អ្នកឃ្លាំមើល​ជំរុញ​កម្ពុជាឱ្យ​​ប្រកាន់​ជំហរ​អព្យាក្រឹត្យ ខណៈ​លោក ហ៊ុន សែន​ ទៅ​​ចិន

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទៅ​ដល់​ចិន​ហើយ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ បី​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី៩ ដល់​ថ្ងៃ​ទី១១ ខែកុម្ភៈ។ លោក​គ្រោង​នឹង​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ចិន​កុម្មុយនីស្ដ ដើម្បី​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ដែកថែប និង​ចុះ​ហត្ថលេខា​លើ​ឯកសារ​កិច្ចសហការ​មួយ​ចំនួន។ ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នេះ អ្នក​ឃ្លាំមើល​ស្នើ​ថា ទន្ទឹម​រដ្ឋាភិបាល​ចង់​រក្សា​ទំនាក់ទំនង​ល្អ​នឹង​ប្រទេស​ចិន កម្ពុជា​ក៏​ត្រូវ​ប្រកាន់​គោល​នយោបាយ​អព្យាក្រឹត្យ និង​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្ដា​ប្រទេស​លោក​ខាង​លិច​ដែរ ដើម្បី​ប្រយោជន៍​ជាតិ។

ទាំង​ភាគី​រដ្ឋាភិបាល​ចិន និង​រដ្ឋាភិបាល​កម្ពុជា បាន​លើកឡើង​ស្រប​គ្នា​ថា ការ​បំពេញ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នៅ​ប្រទេស​ចិន​នា​ពេល​នេះ​គឺជា​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង«មហាមិត្ត​ដែកថែប​យូរអង្វែង»។ ក្រៅ​ពី​នេះ ពួកគេ​អះអាង​ថា វា​ក៏​ជា​ឱកាស​សម្រាប់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​មួយ​កម្រិត​បន្ថែម​ទៀត ក្នុង​ការ​ផ្លាស់ប្ដូរ​ទស្សនៈ និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ដើម្បី​កសាង​សហគមន៍​វាសនា​កម្ពុជា​ចិន​រួម​គ្នា​នា​ពេល​អនាគត។

លោក ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ប៉េកាំង (Beijing) នៅ​រសៀល​ថ្ងៃ​ទី៩ ខែកុម្ភៈ ជាមួយ​គណៈប្រតិភូ និង​មន្ត្រី​កំពូល​របស់​លោក​ជា​ច្រើន​រូប។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក ហ៊ុន សែន នឹង​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) និង​ប្រធាន​សភា​តំណាង​ប្រជាជនចិន​លោក លី ជាន ស៊ូ (Li Jianshu)។ មេដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស​រូប​នេះ ក៏​នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ចិន លី ខឺឈាង (Li Keqiang) ដើម្បី​ពិភាក្សា​លើ​ការ​បន្ត​រឹតចំណង​មិត្តភាព​ទ្វេភាគី និង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ចំនួន។ កម្ពុជា និងចិន​មិនទាន់​បង្ហាញ​ព័ត៌មាន​លម្អិត​ជុំវិញ​ឯកសារ ដែល​ប្រទេស​ទាំងពីរ​ចុះ​ហត្ថលេខា​នៅ​ឡើយ​ទេ។

ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​ប្រទេស​ចិន​នេះ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ ចង់​ឃើញ​រដ្ឋាភិបាល​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​លោក​ខាងលិច ស្រប​ពេល​កម្ពុជា​បាន​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន​កាន់​តែ​ស៊ីជម្រៅ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា ពន្យល់​ថា ទោះ​បី​ជា​កម្ពុជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន​កុម្មុយនិស្ត និង​កាន់តែ​ស៊ីជម្រៅ​យ៉ាង​ណា​ក្ដី បើ​កម្ពុជា​ប្រកាន់​ជំហរ​នយោបាយ​អព្យាក្រឹត្យ និង​ឯករាជ្យ នោះ​កម្ពុជា​ក៏​ទំនង​អាច​មាន​ទំនាក់ទំនង​ល្អ​ក្នុង​ការ​ទាញ​ផល​ប្រយោជន៍​ពី​មហា​អំណាច​នៃ​បណ្ដា​ប្រទេស​លោក​សេរី​ដែរ។ ប៉ុន្តែ លោក​ថា បើ​កម្ពុជា​នៅតែ​បន្ត​បង្ហាញ​ជំហរ​ពឹង​ពាក់​ចិន និង​អនុវត្ត​នយោបាយ​ការ​បរទេស​បែប​លម្អៀង ឬ​អព្យាក្រឹត្យ​ដល់​កម្រិត​ណា​នោះ​គឺ​អាស្រ័យ​លើ​អ្នក​នយោបាយ។

លោក ឯម សុវណ្ណារ៉ា៖«[កិច្ច​សហប្រតិបត្តិការ​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ]ផល​ប្រយោជន៍​ដែល​អនុវត្ត​ពេញលេញ​ហ្នឹង​នៅ​មិន​ទាន់​ពេញ​លេញ​ទេ។ ដូចជា កសិផល​ខ្មែរ​មួយ​ចំនួន​មិន​អាច​ទៅ​ទីផ្សារ​ចិន​ផ្ទាល់ ដូច​យើង​ត្រូវការ​ទីផ្សារ​ប្រទេស​ផ្សេង​ជិតខាង ដូច​ថា​តាង៉ែន​ប៉ៃលិន​ជាដើម យើង​ជួប​ឧបសគ្គ​កន្លង​មក​ដែរ។ ខ្ញុំ​ត្រេកអរ តែ​មិន​មាន​ការ​បារម្ភ​ពាក់ព័ន្ធ​ទៅ​ហ្នឹង​ភាព​ល្អូកល្អិន​របស់​កម្ពុជា និង​ចិន​ទេ ឱ្យ​តែ​កម្ពុជា​រក្សា​បាន​ជំហរ​នយោបាយ​កម្ពុជា​ឱ្យ​លក្ខណៈ​អព្យាក្រឹត្យ»។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ការ​អភិវឌ្ឍ​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ចង់​ឃើញ​កម្ពុជា​អាច​នឹង​ងាក​ចេញ​ពី​ការ​ពឹង​ផ្អែក​ចិន និង​បញ្ចៀស​ពី​ឥទ្ធិពល​ចិន ប្រសិន​បើ​មាន​រដ្ឋាភិបាល​មួយ​ប្រកាន់​ជំហរ​នយោបាយ​ដឹកនាំ​ប្រទេស​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​បារីស៍។

លោក សេក សុជាតិ៖«កិច្ចការ​ជាតិ​មិនមែន​ជា​កិច្ចការ​របស់​អ្នកនយោបាយ ឬ​របស់​ប្រជាពលរដ្ឋ គឺ​ជា​កិច្ចការ​រួម​របស់​អ្នកនយោបាយ ទាំង​ពលរដ្ឋ​រួមគ្នា ដូច្នេះ​ហើយ​អ្នក​នយោបាយ​គួរតែ​ប្រើប្រាស់​នូវ​សក្ដានុពល និង​ឧត្ដម​ភាព​របស់​ខ្លួន ដើម្បី​សម្រេច​គោលដៅ​ធានា​បាន​នូវ​ភាព​យុត្តិធម៌ ត្រឹមត្រូវ និង​មាន​តម្លាភាព​នៅ​ក្នុង​សង្គម មិនមែន​ធ្វើ​នៅ​ក្នុង​ផ្នែក​ណា​មួយ ដែល​សង្គម និង​ប្រជាពលរដ្ឋ​មើល​ឃើញ​ថា មាន​ភាព​លម្អៀង​ទេ»។

បច្ចុប្បន្ន ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន​បាន​ឈាន​ដល់​កម្រិត​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ។ ក្រៅ​ពី​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ កសិកម្ម សន្តិសុខ ការពារ​ជាតិ និង​ការទូត ភាគី​ទាំង​ពីរ​ក៏​បាន​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វិទ្យាសាស្ត្រ អប់រំ វប្បធម៌ ទេសចរណ៍ សុខាភិបាល និង​ឈាន​រហូត​ដល់​កិច្ច​សហប្រតិបត្តិការ​ថ្នាក់​មូលដ្ឋាន​ទៀត​ផង។ កាល​ពី​ចុង​ឆ្នាំ២០២២ ចិន និង​កម្ពុជា​បាន​ព្រមព្រៀង​គ្នា​តម្រូវ​ក្រសួង​អប់រំ​កម្ពុជា ដាក់​បញ្ចូល​កម្មវិធី​រៀន​ភាសា​ចិន​នៅ​តាម​គ្រឹះ​ស្ថាន​មធ្យម​សិក្សា​រដ្ឋ​ចាប់​ពី​ថ្នាក់​ទី៧ រហូត​ដល់​ថ្នាក់​ទី១២ ថែម​ទៀត​ផង។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​លោក ជុំ សុន្ទរី និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សាក​សួរ​បន្ថែម​លើ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​ប្រទេស​ចិន​នេះ​បានទេ​នៅ​ថ្ងៃទី០៩ ខែ​កុម្ភៈ។

ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា ការ​បំពេញ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ដែល​អាច​មាន​ការ​ស្នើ​សុំ​ជំនួយ​តាមរយៈ​កម្ចី​ឥណទាន​ពី​ប្រទេស​ចិន​នោះ គឺជា​ការ​រួម​ចំណែក​ក្នុង​ការ​កសាង​អភិវឌ្ឍ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន។ លោក​បន្ថែម​ទៀត​ថា លោក ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន គឺ​តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​ចិន ហើយ​មូលហេតុ​ដែល​កម្ពុជា​ពុំសូវ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​បណ្ដា​ប្រទេស​លោក​សេរី ដោយសារ​មេដឹកនាំ​នៃ​ប្រទេស​លោក​ខាងលិច​ពុំសូវ​មាន​ការ​អញ្ជើញ​រដ្ឋាភិបាល​កម្ពុជា។

លោក សុខ ឥសាន៖«មិនមែន​ដោយសារ​ភាគី​កម្ពុជា​ទេ ប្រសិន​ណា​ប្រទេស​លោក​ខាងលិច​ដែល​ជា​មិត្ត​ដែរ​នោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នឹង​ទៅ​ហើយ។ ដូច​ខ្ញុំ​ថា អ៊ីចឹង ប្រសិន​ណា​មាន​អញ្ជើញ ប្រសិន​ណា​អត់​អញ្ជើញ​ឱ្យ​ទៅ​ម៉េច​កើត?យើង​ទៅ​មិន​ដូច​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ដែល​ខំ​លាក់​ខ្លួន​ក្នុង​ប្រទេស​បារាំង​ទេ»។

ទោះបីយ៉ាងណា អ្នកវិភាគ​នយោបាយ​លោក គឹម សុខ ពិនិត្យ​ឃើញ​ថា ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស​ទៅ​ប្រទេស​ចិន​នា​ពេល​នេះ អាច​ជា​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ក្នុង​ការ​ស្ទាបស្ទង់​រដ្ឋាភិបាល​ចិន ក្នុង​ដំណើរ​ការ​ជួយ​គាំទ្រ​ផែនការ​ផ្ទេរ​អំណាច​ត្រកូល ហ៊ុន និង​ផ្ដល់​ប្រាក់​កម្ចី​ដល់​កម្រិត​ណា។ ត្រង់​ចំណុច​នេះ លោកគឹម សុខ លើកឡើង​ថា ប្រសិនបើ ចិន​នៅ​តែ​បង្ហាញ​ជំហរ​ការពារ​អំណាច​ត្រកូល​ហ៊ុន គ្រប់​កាលៈទេសៈ នោះ​សញ្ញា​នៃ​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​ថមថយ​នូវ​ការ​បង្ក្រាប​អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នឹង​ពុំ​គ្មាន​សញ្ញា​វិជ្ជមាន​ឡើយ។

លោក គឹម សុខ៖«ភាគី​លោក ហ៊ុន សែន ត្រូវ​ការ​ចាំបាច់​ណាស់ ដើម្បី​ស្ទង់​ឱ្យ​ដឹង​នូវ​ជំហរ​ចិន​ថា តើ​ចិន​ចេញ​មុខ​ការពារ​រដ្ឋាភិបាល​របស់​គាត់ ជាពិសេស​ការពារ​ផែនការ​ផ្ទេរ​អំណាច​ពី​គាត់​ទៅ​ឱ្យ​កូនប្រុស​របស់​គាត់ និង​រដ្ឋាភិបាល​កូនប្រុស​របស់​គាត់​នៅ​លើ​ឆាក​អន្តរជាតិ​ដែរ​ឬ​ទេ។ទី​បី​ខ្លឹមសារ​ទំនាក់ទំនង​យោធា​វិញ លោក ហ៊ុន សែន ត្រូវ​ការ​ស្ទង់​ឱ្យ​ដឹង​ថា នៅ​តែ​អាច​ទុកចិត្ត​ចិន​ថា ចិន​នៅតែ​ឈរ​ជាមួយ​នឹង​ផែនការ​ផ្ទេរ​អំណាច របស់​គាត់ រដ្ឋាភិបាល​កូន​ប្រុស​របស់​គាត់ នៅ​គ្រប់​កាលៈទេសៈ​ដែរ​ឬ​អត់»។

ស្របពេល​លោក ហ៊ុន សែន បាន​ទៅ​ប្រទេសចិន​ប្រធានាធិបតី​ចិន​បាន​និយាយ​ថា កម្ពុជា​គឺជា​មិត្តដែកថែប​ពិតប្រាកដ។ ជាមួយគ្នានេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ក្រុងប៉េកាំង លើកឡើង​ថា ចិន​ក៏​ជា​ខ្នងបង្អែក​ដ៏​ធំ​សម្រាប់​កម្ពុជា​ក្នុង​ក្របខណ្ឌ​នៃ​ទំនាក់ទំនង​នៃ​ទំហំពាណិជ្ជកម្ម​ដែល​កម្ពុជា​នាំ​ផលិតផល​ទៅ​ចិន។

ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ចិន​មាន​ជាង ១ម៉ឺន ៤ពាន់​លាន​ដុល្លារ (១៤.៥០០លានដុល្លារ) នៅឆ្នាំ២០២២។ ចំណែក គិត​ត្រឹម​ដំណាច់​ត្រីមាស​ទី​ពីរ​ឆ្នាំ២០២២ កម្ពុជា​ជំពាក់​បំណុល​បរទេស​ជិត​១ម៉ឺន​លាន​ដុល្លារ (៩.៧៤០,៥៨​លាន​ដុល្លារ)។ ក្នុង​នោះ​បំណុល​រដ្ឋ​ស្ទើរតែ​ពាក់​កណ្ដាល គឺ​កម្ពុជា​ជំពាក់ «មិត្ត​ដែកថែប» ចិន ដែល​ចំនួន​ប្រមាណ ៤ពាន់​លាន​ដុល្លារ​អាមេរិក។

អ្នកឃ្លាំមើល​ព្រួយបារម្ភ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​ចិន​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ជាប់ៗ​គ្នា ស្ថានភាព​បំណុល​ដែល​កម្ពុជា​ជំពាក់​ចិន ក៏​បាន​កើន​ជា​លំដាប់​ដែរ ខណៈ​ពួកគេ​មួយ​ចំនួន​ចាត់​ទុក​ការណ៍​ដែល​កម្ពុជា​តែង​ទៅ​ពឹង​ពាក់​ចិន អាច​ជា​យុទ្ធសាស្ត្រ​អន្ទាក់​បំណុល​ធ្វើ​ឱ្យ​កម្ពុជា​វ័ណ្ឌក​ដក​ខ្លួន​មិន​រួច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។