២៥ឆ្នាំក្រោយព្រឹត្តិការណ៍គប់គ្រាប់បែកសម្លាប់ក្រុមបាតុករ មេកងអង្គរក្សលោក ហ៊ុន សែន គំរាមថា លោកត្រៀមប្រើ «បង់ត្រឡោក» (កាំភ្លើងយន្ត) កម្ទេចអ្នកដែលចោទលោកថា បានជាប់ពាក់ព័ន្ធក្នុងករណីនេះ។ សារគំរាមនេះ កើតមានឡើងស្របពេលដែលតុលាការបារាំងចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក និងលោក ហ៊ុយ ពិសិដ្ឋ ក្នុងសំណុំរឿងគប់គ្រាប់បែកលើក្រុមបាតុករអហិង្សាកាលពីឆ្នាំ១៩៩៧ ដឹកនាំដោយលោក សម រង្ស៊ី។ មន្ត្រីសិទ្ធិមនុស្សអន្តរជាតិជំរុញឱ្យរដ្ឋាភិបាលបារាំងស្នើឱ្យអឺរ៉ុប និងប៉ូលិសអន្តរជាតិអាំងទែរប៉ូល(Interpol) ចេញនិវេទក្រហម (Red Notice) ចាប់ខ្លួនបុគ្គលកម្ពុជាទាំងពីររូបនេះ។
សម្រាប់ខួប ២៥ឆ្នាំក្រោយព្រឹត្តិការណ៍គប់គ្រាប់បែកលើក្រុមបាតុករកាលពីខែមីនា ឆ្នាំ១៩៩៧ មេកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង ពុំមានសារអ្វីជូនទៅជនរងគ្រោះដែលរំឮកខួបនេះទេ។ ក៏ប៉ុន្តែ លោកបានគំរាមថា លោកនឹងមិនទុកជីវិតឱ្យអ្នកទាំងឡាយណា ដែលចោទលោកថា លោកបានជាប់ពាក់ព័ន្ធនឹងករណីគប់គ្រាប់បែកនេះ ព្រោះកន្លងទៅលោកធ្លាប់បានពន្យល់ព្រឹត្តិការណ៍គប់គ្រាប់បែកនេះទៅភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) របស់អាមេរិករួចអស់ហើយ៖ « អត់មានពាក់ព័ន្ធអីទេ គ្រាន់តែសួរ។ ខ្ញុំបានធ្លាប់ជួបដែរ ជួប១០លើក។ បំភ្លឺគាត់អស់ហើយ អត់មានជាប់ទាក់ទិន រវីរវល់អី វាអត់ដឹងរឿងអីគេផង។ វាអត់សោះតែម្តង វាអត់មានពាក់ព័ន្ធអីទេ។ ឥឡូវមើល ប្អូនឯងយករូបថតណាដែលយើងឈរបង្ហាញឱ្យខ្ញុំបន្តិចមើល។ រូបថតដែលខ្ញុំឈរបោក មើលយកឱ្យខ្ញុំមើលបន្តិច។ មានទេ ? មានរូបថតណាដែលជាអំណះអំណាងថា ខ្ញុំឈរ បោកគ្រាប់បែក យកមកឲ្យខ្ញុំមើលបន្តិចបានទេប្អូន ? យកមក ខ្ញុំក៏ប្រុងប្រៀបដែរ អត់អីទេ។ ខ្ញុំត្រៀមៗដូចគ្នា អាបង់ត្រឡោកតែម្តងលើកនេះ អត់មានទុកទេ អាណាមកចោទអញ ចោទតែផ្តេសតែផ្តាសតែម្តងហា។ អត់យល់ព្រម អីជាមួយហ្អែងទេ មកចោទចឹងៗអី។ បងធ្វើតែបុណ្យទេ។ អត់មាន ទៅពាក់ព័ន្ធអី ជាមួយ ហ្អែងទេ »។
តុលាការបារាំងកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បានចេញដីកាបង្គាប់ឱ្យអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលោក ហ៊ុយ ពិសិដ្ឋ និងលោក ហ៊ីង ប៊ុនហៀង ចេញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ដោយសារតែតួនាទីរបស់ពួកលោកនៅពីក្រោយផែនការ និងការរៀបចំអំពើវាយប្រហារដោយគ្រាប់បែកកាលពីឆ្នាំ១៩៩៧។ តុលាការបារាំងបញ្ជាក់ដែរថា ខ្លួនក៏បានចេញដីកាកោះហៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យមកឆ្លើយបំភ្លឺជុំវិញតួនាទីរបស់លោកក្នុងអំពើវាយប្រហារដោយគ្រាប់បែកនេះ តែរដ្ឋាភិបាលបារាំងបានជំទាស់មិនបញ្ជូនបន្តមកឱ្យកម្ពុជា ក្រោមហេតុផលថា លោក ហ៊ុន សែន ជាថ្នាក់ដឹកនាំរដ្ឋមួយដែលមាន «អភ័យឯកសិទ្ធិ»។
ផ្អែកតាមដីការបស់តុលាការបារាំង ចៅក្រមបានសន្និដ្ឋានថា៖ « វា ទំនងដូចជាថា លោក ហ៊ុយ ពិសិដ្ឋ និងលោក ហ៊ីង ប៊ុនហៀង ដែលកាលណោះពួកលោកជាប្រធាន និងអនុប្រធានកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរៀបចំ និងអនុវត្តផែនការវាយប្រហារដោយគ្រាប់បែកកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅក្រុងភ្នំពេញ ដោយដាក់គោលដៅទៅលើលោក សម រង្ស៊ី។ លោក ហ៊ុយ ពិសិដ្ឋ បានដាក់ពង្រាយមនុស្សរបស់លោក ប្រដាប់ដោយអាវុធ ក្នុងឯកសណ្ឋានត្រៀមប្រយុទ្ធ។ កងកម្លាំងរបស់លោកទាំងនោះ ត្រូវបានបញ្ជាឱ្យឈរជើងក្នុងចម្ងាយមិនឆ្ងាយប៉ុន្មានពីក្រុមបាតុករ ដើម្បីឱ្យពួកគេអាចជួយសម្រួលដល់ការរត់គេចខ្លួនរបស់អ្នកចោលគ្រាប់បែក និងរារាំងអ្នកទាំងឡាយណាដែលព្យាយាមដេញតាមចាប់ពួកគេ។ លោក ហ៊ីង ប៊ុនហៀង ជាអ្នកជ្រើសរើសអ្នកចោលគ្រាប់បែក ។ កងអង្គរក្សលោក ហ៊ុន សែន ស្ថិតក្រោមបញ្ជាដោយផ្ទាល់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឬដោយលោក ហ៊ុយ ពិសិដ្ឋ កាលពីពេលនោះ។ លោក ហ៊ុយ ពិសិដ្ឋ បានប្រាប់ភ្នាក់ងារ FBI ថា លោកបានទទួលបញ្ជាឱ្យពង្រាយកងកម្លាំងនៅទីនោះ ពីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន »។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងលោក ហ៊ុយ ពិសិដ្ឋ ដែលមានឈ្មោះក្នុងដីកានេះ ក៏ប៉ុន្តែ លោកបានចុចផ្តាច់ទូរស័ព្ទកាលពីល្ងាចថ្ងៃទី២២ ខែមីនា និងមិនលើកទូរស័ព្ទនៅថ្ងៃបន្ទាប់។ វិទ្យុអាស៊ីសេរី ក៏បានទាក់ទងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមឃឿន ដើម្បីសុំការបកស្រាយជុំវិញករណីសំណុំរឿងគប់គ្រាប់បែកនេះ ក៏ប៉ុន្តែពុំទទួលបានការឆ្លើយតប។ ចំណែក អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាលលោក កត្តា អ៊ន អះអាងថា សមត្ថកិច្ចកម្ពុជា និងភាគី FBI បានធ្វើកិច្ចការនេះជាយូរឆ្នាំមកហើយ ហើយសមត្ថកិច្ចកំពុងតែប្រឹងប្រែងធ្វើបន្តទៅទៀត ដើម្បីស្វែងរកជនល្មើសមកអនុវត្តច្បាប់។ លោក កត្តា អ៊ន ថាតុលាការបារាំងពុំមានសមត្ថកិច្ចមកបង្ខំឱ្យកម្ពុជាអនុវត្តដីកានេះឡើយ៖ « ខ្ញុំយល់ថា វាជាសិទ្ធិនៅក្នុងក្របខណ្ឌច្បាប់ប្រទេសបារាំង ប៉ុន្តែកម្ពុជាយើងក៏យើងមានរដ្ឋធម្មនុញ្ញនៅក្នុងការការពារប្រជាពលរដ្ឋខ្មែរ។ យើងមានប្រព័ន្ធតុលាការខ្មែរ រដ្ឋាភិបាល សភា របស់ខ្មែរ។ ដូច្នេះហើយ នេះជារឿងបុគ្គលមួយដែលមានសញ្ជាតិពីរ គាត់ទៅប្រព្រឹត្តិទៅប្តឹងនៅទីណា អាហ្នឹងជារឿងសមត្ថកិច្ចប្រទេសគេ។ ប៉ុន្តែ ខ្ញុំយល់ថា ដែនសមត្ថកិច្ចបារាំង វាមិនអាចមកធ្វើអ្វីចំពោះអ្វីដែលមាននៅក្នុងដីកាបារាំងមកលើជនជាតិកម្ពុជាយើងបានទេ »។
ការអះអាងរបស់លោក កត្តា អ៊ន ដែលថា សមត្ថកិច្ចកម្ពុជាកំពុងតែប្រឹងប្រែងស្វែងរកជនល្មើសមកអនុវត្តតាមច្បាប់នោះ ទំនងជាមិនអាចជឿទុកចិត្តបានទេ ដោយសារតែក្នុងរយៈពេល២៥ឆ្នាំកន្លងទៅនេះ គេមិនដែលឃើញសមត្ថកិច្ចកម្ពុជាបង្ហាញលទ្ធផលនៃការស៊ើបអង្កេតណាមូយពីសំណុំរឿងឃាតកម្មនេះទេ។
តុលាការបារាំងបានចេញដីកាឱ្យចាប់ខ្លួនបុគ្គលកម្ពុជាទាំងពីរនេះ ក្រោយពីមានបណ្តឹងរបស់លោក សម រង្ស៊ី និងភរិយា អ្នកស្រី ជូឡុង សូមូរ៉ា ដែលជាជនរងគ្រោះនៅសំណុំរឿងគប់គ្រាប់បែកនេះក្នុងពេលលោកដឹកនាំបាតុកម្មទាមទារឱ្យមានកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ ព្រឹត្តិការណ៍គប់គ្រាប់បែកនេះបានបានបណ្តាលឱ្យមនុស្ស ១៦នាក់ស្លាប់ និងមនុស្សប្រមាណ ១៥០នាក់ទៀត រងរបួសធ្ងន់ និងស្រាល ក្នុងនោះក៏រួមមាន កុមារ និងជនជាតិអាមេរិកាំងម្នាក់ផង។
លោក សម រង្ស៊ី ពន្យល់ប្រាប់ វិទ្យុអាស៊ីសេរី ថា តុលាការបារាំងបានចេញសេចក្តីសន្និដ្ឋាននេះ ដោយផ្អែកតាមភស្តុតាង និងសាក្សីជាច្រើន។ លោកអះអាងថា ក្រៅពីលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ អ្នកដែលនៅពីក្រោយបញ្ជាឱ្យជនដៃដល់បោកគ្រាប់បែក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ « អ្វីដែលគេរកឃើញក្នុងការសន្និដ្ឋានរបស់គេ មិនមែនទាន់សន្និដ្ឋានជាស្ថាពរទេ គ្រាន់តែថា គេប្រមូលភស្តុតាង គេស្តាប់សាក្សី គេបង្ហាញសញ្ញាតម្រុយជាច្រើន មិនអាចប្រកែកបាន ថាអ្នកដែលរៀបចំការវាយប្រហារដោយគ្រាប់បែកដៃនោះ គឺអង្គរក្សលោក ហ៊ុន សែន ហើយដល់សួរនាំទៅ ម៉ិញខ្ញុំនិយាយថា ទាហានដែលខ្ញុំនឹកស្មានថា គេមកការពារយើង មានមួកដែក មានសំណាញ់ មានកាំភ្លើងធំ កាំភ្លើងតូចស្អីៗហ្នុង គេស្រាវជ្រាវទៅ វាអត់អីពិបាកទេ។ គេដឹងថា នេះជាអង្គរក្សលោក ហ៊ុន សែន ចេញមកពីបន្ទាយដែលនៅជាប់ផ្ទះលោក ហ៊ុន សែន ហើយដែលលោក ហ៊ុន សែន ជាអ្នកបញ្ជា។ ក្រោមលោក ហ៊ុន សែន មានមេអង្គរក្សឈ្មោះ ហ៊ុយ ពិសិដ្ឋ ហើយនឹងរងគាត់ឈ្មោះ ហ៊ីង ប៊ុនហៀង។ ហើយគេ សន្និដ្ឋានថា ជនដៃដល់នោះ គឺច្បាស់ជា ទទួលបញ្ជា ពី ហ៊ុន សែន ហើយ ពីព្រោះមិនហ៊ាន ហើយមិនអាចធ្វើអី បើលោក ហ៊ុន សែន មិនបញ្ជាផ្ទាល់ទេ ពីព្រោះជា ការទទួលខុសត្រូវ ធំណាស់ ធ្ងន់ណាស់ ឱ្យគេទៅបោះគ្រាប់បែកលើក្រុមមនុស្សរាប់រយនាក់ គឺច្បាស់ជាត្រូវស្លាប់មនុស្ស ហើយរបួសមនុស្សច្រើន »។
ការសន្និដ្ឋានថា លោក ហ៊ុន សែន ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងគប់គ្រាប់បែកនេះ ក៏ត្រូវមន្ត្រីសិទ្ធិមនុស្សអន្តរជាតិ ដែលជាសាក្សីសំខាន់មួយរូបនៅតុលាការបារាំងពាក់ព័ន្ធនឹងសំណុំរឿងនេះ យល់ស្របតាមដែរ។ នាយកទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រេដ អាដាមស៍ (Brad Adams) ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២២ ខែកុម្ភៈ ថា អតីតរដ្ឋមន្ត្រីយុត្តិធម៌មកពីគណបក្សប្រជាជនកម្ពុជា គឺលោក ចែម ស្ងួន ធ្លាប់ប្រាប់លោកដោយផ្ទាល់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាអ្នកនៅពីក្រោយផែនការបញ្ជាឱ្យគប់គ្រាប់បែកសម្លាប់ក្រុមបាតុករនៅពេលនោះ៖ « បន្ទាប់មក លោក ចែម ស្ងួន បាននិយាយដល់អំពើវាយប្រហារដោយគ្រាប់បែក។ ខ្ញុំបានសួរនាំគាត់អំពីរឿងនោះ ហើយលោកបាននិយាយថា លោកក៏បានខឹងសម្បារនឹងលោក ហ៊ុន សែន ដែរដែលបានបញ្ជាឱ្យធ្វើយ៉ាងដូច្នេះ។ វាពិតជាមិនចាំបាច់ទាល់តែសោះដែលត្រូវធ្វើដូច្នេះ ។ ខ្ញុំច្បាស់ណាស់ថា លោក ចែម ស្ងួន គិតថា ការបោកគ្រាប់បែកនេះ គឺខុស ទាំងផ្នែកសីលធម៌ និងផ្លូវច្បាប់ ហើយលោកក៏គិតថា វាមិនមែនជារឿងរ៉ាវឆ្លាតវៃទាល់តែសោះក្នុងការធ្វើដូច្នេះ ហើយវានឹងរឹតតែធ្វើឱ្យគណបក្សប្រជាជនកម្ពុជាមានឈ្មោះកាន់តែអាក្រក់ខ្លាំងឡើង។ គាត់បានប្រាប់ខ្ញុំថា លោក ហ៊ុន សែន ជាអ្នកចេញបញ្ជាឱ្យធ្វើដូច្នេះ។ លោក ចែម ស្ងួន ថា លោកពិតជាសោកស្ដាយមែនទែន »។
លោក ប្រេដ អាដាមស៍ បន្តថា ប្រធានប្តូរវេនអាស៊ាន គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងរងនូវការចោទប្រកាន់ដោយប្រយោលពីសំណាក់តុលាការបារាំងថា បានប្រព្រឹត្ត «អំពើសម្លាប់មនុស្សទ្រង់ទ្រាយធំ» ក្នុងសំណុំរឿងគប់គ្រាប់បែកនេះ។ លោកអះអាងថា បើកុំតែលោក ហ៊ុន សែន មានអភ័យឯកសិទ្ធិទេ កុំអីលោក ហ៊ុន សែន ខ្លួនឯងក៏អាចប្រឈមនឹងដីកាបង្គាប់ឱ្យចាប់ខ្លួនដែរ៖ « យើងនឹងធ្វើឱ្យរឿងនេះត្រូវបានគេដឹងឮជាទូទៅជាពិសេសក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិថា ប្រធានប្តូរវេនអាស៊ានត្រូវបានចោទប្រកាន់ដោយប្រយោលពីសំណាក់តុលាការបារាំងថាបានប្រព្រឹត្តអំពើសម្លាប់មនុស្សទ្រង់ទ្រាយធំ។ ប្រាកដណាស់ថា លោកបានរងនូវការចោទប្រកាន់បែបនេះពីសំណាក់ក្រុមមនុស្សជាច្រើនក្នុងរយៈពេលជាច្រើនឆ្នាំមកហើយជុំវិញរឿងរ៉ាវជាច្រើន។ ប៉ុន្តែ វាជារឿងខុសប្លែកពីលើកមុនៗដែលតុលាការបារាំងបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនកូនចៅរបស់ លោកនាពេលនេះ ។ ខ្ញុំគិតថា ការណ៍នេះនឹងធ្វើឱ្យលោក ហ៊ុន សែន ទទួលបាន ការចាប់អារម្មណ៍ ខ្លាំងពាក់ព័ន្ធនឹងសម្លាប់មនុស្សនេះ។ វានឹងក្លាយជារឿងរ៉ាវអាម៉ាស់សម្រាប់អាស៊ានទាំងមូល។ វានឹងធ្វើឱ្យកម្ពុជារឹតតែបាក់មុខមាត់ ហើយនឹងធ្វើឱ្យរដ្ឋាភិបាលប្រទេសនានាគិតគូរឡើងវិញកាន់តែខ្លាំងថាតើពួកគេត្រូវមានទំនាក់ទំនងយ៉ាងណាជាមួយលោក ហ៊ុន សែន »។
[សូមចុចត្រង់នេះដើម្បីអានអត្ថបទ និងស្តាប់បទសម្ភាសន៍លម្អិតជាមួយលោក ប្រេដ អាដាមស៍៖ ភាគទី ១៖មន្ត្រីសិទ្ធិមនុស្សអន្តរជាតិថា នឹងជំរុញឱ្យស្ថាប័នប៉ូលិសអន្តរជាតិ ឬ អាំងទែរប៉ូល (Interpol) ចេញនិវេទន៍ក្រហមតាមចាប់ខ្លួនមេកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមដីការបស់តុលាការបារាំង, ភាគទី ២៖ លោក ប្រេដ អាដាមស៍ ទម្លាយថា អតីតរដ្ឋមន្ត្រីយុត្តិធម៌ប្រាប់លោកថា លោក ហ៊ុន សែន នៅពីក្រោយការបញ្ជាឱ្យគប់គ្រាប់បែកសម្លាប់បាតុករកាលពី២៥ឆ្នាំមុន, និង ភាគបញ្ចប់៖ លោក ប្រេដ អាដាមស៍៖ «លោក ហ៊ុន សែន អាចប្រឈមនឹងដីកាចាប់ខ្លួន បើមិនព្រមចូលឆ្លើយបំភ្លឺនៅតុលាការបារាំងពេលអស់អំណាច»]
មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិរូបនេះ ជំរុញឱ្យរដ្ឋាភិបាលបារាំងស្នើឱ្យអឺរ៉ុបចេញដីកាចាប់ខ្លួននៅទូទាំងសហភាពអឺរ៉ុប និងស្នើទៅប៉ូលិសអន្តរជាតិ ឬអាំទែរប៉ូល ចេញនិវេទន៍ក្រហមតាមចាប់ខ្លួនបុគ្គលកម្ពុជាទាំងពីររូបនេះ។ លោក ប្រេដ អាដាមស៍ (Brad Adams) ពន្យល់ប្រាប់ វិទ្យុអាស៊ីសេរី ថា ដីកានេះនឹងធ្វើឱ្យលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ព្រមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនឯងផង អាចប្រឈមនឹង «ទណ្ឌកម្មបន្ថែម» ពីសហគមន៍អន្តរជាតិ។
អង្គការអន្តរជាតិជាច្រើន ក្នុងនោះរួមមាន អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (HRW) និង ការិយាល័យឧត្តមស្នការអង្គការសហប្រជាជាតិប្រចាំកម្ពុជា សុទ្ធតែធ្លាប់កត់សម្គាល់ថានៅថ្ងៃកើតហេតុនោះ មានភាពមិនប្រកតីមួយចំនួនបានកើតឡើង ដូចជាថា ប៉ូលិសដែលមានវត្តមានក្រោយពេលផ្ទុះគ្រាប់បែកនោះ ពុំបានអន្តរាគមន៍ជួយដល់ជនរងគ្រោះ និងអ្នកស្លាប់នោះភ្លាមៗទេ បើទោះជាមានការអង្វករពីអ្នកឃើញហេតុការណ៍នោះក៏ដោយ។ ម្យ៉ាងវិញទៀត ក៏មានការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ ខ្លះក្នុងឯកសណ្ឋានអង្គរក្សលោក ហ៊ុន សែន នៅមិនឆ្ងាយប៉ុន្មានពីកន្លែងធ្វើបាតុកម្មនេះ ដែលសាក្សីជាច្រើនបានរាយការណ៍ថា ជនល្មើសជាអ្នកគប់គ្រាប់បែកបានរត់ចូលទៅទីតាំងនោះ ហើយកងកម្លាំងប្រដាប់អាវុធទាំងនោះបានបើកដៃឱ្យពួកគេគេចខ្លួន និងថែមទាំងគំរាមបាញ់អ្នកដែលរត់តាមចាប់ជនល្មើសផង។
ចំណែក របាយការណ៍ដាក់ជូនគណៈកម្មាធិការកិច្ចការអន្តរជាតិនៃព្រឹទ្ធសភាអាមេរិក កាលពីខែតុលា ឆ្នាំ១៩៩៩វិញ បានសន្និដ្ឋានថា សមាជិកនៃកងអង្គរក្សរបស់លោក ហ៊ុន សែន បានចូលរួមនៅក្នុងផែនការ និងអនុវត្តអំពើវាយប្រហារថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧នោះ។ របាយការណ៍បន្តថា លោក ហ៊ុន សែន គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សពីរនាក់ដែលមានអំណាចបញ្ជាទៅលើក្រុមកងអង្គរក្ស ដែលប្រាកដជាបានដឹង និងបានយល់ព្រមឱ្យមានអំពើវាយប្រហារនេះឡើង។ របាយការណ៍ដដែលបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកមានភស្តុតាងគ្រប់គ្រាន់ដែលអាចបញ្ជាក់បានអំពីការសន្និដ្ឋានខាងលើនេះ។ ក៏ប៉ុន្តែពុំបានចាត់វិធានការអ្វីជុំវិញបញ្ហានេះ។
ការណ៍ដែលលោក ហ៊ីង ប៊ុនហៀង គំរាមប្រើកាំភ្លើងយន្តកម្ទេចអ្នកដែលចោទលោកថា លោកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍គប់គ្រាប់បែកឆ្នាំ១៩៩៧នេះ មិនមែនជាលើកទី១ទេ។ កាលពីឆ្នាំ១៩៩៧ ក្នុងពេលឆ្លើយទៅនឹងសំណួររបស់អ្នកកាសែតជុំវិញការចោទប្រកាន់នេះ លោក ហ៊ីង ប៊ុនហៀង បានឆ្លើយតបទាំងកំហឹងថា «ប្រាប់ពួកគេទៅថាខ្ញុំចង់សម្លាប់ពួកគេ។ ចុះផ្សាយទៅថា ខ្ញុំជាមេកងអង្គរក្ស ខ្ញុំនិយាយអញ្ចឹង។ ខ្ញុំខឹងណាស់»។
២៥ឆ្នាំក្រោយអំពើវាយប្រហារដោយគ្រាប់បែកនេះ គ្មានឡើយយុត្តិធម៌សម្រាប់ជនរងគ្រោះនៅកម្ពុជា។ គ្មានជនល្មើសណាម្នាក់ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនយកមកផ្តន្ទាទោសនៅឡើយទេ។ ក៏ប៉ុន្តែ ដីកាបង្គាប់ឱ្យចាប់ខ្លួនមេកងអង្គរក្សលោក ហ៊ុន សែន ចេញដោយតុលាការបារាំងនាពេលនេះ គឺជាចំណុចរបត់ថ្មីមួយ ដែលថាពន្លឺនៃយុត្តិធម៌ដែលហាក់នៅឆ្ងាយដូចជើងមេឃនៅឡើយអាចនឹងមាននៅពេលណាមួយក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អស់អំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។