ស្របពេលដែលលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ សន្យាវិលចូលស្រុកវិញ នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ក៏កាន់តែសង្ខើញវិធានការទប់ទល់នឹងការវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី ដែរ ក្នុងនោះមានទាំងការស្នើសុំឱ្យរដ្ឋសមាជិកអាស៊ានចូលរួមចាត់វិធានការរារាំង ដោយចាប់ខ្លួនលោក សម រង្ស៊ី និងមន្ត្រីដែលអមដំណើរទៅវិញនោះផង និងចាប់ខ្លួនពលរដ្ឋដែលទៅទទួលនោះទៀតផង។ អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយមើលឃើញថា រដ្ឋសមាជិកអាស៊ានមួយចំនួន អាចនឹងរួមដៃ ជាមួយអាជ្ញាធររបបក្រុងភ្នំពេញ ហើយក៏មានប្រទេសមួយចំនួន មានទំនងគិតគូរពីផលប្រយោជន៍របស់ប្រទេសនីមួយៗ។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា វិភាគថា លោក សម រង្ស៊ី អាចនឹងប្រើប្រាស់លិខិតឆ្លងដែនសញ្ជាតិបារាំងរបស់លោក នៅក្នុងពេលធ្វើដំណើរវិលត្រឡប់ទៅកម្ពុជាវិញដោយឆ្លងកាត់តាមបណ្ដាប្រទេសមួយចំនួនជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន នោះអាចជួបប្រទះនឹងរឿង២ គឺទី១អាចនឹងត្រូវចាប់ខ្លួននៅតាមប្រទេសមួយចំនួនមាន ប្រទេសឡាវ និងវៀតណាមជាដើម។ ប៉ុន្តែក៏អាចរួចផុតពីការចាប់ខ្លួនដែរនៅពេលលោក សម រង្ស៊ី វិលចូលតាមប្រទេសមួយចំនួនទៀតមានមានថៃ ម៉ាឡេស៊ី និងសិង្ហបុរីជាដើម៖ « គេអាចចាប់ ប្រសិនបើប្រទេសទាំងនោះ បានចុះកិច្ចព្រមព្រៀង ឬអនុស្សរណៈស្ដីពីបត្យាប័ន ករណីលោក សម រង្ស៊ី ជាករណីដោយឡែក ព្រោះគាត់មានសញ្ជាតិ២ គឺខ្មែរមួយបារាំងមួយ អ៊ីចឹងសមាជិកអាស៊ានដទៃទៀត ទោះបីជាមានកិច្ចព្រមព្រៀងបត្យាប័នជាមួយកម្ពុជា ក៏ដោយថៃអាចថា អត់ចាប់ដោយគេខ្លាចប៉ះពាល់ទំនាក់ទំនងរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលបារាំង អ៊ីចឹងគេអាចទុកធ្វើមិនដឹងមិនឮ»។
លើសពីនេះលោក ថាបណ្ដាប្រទេសក្នុងតំបន់អាស៊ានតែងឈរលើគោលការណ៍មិនជ្រៀតជ្រែកក៏អាចជាហេតុផលដែលបណ្ដាប្រទេសមួយចំនួនមិនចាប់ខ្លួនលោក សម រង្ស៊ី ដែរ។ បើតាមលោក ឯម សុវណ្ណារ៉ា មានប្រទេសមួយចំនួនមានកិច្ចព្រមព្រៀងជាមួយកម្ពុជា ស្ដីពី បត្យាប័ន ឬកិច្ចព្រមព្រៀងផ្ទេរអ្នកជាប់ទោសក្នុងនោះក៏មានប្រទេសថៃមួយដែរ។
លោក ឯម សុវណ្ណារ៉ា មើលឃើញទៀតថា ករណីបង្កើនការគំរាមកំហែងចំពោះសកម្មជនគណបក្សប្រឆាំងនៅតាមមូលដ្ឋាន ដោយការចាប់ខ្លួន ការកោះហៅ និងការធ្វើទុក្ខបុកម្នេញផ្សេងទៀតគឺដោយសារ តែលោក ហ៊ុន សែន បំភ័យពលរដ្ឋមិនឱ្យចូលរួមគាំទ្រជាមួយលោក សម រង្ស៊ី ដើម្បីកាត់បន្ថយការប្រឈមនឹងការងើបឡើងតវ៉ារបស់ពលរដ្ឋ៖ « អ្វីដែលគណបក្សកាន់អំណាចបារម្ភជាងគេនោះ គឺកម្លាំងប្រជាពលរដ្ឋ ដែលងើបឡើង ដែលតវ៉ា ដែលគាំទ្រលោក សម រង្ស៊ី ហ្នឹង បើកម្លាំងចលនាហ្នឹងកើនឡើង មានការចូលរួមច្រើនអាជ្ញាធរមានសមត្ថកិច្ច ក៏នៅតែអាចចាប់លោក សម រង្ស៊ី បានប៉ុន្តែវាជាចរន្តមួយ ដែលធ្វើអោយមានការប្រឈមដែលមិនមែនចំពោះតែលោក សម រង្ស៊ី ម្នាក់ទេ គឺប្រឈមនឹងប្រជាពលរដ្ឋដទៃទៀតច្រើន។ ប្រសិនបើរង់ចាំដល់មានការចាប់ខ្លួនលោក សម រង្ស៊ី ពេលហ្នុងមែន វាក៏អាចផ្ដួចផ្ដើមទៅដល់ការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងពលរដ្ឋ ដែលគ្មានអាវុធ វានឹងនាំឱ្យគណបក្សកាន់អំណាចខាតសំឡេងក្នុងនយោបាយច្រើនណាស់»។
លោក សុវណ្ណរ៉ា មើលឃើញទៀតថា របបក្រុងភ្នំពេញក៏ចង់សម្លាប់ជីវិតនយោបាយរបស់ លោក សម រង្ស៊ី តាមរយៈការទុកអោយលោក សម រង្ស៊ី ឋិតនៅកាន់តែឆ្ងាយពីឆាកនយោបាយកម្ពុជា។
« ករណីដែលគណបក្សកាន់អំណាចគេអាចសម្លុត គេអាចបំភ័យបានល្អជាងការប្រឈម ដូចករណីមានឥស្សរជននយោបាយ ពីសហគមន៍អឺរ៉ុបអមដំណើរលោក សម រង្ស៊ី នេះជាករណីមួយ ដែលគេមិនចង់ប្រឈមបញ្ហា ដែលប៉ះពាល់ទេ។ ប្រសិនបើពលរដ្ឋមិនចូលរួមច្រើន បានន័យថា លោក សម រង្ស៊ី កាន់តែឃ្លាតឆ្ងាយពីនយោបាយកាន់តែឃ្លាតឆ្ងាយពីប្រជាពលរដ្ឋហើយគណបក្សកាន់អំណាចអាចបន្សាបឥទ្ធិពលលោក សម រង្ស៊ី ករណីហ្នឹង។
លោក ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២ ខែ តុលា បានបញ្ជាក់ជាថ្មីថា បានបញ្ជូនដីកាតាមចាប់ខ្លួនលោក សម សង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទៅកាន់បណ្ដារដ្ឋសមាជិកអាស៊ានរួចរាល់ហើយ។ ស្របគ្នានេះលោក ហ៊ុន សែន ក៏បានព្រមានដល់អ្នកចូលរួមគាំទ្រ ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិនោះថាចូលរួមគំនិតក្បត់ជាតិ។
« ហើយអ្នកនៅក្នុងស្រុកកុំព្រហើនណាស់ កុំព្រហើន ដើរដល់ដំណាក់កាលចូលដល់រដ្ឋប្រហារដែលមានការគ្រោងទុកហើយ ការរៀបចំកម្លាំង បើអ្នកមិនខ្លាចអ្នកចូលរួមអ្នកនឹងមានទោស។ តែបើអ្នកបានជាជ្រុលចូលរួមអ្នកសារភាពឱ្យត្រង់អ្នករួចទោស។ »
អាស៊ីសេរីកំពុងរង់ចាំចម្លើយពីបណ្ដាប្រទេសជាសមាជិកអាស៊ានទាំង១០ប្រទេស ដើម្បីទទួលបានព័ត៌មានថាតើប្រទេសណាខ្លះបានទទួលដីកាពីរបបក្រុងភ្នំពេញហើយប្រទេសណាមិនទាន់ទទួល? និងថា តើគេអាចចាត់វិធានការតាមការស្នើសុំនោះដែរឬទេ?
ចំពោះ លោក ឯម សុវណ្ណរ៉ា នៅតែមើលឃើញថា របបក្រុងភ្នំពេញកំពុងបង្ហាញចេតនាគំរាមថា ចាប់ខ្លួនច្រើនជាងចេតនាចង់ចាប់ខ្លួនពិតប្រាកដ ដ្បិតរបបនេះ អាចចាប់លោក សម រង្ស៊ី ពេលណាក៏បាននៅពេលបើកអោយចូលទៅក្នុងទឹកដីកម្ពុជា ដោយមិនចាំបាច់បង្វែរការចាប់ខ្លួននេះឱ្យការទទួលខុសត្រូវ ឬសទៅជាវិធានការរបស់រដ្ឋជាសមាជិកអាស៊ានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។