អ្នកជំនាញលើកឡើងថា ដល់ពេលវេលាហើយដែលសមាជិកសភាអាមេរិក លើកយកបញ្ហាធ្លាក់ចុះប្រជាធិបតេយ្យនៅកម្ពុជាមកនិយាយ មុននឹងសម្រេចបន្តផ្ដល់សុពលភាពឱ្យប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ដល់កម្ពុជា។ មន្ត្រីនាំពាក្យគណបក្សកាន់អំណាចគូសបញ្ជាក់ថា គណបក្សនេះ មិនចង់បាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សហរដ្ឋអាមេរិកនេះឡើយ។
គិតរហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកនៅពុំទាន់បន្តផ្ដល់សុពលភាពឱ្យប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ដល់កម្ពុជានៅឡើយទេ ក្រោយប្រព័ន្ធនេះបានផុតសុពលភាពកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។ ប្រព័ន្ធអនុគ្រោះពន្ធនេះ អាចឱ្យកម្ពុជា ដែលជាប្រទេសក្រីក្រ អាចនាំចេញទំនិញមួយចំនួនទៅកាន់សហរដ្ឋអាមេរិក ដោយពុំចាំបាច់បង់ពន្ធ។
អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត អៀ សុផល យល់ថា ដល់ពេលវេលាហើយដែលសមាជិកតំណាងរាស្ត្រនៃរដ្ឋសភា និងព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក លើកយកបញ្ហាធ្លាក់ចុះប្រជាធិបតេយ្យនៅកម្ពុជានេះ មកនិយាយជាមួយនឹងសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិក និងក្រសួងការបរទេសអាមេរិក មុននឹងសម្រេចបន្តផ្ដល់សុពលភាពឱ្យប្រព័ន្ធអនុគ្រោះពន្ធទូទៅនេះដល់កម្ពុជាតទៅទៀត។ សាស្ត្រាចារ្យកិច្ចការពិភពលោក និងការទូតរូបនេះ ថា កម្ពុជាបានអួតអាងពីកំណើននៃទំហំពាណិជ្ជកម្មដ៏សម្បើមជាមួយសហរដ្ឋអាមេរិក ដោយសារតែទទួលបាននូវប្រព័ន្ធអនុគ្រោះពន្ធនេះ។ ក៏ប៉ុន្តែ លោកព្រមានថា អ្វីៗអស់ទាំងនេះ អាចនឹងត្រូវបាត់បង់នាពេលអនាគត ប្រសិនបើកម្ពុជានៅតែពន្យាតពេលមិនព្រមងាកមកស្តារប្រជាធិបតេយ្យឡើងវិញទេនោះ។
ជុំវិញការព្រមានពីការអាចបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សហរដ្ឋអាមេរិកនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន គូសបញ្ជាក់ថា គណបក្សកាន់អំណាចមិនចង់បាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះទេ។ លោកសង្ឃឹមថា សហរដ្ឋអាមេរិក នឹងបន្តផ្ដល់សុពលភាពឱ្យប្រព័ន្ធនេះដល់កម្ពុជាតទៅទៀត៖ «រឿងដែលបាត់ GSP គឺជាទស្សនៈរបស់គណបក្សប្រជាជនកម្ពុជា គឺមិនចង់បានទេ។ អ៊ីចឹង យើងមានការលើកទឹកចិត្ត យើងមានសុទិដ្ឋិនិយមថា សហរដ្ឋអាមេរិកនឹងពិនិត្យដល់សច្ចធម៌ដល់កម្ពុជាដើម្បីផ្ដល់ឡើងវិញបន្តទៅទៀតឱ្យដល់ GSP ដល់កម្ពុជា»។
រីឯ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក សៀង ថៃ វិញ លោកពន្យល់ប្រាប់អាស៊ីសេរី តាមប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាម (Telegram) ថា កម្ពុជា បានស្នើសុំទៅសហរដ្ឋអាមេរិកឱ្យបន្តផ្ដល់សុពលភាពឱ្យប្រព័ន្ធអនុគ្រោះពន្ធនេះដល់កម្ពុជាតទៅទៀត៖ « កម្ពុជា ក៏ដូចជាប្រទេសមួយចំនួនទៀតដែលទទួលបាននូវភាពអនុគ្រោះនេះ បានស្នើសុំទៅសហរដ្ឋអាមេរិក ឱ្យពិនិត្យពិចារណាដើម្បីផ្ដល់សុពលភាពនេះ ឱ្យមកខ្លួនទៀត។ ក៏ប៉ុន្តែ ដូចយើងបានដឹងហើយថា នៅចុងឆ្នាំ២០២០ សហរដ្ឋអាមេរិក មានការរវល់នៅក្នុងការបោះឆ្នោត ដូច្នេះ សុពលភាពនេះ ក៏ត្រូវបានផុតរលត់ទៅ។ យើងក៏សង្ឃឹមថា នឹងមានការបន្តសុពលភាពនេះ ឱ្យមកប្រទេសក្រីក្រតទៅទៀត ពីព្រោះថា កាលពីចុងឆ្នាំ២០១៧នោះ កម្មវិធីអនុគ្រោះនេះ បានផុតរលត់ម្ដង ប៉ុន្តែខែមេសា ឆ្នាំ២០១៨ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបន្តសុពលភាពហ្នឹងឱ្យពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២០។ ខែមេសាហើយបានប្រកាសបន្តសុពលភាព ពីខែមករា ឆ្នាំ២០១៨ រហូតដល់ ៣១ ធ្នូ ឆ្នាំ២០២០។ អ៊ីចឹង រយៈពេល ពីខែមករា ដល់ខែមេសា អ្នកនាំចេញដែលបាននាំចេញហួសទៅហើយទៅកាន់សហរដ្ឋអាមេរិក ហើយបានបង់ពន្ធហួសទៅហើយនោះ ត្រូវបានសហរដ្ឋអាមេរិក បង្វែរប្រាក់ពន្ធទាំងអស់នោះឱ្យមកអ្នកនាំចូលទាំងអស់វិញ»។
ការមិនទាន់បន្តសុពលភាពឱ្យប្រព័ន្ធអនុគ្រោះពន្ធនេះដល់កម្ពុជាតទៅទៀត ត្រូវអ្នកជំនាញមួយចំនួនមើលឃើញខុសគ្នា។
អ្នកជំនាញកិច្ចការអន្តរជាតិមួយរូបទៀត និងជានាយកនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) នៅកម្ពុជា បណ្ឌិត ឈាង វណ្ណារិទ្ធ មើលឃើញថា ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សហរដ្ឋអាមេរិកនេះ ផ្ដល់តួនាទីសំខាន់ក្នុងការជំរុញការនាំចេញនូវផលិតផលរបស់កម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិក ជាពិសេស ផលិតផលសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរជាដើម។ លោកថា ការផុតសុពលភាពនេះ ប៉ះពាល់ដល់ប្រទេសជាង ១០០ នៅលើពិភពលោក ដែលទទួលបានផលប្រយោជន៍ពីប្រព័ន្ធនេះ ដែលក្នុងនោះក៏រួមទាំងកម្ពុជាផង។ លោកថា យ៉ាងណា សហរដ្ឋអាមេរិក នឹងនៅតែបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធនេះដល់កម្ពុជាជាបន្តទៅទៀត ដោយសារសហរដ្ឋអាមេរិក គិតគូរពីប្រយោជន៍ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីឆ្លើយតបនឹងឥទ្ធិពលរបស់ប្រទេសចិន ស្របពេលដែលឆ្នាំ២០២២ ខាងមុខនេះ កម្ពុជានឹងក្លាយជាប្រធានប្ដូរវេនរបស់អាស៊ាន៖ « ពិតហើយក្រោមរដ្ឋាភិបាលថ្មី របស់លោកប្រធានាធិបតី ចូ បៃឌិន (Joe Biden) ឃើញថា គាត់ឱ្យតម្លៃខ្ពស់ទាក់ទងទៅនឹងលទ្ធិប្រជាធិបតេយ្យ ហើយនឹងសិទ្ធិមនុស្ស។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិក ក៏មានផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងសំខាន់ដែរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ។ ដូច្នេះ ក្នុងការធ្វើការប្រាស្រ័យទាក់ទងនៅក្នុងទំនាក់ទំនងទ្វេភាគីក្តី ពហុភាគីក្តី ប្រហែលជាសហរដ្ឋអាមេរិកមានការប្រុងប្រយ័ត្នខ្លះទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដើម្បីធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ទៅដល់ផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងផលប្រយោជន៍សេដ្ឋកិច្ចរបស់អាមេរិកនៅក្នុងតំបន់។ យើងឃើញថា កម្ពុជានឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដូច្នេះ ទម្ងន់ភូមិសាស្ត្រនយោបាយរបស់កម្ពុជាក៏មានសារសំខាន់ដែរ ចំពោះសហរដ្ឋអាមេរិក។ ដូច្នេះតាមការយល់ឃើញរបស់ខ្ញុំ គឺថា សហរដ្ឋអាមេរិកនៅតែបន្ត និងជំរុញបន្ថែមទាក់ទងនឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជាដើម្បីប្រកួតប្រជែងអំណាចជាមួយចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហ្នុងតែម្ដង»។
រីឯ អ្នកជំនាញវិស័យសិទ្ធិការងារ និងជានាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា វិញ លោកមើលឃើញថា រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក នឹងយកបញ្ហាបន្តសុពលភាពនៃប្រព័ន្ធអនុគ្រោះពន្ធទូទៅនេះ ធ្វើជាបញ្ហាគន្លឹះមួយតម្រូវឱ្យកម្ពុជាស្តាប្រជាធិបតេយ្យឡើងវិញនៅមុនពេលព្រឹត្តិការណ៍បោះឆ្នោតខាងមុខ៖ « បើសិនជាមានការប្រែប្រួលរឿងការបោះឆ្នោត ដែលអាចមានការប្រកួតប្រជែងគ្នាពិតប្រាកដ ហើយអាចមានការចូលរួមពីគ្រប់អ្នកនយោបាយទាំងអស់ ខ្ញុំគិតថា គឺ GSP អាចរក្សាបាន ហើយសម្រាប់ខ្ញុំៗជឿថា រដ្ឋបាលរបស់លោក ចូ បៃឌិន អាចប្រហែលជាសម្លឹងឃើញប្រព័ន្ធអនុគ្រោះពន្ធនេះ ជាគន្លឹះមួយសម្រាប់ចរចា ឬក៏ជជែកជាមួយខាងរដ្ឋាភិបាលកម្ពុជាដែរ»។
លោក មឿន តុលា ព្រមានថា សេដ្ឋកិច្ចកម្ពុជា ពិបាកនឹងរស់បានក្នុងកាលៈទេសៈបច្ចុប្បន្ននេះ នៅពេលដែលបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិកនេះមួយទៀត៖ «អ៊ីចឹង ក្នុងពេលដែលកម្ពុជាកំពុងតែរងគ្រោះ រងវិបត្តិដោយសារករណីកូវីដ - ១៩ផង ហើយនឹងរងនូវការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ % ផង បើសិនជាកម្ពុជាបាត់បង់ GSP មួយទៀត ខ្ញុំមើលទៅសេដ្ឋកិច្ចកម្ពុជាពិបាកណាស់ ពិបាកនឹងលោត។ ហើយបើងាកទៅពឹងរឿងប្រេងកាតវិញ ខ្ញុំអត់មានសង្ឃឹមថា កម្ពុជាអាចយកចំណូលពីប្រេងមកគ្រប់គ្រងមកទប់នូវសេដ្ឋកិច្ចរបស់ខ្លួនបានទេ»។
មន្ត្រីសិទ្ធិការងាររូបនេះ បន្តថា កូនសោរដែលជាដំណោះស្រាយ នៅតែស្ថិតនៅក្នុងដៃរបស់គណបក្សកាន់អំណាចដដែល ប្រសិនបើគណបក្សនេះមិនចង់ឃើញកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់អាមេរិកនេះ៖ «បើសិនជាគណបក្សកាន់អំណាច គណបក្សប្រជាជន លោកពិតជាស្រលាញ់ប្រយោជន៍ជាតិ ស្រលាញ់ប្រយោជន៍ប្រជាពលរដ្ឋ ស្រលាញ់ប្រយោជន៍ពលករដូចដែលមេដឹកនាំគណបក្សកាន់អំណាចតែងតែលើកឡើងកាលពីពេលកន្លងមក អ៊ីចឹង ខ្ញុំគិតថា គួរតែងាកមកដោះស្រាយរឿងបញ្ហាសិទ្ធិមនុស្ស បញ្ហាប្រជាធិបតេយ្យ ជាពិសេសគឺត្រូវតែធ្វើកំណែទម្រង់មួយដើម្បីឱ្យគេអាចជឿជាក់បាននៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ គឺការបោះឆ្នោតឆ្នាំ២០២២ និងការបោះឆ្នោតឆ្នាំ២០២៣»។
កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ពីសហរដ្ឋអាមេរិក ជាលើកដំបូងកាលពីឆ្នាំ១៩៩៧។ សហរដ្ឋអាមេរិកគឺជាប្រទេសគោលដៅនាំចេញធំជាងគេបង្អស់តែមួយគត់របស់កម្ពុជា។ ក្នុងនោះ ការនាំចេញប្រមាណ២០ភាគរយនៃការនាំចេញសរុបរបស់កម្ពុជា គឺទៅកាន់សហរដ្ឋអាមេរិក។ ទំនិញទាំងនោះ មានជាពិសេស ផលិតផលសំលៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងផលិតផលធ្វើដំណើរ។ កាលពីឆ្នាំ២០១៨ កម្ពុជាបាននាំចេញទៅសហរដ្ឋអាមេរិក សរុបក្នុងតម្លៃជិត ៤ពាន់លានដុល្លារ (៣,៨២ ពាន់លានដុល្លារ) ខណៈសហរដ្ឋអាមេរិកនាំចេញមកកម្ពុជាវិញមានតែជិត ៤៥០ លានដុល្លារ (៤៤៧ លានដុល្លារ)។ ក្នុងនោះ ទំនិញដែលមានតម្លៃជាង ១៨០លានដុល្លារ ទៅសហរដ្ឋអាមេរិក មិនត្រូវបានគិតពន្ធក្រោមកម្មវិធីអនុគ្រោះពន្ធទូទៅ GSP នេះឡើយ។ ប្រព័ន្ធអនុគ្រោះពន្ធនេះ ផ្ដល់ឱ្យក្រោមលក្ខខណ្ឌដែលប្រទេសទទួល ត្រូវធានាគោរពសិទ្ធិការងារ និងលប់បំបាត់នូវគ្រប់ទម្រង់នៃពលកម្មកុមារ ព្រមទាំងលក្ខខណ្ឌមួយចំនួនទៀត។ បច្ចុប្បន្ន មានប្រទេសអភិវឌ្ឍន៍តិចតួច ៤៤ ប្រទេស រួមទាំងកម្ពុជាផង ទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិកនេះ ចំពោះមុខទំនិញ ៥ពាន់ (៥.០០០) មុខដោយឥតបង់ពន្ធ។
កម្មវិធីអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិកនេះ បង្កើតឡើងក្នុងគោលដៅជួយអភិវឌ្ឍន៍ និងពង្រឹងការលូតលាស់សេដ្ឋកិច្ចរបស់ប្រទេសក្រីក្រ។
អាស៊ីសេរី បានព្យាយាមទាក់ទងក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីសុំជំហររបស់រដ្ឋបាលថ្មីនៃលោកប្រធានាធិបតី ចូ បៃឌិន (Joe Biden) ជុំវិញបញ្ហាបន្តសុពលភាពនៃប្រព័ន្ធ GSP ដល់កម្ពុជា ឬយ៉ាងណានោះ។ ក៏ប៉ុន្តែ អាស៊ីសេរី នៅពុំទាន់ទទួលបានការឆ្លើយតបនៅឡើយគិតត្រឹមម៉ោងផ្សាយនេះ។ រីឯ តំណាងរាស្ត្រអាមេរិក លោក អាឡាន់ ឡូវែនថល (Alan Lowenthal) ដែលជាសមាជិកនៃក្រុមសភាតំណាងរាស្ត្រអាមេរិកស្ដីពីបញ្ហាកម្ពុជា (Congressional Cambodia Caucus-CCC) ប្រាប់ អាស៊ីសេរី ថា លោកនឹងដាក់ស្នើឡើងវិញនូវសេចក្ដីព្រាងច្បាប់ស្ដីពីពាណិជ្ជកម្មកម្ពុជា(Cambodia Trade Act) ដែលនឹងសើរើឡើងវិញនូវការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធនេះដល់កម្ពុជា ដើម្បីឱ្យរដ្ឋសភាអាមេរិកបច្ចុប្បន្នអនុម័ត។ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ តំណាងរាស្ត្រអាមេរិក ៨រូប បានស្នើឱ្យរដ្ឋាភិបាលអាមេរិក ដាក់ទណ្ឌកម្មបន្ថែមមកលើរដ្ឋាភិបាលលោក ហ៊ុន សែន និងឱ្យសើរើប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP នេះផង បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែមិនព្រមស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។