លោក ហ៊ុន ម៉ាណែត ចង់​ឃើញ​កម្ពុជា​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច ខណៈ​បញ្ហា​​សេដ្ឋកិច្ច​របស់​ពលរដ្ឋ មិន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចង់​ឃើញ​កម្ពុជា​បង្កើន​កំណើន​សេដ្ឋកិច្ច ដើម្បី​ឱ្យ​កម្ពុជា​ចាកចេញ​ផុត​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) ហើយ​ឆ្ពោះ​ទៅ​រក​ប្រទេស ដែល​មាន​ប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ទោះ​ជា​យ៉ាង​ណា​កម្មករ និង​អ្នក​ឃ្លាំមើល​សង្គម​យល់​ឃើញ​ថា កម្ពុជា​ពិបាក​ចាកចេញ​ផុត​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដោយសារ​តែ​មេ​ដឹកនាំ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន មិន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ឆ្នាំង​បាយ​របស់​ពលរដ្ឋ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី៤ ខែមីនា បាន​ចូលរួម​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ត្រ​កំណើន​ថ្មី​របស់​ប្រទេស​កម្ពុជា​ក្នុង​អាទិភាព សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​គុណភាព និង​និរន្តរភាព» នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ក្នុង​រាជធានី​ភ្នំពេញ។

នៅ​ក្នុង​វេទិកា​នោះ លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ដែល​ហៅ​កាត់​ថា CDRI ត្រូវ​ពិភាក្សា​លើ​វិស័យ​អាទិភាព​សំខាន់ៗ របស់​កម្ពុជា​មួយ​ចំនួន ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​សេដ្ឋកិច្ច​តូច ឬ​សេដ្ឋកិច្ច​មធ្យម។ លោក ហ៊ុន ម៉ាណែត បាន​ណែនាំ​ដល់​វិទ្យាស្ថាន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ថា ដើម្បី​សម្រេច​បាន​គឺ CDRI ត្រូវ​កំណត់​ការ​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​វិស័យ ដែល​ជា​ប្រភព​កំណើន​សេដ្ឋកិច្ច ជាពិសេស វិស័យ​ឧស្សាហកម្ម​យុទ្ធសាស្ត្រ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​បន្ថែម យុទ្ធសាស្ត្រ​ក្នុង​ការ​អភិវឌ្ឍ​សហគ្រាស​មីក្រូ ខ្នាត​តូច មធ្យម និង​ធុរកិច្ច តាម​រយៈ​ការ​បន្ត​ពង្រឹង ប្រព័ន្ធ​អេកូឡូស៊ី និង​ការ​បង្កើន​សមត្ថភាព និង​ផលិតភាព។

លោក ហ៊ុន ម៉ាណែត៖«តាម​រយៈ​ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​មុត​ស្រួច និង​ចំ​គោលដៅ។ ទៅ​ការងារ​លើក​កម្ពស់​ភាព​ប្រកួតប្រជែង ពី​ប្រតិកម្ម និង​ពង្រឹង​ភាព​ធន់ ដើម្បី​ដោះស្រាយ​បញ្ហា ដែល​មាន​លក្ខណៈ​ជា​រចនាសម្ព័ន្ធ​ស្មុគស្មាញ​អន្តរ​វិស័យ។ ទី៣ កម្មវិធី​ការ​ត្រៀម​លក្ខណៈ​ចាកចេញ​ពី​ក្រុមអភិវឌ្ឍន៍តិចតួចដើម្បីធានាការចាកចេញដោយរលូន»។

វិទ្យាស្ថាន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ដើម្បី​ស្រាវជ្រាវ​លើ​វិស័យ​សំខាន់ៗ ចំនួន៥ រួមមាន សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ អភិបាលកិច្ច និង​សង្គម ការអប់រំ និង​ការ​អភិវឌ្ឍ​ការងារ។

បើ​ទោះ​ជា​លោក ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ចង់​ឱ្យ​កម្ពុជា​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ក្តី ប៉ុន្តែ កម្មករ​មួយ​ចំនួន​ត្អូញ​ថា ប្រាក់​ឈ្នួល​គោល ដែល​រដ្ឋាភិបាល​កំណត់​ឱ្យ​ពួក​គាត់​ទទួល​បាន​ចំនួន ២០៨ដុល្លារ ក្នុង​ឆ្នាំ២០២៥ នេះ មិន​គ្រប់គ្រាន់​សម្រាប់​ថ្លៃ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ឡើយ។

តំណាង​កម្មករ​ធ្វើការ​នៅ​រោងចក្រ សិន តៃ ហ្គាមែន (Zhen Tai Garment Cambodia) ក្នុង​រាជធានី​ភ្នំពេញ លោក កឹម សុភេន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៤ ខែមីនា ថា ប្រសិនបើ​រដ្ឋាភិបាល​ចង់​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​រីកចម្រើន​ចាកចេញ​ពី​ផុត​ស្ថានភាព​ក្រីក្រ រដ្ឋាភិបាល​ត្រូវតែ​ដំឡើង​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ​ឱ្យ​បាន​សមរម្យ ពីព្រោះ​បច្ចុប្បន្ន​នេះ ជីវភាព​របស់​កម្មករ​កាន់តែ​លំបាក ដោយសារ​តែ​ប្រាក់​ឈ្នួល​ទាប។ លោក​បន្ត​ថា នៅ​ពេល​ប្រាក់​ឈ្នួល​ទាប​កម្មករ​កាន់តែ​ប្រឹង​ធ្វើ​ការងារ​ថែម​ម៉ោង ដើម្បី​ទទួល​បាន​ប្រាក់​បន្ថែម​ទៀត ដែល​បញ្ហា​នេះ ធ្វើ​ឱ្យ​កម្មករ​មួយ​ចំនួន​ប្រឈម​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ហើយ​កត្តា​នេះ ក៏​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ផង​ដែរ។

លោក កឹម សុភេន៖«ហូបចុករបស់គាត់ក៏ពឹងផ្អែកលើប្រាក់ខែដែរ ប្រសិនបើប្រាក់ខែគាត់តិចការហូបចុករបស់គាត់រាល់ថ្ងៃគឺត្បិតត្បៀតមែនទែន រាល់ថ្ងៃអត់ហ៊ានហូបអីល្អៗហ្នឹងគេទេដល់អ៊ីចឹងគាត់ហូបតែបន្តិចបន្តួច ហូបមិនបានរបស់ល្អៗនឹងគេវាធ្វើឱ្យផលប៉ះពាល់សុខភាពពួកគាត់ខ្លាំងណាស់។ ហើយវាគ្មានអីខ្លាំងជាសុខភាពទេ ប្រសិនបើសុខភាពគាត់ចុះខ្សោយ ទ្រុឌទ្រោមហើយកម្លាំងពលកម្មនៅក្នុងប្រទេសយើងក៏វាធ្លាក់ចុះដែលធ្វើឱ្យប៉ះពាល់វិស័យការងារនៅក្នុងប្រទេសកម្ពុជាយើងដែរ។ សង្ឃឹមថា ក្រសួង និងរដ្ឋាភិបាលយកចិត្តទុកដាក់នូវចំណុចនេះ»។

ដោយឡែក ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ភូមិស្វាយចេក ខេត្តក្រចេះ លោកស្រី អែល រ៉ូស្សា ថ្លែងថា លោកស្រី​មើល​មិន​ឃើញ​ពី​ស្ថានភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា​ល្អ​ប្រសើរ​នោះ​ទេ ទន្ទឹម​នឹង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម​ក្នុង​សហគមន៍​លោកស្រី​កំពុង​រស់នៅ​ទាំង​ត្រដរ​ខ្យល់ ដោយសារ​គ្មាន​ដី​បង្កបង្កើន​ផល។ លោកស្រី​បន្ត​ថា ដោយសារ​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​បាន​ធ្វើ​ឱ្យ​មាន​ការ​រំលោភ​យក​ដីធ្លី នៅ​តំបន់​លោកស្រី​រស់នៅ​ដែល​បញ្ហា​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​ធ្លាក់​ខ្លួន​ក្រ និង​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌ​ក​ថែម​ទៀត។

លោកស្រី អែល រ៉ូស្សា៖«ខ្ញុំគិតថា ពលរដ្ឋរាល់ថ្ងៃរកអីស៊ីគ្មានរកតែទឹកភ្នែកទឹកសំបោរ អ៊ីចឹងខ្ញុំគិតថា មិនដឹងជាមានយ៉ាងម៉េចទេមានតែអ្នកមានហ្នឹង មានសម្រាប់តែមន្ត្រីហ្នឹង។ ពលរដ្ឋក្ររកអីស៊ីគ្មានផងហ្នឹងណាមួយជំពាក់គេ ហើយខ្ញុំក៏ពិបាកទៀតកូនរៀនអត់មានអីស៊ីទេ។ ងាយទៅភ្នំពេញៗគិតទៅមន្ត្រីអត់មានគិតប្រជាពលរដ្ឋសោះហ្មងគិតតែពីផលប្រយោជន៍របស់ខ្លួនឯងរៀងៗខ្លួន ដូចមិនដឹងជាយ៉ាងម៉េចបានអ៊ីចឹងដូចមិនយល់ពីទឹកចិត្តរបស់គាត់សោះ សូម្បីតែសត្វក៏វាចេះអាណិតសត្វគ្នាវាដែរ»។

អ្នកឃ្លាំមើល​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​ឪពុក​កូន គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត មិន​បាន​ជួយ​ស្ដារ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​នោះ​ទេ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​សន្តតិវង្ស​នេះ បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​ធ្លាក់​ចុះ​ដុនដាប​ទៅ គឺ​ដោយសារ​តែ​រដ្ឋាភិបាល​រំលោភ​សិទ្ធិមនុស្ស និង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ ដែល​នាំ​ឱ្យ​សហភាព​អឺរ៉ុប​កាត់​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគ​រយ​ពី​កម្ពុជា ហើយ​សហរដ្ឋ​អាមេរិក​មិន​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធGSPឡើង​វិញ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ នៅ​ប្រទេស​អូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា លោក​គ្មាន​ជំនឿ​លើ​មេ​ដឹកនាំ​កម្ពុជា​បច្ចុប្បន្ន​ថា អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មាន​ភាព​ល្អ​ប្រសើរ​នោះ​ទេ ពីព្រោះ​បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស អំពើ​ពុករលួយ បញ្ហា​ឧក្រិដ្ឋជន​រកស៊ី​ឆបោក​តាម​អនឡាញ​ជា​ដើម រដ្ឋាភិបាល​នៅតែ​គ្មាន​ចំណាត់​ការ​ជាក់លាក់​ដោះស្រាយ។ លោក​បន្ត​ថា ដើម្បី​ស្ដារ​វិបត្តិ​សេដ្ឋកិច្ច ដែល​កំពុង​ជាប់​គាំង​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គួរតែ​ស្ដាប់​មតិ​ពលរដ្ឋ​ដោះស្រាយ​បញ្ហា​ការ​គោរព​សិទ្ធិមនុស្ស​ជា​មុន​សិន។

លោក ស៊ឹង សែនករុណា៖«ទោះបីមានការអំពាវនាវពីអង្គការជាតិ និងអន្តរជាតិយ៉ាងណាក៏ដោយ យើងសូមឱ្យមាននូវការគោរពសិទ្ធិមនុស្ស សូមឱ្យមាននូវការបើកលំហលទ្ធិប្រជាធិបតេយ្យ សូមឱ្យមានយុត្តិធម៌។ អ្វីទាំងអស់នេះកាលណាមានធ្វើឱ្យប្រទេសយើងរីកចម្រើន ហើយសេដ្ឋកិច្ចជាតិក៏ល្អប្រសើរដែរ ហើយអ្វីទាំងអស់ហ្នឹងមិនត្រូវបានយកមកពិចារណា យកមកគិតគូរការដោះស្រាយបញ្ហាហ្នឹងទេ ទាំងនេះបញ្ជាក់ថា គឺជាការដឹកនាំដែលគ្មានការទទួលខុសត្រូវបាត់ទៅហើយ»។

បញ្ហា​សិទ្ធិមនុស្ស និង​ការ​រឹតត្បិត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​នូវ​អ្នក​វិនិយោគ​បរទេស ជាពិសេស អ្នក​វិនិយោគ​មក​ពី​បណ្ដា​ប្រទេស​លោក​សេរី។ របាយការណ៍​របស់​ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា (CDC) បង្ហាញ​ថា នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ២០២៤ ទុន​វិនិយោគ​ពី​ប្រទេស​លោក​សេរី​ស្រុត​ចុះ​យ៉ាង​គំហុក។ ក្នុង​នោះ​អ្នក​វិនិយោគ​មក​ពី​ប្រទេស​កាណាដា មានជាង១% (១.២៧%)ហើយ​សហរដ្ឋ​អាមេរិក និង​អង់គ្លេស បណ្ដាក់​ទុន​វិនិយោគ​ក្រោម ១% ខណៈ​អ្នក​វិនិយោគ​មក​ពី​ប្រទេស​អឺរ៉ុប​ធំៗ ដូចជា បារាំង និង​អាល្លឺម៉ង់​គ្មាន​តួលេខ​រាប់​នោះ​ឡើយ។ ទន្ទឹម​នឹង​ការ​ធ្លាក់​ចុះ នៃ​អ្នក​វិនិយោគ​បរទេស​នេះ កម្ពុជា​ក៏​ប្រឈម​នឹង​បញ្ហា​អត់​ទីផ្សារ​លក់​កសិផល​របស់​កសិករ​ខ្មែរ​ផង​ដែរ។

ពលរដ្ឋ និង​អ្នក​ឃ្លាំមើល​ពិបាក​សង្ឃឹម​ថា កម្ពុជា​អាច​នឹង​ចាកចេញ​ផុត​ពី​ប្រទេស ដែល​អភិវឌ្ឍន៍​តិចតួច នៅ​ឆ្នាំ២០៣០ ខាង​មុខ ដោយសារ​តែ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន មិន​បាន​លើក​កម្ពស់​សិទ្ធិមនុស្ស​តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។