លោក ម៉ៃ ហុងស្រៀង គឺជាជនទី១៤ នៃសកម្មជនគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរបបក្រុងភ្នំពេញចាប់ខ្លួនដាក់ពន្ធនាគារ ដោយសាររិះគន់របបក្រុងភ្នំពេញ តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។ លោកត្រូវបានប៉ូលិសចាប់ខ្លួន កាលពីយប់ថ្ងៃទី៣០ កក្កដា នៅរាជធានីភ្នំពេញ។ មុនការចាប់ខ្លួន២ខែ មិត្តភ័ក្ដិ លោក ម៉ៃ ហុងស្រៀង ធ្លាប់ប្រាប់ឱ្យលោកគេចខ្លួន ចេញក្រៅប្រទេសមួយរយៈ ព្រោះមានបញ្ជាសម្ងាត់ ឱ្យតាមចាប់ខ្លួនសកម្មជនបក្សប្រឆាំងរូបនេះ។ លោកបានចាកចោលផ្ទះ ប្រពន្ធ និងកូនតូចៗ ៣នាក់ តាំងពីកំឡុងខែឧសភាមក។
តើក្នុងកំឡុងពេល លោក ម៉ៃ ហុងស្រៀង រត់គេចខ្លួន ប្រពន្ធ និងកូនតូចៗរបស់លោក រស់នៅក្នុងស្ថានភាពបែបណា?
ភរិយារបស់សកម្មជនបក្សប្រឆាំង ប្រចាំក្រុងព្រះសីហនុ លោក ម៉ៃ ហុងស្រៀង គឺអ្នកស្រី គា ស៊ីសុគន្ធី មិនដែលនឹកស្មានថា ស្ថានភាពគ្រួសារអ្នកស្រី ត្រូវរងកម្មព្រាត់ប្រាសគ្នាបែបហ្នឹងដូច្នេះទេ។ អ្នកស្រីថា រាល់យប់ មិនដែលសម្រាន្តលក់ទេ ព្រោះតែងគិតពីសុខទុក្ខប្ដី។ អ្នកស្រីហាក់គ្មានសង្ឃឹមអ្វីទៀតទេ នៅពេលជនបង្គោលគ្រួសារ ត្រូវជាប់ពន្ធនាគារ។ ឯកូនតូចទាំង៣នាក់ ក៏នៅតូចៗ ក្នុងបន្ទុកនៅឡើយ៖ «វាពិបាកហើយ ធម្មតាព្រោះកូននៅតូចៗ ហើយណាមួយប៉ាអត់នៅអ៊ីចឹង ខ្ញុំត្រូវរ៉ាប់រងទាំងអស់ ទាំងក្នុងផ្ទះ ទាំងក្រៅផ្ទះ គឺខ្ញុំដើរតួខ្ញុំទាំងអស់។ រាល់ដងប៉ាវានៅ បានប៉ាឌុបកូនទៅរៀន ដឹកទៅនេះ ទៅនោះ ឃើញទេ។ ឥឡូវប៉ាវាមិននៅ គឺខ្ញុំទាំងអស់»។
លោក ម៉ៃ ហុងស្រៀង បានរត់គេចខ្លួន តាំងពីខ្ទង់ថ្ងៃទី២០ ខែឧសភា ហើយត្រូវសមត្ថកិច្ចចាប់ខ្លួននៅយប់ថ្ងៃទី៣០ កក្កដា។ អ្នកស្រី គា ស៊ីសុគន្ធី ប្រាប់ថា កាលណោះ មិត្តភ័ក្ដិរបស់ប្ដីអ្នកស្រីម្នាក់ ធ្វើការនៅក្រសួងមហាផ្ទៃ បានលបប្រាប់ប្ដីអ្នកស្រី ឱ្យរត់គេចខ្លួនជាបន្ទាន់ ដោយសារប៉ូលិសមានបញ្ជាសម្ងាត់ ឱ្យស្វែងរកចាប់ខ្លួន ព្រោះប្ដីអ្នកស្រី បានបង្ហោះសារតាមហ្វេសប៊ុក ធ្វើឱ្យរដ្ឋាភិបាលខឹងសម្បារ។
នៅចំណុចនេះ អ្នកស្រី គា ស៊ីសុគន្ធី ប្រាប់ថា ប្ដីអ្នកស្រី បង្ហោះសារក្នុងចេតនារិះគន់ចំៗ ដើម្បីស្ថាបនា និងចង់បានលទ្ធិប្រជាធិបតេយ្យ គ្មានចេតនាបង្ខូចកេរ្តិ៍ឈ្មោះ និងជេរប្រមាថ តិះដៀល ឬចង់កំហឹងជាមួយនរណាម្នាក់ឡើយ។
អ្នកស្រី គា ស៊ីសុគន្ធី បន្តថា នៅពេលគេចខ្លួនដំបូង ប្ដីអ្នកស្រី បានភៀសខ្លួនទៅក្រៅប្រទេស។ អ្នកស្រីថា ប្ដីអ្នកស្រី គ្មានលុយទេ នៅពេលរត់គេចខ្លួនកាលណោះ។ ការចំណាយស្នាក់នៅប្រទេសថៃ ២ខែ នៅពេលភៀសខ្លួន គឺលោកទទួលបានជំនួយតិចតួចពីពលរដ្ឋខ្មែរនៅក្រៅប្រទេស និងមិត្តភ័ក្ដិ ដែលគោរពស្រលាញ់ភក្ដីភាពរបស់លោក ជួយទំនុកបម្រុង។ ប៉ុន្តែក្នុងគ្រួសារអ្នកស្រី នៅខេត្តព្រះសីហនុវិញ ការចំណាយសម្រាប់ក្រុមគ្រួសារ ថ្លៃអាហារ បង់សាលារៀនកូន និងចំណាយផ្សេងៗ មានស្ថានភាពលំបាកខ្លាំងណាស់។
ប្រធានគណៈកម្មការគ្រប់គ្រងនយោបាយគណបក្សសង្គ្រោះជាតិប្រចាំទីក្រុងបាងកក លោក ម៉ោញ សារ៉ាត់ ឱ្យដឹងថា ក្នុងពេលស្នាក់នៅទីក្រុងបាងកក លោក ម៉ៃ ហុងស្រៀង ប្រាប់ថា ទទួលរងគំនាបខ្លាំង ពីរបបក្រុងភ្នំពេញ ពិសេសក្រុមមន្ត្រីនៅខេត្តព្រះសីហនុ ដោយសារលោក តែងធ្វើសកម្មភាពរិះគន់ និងទម្លាយព័ត៌មានឃុបឃិតគ្នារបស់អាជ្ញាធរ ទើបពួកគេគុំកួន និងញុះញង់ទៅក្រុមមន្ត្រីជាន់ខ្ពស់របបក្រុងភ្នំពេញ ឱ្យធ្វើបាប។ លោក ម៉ោញ សារ៉ាត់ បន្តថា លោក ម៉ៃ ហុងស្រៀង ត្រលប់ទៅលាក់ខ្លួន ក្នុងប្រទេសកម្ពុជាវិញ មិនមែនមានបំណងបង្កើតចលនា ឬបង្កអសន្តិសុខអ្វីទេ គឺ គ្រាន់ចង់រស់នៅ ជួបជុំប្រពន្ធកូន៖ «ធម្មតាពួកខាងសមត្ថកិច្ចហ្នឹងចេះតែរកលេសរករឿង ខាងសកម្មជនរបស់យើងហ្នឹង ក្រោមបទចោទធ្ងន់ធ្ងរណាស់។ ការពិតទៅ ពួកយើងទាំងអស់គ្នា កុំថាឡើយតែយុវជន ម៉ៃ ហុងស្រៀង សូម្បីតែថ្នាក់ដឹកនាំ ឬក៏សកម្មជនគណបក្សរបស់យើងទូទាំងប្រទេស ក៏គ្មានបំណងណាមួយទៅធ្វើសកម្មភាពងើបបះបោរប្រឆាំងរដ្ឋាភិបាលទេ។ ប៉ុន្តែអ្វីដែលជាការលើកឡើង ឬក៏ការបញ្ចេញមតិ គ្រប់យ៉ាងហ្នឹង គឺក្នុងបំណងតែមួយទេ គឺធ្វើយ៉ាងណា ឱ្យសមត្ថកិច្ច ឱ្យអាជ្ញាធរហ្នឹង មើលផលវិបាកសង្គម ហើយនិងបញ្ហារបស់សង្គមហ្នឹង ដែលវាកំពុងកើតឡើង។ យើងនិយាយចំណុចសុចរិត គ្មានបំណងអ្វីទេ»។
លោក ម៉ៃ ហុងស្រៀង មានមុខរបរអ្នកម៉ៅការសំណង់ នៅខេត្តព្រះសីហនុ។ ក្រោយមក ជនជាតិចិន បានសម្រុកចូលខេត្តព្រះសីហនុខ្លាំង ហើយសំណង់ភាគច្រើន គឺជនជាតិចិនគ្រប់គ្រង និងទទួលសិទ្ធិសាងសង់ ហើយលោក ម៉ៃ ហុងស្រៀង ក៏បានឈប់ដើរម៉ៅការ ហើយមកជួយការងារលក់ដូរបាយព្រឹក ជាមួយប្រពន្ធនៅផ្ទះវិញ។
ប្រពន្ធ លោក ម៉ៃ ហុងស្រៀង អ្នកស្រី គា ស៊ីសុគន្ធី គឺជាគ្រូបង្រៀនសាលាបឋមសិក្សានៅខេត្តព្រះសីហនុ។ អ្នកស្រីត្រូវទទួលទទួលខុសត្រូវមើលថែទាំកូនតូចៗ ៣នាក់ តែម្នាក់ឯង តាំងពីពេលលោក ម៉ៃ ហុងស្រៀង ចាកចេញទៅ។ អ្នកស្រីថា ២ខែមកនេះ អារម្មណ៍ភ័យព្រួយសុវត្ថិភាពប្ដី ការដេកមិនលក់ ការរៀនសូត្ររបស់កូនៗ និងបញ្ហាការចំណាយ បានក្លាយជាទម្លាប់ និងជាវិបត្តិផ្លូវចិត្ត សម្រាប់អ្នកស្រី រួចទៅហើយ៖ «អត់ពីគាត់ទៅ ក៏ខ្ញុំអាចនេះកើតដែរ។ គ្រាន់ថាវា ពិបាកបន្លិច វាធម្មតាទេ អត់ម្ខាងហើយ វាពិបាកបន្តិចហើយ។ ចំពោះគាត់នោះវិញ ខាងប្ដីខ្ញុំវិញ ខ្ញុំក៏មិនដែលបានផ្ដល់អ្វីឱ្យគាត់ដែរ។ គាត់ថា មិនបាច់ផ្ដល់អ្វី ឱ្យគាត់ទេ ទុកតែចិញ្ចឹមតែកូនទៅ ព្រោះអ្វី គាត់មានបងៗ ដែលជួយមកខ្លះអ៊ីចឹង គាត់ទុកគ្រាន់ចាយខ្លួនឯងរួច។ គាត់ទប់ខ្លួនឯងរួច គាត់ថា មិនបាច់ផ្ដល់ឱ្យទេ គាត់គ្រប់មួយចាយខ្លួនឯងហើយ»។
ទោះជារងការរើសអើង ការពេបជ្រាយ សើចចំអក ពីសង្គម និងមនុស្សជុំវិញខ្លួនខ្លះ តែអ្នកស្រី មានមោទនភាពចំពោះប្ដីអ្នកស្រី ដ្បិតអ្វីនៅក្នុងចិត្តអ្នកស្រី លោក ម៉ៃ ហុងស្រៀង ជាមនុស្សគ្មានទោស ហើយរងគ្រោះ ពីការលាបពណ៌ធ្វើបាបផ្នែកនយោបាយប៉ុណ្ណោះ។ អ្នកស្រី ថា មិត្តភ័ក្ដិលោក ម៉ៃ ហុងស្រៀង មួយចំនួនលែងសូវហ៊ានទាក់ទងអ្នកស្រី ទៀតហើយ និងផ្ដាំថា កុំឱ្យនិយាយអ្វីពាក់ព័ន្ធ នឹងពួកគេ ព្រោះពួកគេ ចង់ជៀសឆ្ងាយពីគ្រួសារ និងលោក ម៉ៃ ហុងស្រៀង មួយរយៈ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
កំឡុងពេល លោក ម៉ៃ ហុងស្រៀង គេចខ្លួនទៅប្រទេសថៃ សមត្ថកិច្ចឯណោះវិញ អះអាងថា គ្មានដីកា និងបដិសេធ ព័ត៌មានការចាប់ខ្លួនលោក ម៉ៃ ហុងស្រៀង។ ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ប្រាប់អាស៊ីសេរី នៅខែឧសភាថា លោក ម៉ៃ ហុងស្រៀង បង្កើតព័ត៌មានការចាប់ខ្លួន និងភ័យព្រួយដោយខ្លួនឯង៖ «អ៊ីចឹងរឿងហ្នឹង រឿងតែគាត់ ស្អីក៏គាត់ទាំងអស់ណា។ សូមជម្រាបជូនថា ខ្ញុំអត់បានទទួលព័ត៌មានអ្វីដែរទេ ដល់សួរអ៊ីចឹងខ្ញុំឆ្ងល់ដែរ។ អ៊ីចឹង គាត់ប្រហែលជាគាត់ភ័យខ្លួនឯង ធ្វើប៉ូលិសខ្លួនឯង ស្អីធ្វើខ្លួនឯងទាំងអស់»។
ប៉ូលិសបានចាប់ខ្លួន លោក ម៉ៃ ហុងស្រៀង នៅយប់ ថ្ងៃទី៣០ កក្កដា តាមបណ្ដោយផ្លូវ២០០៤ ក្នុងរាជធានីភ្នំពេញ នៅពេល លោក ម៉ៃ ហុងស្រៀង កំពុងរត់គេចខ្លួន ពីការឡោមព័ទ្ធ របស់ប៉ូលិសខេត្តព្រះសីហនុ។ អ្នកស្រី គា ស៊ីសុគន្ធី ប្រាប់ថា លោក ម៉ៃ ហុងស្រៀង បានត្រលប់មកពីប្រទេសថៃ វិញ នៅចុងខែកក្កដា ហើយមិនហ៊ានត្រឡប់ទៅផ្ទះវិញទេ។ លោកបានសុំផ្ទះសាច់ញាតិនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ស្នាក់នៅមួយរយៈ។ ការស្នាក់នៅរបស់ លោក ម៉ៃ ហុងស្រៀង បានតែ ២យប់ទេ នៅយប់ទី៣ គឺយប់ថ្ងៃទី២៩ កក្កដា ប៉ូលិសច្រើននាក់ បានមកឡោមព័ទ្ធផ្ទះ ដែលលោកស្នាក់នៅនោះ។ លោក ម៉ៃ ហុងស្រៀង បានផ្លោះរបងផ្ទះ រត់កាត់ព្រៃទាំងយប់ ដើម្បីចាកចេញពីការឡោមព័ទ្ធ ហើយធ្វើដំណើរគេចខ្លួនមកស្នាក់នៅផ្ទះសំណាក់មួយ នៅម្ដុំរង្វង់មូលចោមចៅ រាជធានីភ្នំពេញ។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឱ្យឃុំខ្លួន លោក ម៉ៃ ហុងស្រៀង នៅពន្ធនាគារព្រៃស នៅថ្ងៃទី១ សីហា តាមបណ្ដឹងរបស់សមត្ថកិច្ច ពីបទញុះញង់ និងជេរប្រមាថរបបក្រុងភ្នំពេញតាមបណ្ដាញសង្គមហ្វេសប៊ុក។ ដំបូងសមត្ថកិច្ចបានចោទប្រកាន់ថា លោក ម៉ៃ ហុងស្រៀង ចូលមកប្រទេសកម្ពុជាវិញ ដើម្បីរៀបចំផែនការជាមួយបក្ខពួក ត្រៀមបង្កើតចលាចលក្នុងសង្គម។ តែប្រពន្ធ និងក្រុមអ្នកការពារសិទ្ធិមនុស្ស មិនយល់ឃើញដូច្នេះទេ។ ពួកគេហៅការចាប់ខ្លួន លោក ម៉ៃ ហុងស្រៀង ជារឿងនយោបាយ។
ស្ត្រីគ្រូបង្រៀន ជាប្រពន្ធ លោក ម៉ៃ ហុងស្រៀង អ្នកស្រី គា ស៊ីសុគន្ធី រៀបរាប់ថា ជាង២ខែមកនេះ អ្នកស្រីទើបបានជួបមុខប្ដីម្ដងគត់ គឺបានជួបប្រហែល ១០នាទី ជួបក្នុងពន្ធនាគារ ដែលមានចម្រឹងដែក និងកញ្ចក់ខណ្ឌចែកអ្នកទាំងពីរ។ អ្នកស្រីថា ប្ដី អ្នកស្រី ដឹងពីស្ថានភាពលំបាកក្នុងគ្រួសារ ដូច្នេះ គាត់មិនដែលសុំលុយពីអ្នកស្រីទេ។ លោក ម៉ៃ ហុងស្រៀង តែងប្រាប់ឱ្យអ្នកស្រីទុកលុយបង់ថ្លៃសាលារៀន និងទិញម្ហូបឱ្យកូនតូចៗញ៉ាំ ហើយរូបគាត់សុខចិត្តលំបាកលំបិនតែម្នាក់ឯងចុះ។អ្នកស្រី គា ស៊ីសុគន្ធី បានត្រលប់ទៅខេត្តព្រះសីហនុហើយ និងលែងមានឱកាសបានមកជួបមុខប្ដី ក្នុងពន្ធនាគារព្រៃស ទៀតទេ ដោយសារអ្នកស្រី ត្រូវមើលថែកូនតូចៗ៣នាក់។ អ្នកស្រីប្រាប់ថា កូនតូចទាំង៣នាក់ បានសួររកឪពុករបស់ពួកគេរាល់ថ្ងៃ ប៉ុន្តែអ្នកស្រី មិនហ៊ានប្រាប់ការពិតថា ឪពុកពួកគេជាប់ពន្ធនាគារ នៅភ្នំពេញទេ ដោយសារ ខ្លាចកូនៗបាក់ទឹកចិត្តរៀនសូត្រ និងរងការរើសអើងដូចអ្នកស្រី៖ «ហើយនឹងមួយទៀត ខ្លាចអ្នកខ្លះ ដែលគេមិនសូវសប្បាយចិត្តជាមួយនឹងយើង គេចាំសួរកូន ឬគេចាំសើច ចាំអ្វី ចំអកឱ្យកូនអ៊ីចឹង ខ្ញុំខ្ជិលប្រាប់។ ខ្ញុំគិតថា ថ្ងៃក្រោយទៅ វាគង់តែដឹង។ ប៉ុន្តែពេលហ្នឹង គឺខ្ញុំអត់ប្រាប់ទេ។ បើវាដឹង តាមរយៈអ្នកណាក៏ដឹងទៅ តែខ្ញុំអត់ប្រាប់តែម្ដង ឱ្យវាដឹងដោយខ្លួនឯងទៅ»។
អ្នកស្រី គា ស៊ីសុគន្ធី ទទូចតុលាការ ដោះលែងលោក ម៉ៃ ហុងស្រៀង ពីពន្ធនាគារឱ្យមកជួបជុំប្រពន្ធកូនឡើងវិញ ពីព្រោះប្ដីអ្នកស្រីមិនបានធ្វើខុសច្បាប់ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។