លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមានចាត់វិធានការប្រពន្ធថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ គឺ លោក ហូរ វ៉ាន់ ដោយលោកចោទថា មានពាក់ព័ន្ធនឹងរឿងនៅពីក្រោយហេតុការណ៍ដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្មនៅមុខស្ថានទូតចិន ប្រចាំនៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៣តុលា។ អ្នកវិភាគនយោបាយ យល់ថា ការព្រមានរបស់លោក ហ៊ុន សែន នេះ គឺជាការព្រួយបារម្ភខ្លាចកម្លាំងមហាងើបតវ៉ាធ្វើឱ្យរង្គោះរង្គើដល់ការដឹកនាំរបស់លោក។
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រកាសដោយប្រើភាសាអសុរោះអាមឹងនៅចំពោះមុខប្រជាពលរដ្ឋរាប់ពាន់នាក់ក្នុងពិធីបើកការដ្ឋានសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ តុលាថា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ ជាអ្នកបញ្ជាឱ្យសកម្មជនគណបក្សប្រឆាំងធ្វើបាតុកម្មតវ៉ានៅមុខស្ថានទូតចិនប្រចាំក្រុងភ្នំពេញកាលពីថ្ងៃទី២៣តុលា។ លោកហ៊ុន សែន បានចាក់ខ្សែអាត់សំឡេងរបស់លោក ហូរ វ៉ាន់ ដែលបញ្ជាឱ្យកូនចៅរបស់ខ្លួនធ្វើសកម្មភាពនៅក្រុងភ្នំពេញ និងចាត់ទុករឿងនេះថា ជាគម្រោងប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលលោករបស់លោក។ លោកហ៊ុន សែន ខឹងសម្បាយ៉ាងខ្លាំងចំពោះសំឡេងខ្សែអាត់មន្ត្រីបក្សប្រឆាំងរូបនេះ ដោយលោកព្រមានដល់គ្រួសាររបស់លោក ហូរ វ៉ាន់ និង ស្ត្រីម្នាក់ទៀតនៅរាជធានីភ្នំពេញ ដែលទំនងសំដៅលើប្រពន្ធរបស់ លោក អេង ឆៃអ៊ាង ថា ប្រសិនបើរកឃើញពួកគេមានជាប់ពាក់ព័ន្ធនឹងការផ្ដល់ប្រាក់ឱ្យក្រុមបាតុករលោកនឹងចាត់វិធានការក្ដៅតែម្ដង៖ «ហូរ វ៉ាន់ អាយុច្រើនជាងខ្ញុំបន្តិច តែខ្ញុំហៅតែម្ដងទៅអាវ៉ាន់អើយ! អាហ្នឹងបែបកំពុងមើលខ្ញុំហើយ។អាវ៉ាន់ អាអ្ហែងត្រូវនេះ ប្រពន្ធរបស់ ហូរ វ៉ាន់ ក៏មើលដែរ។ពិតមែនហើយកូនប្រុសរបស់ខ្ញុំធ្លាប់ទៅលែងជាមួយប្រពន្ធហូរ វ៉ាន់អីនេះ ប៉ុន្តែឯងត្រូវដឹងប្រពន្ធអាអ្ហែងកំពុងនៅភ្នំពេញ អាអ្ហែងជាមេខ្លោង នៃអំពើក្បត់ អីចឹងរឿងដែលមិនចាត់ការពួកអាមេក្បត់ដែលនៅខាងក្នុង បើអាពួកក្បត់នៅខាងក្នុងទទួលបទបញ្ជាពីអាមេក្បត់។ អីចឹងអាជ្ញាធរគេចាត់ការអាហ្នឹងរឿងត្រឹមត្រូវតាមច្បាប់ » ។
លោក ហ៊ុន សែន ឱ្យដឹងទៀតថា កម្ពុជាពុំមានគម្រោងសាងសង់មូលដ្ឋានយោធាចិន ឬបរទេសណាមួយនៅកម្ពុជានោះឡើយ។
ទាក់ទងនឹងការគំរាមរបស់មេដឹកនាំរបបឯកបក្សនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក ហូរ វ៉ាន់ ទទួលស្គាល់សំឡេងសារដែលលោក ហ៊ុន សែន បង្ហាញនោះជាសំឡេងរបស់លោកពិតប្រាកដមែន ក៏ប៉ុន្តែលោកថា អ្វីដែលលោកនិយាយនោះ គឺគ្រាន់តែជាការពន្យល់ដល់ពលរដ្ឋអំពីសិទ្ធិចូលរួមសម្ដែងមតិដោយសន្តិវិធី ដែលពុំមែនបញ្ជាឱ្យពលរដ្ឋទៅផ្ដួលរំលំរដ្ឋាភិបាលក្រុងភ្នំពេញដូចការចោទប្រកាន់នោះឡើយ៖ «មិនមែនខ្ញុំបញ្ជាគេទៅតាមខ្ញុំទេខ្ញុំមិនមានឥទ្ធិពលអីដល់ថ្នាក់ទៅបញ្ជាអីចឹងបានទេ លុះត្រាតែម្ចាស់ខ្លួនមានឆន្ទៈ ហើយខ្ញុំសុំជម្រាបបើសព្វថ្ងៃនេះបើអត់មានកម្លាំងកងទ័ពកម្លាំងអីទេប្រជាជនមិនមែនមកសម្ដែងមតិប៉ុណ្ណឹងទេ ខ្ញុំសុំជម្រាបថា មនុស្សអាចមករាប់ពាន់នាក់ » ។
អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងភៀសខ្លួននយោបាយនៅក្រៅប្រទេស លោក អេង ឆៃអ៊ាង ប្រាប់អាស៊ីសេរីថា លោកហ៊ុន សែន ខឹងគោទៅវាយរទេះបែបនេះគឺជារឿងមិនត្រឹមត្រូវទេ ព្រោះលោកថាប្រពន្ធរបស់លោកមិនមានពាក់ព័ន្ធនឹងការធ្វើបាតុកម្មរបស់ពលរដ្ឋនោះឡើយ។ លោកថា ប្រសិនបើលោកហ៊ុន សែនពិតជាស្អាតស្អំមិនមានគម្រោងការណ៍សម្ងាត់ឱ្យយោធាចិនសង់លានដ្ឋាននៅកម្ពុជា គឺលោកមិនគួរព្រួយបារម្ភខ្លាចប្រជាពលរដ្ឋតវ៉ាដោយសន្តិវិធីនៅមុខស្ថានទូតចិននោះឡើយ។លោក បញ្ជាក់ថា ការដែលលោក ហ៊ុន សែន បានប្រើប្រាស់ភាពកាចសាហាវរបស់ខ្លួនបង្ក្រាបនិងចាប់ចងប្រជាពលរដ្ឋស្លូតត្រង់សព្វថ្ងៃនេះ គឺដើម្បីបំពេញមហិច្ឆតាអំណាចរបស់ខ្លួនប៉ុណ្ណោះ៖ «ទៅផ្ដួលយ៉ាងម៉េចកើតបើមនុស្សអត់មានអី ទៅដៃទទេទៅផ្ដួលយ៉ាងម៉េច។ ប្ដូរទាល់តែមានកម្លាំងប្រដាប់អាវុធ ទាល់តែមានកម្លាំងទ័ព ហើយចេញទៅគឺដាក់ប្រាវតែម្ដងអាហ្នឹងបានហៅថាផ្ដួល។បើអានេះមានតែដៃទទេលើកតែបដាសម្ដែងមតិហ្នឹងមាត់អីចឹងទៅផ្ដួលយ៉ាងម៉េច ? អាហ្នឹងស្រេចតែគាត់ថា បើគាត់មានខ្លួនគាត់ចេះតែភ័យព្រួយទៅហើយគាត់ចេះតែចោទគេចោទឯងទៅហើយចាប់គេយកទៅដាក់គុកដោយគ្មានហេតុផល » ។
ចំណែកអ្នកវិភាគនយោបាយដែលកំពុងភៀសខ្លួននៅប្រទេសហ្វាំងឡង់ (Finland) លោក គឹម សុខ វិញ យល់ថា ការគំរាមរបស់លោក ហ៊ុន សែន នេះ គឺជាការព្រួយបារម្ភរបស់លោក ដែលខ្លាចគណបក្សសង្គ្រោះជាតិដឹកនាំប្រជាពលរដ្ឋតវ៉ាប្រឆាំងរដ្ឋាភិបាលរបបក្រុងភ្នំពេញ ដូចពលរដ្ឋថៃតវ៉ាទម្លាក់រដ្ឋាភិបាលថៃនៅទីក្រុងបាងកក ដែលធ្វើឱ្យរង្គោះរង្គើដល់ការដឹកនាំរបស់លោក។ លោកបញ្ជាក់ថា ពលរដ្ឋខ្មែរភាគច្រើនមិនពេញចិត្តការដឹកនាំរបស់លោកហ៊ុន សែននោះទេ ដូច្នេះប្រសិនបើអំឡុងពេលនេះមានចលនាធ្វើបាតុកម្មទ្រង់ទ្រាយធំណាមួយកើតឡើង នោះអាជ្ញាធររបបលោកហ៊ុន សែននឹងមិនអាចទប់ទល់បានឡើយ៖ «ដូច្នេះហើយលោកហ៊ុន សែន គាត់ភ័យប្រជាពលរដ្ឋដែលរងគ្រោះដោយការដឹកនាំដ៏កខ្វក់របស់គាត់ហ្នឹងងើបឡើង តាមចលនាការរៀបចំរបស់គណបក្សប្រឆាំងនៃការអនុវត្តសិទ្ធិ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ ដូចនៅប្រទេសថៃអីចឹង។ដូច្នេះហើយទើបគាត់គំរាមកំហែងបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋឱ្យបានមុន និយាយរួមគឺជាវិធីបន្លាចប្រជាពលរដ្ឋកុំឱ្យងើបឡើងទេ មិនមែនជាការអនុវត្តច្បាប់តាមគោលការណ៍ប្រជាធិបតេយ្យដូចលោកហ៊ុន សែន និយាយទេ » ។
កាលពីថ្ងៃទី២៣តុលាអាជ្ញាធររបបលោក ហ៊ុន សែន បានបង្ក្រាបនិងចាប់ខ្លួនពលរដ្ឋចំនួនបីនាក់ដាក់ពន្ធនាគារព្រៃក្នុងពេលដែលពួកគេព្យាយាមទៅប្រមូលផ្តុំស្រែកតវ៉ា និងដាក់ញត្តិនៅមុខស្ថានទូតចិនក្នុងទីក្រុងភ្នំពេញ ដើម្បីសំដែងក្តីបារម្ភពីឥទ្ធិពលចិននៅកម្ពុជា។ តុលាការបានចោទប្រកាន់ពួកគេពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការបង្ក្រាបនិងចាប់ខ្លួននេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីលោក ហ៊ុន សែន បានប្រកាសក្នុងពេលចុះជួបពលរដ្ឋរងគ្រោះទឹកជំនន់នៅខេត្តបន្ទាយមានជ័យ។
មន្ត្រីអង្គការសង្គមស៊ីវិល ចាត់ទុករឿងនេះថា ជាការដើរចាកឆ្ងាយពីកន្លងប្រជាធិបតេយ្យនិងជាការរឹតត្បិតប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។