លោក ហ៊ុន សែន ខឹង​លោក កឹម សុខា ដែល​មិន​ធ្វើ​តាម​កិច្ចសន្យា​សម្ងាត់

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រលយ​ពាក្យ​ថា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បោក​រូប​លោក ព្រោះ​លោក កឹម សុខា មិន​បាន​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន​នោះ​ទេ បន្ទាប់​ពី​ជួប​និយាយ​គ្នា​ក្នុង​បន្ទប់​សម្ងាត់​នា​វិមាន​រដ្ឋសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ធ្នូ។ រីឯ​អ្នក​វិភាគ​យល់​ថា កិច្ចសន្យា​នោះ​ប្រហែល​ជា​គ្មាន​អ្វី​ក្រៅ​តែ​ពី​ចង់​ឲ្យ​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​បែក​បាក់​គ្នា​នោះ​ទេ។

ភាព​ល្អូកល្អើន​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា មួយ​រយៈពេល​ខ្លី​កន្លង​មក ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា ជា​ល្បែង​នយោបាយ​បំភ័ន្ត​ភ្នែក​ប្រជារាស្ត្រ​ប៉ុណ្ណោះ បន្ទាប់​ពី​មេ​ដឹកនាំ​នៃ​បក្ស​ទាំង​ពីរ​ចាប់​ផ្ដើម​ទម្លាយ​អាថ៌កំបាំង និង​ព្រមាន​ទម្លាយ​រឿងរ៉ាវ​សម្ងាត់ៗ​ជាច្រើន​ទៀត​ជា​បន្តបន្ទាប់ ក្រោយ​ពី​ភាគី​ម្ខាងៗ​មិន​គោរព​តាម​សន្យា​ក្រៅ​រង្វង់​ប្រយោជន៍​ជាតិ តែ​ជា​ប្រយោជន៍​បក្សពួក​ផ្ទាល់​ខ្លួន។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សភា​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មករា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​យក​ពេលវេលា​ប្រមាណ​ជា ៤៥​នាទី ដើម្បី​ពន្យល់​ជុំវិញ​មូលហេតុ​ដែល​នាំ​ទៅ​ដល់​ការ​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា​នោះ ថា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ មិន​ធ្វើ​តាម​ការ​សន្យា​រយៈពេល​បី​ថ្ងៃ​នោះ​ទេ។

ទោះ​យ៉ាង​ណា លោក ហ៊ុន សែន មិន​បញ្ជាក់​ថា កិច្ចសន្យា​សម្ងាត់​នោះ​សំដៅ​លើ​រឿង​អ្វី​នោះ​ឡើយ ក្រោយ​ពី​លោក និង​លោក កឹម សុខា បាន​ជួប​ជជែក​គ្នា​ជា​សម្ងាត់​នា​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៧ ធ្នូ ខណៈ​សភា​ពេញ​អង្គ​កំពុង​ដំណើរ​ការ​ប្រជុំ​ជជែក​លើ​ច្បាប់ ស្ដីពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៥៖ « ថ្ងៃ​នោះ​យក​ទៅ​ឲ្យ​ខ្ញុំ​ស៊ីញេ​រឿង​មេ​ឃុំ ស៊ាង ចែត ហើយ​បោក​ទាំង​ខ្ញុំ​ទៀត។ បោក​ទាំង​ខ្ញុំ​ទៀត ឯកឧត្តម កឹម សុខា នៅ​ជំពាក់​អី​ខ្លះ​ខ្ញុំ ? សន្យា​ថា​បី​ថ្ងៃ ក្រោយ​មក​ថា​នឹង​ធ្វើ តែ​ឯកឧត្តម​អត់​ធ្វើ »

អ្នក​វិភាគ​ថា កន្លង​មក​ពេល​ត្រូវរ៉ូវ​គ្នា​ភ្លាម ភាគី​បក្ស​ទាំង​ពីរ​តែងតែ​ប្រកាស​ផ្ទាល់​មាត់ ឬ​ចេញ​សេចក្តី​ថ្លែងការណ៍​សរសើរ​គ្នា និង​ប្រកាស​រួបរួម​គ្នា ឯកភាព​ជាតិ លែង​ខ្វែង​គំនិត​គ្នា​ទៀត គិត​អំពី​ជាតិ និង​ប្រជាជន តែ​ពេល​ប្រេះឆា​គ្នា​វិញ ពួក​គេ​តែងតែ​ទម្លាយ​នូវ​រឿង​អាថ៌កំបាំង​ដែល​ហាក់​មិន​បាន​គិត​អំពី​ជាតិ និង​ប្រជាជន​ឡើយ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​លោក កឹម សុខា ថា​តើ​អ្វី​ទៅ​ដែល​លោក​សន្យា ហើយ​មិន​ធ្វើ​តាម​នោះ។ រីឯ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មិន​លើក​ទូរស័ព្ទ។

ទោះ​យ៉ាង​ណា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​ត្រូវ​រដ្ឋាភិបាល​ហាម​មិន​ឲ្យ​ចូល​ស្រុក​នោះ បាន​ទម្លាយ​អាថ៌កំបាំង​មួយ​ចំនួន​នៅ​ពី​ក្រោយ​បក្ស​ទាំង​ពីរ​ខកខាន​ជួប​ចរចា​គ្នា។ លោក​ថា រឿង​នេះ​ដោយសារ​តែ​លោក កឹម សុខា មិន​ព្រម​ធ្វើ​តាម​ការ​បង្គាប់​បញ្ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នៅ​ចិញ្ចឹម​ចិត្ត​ចង់​បំបែក​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បន្ត​ទៀត​ថា លោក ហ៊ុន សែន មិន​ចង់​ចរចា​ដើម្បី​ស្ថាបនា​ទេ គឺ​ចង់​ចរចា​ដើម្បី​ចាក់​រុក និង​ឆ្កឹះឆ្កៀល​ឲ្យ​លោក កឹម សុខា បែក​បាក់​ជាមួយ​រូប​លោក៖ « គាត់​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​ឯកឧត្ដម កឹម សុខា សរសេរ​សំបុត្រ​តាម​អ្វី​ដែល​គាត់​ចង់​បាន បើ​មិន​ធ្វើ​តាម​អ្វី​ដែល​គាត់​ចង់​បាន​ទេ ការ​ប្រើ​ពាក្យពេចន៍ វា​មិន​សមរម្យ វា​មិន​សម្ដែង​ការពិត​ឲ្យ​លោក កឹម សុខា ចេះ​តែ​សរសេរ​ទៅ ហើយ​ថ្ងៃ​ណា​មួយ​គាត់​នឹង​យក​លិខិត​នោះ​មក​ប្រើប្រាស់ ដើម្បី​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​លោក កឹម សុខា ខ្លួន​ឯង​ផ្ទាល់​មក​រក​រឿង​ខ្ញុំ​វិញ ថា​ខ្ញុំ​នេះ​ហើយ​បាន​និយាយ​អី​មួយ​ណា ឬ​មួលបង្កាច់​អី។ រួច​ហើយ​ទៅ គាត់​មាន​គ្នា​គាត់​ប៉ុន្មាន​នាក់ ដែល​បាន​បង្កប់​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ពេល​នោះ​នឹង​ឲ្យ​ចេញ​មុខ ហើយ​ឲ្យ​មួលបង្កាច់​ខ្ញុំ »

មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង លិខិត​ដ៏​អាថ៌កំបាំង​មួយ​ក៏​បាន​លេច​ចេញ​មក។ លិខិត​ដែល​លោក សម រង្ស៊ី លើក​យក​មក​សំអាង ត្រូវ​បាន​ប្រភព​ជិតស្និទ្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជូន​មក​អាស៊ីសេរី ដែល​ប្រភព​បាន​អះអាង​ថា ជា​សេចក្ដី​ព្រាង​នៃ​លិខិត​ដើម​ផ្ញើ​មក​ជូន​លោក កឹម សុខា ឲ្យ​ចម្លង​តាម ដើម្បី​ឲ្យ​លោក​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្មី​មួយ ថ្កោលទោស​ជន​ណា​ដែល​និយាយ​ប៉ះពាល់​ដល់​គ្រួសារ ប្រពន្ធ​កូន​ចៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រម​ទាំង​បណ្ដេញ​ជន​នោះ​ចេញ​ពី​គណបក្ស បើ​រក​ឃើញ​ថា ជន​នោះ​បាន​និយាយ​ដូច្នេះ​មែន។

នៅ​ក្នុង​សេចក្ដី​ព្រាង​នោះ ក៏​មាន​ចំណារ​ដែល​មាន​ឈ្មោះ សយ សុភាព ផង​ថា « គោរព​ជូន​លោក​ពូ​ពិនិត្យ​សេចក្ដី​ព្រាង ថ្នាក់​ដឹកនាំ​បាន​ឯកភាព​តាម​ខ្លឹមសារ​នោះ​ហើយ។ ពី​ខ្ញុំ សយ សុភាព »

លោក សយ សុភាព បាន​បញ្ជាក់​ប្រាប់​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​មករា ថា លោក​ពុំ​ទទួល​បាន​លិខិត​អ្វី​ទាំងអស់ ហើយ​ខ្លួន​លោក​ផ្ទាល់​ក៏​មិន​មាន​កិច្ចការ​អ្វី​ទាក់ទង​ក្នុង​រឿង​នេះ​ទេ។ លោក សយ សុភាព គឺ​ជា​នាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អំពិល ធ្លាប់​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ការ​ជួយ​សម្របសម្រួល​អ្នក​នយោបាយ​ជាន់​ខ្ពស់​នៅ​កម្ពុជា ឲ្យ​ជានា​នឹង​គ្នា​វិញ។

ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​អាស៊ីសេរី ដឹង​ថា ការ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ឲ្យ​លោក កឹម សុខា ចេញ​សេចក្ដី​ថ្លែងការណ៍​នេះ គឺ​នៅ​ក្នុង​ក្ដី​សង្ឃឹម​ថា អាច​នឹង​ប្រើប្រាស់​លោក កឹម សុខា ឲ្យ​បណ្ដេញ​លោក សម រង្ស៊ី ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ តែ​ម្ដង។

ប្រភព​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​លោក កឹម សុខា ចេញ​សេចក្ដី​ថ្លែងការណ៍​នោះ​ហើយ មន្ត្រី​មួយ​រូប ឬ​ពីរ​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បង្កប់​ខ្លួន​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ធ្វើ​ការ​បម្រើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចេញ​មុខ​បង្ហាញ​ភស្តុតាង​ចោទ​លោក សម រង្ស៊ី ថា​ពិត​ជា​ធ្លាប់​បាន​និយាយ​ពី​រឿង​លោក ហ៊ុន ម៉ាណែត ថា​ជា​កូន​របស់​លោក ឡេ ឌឹកថូ (Le Duc Tho) ពិត​ប្រាកដ​មែន​នៅ​ក្នុង​ការ​ជួបជុំ​ផ្ទៃក្នុង​របស់​គណបក្ស។ អ្នក​វិភាគ​ថា ករណី​នេះ​ហើយ​ដែល​ជំរុញ​ឲ្យ​លោក ហ៊ុន សែន ព្រលយ​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​ថា លោក កឹម សុខា មិន​គោរព​កិច្ចសន្យា​រយៈពេល​បី​ថ្ងៃ​នោះ។

រីឯ​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា វិភាគ​ថា មុន​នឹង​មាន​ការ​លើកលែង​ទោស​លោក កឹម សុខា នោះ ពិត​ជា​មាន​ការ​និយាយ​គ្នា​មួយ​រវាង​លោក កឹម សុខា និង​លោក ហ៊ុន សែន ព្រោះ​អ្វី​ជា​គោលដៅ​របស់​បក្ស​កាន់​អំណាច គឺ​ចង់​ឲ្យ​បក្ស​ប្រឆាំង​បែក​បាក់​ផ្ទៃក្នុង។ លោក​បន្ត​ថា ប្រសិន​បើ​លោក កឹម សុខា មិន​ធ្វើ​តាម​លោក ហ៊ុន សែន ទេ​នោះ អាច​ឆ្លុះ​បញ្ចាំង​ថា បក្ស​ប្រឆាំង​មិន​មែន​ជា​អាយ៉ង​របស់​បក្ស​កាន់​អំណាច។ ម្យ៉ាង​វិញ​ទៀត ប្រសិន​បើ​ពិភាក្សា​នយោបាយ​ដើម្បី​តែ​ផល​ប្រយោជន៍​របស់​បុគ្គល​ណា​មួយ​នោះ គឺ​នយោបាយ​អត្តឃាត​ខ្លួន​ឯង​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។