អ្នកវិភាគ​ថា លោក ហ៊ុន សែន មាន​មហិច្ឆតា​ចង់​ឱ្យ​ត្រកូល​ហ៊ុន​ពី​កូន​ដល់​ចៅ​ក្ដោបក្ដាប់​អំណាច​នៅ​កម្ពុជា​​រហូត

0:00 / 0:00

អ្នកវិភាគ​នយោបាយ​រិះគន់ មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ថា មិន​ត្រឹម​តែ​មាន​មហិច្ឆតា​ចង់​ឱ្យ​កូន​ៗ​ត្រកូល​ហ៊ុន​របស់​លោក​បន្ត​គ្រប់គ្រង​អំណាច​ត​វេន​ពី​លោក​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ចង់​ឱ្យ​អំណាច​នេះ​ផ្ទេរ​ត​ដល់​ចៅៗ​របស់​លោក​ផង ដោយសារតែ​កាលពី​ថ្ងៃ​សុក្រ ១៤ មិថុនា​កន្លងទៅ​លោក ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក បង្អួត​រូបថត​ចៅស្រី​របស់​លោក​ម្នាក់។

ក្នុង​សារ​បង្ហោះ​ដោយ​លោក ហ៊ុន សែន ហើយ​ត្រូវ​លោក​លើក​មក​រក្សាទុក​ឱ្យ​ស្ថិតនៅ​ផ្នែក​ខាងលើ​បំផុត​នៃ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដើម្បី​ឱ្យ​គេឯង​ងាយស្រួល​មើល​ឃើញ​មុនគេ​នោះ លោក ហ៊ុន សែន សរសេរ​ថា « ព្រឹក​នេះ​នាំ​ចៅ​ចូល​ក្នុង​គណៈប្រតិភូ​សំដែង​ការគួរសម​ជាមួយ​ប្រធានាធិបតី និង​ប្រធាន​សភា​ហុងគ្រី ដើម្បី​ឱ្យ​ចៅ ស្គាល់​ពី​របៀប​ធ្វើការ​របស់​ថ្នាក់ដឹកនាំ​ប្រទេស»។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​ផ្លូវរដ្ឋ​ជាមួយ​ប្រធាន​សភា​នៃ​ប្រទេស​ហុងគ្រី កាលពី​ថ្ងៃ​ទី១៤ មិថុនា លោក ហ៊ុន សែន បាន​ឱ្យ​ចៅស្រី​របស់លោក អង្គុយ​ក្នុង​ជួរ​ស្មើ​មុខ​ស្មើ​មាត់​នៅ​ខាងចុង​តុ ជាមួយនឹង​ថ្នាក់ដឹកនាំ​រដ្ឋ​នៃ​គណប្រតិភូ​របស់​លោក ក្នុងនោះ​រួមមាន លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក សុខ ចិន្តាសោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) និង​លោក កៅ គឹមហ៊ួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ជាដើម អង្គុយ​ទល់មុខ​គ្នា​នឹង​ថ្នាក់ដឹកនាំ​សភា​របស់​ប្រទេស​ហុងគ្រី ដឹកនាំ​ដោយ​លោក ឡាស្លូ ខូវ័រ (Laszlo Kover)។

លោក គឹម សុខ ហៅ​ទង្វើ​ឆ្លៀតឱកាស​របស់​លោក ហ៊ុន សែន នេះ ថា​ជា​រឿង​មិន​ត្រឹមត្រូវ គិតគូរ​ពី​ប្រយោជន៍​បុគ្គល​ជាង​ប្រយោជន៍​ជាតិ និង​ថា​លោក ហ៊ុន សែន ខ្វះ ឬ​មាន​ភាព​ចេះដឹង​អន់​ខ្សោយ​ផ្នែក​ទំនាក់ទំនង​ការទូត ព្រោះ​តែ​មាន​មហិច្ឆតា​ផ្ទេរ​អំណាច​ត​ដល់​ចៅ​បង្កើត​ខ្លួនឯង ឱ្យ​ក្ដោបក្ដាប់​កម្ពុជា​បន្ត​ជា​រៀង​រហូត៖ «ផែនការ​របស់​គាត់​គឺ​អំណាច​ត្រកូល ហ៊ុន ពី ហ៊ុន សែន ទៅ​កូន ហ៊ុន សែន​។ ពី​កូន ហ៊ុន សែន បន្ត​ទៅ​អ្នក​ជំនាន់​ក្រោយ​នៃ​ត្រកូល ហ៊ុន ហើយ​បំណង​ធំ គឺ​ការពារ​ប្រយោជន៍​ត្រកូល​ហ៊ុន និង​បញ្ចៀស​ត្រកូល​ហ៊ុន អំពី​ការ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ច្បាប់ ដែល​អាច​កើត​មានឡើង​នៅ​ពេល​ដែល​អត់​អំណាច​។ ម្ល៉ោះហើយ គឺ​ការពារ​អំណាច​ត្រកូល ហ៊ុន និង​ផលប្រយោជន៍​ត្រកូល​ហ៊ុន​។ បាន​យូរ​ប៉ុណ្ណា ជា​ផែន​ការដែល​គាត់​ចិញ្ចឹម ក្នុង​បំណង​ព្យាយាម​ធ្វើ​ឱ្យ​បាន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

លោក​បន្ត​ថា ការណ៍​ដែល ហ៊ុន សែន បង្ហាញមុខ​ចៅស្រី​របស់​លោក​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ហេតុផល​មហិច្ឆតា​នយោបាយ​សុទ្ធសាធ មិនមែន​ជា​គោលការណ៍​ពិតប្រាកដ​ក្នុង​ការ​ផ្តល់​ឱកាស ឬ​បណ្ដុះបណ្ដាល​យុវជន​ខ្មែរ​ជំនាន់​ក្រោយ ឱ្យ​សិក្សា​ស្វែងយល់​ពី​កិច្ចការ​គ្រប់គ្រង​ប្រទេសជាតិ ឬ​កិច្ចការ​ផ្នែក​ការទូត​នោះ​ទេ​។ លោក​ថា ទង្វើ​របស់​លោក ហ៊ុន សែន នេះ ស្ដែង​ឱ្យ​ឃើញ​ពី​កម្រិត​ទាប​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​ការទូត​របស់​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក ដោយ​ធ្វើតាម​ការ​នឹកឃើញ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​គ្មាន​ការ​ផ្តល់​ឱកាស​ត្រឹមត្រូវ​ដល់​យុវជន​ជំនាន់​ក្រោយ​ដោយ​ស្មើភាព​នោះ៖ «បើ​គេ​ចង់​អនុវត្ត​ការ​ផ្តល់​ចំណេះដឹង​របៀប​គ្រប់គ្រង​ប្រទេសជាតិ​មួយ​ឱ្យ​ទៅ​អ្នក​ជំនាន់ក្រោយ គេ​ត្រូវ​ធ្វើ​ដោយ​យុត្តិធម៌ គេ​ត្រូវ​ធ្វើ​ដោយ​សមធម៌ គេ​ផ្ដល់​ឱកាស​ឱ្យ​ប្រហាក់ប្រហែល​គ្នា​ទៅដល់​អ្នក​ជំនាន់ក្រោយ​ខ្មែរ​ទាំងអស់ ពីព្រោះ​ប្រទេសជាតិ​មួយ ត្រូវ​ពឹង​ទៅលើ​អ្នក​ជំនាន់​ក្រោយ នៃ​ជនជាតិ​ហ្នឹង​។ អ្នក​ជំនាន់​ក្រោយ​នៃ​ជនជាតិ​ហ្នឹង មិនមែន​មានតែ​ចៅ​គាត់​ឯណា ?»។

តាំងពី​នៅ​មុន និង​នៅ​ក្រោយ​ការ​រម្លាយ​ទៅ​ដោយ​ជោគជ័យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​បាន​រៀបចំ​ផែនការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ខ្វះ​ភាព​ស្របច្បាប់ ចេញពី​ការបោះឆ្នោត​ដែល​ត្រូវ​គេ​ចាត់ទុកថា «​ក្លែងក្លាយ» រួច​មក លោក ហ៊ុន សែន បាន​ព្យាយាម​ពន្លឿន​យុទ្ធនាការ​ដំឡើង​តំណែង​បុណ្យ​សក្ដិ និង​មុខមាត់ ឱ្យ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ក្នុង​នោះ​ជាពិសេស​កូនៗ​របស់​លោក​ផ្ទាល់​តែម្ដង រួមមាន​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និង​លោក ហ៊ុន ម៉ានី ជាដើម​។ អ្នកឃ្លាំមើល​បញ្ហា​នយោបាយ​នៅ​កម្ពុជា ចាត់​ទុក​ហេតុការណ៍​នេះ​ថា គឺជា​ផែនការ​ផ្ទេរ​អំណាច​ត​ពូជពង្សវង្សត្រកូល​របស់ លោក ហ៊ុន សែន នៅមុន​ពេល​លោក​ចូល​និវត្ត ដើម្បី​ឱ្យ​ត្រកូល​ហ៊ុន ក្ដោបក្ដាប់​ផ្ដាច់មុខ កម្ពុជា​តែម្ដង គឺ​មិន​ខុស​ពី​អ្វី​ដែល​កំពុងតែ​កើត​មាននៅ​ប្រទេស​កុម្មុយនិស្ត​ផ្ដាច់ការ​កូរ៉េខាងជើង ដែល​ពិភពលោក​មិន​ចង់​រាប់រក​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។