លោក ហ៊ុន ម៉ាណែត ថា កម្ពុជា​បន្ត​ចរចា​ព្រំដែន​សមុទ្រ​ជាមួយ​ថៃ តែ​លោក​មិន​បញ្ជាក់​ចំណែក​កម្ពុជា​នៅ​លើ​កោះគជ់

អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយក​រដ្ឋមន្ត្រី​ថៃ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​​ជំនួបពិភាក្សា​ការងារ​ជំនួប​ទ្វេភាគី នា​ទីក្រុងវៀងចន្ទន៍ ប្រទេស​ឡាវ នា​ល្ងាច​ថ្ងៃ​ទី៩ ខែតុលា ឆ្នាំ២០២៤។
អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយក​រដ្ឋមន្ត្រី​ថៃ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​​ជំនួបពិភាក្សា​ការងារ​ជំនួប​ទ្វេភាគី នា​ទីក្រុងវៀងចន្ទន៍ ប្រទេស​ឡាវ នា​ល្ងាច​ថ្ងៃ​ទី៩ ខែតុលា ឆ្នាំ២០២៤។ (រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត)

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា កម្ពុជា​បន្ត​ចរចា​ព្រំដែន​សមុទ្រ​ជាមួយ​ភាគី​ថៃ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ជំហរ​ទាមទារ​ចំណែក​កោះគជ់​ជា​របស់​កម្ពុជា​ទេ។ មន្ត្រី​បក្ស​ប្រឆាំង​ថា យន្តការ​ចរចា​តាមរយៈ​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ២០០១ រវាង​រដ្ឋាភិបាល​ត្រកូល ហ៊ុន ជាមួយ​ត្រកូល ថាក់ស៊ីន កន្លងទៅ ធ្វើ​ឱ្យ​កម្ពុជា​បាត់​ទឹកដី ជាពិសេស​ចំណែក​នៅ​លើ​កោះគជ់។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ហាក់​ខឹង​ក្រុម​គណបក្សប្រឆាំង​នៅ​ក្រៅ​ប្រទេស ដែល​លោក​ថា តាម​រក​រឿង​រដ្ឋាភិបាល​របស់​លោក អស់​ពី​រឿង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA ងាក​ទៅ​រករឿង​​បញ្ហា​ព្រំដែន​ខាងលិច​វិញ​ម្ដង។

ថ្លែង​ក្នុង​ពិធី​បញ្ចប់​ការ​វាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែធ្នូ លោក ហ៊ុន ម៉ាណែត លោក​អះអាង​ថា មូលហេតុ ដែល​រដ្ឋាភិបាល​របស់​លោក​មិន​ឆ្លើយតប​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ជុំវិញ​បញ្ហា​កោះគជ់​កន្លង​មក ដោយសារ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​នៅ​បន្ត​ចរចា​ជាមួយ​ភាគី​ថៃ​ទៅ​តាម​ផ្លូវច្បាប់ និង​សន្តិវិធី ប៉ុន្តែ​លោក​ថា​យន្តការ​ចរចា​នេះ​មិនទាន់​ឯកភាព​គ្នា​នៅ​ឡើយ ជុំវិញ​បញ្ហា​ព្រំដែន​ទឹក​ដែល​កម្ពុជា​ទាមទារ​ផលប្រយោជន៍​នោះ។ លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ជឿ​ទុកចិត្ត​លើ​រដ្ឋាភិបាល​បក្ស​ប្រជាជន​កម្ពុជា ចំពោះ​ការ​ការពារ​បូរណភាព​ទឹកដី ដោយ​លោក​អះអាង​ថា​មិន​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​កម្ពុជា​មួយ​មិល្លីម៉ែត្រ​ឡើយ។

លោក ហ៊ុន ម៉ាណែត៖«សួរ​ថា រដ្ឋាភិបាល​មិន​បាន​យកចិត្តទុកដាក់​ឱ្យ​គេ​ចេះ​មក​យក អត់​ទេ យើង​ដោះស្រាយ(បញ្ហា​ព្រំដែន)ការ​បន្សល់ទុក​ពីមុន​មិន​ច្បាស់លាស់ យើង​ដោះស្រាយ​ដោយ​សន្តិវិធី គណៈកម្មាធិការ​ព្រំដែន មន្ត្រី​ព្រំដែន​របស់​យើង​ហ្នឹង​ក្បត់​ជាតិ​ឬ​ក៏​អី អត់​ទេ គឺ​គាត់​ស្រឡាញ់​ជាតិ គាត់​ខិតខំ​សិក្សាស្រាវជ្រាវ ដើម្បី​ចរចា​មួយ​ចំអាម​ទុក​ឱ្យ សួរ​ថា ស្រឡាញ់​តែ​អស់​លោក​នៅ​ក្រៅ​ប្រទេស​ទេ​ឬ​អ៊ី?សួរ​ថា អ្នក​ខាង​ក្នុង​ស្រុក​អត់​ស្រឡាញ់​ជាតិ​ទេ​អី ស្រឡាញ់​ដូចតែ​គ្នា​ទេ ហើយ​យើង​មិន​ត្រឹមតែ​តាម​ហ្វេសប៊ុក​ទេ គឺ​យើង​ធ្វើ​ពិត​ការពារ​ពិត»។

ក្រៅ​ពី​ថ្លែង​សារ​គំរាម​កំហែង​ពលរដ្ឋ និង​ក្រុម​ប្រឆាំង ដែល​ឈឺឆ្អាល​រឿង​បញ្ហា​ទឹកដី​នោះ​ហើយ លោក ហ៊ុន ម៉ាណែត មិន​ខុស​ពី​លើក​មុនៗ គឺ​លោក​មិន​បាន​បញ្ជាក់​ជំហរ​ទាមទារ​កោះគជ់​ទេ។ ជំហរ​បែប​នេះ គឺ​ខុស​ពី​មេ​ដឹកនាំ​ថៃ​ទាំង​ឪពុក និង​កូន​ត្រកូល ស៊ីណាវ៉ាត់ បាន​ប្រកាស​ពី​គោលជំហរ​ច្បាស់ៗ ក្នុង​ការ​កាន់​កាប់​កោះគជ់​ផ្ដាច់មុខ ព្រមទាំង​ចរចា​យក​ប្រយោជន៍​បន្ថែម​ទៀត​លើ​តំបន់​ដែល​គេ​អះអាង​ថា «ត្រួតស៊ីគ្នា» ជាមួយ​កម្ពុជា​នោះ​ទៀត​ផង។

ជាក់ស្ដែង ថ្មីៗ នេះ អតីត​នាយក​រដ្ឋមន្ត្រី​ថៃ និង​ជា​ឪពុក​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) គឺ​លោក ថាក់ស៊ី ស៊ីណាវ៉ាត់ (Thaksin Shinawatra) បាន​អះអាង​ថា​កោះគជ់​ជា​កម្មសិទ្ធិ​របស់​ថៃ ១លាន​ភាគ​រយ ដោយ​គ្មាន​ប្រទេស​ណា អាច​ដណ្ដើម​កាន់កាប់​បាន​ឡើយ។ លោក ថាក់ស៊ី បកស្រាយ​ឱ្យ​អ្នកជាតិនិយម​ថៃ​ដឹង​ថា​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ២០០១ (MOU44) ស្ដីពី​ការ​អភិវឌ្ឍ​រួមគ្នា​សម្រាប់​វិស័យ​ធនធាន​ថាមពល (OCA) ជាមួយ​កម្ពុជា គឺ​គ្រាន់តែ​ជា​ការកំណត់​ក្របខ័ណ្ឌ​សម្រាប់​ការ​ពិភាក្សា​លើ​បញ្ហា​មិនទាន់​ដោះស្រាយ​នៅ​លើ​តំបន់ ដែល​រដ្ឋាភិបាល​​កម្ពុជា និង​ថៃ​អះអាង​ថា​ជា​តំបន់ «ត្រួតស៊ីគ្នា» ប៉ុណ្ណោះ និង​មិន​ជាប់​ពាក់ព័ន្ធ​ដល់​អធិបតេយ្យ​ដែន​គោក និង​កោះគជ់​ឡើយ។

ទោះ​ជា​បែប​នេះ​ក្តី រដ្ឋាភិបាល​ត្រកូល ហ៊ុន វិញ ក្រៅពី​លើកឡើង​យន្តការ​ចរចា​ព្រំដែន​សមុទ្រ​ជាមួយ​ភាគី​ថៃ​មិន​បាន​ផ្លែ​ផ្កា​នោះ ទាំង​លោក ហ៊ុន សែន និង​លោក ម៉ាណែត មិន​ដែល​ចេញ​មុខ​បដិសេធ​ចំពោះ​ការ​អះអាង​របស់​មេ​ដឹកនាំ​ថៃ​នេះ​ទេ។

ជុំវិញ​រឿង​នេះ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ថ្លែង​ថា បើ​សិន​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅ​បន្ត​ចរចា​ចែក​ផល​ប្រយោជន៍​ប្រេង និង​ឧស្ម័ន​ជាមួយ​ភាគី​ថៃ​នៅ​តំបន់​ត្រួតស៊ីគ្នា​ផ្អែក​លើ​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ២០០១ MOU44 នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​កោះគជ់។ ដូច្នេះ​លោក​ថា អ្វី ដែល​លោក ហ៊ុន ម៉ាណែត អះអាង​នៅ​ពេល​នេះ​ថា រដ្ឋាភិបាល​ត្រកូល ហ៊ុន មិន​ក្បត់ជាតិ ឬ​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​នោះ ជា​ពាក្យ​សន្យា​ខ្យល់ បំភាន់​ភ្នែក​កុំ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ងើប​តវ៉ា​ប្រឆាំង​អំណាច​គ្រួសារ​ត្រកូល​ហ៊ុន។ លោក អ៊ុំ សំអាន ផ្តល់​យោបល់​ថា បើសិនជា​រដ្ឋាភិបាល​ពិតជា​មាន​ឆន្ទៈ​ការពារ​បូរណភាព​ទឹកដី និង​ចង់​បញ្ជាប់​ជម្លោះ ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ដោយ​សន្តិវិធី ដើម្បី​ធ្វើ​ឱ្យ​ពលរដ្ឋ​ជឿ​ទុកចិត្ត​មែន​នោះ លោក ហ៊ុន ម៉ាណែត ត្រូវ​បញ្ជាក់​ជំហរ​ទាមទារ​អធិបតេយ្យ​របស់​កម្ពុជា​យ៉ាង​ហោច​ពាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កណ្ដាល​នៅ​លើ​កោះគជ់ រួចហើយ​ដាក់ពាក្យ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​ជាដើម។

លោក ហ៊ុន ម៉ាណែត៖«ការ​បកស្រាយ​របស់​លោក ហ៊ុន ម៉ាណែត បកស្រាយ​នេះ​លក្ខណៈ​បន្លំ​ភ្នែក​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ស្ងប់ចិត្ត​តែ​ប៉ុណ្ណោះ​ឯង ដូច្នេះ​យើង​មិន​អាច​ទទួល​យក​បាន​ទេ ហើយ​អ្វី​ដែល​យើង​ចង់បាន​ គឺ​ទី​មួយ ត្រូវ​បញ្ជាក់​ថា កម្ពុជា​មាន​ចំណែក​នៅ​លើ​កោះគជ់ ទីពីរ​ត្រូវ​បញ្ជាក់​ថា​កម្ពុជា​ទាមទារ​អធិបតេយ្យ​នៅ​លើ​កោះគជ់ ទីបី​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ​ពី​បញ្ហា​កោះគជ់ គឺ​បី​ចំណុច​ហ្នឹង​ដែល​យើង​ចង់​បាន​ពី​លោក ហ៊ុន ម៉ាណែត បើ​សិន​គាត់​មិន​អាច​បញ្ជាក់​បី​ចំណុច​នេះ​ទេ គឺ​យើង​មិន​អាច​បញ្ឈប់​ការ​ទាមទារ​យក​កោះគជ់​មក​វិញ​ទេ»។

លោក អ៊ំ សំអាន បញ្ជាក់​ថា អ្នក​និយម​ប្រជាធិបតេយ្យ និង​អ្នកស្នេហាជាតិ​នៅ​តាម​បណ្ដា​ប្រទេស​នានា នៅ​លើ​ពិភពលោក នឹង​គ្រោង​នាំគ្នា​ចេញ​ធ្វើ​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ នៅ​ដើម​ឆ្នាំ២០២៥ ខាង​មុខ​នេះ ដើម្បី​ការពារ​បូរណភាពទឹកដី​កម្ពុជា​ដោយ​សន្តិវិធី និង​ស្របតាម​គោលការណ៍​ច្បាប់ ហើយ​បើ​សិន​លោក ហ៊ុន ម៉ាណែត អសមត្ថភាព​ក្នុង​ដោះស្រាយ​បញ្ហា​ជាតិ បញ្ហា​ទឹកដី​ត្រូវ​ចុះចេញ​ពី​​តំណែង។

អ្នកឃ្លាំមើល​កម្ពុជា ជំរុញ​ឱ្យ​រដ្ឋាភិបាល​យក​សំណុំរឿង​តំបន់ ដែល​អះអាង​ថា «ត្រួតស៊ីគ្នា» នេះ ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ គឺ​មិន​ហួសពេល​នោះ​ទេ ដើម្បី​បញ្ចប់​វិវាទ​ដែន​សមុទ្រ​រវាង​កម្ពុជា និងថៃ ព្រមទាំង​បង្ការ​ជម្លោះ​ប្រដាប់​អាវុធ​កុំ​ឱ្យ​កើតមាន​ដូច​កាល​ជម្លោះ​នៅ​ប្រាសាទ​ព្រះវិហារ​ឆ្នាំ២០០៨៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។