លោក ហ៊ុន សែន ធ្វើ​ដំណើរ​ទៅ​ព្យាបាល​ភ្នែក​នៅ​ជប៉ុន

អតីត​​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី៩ មករា បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ជប៉ុន​ដើម្បី​ផលិត​កែវ​ភ្នែក​សិប្បនិម្មិត​នៅ​ទី​នោះ។ អម​ដំណើរ​លោក ហ៊ុន សែន គេ​ឃើញ​មាន​កូន​ប្រុស​ស្រី​បង្កើត​ និង​កូន​ប្រសា ព្រម​ទាំង​ចៅៗ​មួយ​ចំនួន។

លោក ហ៊ុន សែន សរសេរ​នៅ​លើ​ទំព័រ​ហ្វេសហ៊ុក (Facebook) ថា លោក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន ដើម្បី​ផលិត​កែវ​ភ្នែក​សិប្បនិម្មិត ដែល​លោក​បាន​ប្រើប្រាស់​អស់​រយៈ​ពេល​៣៤ឆ្នាំមក​ហើយ​។ លោក ហ៊ុន សែន ក៏​បាន​អរគុណ​រដ្ឋាភិបាល និង​គ្រូពេទ្យ​ជប៉ុន ដែល​ជួយ​មើល​ថែ​ទាំ​ភ្នែក​របស់​លោក​កន្លង​មក។

សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក លី ចាន់ដារ៉ាវុត កត់​សម្គាល់​ឃើញ​ថា មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ និង​ថ្នាក់​នាំ​រដ្ឋ​គួរ​តែ​​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ក្នុង​ប្រទេស​ខ្លួន ដើម្បី​ស្វែង​យល់​ពី​ភាព​ខ្វះខាត​ដែល​ប្រព័ន្ធ​សុខាភិបាល​កំពុង​ជួប​ប្រទះ។ លោក លី ចាន់ដារ៉ាវុត ថា ពលរដ្ឋ​ខ្មែរ​នៅ​មិន​ពេញ​ចិត្ត​ចំពោះ​​សេវា​សុខាភិបាល​ កង្វះខាត​សម្ភារៈ ហើយ​ពលរដ្ឋ​ចង់​ឃើញ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​នេះ។

លោក លី ចាន់ដារ៉ាវុត៖«កាល​ណា​យើង​មិន​ប្រើប្រាស់​ប្រព័ន្ធ​សុខាភិបាល​ក្នុង​ស្រុក វា​ហាក់​បី​ដូច​ជា​បង្ហាញ​អំពី​សង្គម​ដែរ ពីព្រោះ​ប្រព័ន្ធ​សុខាភិបាល​យើង​ធ្វើ​ឡើង​មក​គុណភាព​នៅ​មាន​កម្រិត​ ហើយ​​វា​ធ្វើ​ហាក់​បី​ដូច​ជា អ្នក​មិន​មាន​ជម្រើស​ទៅ​ព្យាបាល​នៅ​ក្រៅ.ប៉ុន្តែ សម្រាប់​អ្នក​មាន​លុយ​មាន​អំណាច គេ​អាច​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​បាន ហេតុនេះគេ​អត់​សូវ​ខ្វល់​អំពី​ការ​វិវឌ្ឍ​របស់​ប្រព័ន្ធ​សុខាភិបាល​នៅ​ក្នុង​ស្រុក​ទេ»។

កាល​ពី​ថ្ងៃ​ទី១១ ខែធ្នូ ឆ្នាំ២០១៩ លោក ហ៊ុន សែន បាន​អះអាង​ថា លោក​នឹង​មិន​ធ្វើដំណើរ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​​ពិនិត្យ និង​ព្យាបាល​ជំងឺ ទៀត​នោះ​ទេ នៅ​ពេល​ដែល​អាគារ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ថ្មី​ សាង​សង់ និង​បំពាក់​ឧបករណ៍​បច្ចេកទេស​ទំនើប​រួច​រាល់។

ទោះ​ជា​យ៉ាង​ណា គេ​សង្កេត​ឃើញ​ថា លោក ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​រត់​ទៅ​ទទួល​សេវា​ព្យាបាល​និង​ថែទាំ​សុខភាព​នៅ​ក្រៅ​ប្រទេស។ ជាក់​ស្ដែង កាលពី​ពាក់កណ្ដាល​ឆ្នាំ២០២២ អតីត​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង បាន​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​នៅ​ប្រទេស​បារាំង ចំណែក​លោក ហ៊ុន សែន ក៏​តែង​ទៅ​ទទួល​ការ​ព្យាបាល​ជំងឺ​នៅ​បរទេស​ដូចគ្នា​ដែរ។ ជាក់​ស្ដែង កាលពី​ខែ​ឧសភា​ឆ្នាំ២០២៣ លោក ហ៊ុន សែន បាន​ទម្លាយ​ថា លោក​បាន​លួច​ទៅ​វះកាត់​ចង្កេះ​នៅ​មន្ទីរពេទ្យ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី ៧ឆ្នាំ​មុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។