មេដឹកនាំរបបក្រុងភ្នំពេញដែលធ្លាប់តែអះអាងក្តែងៗនៅក្នុងស្រុកថា មិនខ្លាចសហភាពអឺរ៉ុបកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធនោះបាន ស្នើទៅអន្តរជាតិឱ្យពិចារណាឱ្យបានដិតដល់មុនសម្រេចចិត្តដកប្រព័ន្ធអនុគ្រោះពន្ធ ពីប្រទេសដែលសេដ្ឋកិច្ចរីកចំរើនតិចតូច ឬពីកម្ពុជា។ ប៉ុន្តែ អ្នកវិភាគយល់ថា ការថ្លែងរបស់លោក ហ៊ុន សែន គឺជាការបំភ័ន្ត ការពិតនិងជាការភូតកុហកទាំងសហគមន៍អន្តរជាតិ និងពលរដ្ឋកម្ពុជាប៉ុណ្ណោះ ព្រោះមេដឹកនាំរូបនេះគ្មានចេតនាថែរក្សាប្រព័ន្ធអនុគ្រោះនោះទេ។
លោក ហ៊ុន សែន ថ្លែងក្នុងវេទិកានៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩ ដោយចោទប្រកាន់ថា បើអន្តរជាតិ ឬប្រទេសមានសេដ្ឋកិច្ចរីកចម្រើនកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសអភិវឌ្ឍន៍តិចតួច ឬពីកម្ពុជា ជាការដើរផ្ទុយពីគោលការណ៍របស់អង្គការសហប្រជាជាតិ និងអង្គការពាណិជ្ជកម្មពិភពលោក ដែលចង់ជួយឱ្យប្រទេសទាំងនោះចាកផុតពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច ។ ប៉ុន្តែលោកមិនបានលើកឡើងពីហេតុណាមួយដែលធ្វើប្រទេសមានការអភិវឌ្ឍជឿនលឿនព្យួរ ឬដកប្រពន្ធអនុគ្រោះពន្ធពីប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ៖ «ការផ្ដល់ភាពអនុគ្រោះនានាតាមរយៈប្រព័ន្ធពាណិជ្ជកម្មពហុភាគី ឬឯកតោភាគីហើយសូមធ្វើការពិចារណាឱ្យបានដិតដល់មុននឹងដាក់វិធានការព្យួរ ឬដកចេញនូវភាពអនុគ្រោះពីប្រទេសអភិវឌ្ឍន៍តិចតួចព្រោះការព្យួរ ឬការដកនោះនឹងធ្វើឱ្យប្រទេសទាំងនោះមិនអាចជួយពិភពលោកឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព និងអាចជួយពួកគេឱ្យចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចបានឡើយ»។
ការថ្លែងរបស់លោក ហ៊ុន សែន ដូច្នេះខណៈសហភាពអឺរ៉ុប កំពុងដំណើរការនីតិវិធីដែលនឹងឈានទៅរកការព្យួរជាបណ្ដោះអាសន្ន ឬដកប្រព័ន្ធអនុគ្រោះពន្ធEBA «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ពីកម្ពុជា ក្រោយរបបក្រុងភ្នំពេញ រំលោភសិទ្ធិមនុស្ស និងធ្វើឱ្យធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ។
ប៉ុន្តែលោក ហ៊ុន សែន បានចោទប្រកាន់សហអន្តរជាតិថា ចេះតែយកលេសបញ្ហាសិទ្ធិមនុស្ស និងដាក់គំនាប់លើរបបរបស់លោក។
អ្នកវិភាគនយោបាយលោក គឹម សុខ លើកឡើងថា ការថ្លែងរបស់លោក ហ៊ុន សែន គ្រាន់តែសំដីបោកប្រាស់ជាលក្ខណៈការទូត បង្ហាញថ ខ្លួនព្រួយបារម្ភពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ។ ប៉ុន្តែ លោក គឹម សុខ យល់ថា បើលោក ហ៊ុន សែន មិនចង់បាត់បង់ប្រព័ន្ធអនុគ្រោះមែននោះ លោក ហ៊ុន សែន ត្រូវធ្វើការចរចាជាមួយសហភាពអឺរ៉ុបដើម្បីស្ដារប្រជាធិបតេយ្យឡើងវិញ៖ «សេចក្ដីអំពាវនាវរបស់លោក ហ៊ុន សែន គឺគ្រាន់តែជាសំឡេងបំពានការពិតដោយសារគាត់ថ្លែងនៅក្នុងវេទិកាអន្តរជាតិមួយដែលមានបណ្ដាមេដឹកនាំនៃប្រទេសក្រីក្រចូលរួមដែរ ម្ល៉ោះហើយគាត់មិនហ៊ាននិយាយបញ្ច្រាសពីជំហរនៃមេដឹកនាំប្រទេសផ្សេងៗទៀតដែលគេកំពុងធ្វើបញ្ចុះបញ្ចូលឱ្យជួយប្រទេសរបស់គេ»។
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ប្រាប់សភាអឺរ៉ុបថា វាសនាពលរដ្ឋខ្មែរ ល្អ ឬ អាក្រក់ គឺស្ថិតនៅលើកណ្ដាប់ដៃរបស់លោក ហ៊ុន សែន ដែលលោកបានបំផ្លាញប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្ស និងរំលាយគណបក្សប្រឆាំង។
សហភាពអឺរ៉ុបនឹងបិទបញ្ចប់ដំណើរការតាមដាន និងវាយតម្លៃស្ថានការណ៍កម្ពុជា នៅពាក់កណ្ដាលខែសីហាខាងមុខ។ បន្ទាប់ពីនេះ សហភាពអឺរ៉ុបនឹងចេញរបាយការណ៍ស្ដីពីរបកគំហើញ និងធ្វើសេចក្ដីសន្និដ្ឋាននៅខែវិច្ឆិកា។ ពេលនោះ សហភាពអឺរ៉ុបនឹងទុកពេល ១ខែ ឱ្យរបបលោក ហ៊ុន សែន ដើម្បីឆ្លើយតបនឹងរបាយការណ៍នេះ។ នៅខែកុម្ភៈ ឆ្នាំ២០២០ សហភាពអឺរ៉ុបនឹងសម្រេចចិត្តជាចុងក្រោយថា ត្រូវដក ឬរក្សាទុកប្រព័ន្ធអនុគ្រោះពន្ធនេះ ហើយបើអឺរ៉ុបសម្រេចដកហូតមែន នោះការយកពន្ធលើទំនិញកម្ពុជានឹងត្រូវចាប់ផ្ដើមជាផ្លូវការនៅខែសីហា ឆ្នាំ២០២០ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។