លោក ហ៊ុន ម៉ាណែត បញ្ជាក់​ជាថ្មី​ថា គ្មាន​មូលដ្ឋាន​យោធា​ចិន​នៅ​លើ​ទឹកដី​កម្ពុជា​ឡើយ

0:00 / 0:00

រូបភាពពីផ្កាយរណបបង្ហាញ​អំពី​កំពង់ផែថ្មី​ នៅ​មូលដ្ឋានទ័ពជើងទឹករាម ខេត្តព្រះសីហនុ កាល​ពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ រូបខាងឆ្វេង មាននាវា ២គ្រឿងចូលចត ហើយ​នៅ​ថ្ងៃ​ទី១៥ ខែមករា មិនឃើញមាននាវា​​ចតទៀតទេ។


លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​ទ័ព​បរទេស​ណាមួយ​មាន​វត្តមាន​នៅ​កម្ពុជា​ឡើយ។ ទោះ​យ៉ាងណា បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​នយោបាយ​ថា ត្រឹម​ការ​អះអាង​មាត់​ទទេ​គឺ​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ឡើយ​ដរាប​កម្ពុជា មិន​អនុញ្ញាត​ឱ្យ​បណ្ដា​អ្នក​ជំនាញ​អន្តរជាតិ​ទៅ​បំពេញ​ទស្សនកិច្ច​​​កងទ័ពជើងទឹក​កំពង់ផែ​រាម ដែល​ជា​កន្លែង​រង​ការ​សង្ស័យ។

យោធា​កម្ពុជា​នៅតែ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​យោធា​ប្រទេស​នានា​ ប៉ុន្តែ កម្ពុជា​​មិន​អនុញ្ញាត​ឱ្យ​មូលដ្ឋាន​ទ័ព​បរទេស​ណាមួយ​មាន​វត្តមាន​នៅ​កម្ពុជា​ឡើយ។ ​នេះ​ជា​ការ​បញ្ជាក់​ជា​ថ្មី​ទៀត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោក​បន្ត​ថា ការ​ពង្រឹង​សមត្ថភាព​យោធា​កម្ពុជា ឬ​ការ​ធ្វើ​ទំនើបកម្ម​កងទ័ព​កម្ពុជា​​ដើម្បី​ថែរក្សា​សុខ​សន្តិភាព​របស់​ខ្លួន​ តែ​កម្ពុជា​គ្មាន​បំណង​ឈ្លានពាន​ ឬ​បង្កើត​សង្គ្រាម​ជាមួយ​ប្រទេស​ណាមួយ​ឡើយ។ លោក​អះអាង​ទៀត​ថា រដ្ឋាភិបាល​របស់​លោក​គោរព​រដ្ឋធម្មនុញ្ញ​ ដែល​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹកដី​កម្ពុជា​ឡើយ។

លោក ហ៊ុន ម៉ាណែត៖«កម្ពុជា​មិន​មាន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន​ហើយ​ក៏​មាន​មិន​មូលដ្ឋាន​កងទ័ព​របស់​ខ្លួន​នៅ​លើ​ទឹកដី​ផ្សេង​ទៀត​លើកលែង​តែ​នៅ​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ​​អ៊ីចឹង​កម្ពុជា​ធ្វើ​ទំនើបកម្ម​កងទ័ព​និង​កងកម្លាំង​ប្រដាប់​អាវុធ គឺ​ដើម្បី​មិន​ត្រឹមតែ​ការ​ការពារ​ជាតិ​និង​ការពារ​ទឹកដី​សុខ​សន្តិភាព​ផ្ទាល់​ខ្លួន ប៉ុន្តែ​ក៏​ដើម្បី​បង្កើន​សមត្ថភាព​ចូលរួម​នៅក្នុង​ការ​ថែរក្សា​សន្តិភាព​ក្នុង​តំបន់​និង​នៅ​លើ​ពិភពលោក​ផង​ដែរ»។

លោក ហ៊ុន ម៉ាណែត លើកឡើង​ដូច្នេះ ក្នុង​ពិធី​អបអរ​​ខួប ២៥ឆ្នាំ នៃ​ការ​បង្កើត​បញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក នៅ​ថ្ងៃ​ទី២៤ ខែ​មករា។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា អះអាង​ជាថ្មី​បែប​នេះ ខណៈ​កម្ពុជា​នៅតែ​រង​ការសង្ស័យ​ពី​សំណាក់​ក្រុម​ប្រទេស​លោក​ខាង​លិច​ជា​ពិសេស​សហរដ្ឋអាមេរិក ក្នុង​រឿង​​អនុញ្ញាត​ឱ្យ​ប្រទេស​ចិន​សាងសង់​មូលដ្ឋាន​យោធា​នៅ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម ខេត្ត​ព្រះសីហនុ។ ទន្ទឹម​នឹង​ការ​សង្ស័យ​នេះ មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​បាន​ប្រែប្រួល​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ រដ្ឋាភិបាល​កម្ពុជា បាន​វាយ​អគារ​ដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ចោល ដោយ​ជំនួស​មក​វិញ នូវ​អគារ​សាងសង់​ក្រោម​ជំនួយ​របស់​ចិន។ កាលពី​ដើម​ខែធ្នូ កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​នាវា​ចំបាំង​របស់​ចិន​យ៉ាងហោចណាស់​ពីរ​គ្រឿង​ចូល​ចត​នៅ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម​ជា​លើក​ដំបូង ក្រោយ​ពេល​កម្ពុជា​អនុញ្ញាត​ឱ្យ​ចិន​អភិវឌ្ឍ​កំពង់ផែ​នេះ​អស់​រយៈពេល​ជិត​២ឆ្នាំ។ កម្ពុជា​អះអាង​ថា​ការអនុញ្ញាត​ឱ្យ​នាវា​ចម្បាំង​របស់​ចិន​ចូល​ចត​នេះ គឺ​ដើម្បី​ត្រៀម​«ហ្វឹកហ្វឺន»​នាយ​នាវិក​កងទ័ព​ជើងទឹក​កម្ពុជា។ ការ​ចូល​ចត​ជា​លើក​ដំបូង​នៃ​នាវា​ចម្បាំង​របស់​ចិន​នេះ ត្រូវ​អ្នក​ជំនាញ​ភូមិសាស្ត្រ​នយោបាយ មើល​ឃើញ​ថា ជា​«ការសាកល្បង»​ចង់​ដឹង​ពី​ប្រតិកម្ម​អន្តរជាតិ​ជុំវិញ​ឥទ្ធិពល​យោធា​របស់​ចិន​នៅ​កម្ពុជា។ រូបភាព​ពី​ផ្កាយ​រណប កាល​ពី​ថ្ងៃ​ទី១៥ ខែមករា បង្ហាញ​ថា នាវា​ចម្បាំង​ទាំង​ពីរ​របស់​ចិន​នេះ​បាន​ចាកចេញ​ពី​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម​ហើយ។

ទាក់ទង​រឿង​នេះ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន យល់ថា ត្រឹម​ការ​អះអាង​មិន​អាច​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​អស់​មន្ទិល​សង្ស័យ​ឡើយ។ លោក បន្ត​ថា ប្រសិនបើ​គ្មាន​ការ​ស្រាយ​ចម្ងល់​ឱ្យ​ច្បាស់​ទេ កម្ពុជា​នៅតែ​ខាតបង់​ពី​ការ​សង្ស័យ​នេះ។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​ហ៊ាន​អនុញ្ញាត​ឱ្យ​សហគមន៍​អន្តរជាតិ ឬ​សហរដ្ឋអាមេរិក​អាច​ចូល​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​សង្ស័យ​។

លោក រ៉ុង ឈុន៖«មាន​អី​ណា​ស៊ីជម្រៅ​អី​ទេ អ្នក​ជំនាញ​គេ​គ្រាន់តែ​ទៅ​ក្នុង​តំបន់​ហ្នឹង​គេ​អាច​វាយតម្លៃ​ដឹង​ថា មាន​ពិតប្រាកដ​ឬ​មិន​មាន​ហើយ​ពេល​ហ្នឹង​បើ​យើង​ស្អាតស្អំ​យើង​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ប៉ុន្តែ​បើ​យើង​ជាប់​ជំពាក់​មាន​មន្ទិល​សង្ស័យ​ដែល​ធ្វើ​ឱ្យ​យើង​មាន​ការ​លំបាក​ទាំង​សេដ្ឋកិច្ច​ទាំង​​ការរស់នៅ​ប្រជាពលរដ្ឋ​»។

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ យល់ថា ការ​បដិសេធ​គ្រាន់តែ​ជា​ការ​ឆ្លើយតប​ធម្មតា​ទេ ប៉ុន្តែ ដើម្បី​ឱ្យ​មាន​ការ​ឆ្លើយតប​ពិត​ប្រាដក​រដ្ឋាភិបាល​ត្រូវ​ហ៊ាន​បើក​ទូលាយ​ជាង​នេះ។ លោក​បន្ត​ថា​កម្ពុជា​គួរ​បង្ហាញ​ឱ្យ​​ក្រុម​ប្រទេស​លោក​សេរី​បាន​ស្វែងយល់​កាន់តែ​ស៊ី​ជម្រៅ​ពី​កំពង់ផែ​រាម ដើម្បី​ឱ្យ​ពួកគេ​អស់​ចិត្ត។

លោក កើត សារ៉ាយ៖«ព្រោះ​កាលណា​ដែល​មាន​អ្នក​ជំនាញ​អន្តរជាតិ​មួយ​ដែល​ប្រទេស​លើ​ពិភពលោក​គេ​ទទួល​ស្គាល់​គាត់​ទៅ​ធ្វើ​ការ​សិក្សា​ខ្ញុំ​ជឿ​ថា លទ្ធផល​ទាំងអស់​ហ្នឹង​គឺ​ទទួល​បាន​ទាំងអស់​គ្នា​មាន​ន័យ​ថា បំបាត់​ការសង្ស័យ​គ្រប់​ភាគី​ទាំង​អស់​គ្នា»។

ឯកសារ​យោធា​សម្ងាត់​របស់​មន្ទីរ​បញ្ច​កោណ​អាមេរិក​ដែល​​បែក​ធ្លាយ ហើយ​ត្រូវ​បាន​កាសែត ឌឹ វ៉ាស៊ីងតោន ប៉ុស្តិ៍ (The Washington Post) យក​មក​ចុះផ្សាយ​កាលពី​ខែ​មេសា ​ឆ្នាំ​២០២៣ បង្ហាញ​ថា ផ្នែក​មួយ​នៃ​កំពង់ផែ​កងទ័ពជើងទឹក​រាម ត្រូវ​បាន​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) កំណត់ទុក​សម្រាប់​ប្រើប្រាស់​ធ្វើជា​មូលដ្ឋានទ័ព​នៃ «​កងពល​» របស់​ខ្លួន និង​ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​គាំទ្រ​ភស្តុភារ​យោធា​របស់​ចិន​នៅ​លើ​ពិភពលោក។ ឯកសារ​ដដែល​នេះ​បង្ហាញ​ថា មូលដ្ឋានទ័ព​របស់​ចិន​នៅ​កំពង់ផែ​រាម​នេះ ទំនងជា​អាច​ផ្ទុក​វត្តមាន​របស់​កងទ័ព​ចិន​បាន​តិច​ជាង​កំពង់ផែ​ដែល​ចិន​កំពុង​សាងសង់​នៅ​ប្រទេស​អេមីរ៉ាត់​អារ៉ាប់រួម (UAE)។ បើ​ទោះ​ជា​ភាគី​កម្ពុជា​តែងតែ​បដិសេធ​ការ​លើក​ឡើង​នេះ៕

អានព័ត៌មានពាក់ព័ន្ធរឿងនេះជាភាសាអង់គ្លេស សូមចុចតំណភ្ជាប់នេះ៖ Chinese Warships leave Cambodia's Ream naval base

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។