មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន អំពាវនាវជាថ្មីម្ដងទៀត ឱ្យសហរដ្ឋអាមេរិក និងរុស្ស៊ីលុបចោលបំណុល ឬបង្វែរបំណុលទាំងនោះ មកជាជំនួយអភិវឌ្ឍន៍ដល់កម្ពុជាវិញ។ អ្នកឃ្លាំមើលយល់ថា សហរដ្ឋអាមេរិកអាចពិចារណាលុបបំណុលនេះ ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន ពង្រឹងទំនាក់ទំល្អជាមួយអាមេរិកឡើងវិញ និងវិលមកផ្លូវគោរពសិទ្ធិមនុស្សប្រជាធិបតេយ្យ ឬការចរចានយោបាយឡើងវិញជាមួយបក្សប្រឆាំង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់អះអាងថា រដ្ឋាភិបាលលោកមិនខ្វះលុយចាយនោះ ពេលនេះបែរជាត្អូញត្អែរពីបញ្ហាបំណុលដែលជំពាក់សហរដ្ឋអាមេរិកទៅវិញ។ លោកថ្លែងនៅថ្ងៃទី១០ មេសាថា ពេលនេះលុយកម្ពុជាជំពាក់សហរដ្ឋអាមេរិក ការប្រាក់បានឡើងស្មើប្រាក់ដើមទៅហើយ។ លោកស្នើទៅសហរដ្ឋអាមេរិកគួរមានវិធីដោះបំណុលនេះដូចប្រទេសជប៉ុន ដែលបានអនុវត្តលើកម្ពុជា គឺការផ្ដល់ទំនិញឱ្យកម្ពុជាលក់ ហើយពេលលក់បានលុយយកលុយនោះមកជួយអភិវឌ្ឍន៍កម្ពុជាទៀត៖ «លន់ នល់ ខ្ចីមិនដឹងយកទៅប្រើនៅឯណា ? ទិញគ្រាប់ទម្លាក់ពេញតែស្រុកខ្មែរ ឥឡូវបញ្ហាសំខាន់របស់យើងគឺថា យកពូថៅវាយយើងហើយ វាយបែកក្បាលហើយ ទាមទារឱ្យយើងជូតពូថៅដែលប្រឡាក់ដោយឈាមយើងទៅទៀត»។
លោកឱ្យដឹងដែរថា លោកបរាជ័យបីដងមកហើយក្នុងការចរចាជាមួយអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា (Barack Obama) រឿងលុបបំណុលនេះ ដោយលោកអូបាម៉ា និយាយថា លោកពិបាកនិយាយជាមួយព្រឹទ្ធសភានិងរដ្ឋសភាអាមេរិកពីសំណើលុបបំណុលនេះ។
មកដល់ពេលនេះ បំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកនៅក្នុងសម័យសាធារណរដ្ឋខ្មែរគិតទាំងដើមទាំងចុងគឺជិត ៥០០លានដុល្លារ។ អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក វីល្លៀម ហៃដ្ដ (William Heidt) ធ្លាប់អះអាងកាលពីឆ្នាំ២០១៧ ថា សហរដ្ឋអាមេរិកមិនដែលបានពិភាក្សា ឬពិចារណាដល់ការលុបចោលបំណុល ដែលកម្ពុជាជំពាក់នោះទេ។ ជាពិសេស ការលុបចោលបំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកនោះមិនមែនជាប្រធានបទ ដែលសហរដ្ឋអាមេរិកដាក់លើតុដើម្បីពិភាក្សានោះទេ ប៉ុន្តែលោកថា សហរដ្ឋអាមេរិកលើកទឹកចិត្តឲ្យមានការចរចា ដើម្បីឈានដល់ការដោះស្រាយបញ្ហាបំណុលនេះ។
ក្រៅពីស្នើទៅអាមេរិកហើយ លោក ហ៊ុន សែន ក៏ស្នើទៅប្រទេសរុស្ស៊ីឱ្យលុបចោលបំណុលដែលកម្ពុជាជំពាក់កាលពីមុននោះដែរ។ បំណុលកម្ពុជាជំពាក់រុស្ស៊ីទាំងដើមទាំងការ គឺជាងមួយពាន់ប្រាំរយលានដុល្លារ (១.៥០០)។ មន្ត្រីរុស្សីធ្លាប់និយាយថា រុស្ស៊ីមិនអាចបញ្ចប់បំណុលនេះដោយងាយៗ នោះទេ។
ទាក់ទងនឹងសំណើរបស់លោក ហ៊ុន សែន ឱ្យលុបចោលបំណុលនេះ ទាំងស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា មិនទាន់មានប្រតិកម្មតបនៅឡើយទេ នៅថ្ងៃដដែលនេះ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវេ (Norway) លោក ម៉ែន ណាត យល់ថា មានកក្ដាសំខាន់ៗ ពីរដែលអាមេរិកអាចលុបបំណុលនេះ គឺកម្ពុជាត្រូវមានទំនាក់ទំនងការទូតល្អជាមួយអាមេរិកឡើងវិញ ដោយការកែលម្អស្ថានភាពយ៉ាប់យ៉ឺនផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ លោកពន្យល់ថា ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដែលសហរដ្ឋអាមេរិកចង់បានពេលនេះ គឺការចរចាផ្នែកនយោបាយ និងការអនុញ្ញាតឱ្យមេដឹកនាំគណបក្សសង្គ្រោះជាតិអាចធ្វើនយោបាយឡើងវិញ និងការដោះលែងសកម្មជននយោបាយអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនបរិស្ថានជាដើម៖ « បញ្ហាដែលសហរដ្ឋអាមេរិកចង់បាន គឺដូចទៅនឹងសហភាពអឺរ៉ុបចង់បានអ៊ីចឹង គឺសម្រួលស្ថានភាពនយោបាយដែលកំពុងមានវិបត្តិបច្ចុប្បន្នឱ្យប្រក្រតីឡើងវិញ ហើយបញ្ហាសព្វថ្ងៃហ្នឹងគឺ រដ្ឋាភិបាលកម្ពុជាបានរំលាយចោលនូវរចនាសម័្ពន្ធបក្សប្រឆាំង ហើយចាប់មេដឹកនាំបក្សប្រឆាំង និងអ្នកទោសមនសិកាជាច្រើនទៀត អ៊ីចឹងលក្ខខណ្ឌអស់ហ្នឹង ត្រូវសម្រួលឡើងវិញទាំងអស់ដើម្បីអាចជជែករឿងបំណុលបាន » ។
ចំណែកអ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា វិញ លោកសង្កេតឃើញថា កម្ពុជាមិនទាន់មានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យត្រឹមត្រូវតាមគោលការណ៍ជាសកលនៅឡើយទេ។ លោកថា អង្គការសង្គមស៊ីវិលមិនចង់ឃើញរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដោយការដោះដូរតាមរយៈបំណុលនោះទេ។ លោកយល់ថា រដ្ឋាភិបាលគួរអនុវត្តគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាសកលដោយខ្លួនឯង៖ «យើងចង់ឃើញរដ្ឋាភិបាលស្វែងយល់នូវអ្វីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋការអនុវត្តន៍ការគោរពតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យឱ្យបានពិតប្រាកដត្រឹមត្រូវហ្នឹងដោយខ្លួនឯង » ។
ជាញឹកញាប់សហរដ្ឋអាមេរិកតែងប្រាប់ទៅរដ្ឋាភិបាលកម្ពុជាឲ្យស្ដារប្រជាធិបតេយ្យឡើងវិញ ដោយទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយប្រឆាំងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត។ អាមេរិកក៏ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបញ្ចប់ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងក្រោមហេតុផលនយោបាយ ដើម្បីយាយីពលរដ្ឋរបស់ខ្លួនផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។