លោក ហ៊ុន សែន ពន្យុះ​អាមេរិក​ឱ្យ​ដាក់​ទណ្ឌកម្ម​​របបលោក​ឱ្យ​បាន​ឆាប់

0:00 / 0:00

លោក​​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បង្ហាញ​​មុខ​​ថ្លែងការណ៍​​ជាសាធារណៈឡើងវិញនៅថ្ងៃនេះ បន្ទាប់​ពី​​បាន​​ស្ងប់​ស្ងាត់​មួយ​រយៈ ដោយ​សារ​បញ្ហា​​សុខភាព និង​ហេតុផលដទៃ​​ទៀត។ លោក​​បាន​បញ្ចេញ​​​ប្រតិកម្ម​ឆ្លើយ​តប​នឹង​បញ្ហា​ជាច្រើន​ តាំង​ពី​​រឿង​ផ្ទាល់​ខ្លួន​​រហូត​​ដល់​រឿង​ប្រទេសជាតិ ជាពិសេស​លោក​​សង្កត់​ធ្ងន់​រឿង​ច្បាប់​ដាក់​​ទណ្ឌកម្ម​​របប​របស់​លោក។ អ្នក​វិភាគថា លោក​ ហ៊ុន សែន មិន​​ចាំបាច់​​ឌឺដង​ឱ្យ​សហរដ្ឋ​អាមេរិក​ទេ ព្រោះ​របបក្រុង​​ភ្នំពេញ​នឹងត្រូវ​រង​ទណ្ឌកម្ម​​ពី​អាមេរិកដោយ​ចៀស​មិន​រួច បើ​មិន​ព្រម​ស្តារស្ថានការណ៍​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នោះ។

អង្គុយ​នៅលើឆាក​​វេទិកាតែម្នាក់ឯង​​​ខ្ពស់​ជាងនរណាៗទាំងអស់ លោក ហ៊ុន សែន ដែល​មាន​​វ័យ​ជិត៧០ ឆ្នាំទៅហើយ​នោះ បាន​ពន្យុះសហរដ្ឋ​អាមេរិកឱ្យ​បង្កើត​ច្បាប់ H.R ៥២៦ ឱ្យ​បាន​​ឆាប់ ដើម្បី​បង្កក​​ទ្រព្យ​សម្បតិ្ត និង​​ហាមឃាត់មន្ត្រី​​របស់​លោក ​កុំ​​ឱ្យ​ជាន់​ទឹក​​ដី​​អាមេរិក។ លោក​និយាយ​​ជំនួស​មន្ត្រី​របស់​លោក​​ថា ក្រុម​​មន្ត្រីទាំងនោះ​​គ្មាន​​ការ​ចាំបាច់​ណាមួយ​ដែល​​ត្រូវ​ទៅ​​សហរដ្ឋ​អាមេរិក​​​ឡើយ។ ម្យ៉ាងវិញទៀត លោក​អះអាងថា លោក​​ស្វាគមន៍​​ឱ្យ​​សហរដ្ឋ​អាមេរិក​រឹប​អូស​​ទ្រព្យសម្បត្តិ ប្រសិន​បើ​រក​​ឃើញ​ថា មន្ត្រី​របស់​លោក​​​មាន​ទ្រព្យ​សម្បត្តិ​​តម្កល់​​នៅ​សហរដ្ឋ​អាមេរិក ព្រោះ​លោក​​ជឿជាក់ថា នោះ​ជា​ទ្រព្យ​សម្បត្តិ​​បាន​មក​​ពី​អំពើ​ពុក​​រលួយ​។ ក្រៅពីនេះ លោកស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​​ កុំ​ឱ្យ​មាន​​ការព្រួយ​បារម្ភ​អំពី​រឿងច្បាប់​ដាក់​ទណ្ឌកម្ម​នេះ ពីព្រោះ​​ច្បាប់នេះ​ធ្វើ​​ឡើង​សំដៅ​​លើ​ក្រុម​​មន្ត្រីរបស់​លោកប៉ុណ្ណោះ មិន​មែន​សំដៅ​លើ​ប្រទេស​កម្ពុជា​ទាំង​មូល​​ឡើយ៖ «អ៊ីចឹង​ប្រជាជន​ខ្មែរ១៦ លាន​នាក់ មាន​ប៉ះឯណា ? អត់​មាន​​អី​​ប៉ះសោះ​ហ្នឹង ហើយ​ម៉េច​ក៏​ភ័យ​ម៉េស ? ហ៊ី ! វីវរ​​ហើយ គេដាក់​ធ្វើ​ច្បាប់ហ្នឹង វីវរហើយ ហើយ​​មក​ដាក់​ចំ​ខ្ញុំ​។ អើ ! ដាក់​មក ហើយ​សូម​រឹប​អូសទៅ។ ( គេ ) ថាទ្រព្យ​សម្បតិ្ត​ គ្រាន់​តែ​​ពូជ​អម្បូរ​របស់​​ ហ៊ុន សែន ត្រកូល ហ៊ុន មាន​ជាង២ ពាន់​លាន​ដុល្លារ។ ខ្ញុំ​អំពាវនាវ​ឱ្យ​អាមេរិក​ មិន​ចាំបាច់​និយាយ​ច្រើន​ កុំ​ចាំបាច់​​ច្បាប់​ចេញ​​អី ដក​ហូត​ពី​ឥលូវ​ទៅ»

លោកថ្លែង​បែបនេះ នៅ​ក្នុង​ពេល​លោក​​ចុះ​ទៅ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡាដ្ឋាន​ជាតិ ដែល​គេ​ឱ្យ​ឈ្មោះ​ថា “មរតក​តេជោ” នៅ​ថ្ងៃ​ទី២៩ កក្កដា។ សូម​​បើក​វង់​ក្រចក​បន្តិច​ថា ពហុ​កីឡាដ្ឋាន​នេះ​ ថ្វី​​ដ្បិត​តែមាន​ឈ្មោះ​ថា​ជា “មរតក​តេជោ” មែន បើ​​តាម​ការ​ប្រកាស​របស់​លោក ហ៊ុន សែន វា​​ជាគម្រោង​​របស់​​​ចិន​ទេ ហើយ​ក៏​ស្ថិតក្នុង​ភាព​​មិន​ច្បាស់​ដែរ​ថា តើ​​ជា​លុយ​ជំនួយ ឬ​ក៏​ជា​កម្ចី​ឱ្យ​ពិត​ប្រាកដ​ ព្រោះ​របប​ក្រុង​ភ្នំពេញ​បាន​លាក់​បាំង​ព័ត៌មានអំ​​ពីគម្រោង​ដែល​មាន​តម្លៃ​រាប់​រយ​លាន​ដុល្លារ​នេះ។

លោក​​ ហ៊ុន សែន បានចុះ​ទៅ​ពិនិត្យ​ការ​សាងសង់​នេះ ​ជាមួ​យក្រុម​​មន្ត្រី​របស់​លោក និង​​ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាន វិនធៀន (Wang Wentian)។ ​ទំនង​​ដោយ​សារ​តែ​ទៅ​​ជាមួយ​​តំណាង​ប្រទេស​ជា​ខ្នង​បង្អែក​​បែប​នេះ​ហើយ ទើប​បាន​ជា​លោក​ហាក់​រៀប​ឫក​ឡើង​ចាង​បន្តិច ដោយ​ថ្លែង​ពន្យុះ​អាមេរិក​ឱ្យ ​​ដាក់​ទណ្ឌកម្ម​របប​របស់​​លោកសាចុះ​សា​ឡើង។ ក៏​​ប៉ុន្តែ​លោក​​ហាក់​​​បញ្ចេញ​​ឫទ្ធិតែពី​​ដំបូង​ប៉ុណ្ណោះ ដោយ​ក្រោយ​​បន្តិច​មក ស្រាប់​តែ​លោក​​​បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា សហរដ្ឋ​អាមេរិ​ក​​នឹង​មិន​​ដាក់​ទណ្ឌកម្ម​លោក និង​មន្ត្រី​ក្រោម​​ឱវាទ​នោះ​ឡើយ ដើម្បី​​កុំ​ឱ្យ​ល្អក់​កករ​ដល់​ទំនាក់​ទំនង​​រវាង​ប្រទេស​ទាំង​ពីរ«គេ​និយាយ​ថាច្បាប់​​នេះ​ចេញ​មក​​ហើយ កុន​​ការ​ហើយ​យើង កុន​ការ​ហើយ​ ចឹង​បាន​ជា​លោក ហ៊ុន សែន ថ្នាក់ដល់​ភ័យ ថ្នាក់​ដល់​ឈឺ​ដាក់​អុកស៊ីសែន។ ចាំតើស ! ប៉ុន្តែ ហ៊ុន សែន នៅ​​តែទៅ​អាមេរិក ទោះបី​​ជា​អាមេរិក​មិន​ឱ្យ ហ៊ុន សែន ចូល។ ហ៊ុន សែន ចូល​ញូវយ៉ក ញូវយ៉កគឺ​ជា​បុរី​អង្គការ​សហប្រជាជាតិ។ ប៉ុន្តែ​ខ្ញុំ​ជឿថា រដ្ឋបាល​លោកត្រាំ (Trump) លោក​មិន​ល្ងង់​​ដល់​ថ្នាក់​រុញ​​កម្ពុជា ដែល​មាន​ទំនាក់​ទំនង​ការ​ទូត​ចេញ​​ពី​ដៃ​របស់​ខ្លួន​ទេ»

ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ២០១៩ ឬ H.R ៥២៦ កំពុង​ស្ថិត​​ក្នុង​​ដៃ​ព្រឹទ្ធសភា​អាមេរិក បន្ទាប់​ពី​​រដ្ឋសភា​អាមេរិក​​បាន​អនុម័ត​ដោយ​​គាំទ្រ​ទាំង​ស្រុង កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា​នេះ។

ពិត​ដូច​បុរស​ខ្លាំង​ខាង​ប្រើ​​អំពើ​ហិង្សា​រូប​នេះ​លើក​ឡើង​មែន ច្បាប់​នេះ​មាន​គោល​បំណង​ដាក់​ទណ្ឌកម្ម​រូប​លោក និង​មន្ត្រី​គ្រាក់ៗ មួយ​ចំនួន​ទៀត ដែល​បាន​ចូល​ដៃ​ក្នុង​​ការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា មិន​មែ​ន​សំដៅ​លើ​ប្រជាជាតិ​​ខ្មែរ​ទាំង​មូល​នោះ​ឡើយ។ ប្រសិន​​បើ​ច្បាប់​នេះ​​ចូល​ជា​ធរមាន​ នោះ​សហរដ្ឋ​អាមេរិក​​នឹង​បង្កក​​ទ្រព្យ​​សម្បត្តិ​​មន្ត្រី​គ្រាក់ៗ មួយ​​ចំនួន​នៃ​របប​ក្រុង​ភ្នំពេញ ក្នុ​ងនោះ​ក៏​រួម​មាន​​ទាំងរបស់​លោក​ ហ៊ុន សែន ផង ក្នុង​​ករណី​ពួក​គេ​មាន​ទ្រព្យ​សម្បត្តិ​​នៅ​សហរដ្ឋ​អាមេរិក​​។ បន្ថែម​​ពីលើ​នេះ សហរដ្ឋ​អាមេរិក​នឹង​មិន​ផ្តល់​ទិដ្ឋការ​ដល់​ក្រុម​​មេ​ដឹក​នាំ​របប​នេះ ដើម្បី​​ជាន់​ទឹកដី​​អាមេរិក​​​ឡើយ លើក​​លែង​តែ​ពួក​គេ​ទៅ​ប្រជុំនៅ​អង្គការ​សហប្រជាតិ​នៅ​បូរី​ញូវយ៉ក (New York)។

អ្នក​​វិភាគ​នយោបាយ លោក គឹម សុខ ថ្លែង​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​ប្តូរ​ជំហរ​របស់​ខ្លួន​ក្នុង​ការ​បង្កើត​ច្បាប់​ដាក់​ទណ្ឌ​កម្ម​របបក្រុង​​ភ្នំពេញ​ឡើយ ដរាប​ណា​របប​នេះ​មិន​ស្តារ​ស្ថានការណ៍​ស្រុក​​ទេស​ឡើង​វិញ​ទេ​នោះ។ លោក​​ជឿ​ជាក់​ថា ក្រុម​មេ​ដឹក​នាំ​របប​ក្រុង​​ភ្នំពេញ​ប្រាកដ​ជា​ព្រួយ​បារម្ភ​រឿង​ច្បាប់​ដាក់​​ទណ្ឌកម្ម​នេះ ក៏​ប៉ុន្តែ​ដោយ​សារ​ជ្រុល​ក្បាល​ក្រពើ​ទៅ​ហើយ ទើប​លោក​​ ហ៊ុន សែន ខំប្រឹង​បញ្ចេញ​ឫក​ខែងរ៉ែង​ដាក់​សហរដ្ឋ​អាមេរិក​បែប​នេះ៖ «លោក ហ៊ុន សែន គាត់​បារម្ភ​ខ្លាំង​ណាស់ មិន​មែន​​មិន​បារម្ភ​ទេ ក៏​ប៉ុន្តែ​គាត់​គ្មាន​អ្វី​និយាយ​ក្រៅតែ​ពី​ប៉ុណ្ណឹង ពី​ព្រោះ​គាត់​ជ្រុល​ផ្លូវ​ធ្វើ​ជា​អ្នក​ខ្លាំង​ ប្រឈម​ទៅ​នឹង​សហគមន៍​​អន្តរជាតិ​លោក​​សេរី ដោយ​ប្រើ​​វិធី​​ឃុប​ឃិត​សម្ងាត់​ជាមួយ​ចិន​ក្នុង​ការ​យក​​កម្លាំង​កងទ័ព​ចិន និង​អាវុធចិន​មក​ពង្រឹង​អំណាច​របស់​ខ្លួន»

អ្នក​វិភាគ​រូប​នេះ​ជឿ​ថា ក្នុង​រយៈ​ពេល​នៃ​​ការ​កាន់​អំណាច​ជាង ៣០ឆ្នាំមក​​នេះ លោក ហ៊ុន សែន និង​​មន្ត្រី​គ្រាក់ៗ ដទៃ​ទៀត សុទ្ធ​តែ​​បាន​ក្លាយ​​ជា​អ្នក​​មាន​ទ្រព្យ​សម្បតិ្ត​មហាសាល​​ទុក​​នៅ​​ធនាគារ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។

កាល​ពី​​ឆ្នាំ២០១៦ កន្លង​ទៅ អង្គការ​ឃ្លាំមើល​​ពិភពលោក (Global Witness) បាន​រក​ឃើញ​ថា ក្រុម​គ្រួសារ​លោក ហ៊ុន សែន កំពុង​ក្ដោបក្ដាប់​សេដ្ឋកិច្ច​ធំៗ របស់​ជាតិ ដោយ​​ការ​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ ការ​រំលោភ​អំណាច និងការ​​រំលោភ​សិទ្ធិមនុស្ស​ ជាដើម។ អង្គការ​ឃ្លាំមើល​​ពិភព​លោក​លាត​ត្រដាង​ថា គ្រួសារ​ត្រកូល "ហ៊ុន" បាន​កាន់កាប់​ផ្ទាល់ ឬ​​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជា​ច្រើន ​ដែល​មាន​ដើម​ទុន​ចុះ​បញ្ជី​ជាង ២០០​លាន​ដុល្លារ​អាមេរិក ព្រម​ទាំង​បាន​​ដាក់​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​បរទេស​ជា​ច្រើន​ដែល​​រក​ស៊ី​​នៅ​កម្ពុជា។ អង្គការ​អន្តរជាតិ​មួ​យនេះ​ជឿ​ជាក់​ថា ទឹក​​ប្រាក់​​ជាង ២០០លាន​ដុល្លារ​នេះ គ្រាន់​តែ​ជាដើម​ទុន​ចុះ​បញ្ជី​ក្នុង​ក្រសួង​ពាណិជ្ជកម្ម​ប៉ុណ្ណោះ ដែល​​ជាក់​ស្តែង​គ្រួសារ​ត្រកូល ហ៊ុន មាន​ទ្រព្យ​សម្បត្តិ​ច្រើន​​ជាង​នេះ​ទៅ​ទៀត ដោយ​ជ្រក​ក្រោម​​ផ្លាក​ក្រុមហ៊ុន​ដទៃ ឬ​លាក់​បាំង​ព័ត៌មាន​អំពី​ក្រុមហ៊ុន​​របស់​ខ្លួន។

ទោះជាយ៉ាងណា អ្នក​ជំនាញ​​អះអាង​ថា ប្រសិន​បើ​​ច្បាប់​ H.R ៥២៦ ចូល​​ជា​ធរមាន​មែន នោះ​​ទ្រព្យ​មហាសាល​មួយ​​ចំណែក​​របស់​គ្រួសារ​ត្រកូល ហ៊ុន និង​​​​មន្ត្រី​​គ្រាក់ៗ​ដទៃ​ទៀត នឹង​មិន​អាច​យក​មក​​ប្រើ​​ប្រាស់​ដើម្បី​​ចិញ្ចឹម​​គណបក្ស​កាន់​អំណាច​បាន​​ឡើយ ព្រោះ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​នឹង​ផ្អាក​​ប្រតិបត្តិ​​ការ​​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ទ្រព្យ​សម្បត្តិ​​ទាំង​នោះ។

ងាក​ទៅ​លោក ហ៊ុន សែន ម្តង​ទៀត​វិញ ក្រៅ​ពី​ពន្យុះ​អាមេរិក​ឱ្យ​​ពន្លឿន​ច្បាប់​ដាក់​​​ទណ្ឌកម្ម​របប​របស់​លោក​ហើយ លោក​ក៏​បាន​បន្ត​បដិសេធ​រឿង​មូលដ្ឋាន​​ទ័ព​ចិន​នៅលើ​​ទឹក​​ដី​​កម្ពុជា​ដែរ។ លោក​ចាត់​ទុក​ព័ត៌មាន​ដែល​ថា កម្ពុជា​​មាន​​កិច្ច​ព្រមព្រៀង​យោធា​សម្ងាត់​ជាមួយ​ចិន​នោះ គឺ​ជា​ការ​​មួល​បង្កាច់ និង​​ថា​កម្ពុជា​គ្មាន​​តម្រូវ​ការឱ្យ​កង​​​ទ័ព​ចិន​ឈរ​ជើង​នៅលើ​ទឹក​ដី​​របស់​ខ្លួន​ឡើយ។ នៅ​ក្នុង​​ថ្ងៃ​នេះ​ដែរ ​លោក​​ទើប​តែ​បានទម្លាយ​ព័ត៌មាន​ថា លោក​​បាន​​ផ្តល់​ថវិកា​ដល់​ក្រសួង​ការពារ​ជាតិ​ចំនួន ៤០លាន​ដុល្លារ​អាមេរិក​បន្ថែម​​ទៀតលើ​ទឹក​ប្រាក់​ដែល​មាន​​ស្រាប់​ចំនួន ២៩០​លាន​​ដុល្លារ ដើម្បី​​ទិញ​អាវុធពី​ប្រទេស​ចិន​មក​ពង្រឹង​សមត្ថភាព​កងទ័ព​កម្ពុជា។

មេបក្ស​ប្រឆាំង​ និង​អ្នក​វិភាគ​​ ជឿជាក់​ថា លោក​​ ហ៊ុន សែន ពិត​ជា​មាន​ការ​ឃុបឃិត​គ្នា​ជា​សម្ងាត់​​ជាមួយ​ក្រុង​ប៉េកាំង ទាក់ទង​នឹង​វិស័យ​​យោធា ហើយ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​រូប​នេះ​ត្រូវ​ការ​កម្លាំង​​យោធា​ចិន​ជា​ចាំបាច់ ដើម្បី​រក្សា​អំណាច​របស់​ខ្លួន និង​ប្រគល់​​អំណាច​នេះ​ឱ្យ​ទៅ​កូន​ចៅ​ជំនាន់​ក្រោយ​បន្ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។