លោក ហ៊ុន ម៉ាណែត វាយប្រហារ​បក្ស​ប្រឆាំង​ថា គ្មាន​គុណធម៌ និង​បំផ្លាញ​ឆ្នាំង​បាយ​ពលរដ្ឋ​ខ្មែរ

0:00 / 0:00

កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ថ្លែង​សារ​វាយប្រហារ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​អ្នក​នយោបាយ​គ្មាន​គុណធម៌ និង​កំពុង​ធ្វើ​សកម្មភាព​ដុត​បំផ្លាញ​ឆ្នាំងបាយ​ប្រជាពលរដ្ឋ​ខ្លួនឯង។ មន្ត្រី​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន និង​អ្នកឃ្លាំមើល​សង្គម​យល់ថា រឿងហេតុ​នៅ​កម្ពុជា​ដើរ​ដល់​ដំណាក់កាល​នេះ គឺ​ដោយសារតែ​មហិច្ឆតា​អំណាច​របស់​លោក ហ៊ុន សែន មិនមែន​ជា​កំហុស​របស់​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង​នោះ​ឡើយ។

អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក លោក ហ៊ុន ម៉ាណែត បាន​និយាយ​ដោយ​មិន​ចំ​ឈ្មោះ​ថា អ្នកនយោបាយ​មួយ​ចំនួន​គិតតែ​ដើរ​ស្រែក​ជេរ​រដ្ឋាភិបាល បន្លាច​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស និង​ដើរ​អង្វរ​ឱ្យ​សហភាព​អឺរ៉ុប​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កម្ពុជា ដោយ​មិន​គិត​ពី​ឆ្នាំ​បាយ​របស់​ពលរដ្ឋ​។ លោក​បន្ត​ថា អ្នក​ខ្លះ​ទៀត​ខំប្រឹង​អំពាវនាវ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ងើប​បះបោរ និង​បញ្ឆេះ​កំហឹង​ពលរដ្ឋ ដើម្បី​តែ​មហិច្ឆតា​នយោបាយ​របស់​ខ្លួន​។ លោក​បាន​ហៅ​អ្នកនយោបាយ​ប្រភេទ​នេះ ថា​ជា​មនុស្ស​គ្មាន​គុណធម៌។

ឧត្ដមសេនីយ៍​ផ្កាយ​៣ រូប​នេះ ថ្លែង​បែបនេះ​នៅ​ក្នុង​ពិធី​សម្ពោធ​អាគារ​សិក្សា​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​តាកែវ កាលពី​ថ្ងៃ​ទី​២៩ មិថុនា និង​ត្រូវ​បាន​ស្រង់​សម្ដី​ដោយសារ​ព័ត៌មាន​ស្និទ្ធ​នឹង​របប​ក្រុងភ្នំពេញ​នៅ​ថ្ងៃទី​៣០ មិថុនា។

ទោះជា​លោក ហ៊ុន ម៉ាណែត មិន​បញ្ចេញ​ឈ្មោះ​អ្នកនយោបាយ​រូប​នោះ​ក៏ដោយ ក៏​គេ​អាច​យល់​បាន​ថា លោក​និយាយ​សំដៅ​ទៅលើ​ក្រុម​អ្នកនយោបាយ​បក្ស​ប្រឆាំង​ដែរ ពីព្រោះ​របប​ឪពុក​លោក​តែងតែ​ចោទប្រកាន់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​អំពី​រឿង​បែបនេះ​ដូចគ្នា​។ ម្យ៉ាងវិញទៀត មិន​មាន​អ្នក​នយោបាយ​ណា​ផ្សេង ក្រៅពី​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ទេ ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ក្រៅ​ប្រទេស ដើម្បី​តស៊ូ​ប្រឆាំង​នឹង​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​របស់​ឪពុក​លោក។

ទន្ទឹម​នឹង​ការ​បន្តុះបង្អាប់​ក្រុម​អ្នកនយោបាយ​បក្ស​ប្រឆាំង​បែបនេះ លោក ហ៊ុន ម៉ាណែត ក៏បាន​លើក​សរសើរ​ពី​គុណសម្បត្តិ​នៃ​ការដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​ជា​ឪពុក​ផង​ដែរ។ លោក​បាន​លើកឡើង​ថា ឪពុក​របស់​លោក​ដឹកនាំ​ប្រទេស​ប្រកប​ដោយ​​គុណធម៌ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​សេចក្តី​សុខ​សប្បាយ ដោយ​មិន​ប្រកាន់​បក្ស​នយោបាយ​ឡើយ។ លោក​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​គាំទ្រ​ការដឹកនាំ​របស់​ឪពុក​លោក​តទៅ​ទៀត។

ទោះជា​យ៉ាងណា អ្នកនយោបាយ​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន និង​អ្នកឃ្លាំមើល​សង្គម ច្រានចោល​ប្រសាសន៍​របស់​លោក ហ៊ុន ម៉ាណែត នេះ។

អតីត​ចៅសង្កាត់​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​នគរធំ ក្រុង​សៀមរាប លោក សៀក ចំណាប់ ថ្លែង​ថា ដើម្បី​បង្ហាញ​ថា បក្ស​កាន់​អំណាច ឬ​បក្ស​ប្រឆាំង មួយ​ណា​មានគុណធម៌​ក្នុង​ចិត្ត​ពលរដ្ឋ​នោះ លោក​ស្នើ​ឱ្យ​របប​ក្រុងភ្នំពេញ បើក​ឱ្យ​មាន​ការបោះឆ្នោត​ឡើងវិញ ដោយមាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​ថា ដរាបណា​មិន​មាន​ដំណោះស្រាយ​នយោបាយ​ទេ ការ​អួតអាង​អំពី​ការ​ស្រឡាញ់​ជាតិ​របស់​ក្រុម​អ្នកកាន់អំណាច​នោះ នឹង​មិនមែន​ជា​ការពិត​ឡើយ​។ លោក​បន្ថែម​ថា ដំណោះស្រាយ​បញ្ហា​ជាតិ​ទាំងអស់ គឺ​ស្ថិត​ក្នុង​កណ្ដាប់ដៃ​របប​ក្រុងភ្នំពេញ មិនមែន​ស្ថិត​លើ​គណបក្ស​សង្គ្រោះជាតិ​នោះ​ឡើយ៖ «ក្នុង​នាម​ជា​អាជ្ញាធរ​ដឹកនាំ​ជាតិ យើង​គួរ​តែ​យល់​ហើយ​ថា តើ​អ្នក​ដែល​វាយ​បំបែក​ឆ្នាំង​បាយ​ពលរដ្ឋ​ខ្លួន​ឯង​ហ្នឹង គឺ​ជា​អ្នក​ណា​។ អ៊ីចឹង​កូន​សោ គឺ​នៅ​លើ​ដៃ​របប​ក្រុង​ភ្នំពេញ​ហ្នឹង​ទេ។ បើ​គាត់​មាន​ចេតនា​មិន​ចង់​ឱ្យ​គេ​កាត់ ឬក៏​ព្យួរ EBA អា​ហ្នឹង​គាត់​អាច​ធ្វើ​បាន​យ៉ាង​ងាយ​ស្រួល ពីព្រោះ​កូន​សោ​មិន​មែន​នៅ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ ពេល​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ អ៊ីចឹង​មិន​មែន​កូន​សោ​នៅ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ កូន​សោ​នៅ​លើ​គណបក្ស​ដឹកនាំ​ប្រទេស ហើយ​មេសោ​នៅ​លើ​សហភាព​អឺរ៉ុប អ៊ីចឹង​បើ​គាត់​យក​កូន​សោ​ហ្នឹង​ទៅ​ចាក់​ឱ្យ​ត្រូវ​ចំណុច​ដែល​សហភាព​អឺរ៉ុប​ចង់​បាន នោះ​សោ​នឹង​របើក​ហើយ ផ្លូវ​នយោបាយ​នឹង​មាន​ដំណោះ​ស្រាយ​ហើយ»

របប​លោក ហ៊ុន សែន បាន​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ ដោយ​ចោទប្រកាន់​​មិន​​សម​​ហេតុផល និង​កង្វះ​ភស្តុតាង​ពី​បទ​ក្បត់ជាតិ​។ ក្រៅ​ពី​នេះ របប​នេះ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​យក​អាសនៈ​​សភា និង​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​របស់​បក្ស​នេះ យក​ទៅ​ចែក​គ្នា​កាន់កាប់ ហើយ​បាន​ហាមប្រាម​អ្នកនយោបាយ​បក្ស​​ប្រឆាំង​​ជាង​ ១០០នាក់ មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល​ ៥ឆ្នាំ​ថែមទៀត​។ សំខាន់​ជាង​នេះ​ទៅ​ទៀត របប​នេះ​បាន​រៀបចំ​ការ​បោះឆ្នោត​បែប​បង្គ្រប់​កិច្ច នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ កន្លងទៅ រួច​ប្រមូល​យក​អាសនៈ​សភា​ទាំងអស់​​មក​​ក្ដោបក្ដាប់​​តែ​ម្នាក់​​ឯង ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​រដ្ឋ​ឯក​បក្ស​ថ្មី​មួយ​នៅ​លើ​ពិភពលោក ក្នុង​សតវត្ស​ទី​២១នេះ។

ទន្ទឹម​នឹង​ការ​កម្ទេច​ដៃគូ​ប្រជែង​ដ៏​ធំ​របស់​ខ្លួន​នេះ របប​លោក ហ៊ុន សែន ក៏បាន​វាយ​បង្ក្រាប​ឥត​ស្រាកស្រាន្ត​ទៅលើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព និង​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ផង​ដែរ ជាពិសេស​របប​នេះ​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​​ពលរដ្ឋ ទាំង​នៅ​ក្នុង​សង្គម និង​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។

ចំណាត់ការ​ទាំងនេះ ត្រូវ​បាន​សហគមន៍​អន្តរ​ជាតិនិយម​ប្រជាធិបតេយ្យ វាយតម្លៃ​ថា ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជា​គាស់​រំលើង​គ្រឹះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ បញ្ហា​នេះហើយ​ដែល​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​ចាប់ផ្ដើម​សើរើ​មើល​ឡើងវិញ​នូវ​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា និង​ព្រមាន​ពី​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី “​ទំនិញ​គ្រប់មុខ​លើកលែង​គ្រឿង​សព្វាវុធ ឬ EBA” ពី​កម្ពុជា។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក ថ្លែង​ថា វិបត្តិ EBA នេះ ផ្តើម​ចេញ​ពី​ការរំលោភ​សិទ្ធិមនុស្ស និង​ការបំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដោយ​ក្រុម​អ្នក​កាន់អំណាច​។ លោក​បន្ត​ថា បើ​ទោះ​ជា​បក្ស​ប្រឆាំង​មិន​លើក​រឿង​នេះ​មក​និយាយ ក៏​សហភាព​អឺរ៉ុប​គង់តែ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ដែរ ព្រោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ត្រូវ​បាន​ផ្ដល់​ឱ្យ​ដោយ​ភ្ជាប់​នូវ​លក្ខខណ្ឌ​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​នេះឯង​។ លោក​យល់ថា សកម្មភាព​របស់​ក្រុម​អ្នកនយោបាយ​បក្ស​ប្រឆាំង​ដើម្បី​ស្ដារ​ស្ថានការណ៍​ស្រុកទេស​ឡើងវិញ​នោះ មិន​អាច​ហៅថា​ជា រឿង​គ្មាន​គុណធម៌​ឡើយ​។ លោក​ថា ការ​ប្រើ​អំណាចតុលាការ​ដើម្បី​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​អ្នកគាំទ្រ​ជិត​កន្លះ​ប្រទេស​នោះ​ទៅវិញ​ទេ ទើប​ជា​រឿង​គ្មាន​គុណធម៌​របស់​អ្នក​នយោបាយ៖ «អ្វី​ទាំង​អស់​នេះ មិន​មែន​ជា​មហិច្ឆតា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ គឺជា​ការ​ថែ​រក្សា​អំណាច​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គឺ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ហ្នឹង​ឯង ព្រោះ​មក​ដល់​ពេល​នេះ មិន​មែន​គណបក្ស​ប្រឆាំង​មាន​សិទ្ធិ​ក្នុង​ការ​ឱ្យ​សហភាព​អឺរ៉ុប​ ឬក៏​សហរដ្ឋ​អាមេរិក​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ទេ។ អ្វី​ទាំង​អស់​ គឺ​កើត​ចេញ​ពី​កំហុស​ខ្លួន​ឯង​របស់​រដ្ឋាភិបាល​ គឺ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដែល​ធំ​ជាង​គេ ដែល​ប្រជាពលរដ្ឋ​គាំទ្រ​ជាង​កន្លះ​នគរ។ ហើយ​បើ​មើល​ទៅ គណបក្ស​ប្រឆាំង​មិន​មាន​សម្ពាធ​អ្វី​ដែល​ឱ្យ​អន្តរជាតិ​មក​ដាក់​សម្ពាធ​លើ​ប្រទេស​កម្ពុជា​ទេ រួម​ទាំង​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​ GSP របស់​សហរដ្ឋ​អាមេរិក​ជា​ដើម»

អ្នកឃ្លាំមើល​សង្គម​រូប​នេះ សង្កត់ធ្ងន់​ថា ក្នុងនាម​ជា​បញ្ញវន្ត និង​ជា​អ្នក​ស្នង​មរតក​អំណាច​ពី​ឪពុក លោក ហ៊ុន ម៉ាណែត គួរតែ​លើក​រឿង​ទាំងនេះ​ទៅ​ជជែក​ជាមួយ​លោក ហ៊ុន សែន ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​នយោបាយ និង​ហានិភ័យ​ដែល​ជាតិ​កំពុង​ប្រឈម ជា​ជាង​ការ​ខំ​និយាយ​បិទបាំង​អំពី​កំហុស​ឆ្គង​ក្រោម​ការដឹកនាំ​របស់​ឪពុក​លោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។