អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ មិនសង្ឃឹមថា មេដឹកនាំរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma) លោក មីន អ៊ុងលាំង (Min Aung Hlaing) អនុវត្តតាមសំណើបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទាំង៤ចំណុចនោះឡើយ។
អ្នកជំនាញវិទ្យាសាស្រ្តនយោបាយលោក ឯម សុវណ្ណារ៉ា ឲ្យដឹងកាលពីថ្ងៃទី២៦ ខែមករាថា រដ្ឋាភិបាលកម្ពុជាចរចាជាមួយមេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ាតែម្ខាងមិនមានភាគីខាងរដ្ឋាភិបាលជាប់ឆ្នោតស្របច្បាបចូលរួមនោះគឺមិនអាចរកដំណោះស្រាយវិបត្តិមីយ៉ាន់ម៉ាបានឡើយ។ លោកបញ្ជាក់ថាបញ្ហានេះជម្លោះផ្ទៃក្នុងនឹងនៅតែបន្តហើយអំពើហិង្សា ឬ ក្រុមយោធាក៏នៅតែបាញ់សម្លាប់អ្នកប្រឆាំងខ្លួនដដែល។
ការលើកឡើងរបស់អ្នកជំនាញខាងវិទ្យាសាស្រ្តនយោបាយនិងកិច្ចការអន្តរជាតិនេះនៅបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោក មីន អ៊ុងលាំងកាលពីថ្ងៃទី២៦ ខែមករា។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក កៅ គឹមហួន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពីជំនួបតាមប្រព័ន្ធវីដេអូ រវាងលោក ហ៊ុន សែន និងមេដឹកនាំរដ្ឋប្រហារភូមាលោក មីន អ៊ុងលាំង ថាលោក ហ៊ុន សែន បានអំពាវនាវទៅមេដឹកនាំរដ្ឋប្រហាររូបនេះ៤ចំណុច។ ចំណុចទាំង៤នេះ រួមមានដូចជា៖ លោក ហ៊ុន សែន ស្នើឲ្យមេដឹកនាំរដ្ឋប្រហារអនុវត្តឲ្យបានគោលការណ៍ទាំង៥ចំណុចរបស់អាស៊ាន។ ស្នើឲ្យបង្កលក្ខណៈល្អឲ្យប្រេសិតពិសេសចូលទៅធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា។ ត្រូវបញ្ឈប់នូវរាល់អំពើហិង្សានិងត្រូវផ្ដល់ការសហការជាមួយបណ្ដាប្រទេសជាសមាជិកក្នុងការផ្ដល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋមីយ៉ាន់ម៉ា។
នេះមិនមែនជាលើកទី១ទេ ដែលលោក ហ៊ុន សែន ស្នើទៅលោក មីន អ៊ុងលាំង ឲ្យអនុវត្តគោលការណ៍៤ចំណុចដូចដែលលោកបានស្នើឡើងនេះ។ នៅក្នុងដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់លោក ហ៊ុន សែន ទៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ និងថ្ងៃទី៨ មករានោះ លោក មីន អ៊ុងលាំង និងលោក ហ៊ុន សែន បានព្រមព្រៀងគ្នា គោលការណ៍ទាំងនេះម្ដងរួចមកហើយ។ ក៏ប៉ុន្តែក្រោយពីលោក ហ៊ុន សែន វិលត្រលប់មកកម្ពុជាវិញ មិនបានស្រួលបួលផង ក្រុមយោធាមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់សម្លាប់ពលរដ្ឋស៊ីវិលភូមាដដែល។ ក្រៅពីនេះទម្លាក់គ្រាប់នេះ តុលាការរបបសឹកបានកាត់ទោសមេដឹកនាំរដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់ គឺអ្នកស្រី អ៊ុង សាន សូជី (Aung San Sukyi) ឲ្យជាប់ពន្ធនាគារ៤ឆ្នាំថែមទៀតផង។
ទាក់ទងនិងបញ្ហានេះអ្នកជំនាញខាងកិច្ចការអន្តរជាតិលើកឡើងថារបបសឹកមិនត្រឹមតែមិនបានអនុវត្តកិច្ចព្រមព្រៀងជាមួយលោក ហ៊ុន សែន ប៉ុណ្ណោះទេតែថែមទាំងផ្គើនទៀតផង។ទោះជាបែបនេះក្ដីអ្នកវិភាគថា លោក ហ៊ុន សែន នៅតែព្យាយាមបញ្ចុះបញ្ចូលមេដឹកនាំរបបសឹកឲ្យអនុវត្តកិច្ចព្រមព្រៀងទាំង៤ចំណុចនេះវិញដដែលដោយសារតែលោកចង់រក្សាតម្លៃនិងមុខមាត់របស់ខ្លួនក្នុងនាមជាប្រធានប្ដូរវេនអាស៊ានដែលបានបរាជ័យក្នុងការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានកាលពីពេលថ្មីៗនេះព្រោះតែលោកបានទៅធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ាដោយអត្តនោម័តនោះ។
ម្យ៉ាងវិញទៀត ជាការកត់សម្គាល់ ទាំងលោក ហ៊ុន សែន និងទាំងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា មិនបានហៅលោក មីន អ៊ុងលាំង ថាជានាយករដ្ឋមន្រ្តីដូចមុនទៀតទេ ដោយគ្រាន់តែហៅថា ជា «មេដឹកនាំជាន់ខ្ពស់» ឬថាជា «ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ» នៃប្រទេសមីយ៉ាន់ម៉ា ក្រោយពីមានការរិះគន់ពីប្រទេសជាសមាជិកអាស៊ានមួយចំនួន អំពីទស្សនកិច្ចរបស់លោកទៅកាន់មីយ៉ាន់ម៉ានោះ។ សេចក្ដីប្រកាសព័ត៌មានដដែលនេះ ក៏មិនបានបញ្ជាក់ប្រាប់ពីការឆ្លើយតប ឬការសន្យារបស់មេដឹកនាំរបបសឹក អំពីសំណើរបស់លោក ហ៊ុន សែន ទាំង៤ចំណុចនោះ ថាយ៉ាងណានៅឡើយទេ។ ក្រសួងការបរទេសសរសេរដោយខ្លីថា លោក មីន អ៊ុងលាំង ប្តេជ្ញាធ្វើការជាមួយកម្ពុជាជាប្រធានអាស៊ាន និងបន្តពិភាក្សាដោយស្មោះត្រង់លើបញ្ហានានា។រីឯភាគីខាងរបបសឹកវិញ ក៏មិនទាន់បានបញ្ចេញព័ត៌មានអំពីជំនួបរវាងលោក ហ៊ុន សែន តាមប្រព័ន្ធវីឌីអូ ថាតើត្រូវឆ្លើយតបទៅនឹងសំណើរបស់លោក ហ៊ុន សែន វិញយ៉ាងណាដែរ មកទល់ពេលនេះ។
រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីថា លោក ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅភូមានោះគួរតែពិភាក្សាគ្នាជាមួយថ្នាក់ដឹកនាំអាស៊ានជាមុនសិន។ លោកបានចាត់ទុកថាដំណើរទស្សនកិច្ចនេះមិនមែនតំណាងឲ្យអាស៊ានឡើយ។
លោក ហ៊ុន សែន បានសន្ទនាជាមួយលោក មីន អ៊ុងលាំង នេះ នៅក្រោយពីលោកបានសន្ទនាតាមទូរស័ព្ទ និងប្រព័ន្ធវីដេអូមេដឹកនាំម៉ាឡេស៊ី (Malaysia) និង ឥណ្ឌូនេស៊ី (Indonesia) ដើម្បីស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ានេះ។ ទោះជាបែបនេះក្ដី មេដឹកនាំម៉ាឡេស៊ី និង ឥណ្ឌូនេស៊ីនៅតែរក្សាជំហរដដែលថា បើសិនជាមេដឹកនាំរដ្ឋប្រហារភូមាមិនអនុវត្តតាមគោលការណ៍ទាំង៥ចំណុចរបស់អាស៊ានដែលបានឯកភាពគ្នាជាឯកច្ឆ័នទេនោះ មេដឹកនាំយោធារូបនេះ មិនអាចមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានបានឡើយ ទោះបីជាលោក ហ៊ុន សែន ព្យាយាមចង់ឲ្យលោក មីន អ៊ុងលាំង មកចូលរួមកិច្ចប្រជុំអាស៊ានដូចតាមការចង់បានរបស់ចិន ដែលជាសម្ព័ន្ធមិត្តជិតដិតរបស់របបសឹកភូមាក៏ដោយ។
សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍រវាងលោក ទីន ហ្សាការីយ៉ា និងអ្នកជំនាញខាងវិទ្យាសាស្រ្តនយោបាយ និងកិច្ចការអន្តរជាតិលោក ឯម សុវណ្ណារ៉ា អំពីបញ្ហានេះបន្ថែមដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។