អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន គំរាមតាមចាប់ខ្លួនពលរដ្ឋម្នាក់ដែលបញ្ចេញមតិរិះគន់លោកនៅលើហ្វេសប៊ុករឿងយកប្រព័ន្ធច្បាប់ធ្វើជាឧបករណ៍ប្ដឹងមន្ត្រីការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណា។ មន្ត្រីសង្គមស៊ីវិលលើកឡើងថាសង្គមប្រជាធិបតេយ្យអ្នកដឹកនាំគួរបើកចិត្តទទួលយកមតិរិះគន់ពីមជ្ឈដ្ឋាននានា ដើម្បីយកទៅកែលម្អក្នុងការដឹកនាំប្រទេស។
អតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន គំរាមចាប់ខ្លួនម្ចាស់គណនីហ្វេកប៊ុក (Facebook) ម្នាក់ឈ្មោះ ស៊ាង ហៃហេង (Shang Hai Heng) ដែលចូលទៅបញ្ចេញមតិ (Comment) រិះគន់រឿងលោកប្ដឹងមន្ត្រីសិទ្ធិមនុស្សអាដហុក។
ប្រតិកម្មរបស់លោក ហ៊ុន សែន នេះ គឺបន្ទាប់ពីលោកបានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី៤ ខែកុម្ភៈ ដោយបញ្ជាឱ្យមេធាវីគណបក្សកាន់អំណាចសិក្សាផ្លូវច្បាប់ប្ដឹងមន្ត្រីសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ទៅតុលាការ ចំពោះការអត្ថាធិប្បាយជុំវិញគណបក្សប្រជាជនកម្ពុជា ប្ដឹងអតីតអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ កន្លងទៅ។
ប៉ុន្តែករណីនេះ ត្រូវបានប្រជាពលរដ្ឋមួយចំនួនឆ្លើយតបឌឺដងព្រោងព្រាតនៅលើបណ្ដាញសង្គម ដោយពួកគេថា លោក ហ៊ុន សែន កំពុងយកប្រព័ន្ធច្បាប់ធ្វើឧបករណ៍នយោបាយ សម្រាប់ដាក់សម្ពាធលើអ្នកបញ្ចេញមតិ ដូចជាអ្នកលេងហ្វេកប៊ុកម្នាក់ឈ្មោះ ស៊ាង ហៃហេង (Shang Hai Heng) បានសរសេរថា «បើគ្មានមូលដ្ឋានច្បាប់ សម្ដេចអាចបង្កើតបានតើសម្ដេច ពីព្រោះច្បាប់ឥឡូវនៅលើបបូរមាត់របស់សម្ដេចហើយ»។ ភ្លាមៗ នោះ លោក ហ៊ុន សែន បានសរសេរគំរាមទៅវិញថា «បើនៅក្នុងប្រទេសត្រៀមរត់ឱ្យលឿន»។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ស៊ាង ហៃហេង (Shang Hai Heng) គឺលោក ហាច កំហែង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៦ ខែកុម្ភៈថា មូលហេតុដែលជំរុញឱ្យលោកហ៊ានបញ្ចេញមតិ ពីព្រោះលោកមើលឃើញលោក ហ៊ុន សែន កំពុងប្រព្រឹត្តអំពើខុសឆ្គងនៅក្នុងសង្គម ដោយប្រើមាត់ធ្វើជាច្បាប់ទៅគាបសង្កត់ គំរាមកំហែង និងចោទប្រកាន់មន្ត្រីសិទ្ធិមនុស្ស អ្នកនយោបាយ និងប្រជាពលរដ្ឋស្លូតត្រង់តាមអំពើចិត្ត។ លោកយល់ថាសាររបស់លោក ហ៊ុន សែន នេះ បើសិនរូបលោករស់នៅក្នុងប្រទេសវិញគឺគេចមិនផុតពីការជាប់ពន្ធនាគារនោះទេ។ លោក ហាច កំហែង ចាត់ទុកការគំរាមចាប់លោកញាត់គុកនេះថា គឺជាទង្វើផ្ដាច់ការ រំលោភសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋខ្មែរ។
លោក ហាច កំហែង៖ «ប្រព័ន្ធយុត្តិធម៌ជាឧបករណ៍របស់លោក ហ៊ុន សែន ទាំងអស់ គាត់ចង់ធ្វើអ្វី ចង់ឱ្យនរណារស់ ចង់ឱ្យអ្នកណាងាប់តាមចិត្ត ប្រព័ន្ធយុត្តិធម៌គឺសូន្យតែម្ដង គ្មានទេយុត្តិធម៌សម្រាប់អ្នកមានមតិផ្ទុយពីគាត់។ យើងជាប្រជាពលរដ្ឋសាមញ្ញធម្មតាគាត់គំរាមកំហែងដល់ថ្នាក់ហ្នឹង គាត់គិតថាកម្ពុជាជារបស់គ្រួសាររបស់គាត់ហើយមើលទៅបានដេញឱ្យពលរដ្ឋចេញទៅក្រៅប្រទេស»។
លោក ហ៊ុន សែន តែងតែប្រើប្រាស់ហ្វេសប៊ុក ដើម្បីគំរាមកំហែងតាមចាប់អ្នកដែលហ៊ានចូលមករិះគន់លោក។ កន្លងទៅលោកមិនត្រឹមតែខ្លាចការរិះគន់នោះទេសូម្បីតែរឿងយុវជន សួង នាគព័ន្ធ ចូលបញ្ចេញមតិឌឺដងលោករឿងភ្នាល់បាល់ទាត់ពិភពលោកចាញ់គេ ក៏លោកខឹងសម្បាប្រកាសតាមរកឪពុកម្ដាយយុវជននោះដល់ផ្ទះដែរ។ ចំណែកសកម្មជនបក្សប្រឆាំងភៀសខ្លួននៅថៃ ដែលចូលទៅបញ្ចេញមតិនៅលើហ្វេសប៊ុក ក៏លោក ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរចាប់បញ្ជូនពួកគេយកទៅដាក់ពន្ធនាគារនៅស្រុកខ្មែរវិញផងដែរ។
ជុំវិញរឿងនេះ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ មានប្រសាសន៍ថាពលរដ្ឋរស់នៅក្នុងសង្គមប្រជាធិបតេយ្យមានសិទ្ធិសេរីភាពពេញលេញក្នុងការសម្ដែងមតិ ឬបញ្ចេញទស្សនដោយគ្មានការភ័យខ្លាច និងការគំរាមកំហែងដើម្បីជំរុញឱ្យមេដឹកនាំប្រទេសយកទៅពិនិត្យដោះស្រាយ និងកែលម្អចំណុចខ្វះខាតឱ្យប្រសើរឡើង។ ប៉ុន្តែលោកសោកស្ដាយដែលអ្នកបញ្ចេញមតិតែងតែរងការចោទប្រកាន់ ចាប់ខ្លួន និងប្ដឹងទាមទារសំណងលើសលុបជាបន្តបន្ទាប់ដែលករណីទាំងនេះធ្វើឱ្យពលរដ្ឋភ័យខ្លាចក្នុងការបញ្ចេញមតិយោបល់តទៅទៀត។
លោក កើត សារ៉ាយ៖«ការរារាំង ការរឹតត្បិតលើការបញ្ចេញមតិចំលើការចូលរួមរបស់ពលរដ្ឋ គឺវាមិនចំណេញ និងធ្វើឱ្យមានវិបត្តិសង្គមពីមួយថ្ងៃទៅមួយថ្ងៃ ហើយខ្ញុំគ្រាន់តែជូនជាអនុសាសន៍មួយថាមនុស្សមិនមែនសត្វគោទេ សត្វគោកាន់តែវាយកាន់តែធ្វើបាបកាន់តែខ្លាច តែមនុស្សបើធ្វើឱ្យកាន់ក្ដៅក្រហាយ និងមិនសប្បាយចិត្តពីមួយថ្ងៃទៅមួយថ្ងៃ ពីព្រោះមនុស្សចេះគិតពិចារណា ចង់មិនចង់វាមិនជួយដល់ការរក្សាឱ្យបាននូវស្ថិរភាព និងសន្តិភាពសង្គមទេបាទ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ដើម្បីឆ្លើយតបរឿងបានទេ នៅថ្ងៃទី៦ ខែកុម្ភៈ។
សិទ្ធិសេរីភាពបញ្ចេញមតិ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ហើយជនគ្រប់រូបមានសិទ្ធិសំដែងកង្វល់ និងទស្សនៈរបស់ខ្លួនដោយសេរីដោយគ្មានការជ្រៀតជ្រែកពីរដ្ឋាភិបាល។ មិនតែប៉ុណ្ណោះពលរដ្ឋក៏មានសិទ្ធិក្នុងការស្វែងរក ទទួល និងចែកចាយព័ត៌មាន ឬគំនិតគ្រប់យ៉ាងតាមមធ្យោបាយ ឬទម្រង់ផ្សេងគ្នា។
កាលពីពេលថ្មីៗ នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញរបាយការណ៍រកឃើញថាសេរីភាពបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មានបានរងការរឹតត្បិតកាន់តែខ្លាំងឡើងៗ ចាប់តាំងពីមុនពេលបោះឆ្នោតថ្នាក់ជាតិកាលពីខែកក្កដាកន្លងទៅ។ ពួកគេស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែងទៅលើសិទ្ធិសេរីភាពរបស់ពលរដ្ឋទាំងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។