អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ទាមទារឱ្យអាជ្ញាធរកម្ពុជាទម្លាក់បទចោទប្រកាន់និងដោះលែងអ្នកជំនាញកសិកម្មលោក នី ណាក់ ជាបន្ទាន់។ ចំណែកមន្ត្រីសង្គមស៊ីវិល ទទូចឱ្យរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជា។
សេចក្ដីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញផ្សាយនៅថ្ងៃទី២៤ មករា លើកឡើងថា អាជ្ញាធរកម្ពុជាគួរតែទម្លាក់ចោលការចោទប្រកាន់ទាំងអស់ ប្រឆាំងនឹងលោក នី ណាក់ ដែលជាអ្នករិះគន់រដ្ឋាភិបាលហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៥ មករា ពាក់ព័ន្ធការបញ្ចេញមតិរឿងកាត់ដី ៩១ហិកតារ ឱ្យឈ្មោះ ហេង សួរ។
នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) និយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា អាជ្ញាធរគួរគោរពសិទ្ធិបញ្ចេញមតិដោយសេរី ហើយដោះលែងលោក នី ណាក់ ជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ។
ក្នុងសំណេរលើហ្វេសប៊ុករបស់លោក នី ណាក់ ដែលសរសេររិះគន់រឿងកាត់ដី ៩១ហិកតារ នៅខេត្តកំពត ឱ្យឈ្មោះ ហេង សួរ នោះ លោក នី ណាក់ មិនបានបញ្ជាក់ថា ជាលោក ហេង សួរ ដែលជារដ្ឋមន្ត្រីក្រសួងការងារទេ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការងាររូបនេះ បែរជារើសដាក់ខ្លួន ហើយប្ដឹងលោក នី ណាក់ ទៅតុលាការ។
សំណេរដើមរបស់លោក នី ណាក់ មានសេចក្ដីថា «តើលោក ហេង សួរ បានសាងស្នាដៃធំធេងអ្វីដល់ជាតិខ្មែរ បានជារដ្ឋាភិបាលកាត់ដីព្រៃផ្ដល់ឱ្យធ្វើជាកម្មសិទ្ធិ?»។
នាយករងប្រចាំតំបន់អាស៊ីនៃ អង្គការយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) បានលើកឡើងថា រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ប្រកាន់យកទីតាំង ដែលរដ្ឋាភិបាលលោក ហ៊ុន សែន បន្សល់ទុកឱ្យនូវការធ្វើទុក្ខបុកម្នេញលើអ្នករិះគន់រដ្ឋាភិបាល។
វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយបញ្ហានេះ ពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា និងអ្នកនាំពាក្យនាយករដ្ឋមន្ត្រីលោក មាស សុភ័ណ្ឌ បានទេ នៅថ្ងៃទី២៤ មករា ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល។
ប៉ុន្តែ លោក ហ៊ុន ម៉ាណែត បានលើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារ ក្រសួងព័ត៌មានឆ្នាំ២០២៣ កាលពីថ្ងៃទី២៣ មករា ដោយរំឭកថា នៅគ្រប់ប្រទេស គឺតែងតែមានច្បាប់ ហើយការឱ្យតែរដ្ឋាភិបាលនិយាយពីបទដ្ឋានច្បាប់ ការគ្រប់គ្រង គឺតែងតែមានទស្សនៈមួយចំនួនសង្ស័យ កន្លែងខ្លះរហូតទៅដល់ចោទទៀតថា រាជរដ្ឋាភិបាលធ្វើច្បាប់មក ដើម្បីបិទលំហសេរីភាព។
លោក ហ៊ុន ម៉ាណែត៖«ខ្ញុំសូមបញ្ជាក់ច្បាប់នៅគ្រប់ប្រទេសវាតែងតែមាន ហើយខ្ញុំរស់នៅប្រទេសប្រជាធិបតេយ្យយូរឆ្នាំណាស់មកហើយ ប្រជាធិបតេយ្យ ដែលមានភាពធន់ នូវនិរន្តរភាពគឺមូលដ្ឋានច្បាប់ គឺជាគោល។ ប្រជាធិបតេយ្យអត់មានច្បាប់គេហៅថា អនាធិបតេយ្យ ភាសាអង់គ្លេសខ្ញុំធ្លាប់លើក(Democracy)អត់មានច្បាប់ គេហៅ(Democrazy)»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៤ មករាថា បើរដ្ឋាភិបាលមិនបែងចែកឱ្យ បានច្បាស់លាស់ថា អ្វីជាសេរីភាពបញ្ចេញមតិទេ នោះសេរីភាពបញ្ចេញមតិនឹង កាន់តែរួញតូច។ ប្រការនេះ លោកថា នឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជា។
លោក អំ សំអាត៖«កន្លងមក មានការរិះគន់ច្រើន ទាក់ទងនឹងរឿងមួយចំនួន និងរឿងជាច្រើន ការដែលពលរដ្ឋអនុវត្តសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពជា មូលដ្ឋានរបស់ខ្លួន។ ប៉ុន្តែត្រូវបាន ចោទប្រកាន់ ត្រូវបានឃុំខ្លួន និងដាក់ពន្ធនាគារទៅវិញ ដែលវាប៉ះពាល់ទៅលើ ប្រព័ន្ធនៃសេរីភាពជាមូលដ្ឋាន ដែលជាមូលដ្ឋានគ្រឹះ នៃលទ្ធិប្រជាធិបតេយ្យ»។
អ្នកជំនាញកសិកម្ម លោក នី ណាក់ ត្រូវបានតុលាការភ្នំពេញកាត់ឱ្យជាប់ពន្ធនាគារ ១៨ខែ ម្ដងរួចមកហើយ ពីបទញុះញង់ឱ្យមានការរើសអើង និងប្រមាថជាសាធារណៈ ចំពោះការផុសបែបចំអករបស់លោក ទាក់ទងនឹងការទិញម៉ាស់ពាក់ឱ្យមាន់ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩។
ទោះជាយ៉ាងណាក្ដី ក្រោយចេញពីពន្ធនាគារ លោក នី ណាក់ នៅតែបន្តការ អធិប្បាយឥតសំចៃមាត់ អំពីភាពមិនប្រក្រតីនៅក្នុងសង្គម។ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោកក៏ត្រូវបានក្រុមជនមិនស្គាល់មុខជាបុរស ប្រដាប់ដោយដំបងដែក ព្រួតគ្នាវាយទាំងកណ្ដាលថ្ងៃ ក្នុងទីក្រុងភ្នំពេញ បណ្ដាលឱ្យបែកក្បាល ហូរឈាមស្រោចខ្លួន សន្លប់ស្ដូកស្ដឹងនៅនឹងកន្លែង។
អង្គការយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើកឡើងថា ពីរថ្ងៃមុនការវាយប្រហារ គឺនៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ សមាជិកគណបក្សប្រជាជនកម្ពុជាបានមកជួបលោក ណែនាំឱ្យលោកចូលរួមជាមួយ គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ហើយព្រមានលោកកុំឱ្យរិះគន់ រដ្ឋាភិបាលជាសាធារណៈបន្តទៀត។
លោក នី ណាក់ ត្រូវបានសមត្ថកិច្ចចាប់ដាក់ពន្ធនាគារជាថ្មីម្ដងទៀត នៅថ្ងៃទី៥ មករា ក្រោមបណ្ដឹងរបស់លោក ហេង សួរ ដែលជារដ្ឋមន្ត្រីក្រសួងការងារ ពាក់ព័ន្ធនឹងការបញ្ចេញមតិរបស់លោក នី ណាក់ រឿងកាត់ដី ៩១ហិកតារ នៅខេត្តកំពត ឱ្យឈ្មោះ ហេង សួរ។
នាយករង អង្គការយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងបន្តដើរតាមផ្លូវរំលោភសិទ្ធិមនុស្សដូចឪពុករបស់លោក ហើយអ្នករិះគន់ចំៗ នៅកម្ពុជា ដូចលោក នី ណាក់ នឹងទទួលរងនូវការរំលោភ បំពានយ៉ាងធ្ងន់ធ្ងរដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។