លោក ហ៊ុន សែន មេដឹកនាំរបបក្រុងភ្នំពេញ ប្រតិកម្មខឹងសម្បារ ដល់អ្នកប្រើប្រាស់ហ្វេសប៊ុក (Facebook) ដែលហ៊ានចូលទៅបញ្ចេញមតិ (Comment) បន់ស្រន់ឱ្យលោកស្លាប់ ដោយសារជំងឺ។ ប្រតិកម្មនេះ គឺធ្វើឡើងក្នុងពេលលោក កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យប្រទេសសិង្ហបុរី។
លោក ហ៊ុន សែន ថា មានមនុស្សមួយចំនួន ដែលលោកថា ជនមួយក្ដាប់តូច លួចចូលបញ្ចេញមតិ ឬបង្ហោះតាមហ្វេសប៊ុកបន់ឱ្យលោកឆាប់ស្លាប់ និងបង្កើតព័ត៌មានក្លែងក្លាយអំពីស្ថានភាពជំងឺរបស់របស់លោក។ លោក ហ៊ុន សែន ព្រមានឱ្យអ្នកហ៊ានបង្ហោះសារបន់ឱ្យលោក ឆាប់ស្លាប់ ឬក្លែងស្ថានភាពជំងឺរបស់ឱ្យឈប់ជាបន្ទាន់ ព្រោះលោកមិនងាយស្លាប់ទេ។
លោក ហ៊ុន សែន ហៅការចូលទៅបញ្ចេញមតិ និងបង្កើតព័ត៌មានថា លោកឈឺធ្ងន់ ជា ការធ្វើនយោបាយរង់ចាំឱ្យលោកស្លាប់ ដើម្បីដណ្ដើមអំណាច។ តែលោកផ្ដាំថា ឱ្យរង់ចាំជាតិក្រោយ ព្រោះយមរាជមិនត្រូវការជីវិតលោកទេ រយ:ពេល៤០ឆ្នាំទៅមុខនេះ។ លោក ហ៊ុន សែន ឆ្លៀតខ្ចីឈ្មោះ យមរាជមកកេងចំណេញនយោបាយ លាបពណ៌បក្សប្រឆាំងថា យមរាជត្រូវការឱ្យលោកនៅបម្រើប្រជាជន និងកម្ចាត់អ្នកប្រឆាំង ដែលលោកថា ពួកក្បត់ជាតិ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ។
ខ្ញុំសូមអរគុណចំពោះជនរួមជាតិដែល ជូនពរដល់ខ្ញុំនិងបារម្មណ៍អំពីសុខភាព របស់ខ្ញុំ។ខ្ញុំសូមជម្រាបជូនថាបន្ទាប់ពីការ ព្យាបាលដោយយក...
Posted by Samdech Hun Sen of Cambodia on Saturday, July 6, 2019
វាមិនមែនជាលើកទី១ទេ ដែលលោក ហ៊ុន សែន ខឹងអ្នកបង្ហោះព័ត៌មានថា លោកមានជំងឺធ្ងន់ធ្ងរ ឬដាច់សរសៃឈាមខួរក្បាលស្លាប់ ឬស្លាប់ដោយសារជំងឺផ្សេងៗ។ កាលពីឆ្នាំ២០១៦ លោក ហ៊ុន សែន បានខឹងអ្នកបង្ហោះហ្វេសប៊ុកម្នាក់ ថា លោកមានជំងឺដាច់សរសៃឈាមខួរក្បាល។ លោក ហ៊ុន សែន កាលណោះ បានយកឱកាស ចុះទៅសម្ពោធស្ពានជ្រៃធំ នៅជិតព្រំដែនកម្ពុជា វៀតណាម អះអាងថា លោកគ្មានពូជដាច់សរសៃឈាមខួរក្បាល ឬឆ្កួតឡប់ទេ។ តែលោកបែរព្រមាន ថា បើលោកឆ្កួត ឬដាច់សរសៃឈាមខួរក្បាល ប្រទេសកម្ពុជានឹងចលាចល។ «»
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ថា ជាសីលធម៌ អ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុក មិនគួរចូលទៅបញ្ចេញមតិ ឬបង្ហោះព័ត៌មាន មិនពិត ជាការប្រមាថអាយុជីវិតគេឡើយ។ ប៉ុន្តែ លោកសង្កេតឃើញថា ថ្នាក់ដឹកនាំរដ្ឋាភិបាលខ្លះធ្លាប់ថ្លែងសារប្រភេទហិង្សាប្រមាថជីវិតពលរដ្ឋដែរ ទើបបណ្ដាលឱ្យមានការសាបព្រួសសីលធម៌ ប្រមាថជីវិតគ្នា និងពិបាកក្នុងការហាមឃាត់ ពលរដ្ឋមិនឱ្យប្រមាថជីវិតវិញ។ «»
លោក ហ៊ុន សែន កាលពីពេលកន្លងមក ធ្លាប់ប្រកាសថា នឹងបញ្ជាឱ្យកម្ទេចមនុស្ស ចំនួន ២រយ ឬ ៣រយ (៣០០) នាក់ ប្រសិនបើ មានសញ្ញាណាមួយ ដែលលោកយល់ថា ជាសកម្មភាពប្រឆាំងរបបលោក។ លោក ហៅការបញ្ជាឱ្យកម្ទេចនេះ ជារក្សាសន្តិភាព។ តែអ្នកវិភាគ ហៅអំពើរបស់លោក ហ៊ុន សែន ជាការរក្សាអំណាច។ លោក ហ៊ុន សែន ក៏ធ្លាប់ប្រកាសឱ្យប្រើកាំភ្លើងយន្ត បាញ់រះ សម្លាប់ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និង អ្នកហែហមអមដំណើរ ប្រសិនបើពួកគេហ៊ានវិលត្រលប់ចូលកម្ពុជា តាមព្រំដែនគោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។