លោក ហ៊ុន សែន ផ្ញើ​សារ​ជូន​ពរ​ចូល​ឆ្នាំ​ខ្មែរ ដោយ​រំលេច​រឿង​នយោបាយ​បង្ក្រាប​ក្រុម​បក្ស​ប្រឆាំង

0:00 / 0:00

មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ផ្ញើ​ជូន​ពរ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ឆ្នាំ​នេះ ដោយ​បង្ហាញ​មោទនភាព​ជុំវិញ​ការ​បង្ក្រាប​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង។ លោក​នៅ​តែ​ចាត់​ទុក​ក្រុម​បក្ស​ប្រឆាំង​និង​ប្រជាពលរដ្ឋ ដែល​មាន​និន្នាការ​ផ្ទុយ​ពី​គណបក្ស​កាន់​អំណាច​របស់​លោក​ថា ជា​ក្រុម​ចង់​បំផ្លាញ​សន្តិភាព​ដែល​លោក​ត្រូវ​តែ​បង្ក្រាប។ មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​សារ​នេះ​ថា ជា​ការ​ធ្វើ​ឱ្យ​បែកបាក់​សាមគ្គី​ជាតិ​កាន់​តែ​ខ្លាំង។

ស្រប​ពេល​ដែល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​កាន់​តែ​ខិត​ជិត​មក​ដល់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារ​លិខិត​​ជូនពរ​ព្រះមហាក្សត្រ មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋ​ទូទៅ។ ប៉ុន្តែ​សារ​លិខិត​នោះ​ពោរពេញ​ទៅ​ដោយ​ការ​លើក​សរសើរ​នូវ​អ្វី​ដែល​លោក​ហៅ​ថា ជា​ជោគជ័យ​ផ្នែក​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ ​ដែល​រដ្ឋាភិបាល​លោក​សម្រេច​បាន ហើយ​ក៏​មាន​ដែរ​នូវ​ការ​កម្ចាត់​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង។

លោក​ ហ៊ុន សែន​ បាន​​រៀបរាប់​នៅ​​ក្នុង​សារ​នោះ​ថា​ នៅ​ឆ្នាំ​​ឆ្លូវ​ខាង​មុខ​នេះ​ ​ របប​​របស់​លោក​នឹង​ប្រឹងប្រែង​កសាងជាតិ​ឱ្យ​រីក​ចំរើន​គ្រប់​វិស័យ​បន្ថែម​ទៀត ​ហើយ​បន្ត​ការពារ​សន្តិភាព​ អធិបតេយ្យ​ជាតិ​ និង​បូរណភាព​ទឹក​ដី ការពារ​សមិទ្ធផល​សង្គម​ជាតិ និង​ទប់​ស្កាត់​ការ​ជ្រៀត​ជ្រែក​កិច្ច​ផ្ទៃ​ក្នុង​របស់​កម្ពុជា។ ប៉ុន្តែ​មេ​ដឹក​នាំ​របប​ឯក​បក្ស​រូប​នេះ នៅ​តែ​ចាត់​ទុក​ប្រជាពលរដ្ឋ​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​គណបក្ស​កាន់​អំណាច និង​ក្រុម​បក្ស​សកម្មជន​ប្រឆាំង​ថា ជា​ក្រុម​បដិវត្តន៍​ពណ៌​ ក្រុម​ញុះញង់ ធ្វើ​ឱ្យ​មាន​ចលាចល​នៅ​ក្នុង​សង្គម។ លោក​ ហ៊ុន សែន បាន​ព្រមាន​នៅ​ក្នុង​លិខិត​ទៀត​ថា របប​របស់​លោក​នឹង​ទប់​ស្កាត់​គ្រប់​បែប​យ៉ាង​មិន​ឱ្យ​ក្រុម​ទាំង​នេះ​ធ្វើ​សកម្មភាព​បាន​ឡើយ ក្រោម​ពាក្យ​ថា រក្សា​សន្តិភាព និង​ឯករាជ្យ​ជាតិ កុំ​ឱ្យ​ប្រជាពលរដ្ឋ​ជួប​គ្រោះ​មហន្តរាយ។

ទោះ​ជា​យ៉ាងណា ​សារ​នយោបាយ​បែប​នេះ​របស់​លោក ហ៊ុន សែន មិន​ទទួល​បាន​ការ​ស្វាគមន៍​ពី​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ដែល​មាន​ទស្សនៈ​ផ្ទុយ​នោះ​ឡើយ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ទីក្រុង​បាងកក លោក ឃ្លាំង ប៊ុនឡាយ ប្រាប់​អាស៊ី​សេរី​ថា សារ​នេះ​ស​បញ្ជាក់​ថា លោក​ហ៊ុន សែន​ មាន​ចេតនា​បំបែកបំបាក់​សាមគ្គី​ជាតិ​ ដោយសារ​ខ្លាច​ស្រមោល​គណបក្ស​សង្គ្រោះ​ជាតិ​​រស់​ឡើង​វិញ​ ហើយ​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​ការ​គ្រប់គ្រង​អំណាច​របស់​គាត់។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​​បញ្ជាក់​ថា សកម្មភាព​របស់​ក្រុម​ប្រជាពលរដ្ឋ​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​គណបក្ស​កាន់​អំណាច​នោះ ជា​ការ​ចូល​រួម​ ដើម្បី​យុត្តិធម៌​សង្គម​ប៉ុណ្ណោះ៖ «លោក ហ៊ុន សែន ដែល​ចង់​ឱ្យ​ប្រជាពលរដ្ឋ​មាន​សេចក្ដី​ប្រទេស​ជាតិ​រួច​ផុត​ពី​ការ​ជ្រៀតជ្រែក​ពី​ប្រទេស​ដទៃ​អី​ហ្នឹង គឺ​មិន​មែន​ជា​សារ​ចេញ​ពី​បេះ​ដូង​ពិត​របស់​លោក​ហ៊ុន សែន​ទេ ។ យើង​ឃើញ​ជាក់​ស្ដែង អ្វី​ដែល​ជា​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់​បាន គឺ​របប​លោក ហ៊ុន សែន តែងតែ​ធ្វើ​មិន​ដឹង​ធ្វើ​មិន​លឺ​ ហើយ​ខិត​ខំ​បង្ក្រាប សម្លុត​កម្ចាត់​គ្រប់សព្វ​បែប​យ៉ាង។ ទង្វើ​ទាំង​អស់​នេះ​ហ្នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ មាន​ការ​ការ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង »

ចំណែក​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស លោក ស៊ឹង សែន​ករុណា វិញ លោក​យល់​ថា ក្នុង​ឱកាស​ឆ្នាំ​ចូល​ឆ្នាំ​ថ្មី​នេះ មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​គួរតែ​ផ្ញើ​សារ​ជូន​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឱ្យ​មាន​បរិយាកាស​សង្គម និង​នយោបាយ បាន​ល្អ​ប្រសើរ​ជាង​ឆ្នាំ​ចាស់។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ព្រួយ​បារម្ភ​ថា សារ​របស់​លោក ហ៊ុន សែន នេះ នឹង​ធ្វើ​ឱ្យ​សំពាធ​ផ្សេងៗ កើត​មាន​ក្នុង​ឆ្នាំ​ថ្មី​នេះ​បន្ត​ទៀត​មក​លើ​កម្ពុជា ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ សេដ្ឋកិច្ច និង​ការ​រីក​ចម្រើន​របស់​ជាតិ៖ «មិន​ថា​ចូល​ឆ្នាំ​នេះ ឬ​ឆ្នាំ​ខាង​មុខ​ក៏​ដោយ គឺ​យើង​មិន​ចង់​ឃើញ​រូប​ភាព​កើត​ឡើង​ដដែល ចំពោះ​សង្គម​កម្ពុជា​ទេ។ យើង​ចង់​ឃើញ​កម្ពុជា​មាន​ប្រព័ន្ធ​ប្រជាធិបតេយ្យ​មួយ​ត្រឹម​ត្រូវ ប្រកួត​ប្រជែង​គ្នា​ដោយ​មាន​ការ​យោគយល់​គ្នា គឺ​អ្នក​ឈ្នះៗ ដោយ​ភាព​ថ្លៃ​ថ្នូរ អ្នក​ចាញ់ៗ ដោយ​អស់​ចិត្ត​អីចឹង​ទៅ ហើយ​ពលរដ្ឋ​រស់​នៅ​ក្នុង​សង្គម គាត់​អាច​ប្រើប្រាស់​សិទ្ធិ​របស់​គាត់​ដោយ​សេរី​ទៅ​តាម​រដ្ឋធម្មនុញ្ញ ហើយ​និង​កតិកាសញ្ញា​អន្តរជាតិ​ទាំង​អស់​ហ្នឹង ហើយ​រដ្ឋ​បាន​ធានា​ទៅ​លើ​សិទ្ធិ​ទាំង​អស់​ហ្នឹង »

រីឯ​អ្នកវិភាគ​នយោបាយ​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់ (Finland) លោក គឹម សុខ វិញ លោក​មាន​ប្រសាសន៍​ថា សារ​ជូន​ពរ​របស់​លោក ហ៊ុន សែន នេះ គឺ​ជា​ការ​លួង​ចិត្ត​ប្រជា​ពលរដ្ឋ ដែល​កំពុង​រស់​ក្នុង​ស្ថានភាព​តោកយ៉ាក ដោយសារ​បាត់បង់​ប្រាក់​ចំណូល​បណ្ដាល​មក​ពី​ការ​រាល​ដាល​ជំងឺ​កូវីដ១៩ ហើយ​រដ្ឋាភិបាល​គ្មាន​ដំណោះស្រាយ​អ្វី​ជូន​ដល់​ពលរដ្ឋ​នោះ​ទេ។ លោក​បញ្ជាក់​ថា ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ជា​ឱកាស​ល្អ ដែល​លោក ហ៊ុន សែន គួរតែ​ផ្ញើ​សារ​បែប​ផ្សះផ្សា​ជាតិ ដើម្បី​បម្រើ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ និង​ស្ដារ​សេដ្ឋកិច្ច​ជាតិ​ឡើង​វិញ នៅ​ពេល​បញ្ចប់​វិបត្តិ​ជំងឺ​កូវីដ១៩។

កម្ពុជា​បាន​ស្ថិត​ក្នុង​ស្ថានភាព​ប្រេះឆា​ខាង​នយោបាយ ចាប់​តាំងពី​ចុង​ឆ្នាំ​២០១៧ បន្ទាប់​ពី​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឈាន​ទៅ​ក្រសោប​យក​អំណាច​រដ្ឋ​ទាំងអស់​មក​កាន់​កាប់​ផ្ដាច់​មុខ​តែ​ម្នាក់​ឯង។ ក្រុម​អ្នក​សង្កេត​ការណ៍​វាយ​តម្លៃ​ថា នយោបាយ​បែប​នេះ​ចំណេញ​ដល់​ការ​ក្រាញ​អំណាច​របស់​លោក ហ៊ុន សែន ក៏​ប៉ុន្តែ​កំពុង​នាំ​ជាតិ​ខ្មែរ​ឱ្យ​ធ្លាក់​ទៅ​ក្នុង​វិបត្តិសេដ្ឋកិច្ច សង្គម និង​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​នៅ​ពេល​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។