញទៀត ពេលនោះក៏មានអ្នកតស៊ូខ្មែរបីភាគីទៀតដែលប្រកាស ពីការចូលឈ្លានពានរបស់វៀតណាមលើកម្ពុជា និងសុំឱ្យអន្តរជាតិជួយផងដែរ៖ «រដ្ឋាភិបាលមិនគួរប្រតិកម្មទេ ព្រោះគាត់និយាយរឿងអតីតកាលមិនមែននិយាយរឿងបច្ចុប្បន្នកាល។ អ៊ីចឹងពេលនោះពួកអន្តរជាតិភាគច្រើនគេបានគិត និងនៅក្នុងទ្រឹស្ដីរបស់គេថា វាជាការឈ្លានពានហើយ។ ប្រសិនបើមានប្រតិកម្មចុះឡើងៗ វាធ្វើឱ្យមានការជជែកកាន់តែវែងឆ្ងាយ ហើយមិនសូវមានចំណេញដល់ជាតិផងទេ។ ផ្ទុយទៅវិញវានឹងធ្វើឱ្យមានការរង្កៀសចិត្តគ្នាខ្លះ នៅក្នុងទំនាក់ទំនងក្នុងអាស៊ានជាពិសេសសិង្ហបុរី»។
លោកបន្តថា មូលហេតុដែលរដ្ឋាភិបាលការពារថា វៀតណាមមកជួយសង្គ្រោះមិនមែនមកឈ្លានពាននេះ ដោយសារតែកាលនោះ ពលរដ្ឋខ្មែរមួយក្រុម រួមមានលោក ហ៊ុន សែន បានរត់ទៅពឹងឱ្យវៀតណាមជួយផ្តួលរំលំរបបខ្មែរក្រហម។
ក្រុមអ្នកសិក្សា និងយល់ដឹងពីប្រវត្តិសាស្ត្រសុទ្ធតែអះអាងថា ប្រទេសសមាជិកស្ថាបនិកអាស៊ានបានរួមចំណែកយ៉ាងច្រើនក្នុងការជួយកម្ពុជាចេញពីការឈ្លានពាន និងគ្រប់គ្រងរបស់វៀតណាមចាប់តាំងពីចុងទសវត្សទី៧០ រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ ក៏ប៉ុន្តែគុណសម្បត្តិនេះហាក់មិនសូវមានការអារម្មណ៍និងដឹងលឺឱ្យបានទូលំទូលាយនោះឡើយដោយសារតែកង្វះការស្រាវជ្រាវ និងការផ្សព្វផ្សាយ។ ជាពិសេស គឺរបបលោក ហ៊ុន សែន មិនបានឱ្យតម្លៃដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានឡើយ ប៉ុន្តែឱ្យតម្លៃខ្លាំងទៅលើប្រទេសវៀតណាម ដែលបានចូលឈ្លានពានកម្ពុជា និងលើកបន្តុបខ្លួនឱ្យកាន់អំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។