សមត្ថកិច្ចរបបក្រុងភ្នំពេញប្ដេជ្ញាចិត្ត និងអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយក្នុងការតាមចាប់ខ្លួនលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បញ្ជូនមកដាក់ពន្ធនាគារនៅកម្ពុជា។ មន្ត្រីបក្សប្រឆាំងអះអាងថា គ្មានសហគមន៍អន្តរជាតិណាជួយរបបលោក ហ៊ុន សែន ឡើយ ហើយសមត្ថកិច្ចក្នុងរបបលោក ហ៊ុន សែន ក៏គ្មានសមត្ថភាពតាមចាប់ខ្លួន លោក សម រង្ស៊ី ពីក្រៅប្រទេសដែរ។អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ប្រកាសស្នើសុំឱ្យសហគមន៍អន្តរជាតិគាំទ្រការអនុវត្តដីកាតុលាការកម្ពុជា ចាប់ខ្លួន លោក សម រង្ស៊ី និងបក្ខពួក ពីក្រៅប្រទេសយកទៅផ្ដន្ទាទោសនៅពន្ធនាគារប្រទេសកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៧ កក្កដារបស់សមត្ថកិច្ចកម្ពុជាសរសេរថា ស្ថាប័នប៉ូលិស បានប្ដេជ្ញាចិត្តថា នឹងតាមចាប់ខ្លួន លោក សម រង្ស៊ី និងបក្ខពួក តាមគ្រប់មធ្យោបាយ គ្រប់រូបភាព ពីក្រៅប្រទេសឱ្យទាល់តែបាន ដើម្បីពង្រឹងប្រសិទ្ធភាពតុលាការ។
អគ្គស្នងការនគរបាលជាតិបានព្រមានថា ពលរដ្ឋ ឬសហគមន៍អន្តរជាតិ ដែលធ្វើសកម្មភាពរារាំងការអនុវត្តសាលដីកាតុលាការ ក៏នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមានដែរ។
ការអំពាវនាវឱ្យជួយតាមចាប់ខ្លួនលោក សម រង្ស៊ី និងការព្រមានពលរដ្ឋមិនឱ្យទៅទទួលដំណើរលោក សម រង្ស៊ី ធ្វើឡើងក្រោយពេល ប្រធានស្ដីទីបក្សប្រឆាំង និងក្រុមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ប្រកាសគម្រោងដឹកនាំពលរដ្ឋ និងឥស្សរជនប្រជាធិបតេយ្យវិលចូលកម្ពុជាវិញ នៅខែកញ្ញា ខាងមុខ។ វិធានការនេះ ធ្វើឡើងស្របពេលដែល ក្រសួងការបរទេសខ្មែរបានចេញលិខិតណែនាំឱ្យមន្ត្រីទូតនៅលើពិភពលោក បដិសេធទិដ្ឋាការដល់ជនបរទេសណា ដែលគ្រោងនឹងអមដំណើររបស់ លោក សម រង្ស៊ី មកកម្ពុជាវិញ ជាពិសេសតំណាងរាស្ត្រសហគមន៍អឺរ៉ុប។
អ្នកវិភាគនយោបាយ លោក គឹម សុខ ថ្លែងថា របស់សមត្ថកិច្ចកម្ពុជានេះ ជាយុទ្ធសាស្ត្រគំរាមពលរដ្ឋ និងបំភាន់សហគមន៍អន្តរជាតិ ដើម្បីទប់ស្កាត់កុំឱ្យលោក សម រង្ស៊ី វិលចូលប្រទេសកម្ពុជាវិញ។ លោក គឹម សុខ យល់ថា យុទ្ធសាស្ត្ររបស់របបលោក ហ៊ុន សែន ជាយុទ្ធសាស្ត្រ ចុងក្រោយ ព្រោះសហគមន៍អន្តរជាតិមិនចាប់អារម្មណ៍ ជាមួយការអំពាវនាវនេះឡើយ៖ «ហើយលោក ហ៊ុន សែន គិតថា អាចនឹងទប់ស្កាត់មិនបាន ម្ល៉ោះហើយទើបគាត់ប្រើវិធីឱ្យកូនចៅ ឃាត់គ្រប់ជំហានទាំងអស់ក្នុងការទប់ស្កាត់ដំណើរវិលត្រលប់របស់ លោក សម រង្ស៊ី បើទោះបីជា លោក ហ៊ុន សែន ខ្លួនឯងសំងំក៏ដោយ»។
មុនពេលមានការប្ដេជ្ញាចិត្ត តាមចាប់ខ្លួនលោក សម រង្ស៊ី នៅក្រៅប្រទេសនេះ មេដឹកនាំជាន់ខ្ពស់នៃរបបក្រុងភ្នំពេញ គឺលោក ហ៊ុន សែន និងលោក ស ខេង ចង់ប្ដឹងលោក សម រង្ស៊ី ទៅតុលាការប្រទេសបារាំងម្ដងហើយ។ តែបំណងនោះ ត្រូវបានគេមើលឃើញថា ទំនងគ្រាន់ចង់បង្អួតពលរដ្ឋប៉ុណ្ណោះ ព្រោះមកដល់ពេលនេះ លោក ហ៊ុន សែន និង លោក ស ខេង មិនទាន់បានប្ដឹង លោក សម រង្ស៊ី ទៅតុលាការប្រទេសបារាំងពីបទបរិហារកេរ្តិ៍នៅឡើយទេប៉ុន្តែ បានបន្តប្ដឹងទៅតុលាការក្នុងប្រទេសកម្ពុជា ដែលអង្គការសង្គមស៊ីវិលចាត់ទុកជាតុលាការអាយ៉ងរបស់របបលោក ហ៊ុន សែន។
មន្ត្រីបក្សប្រឆាំង នៅប្រទេសកាណាដា លោក សោ ចាន់ដេត អះអាងស្រដៀងលោក គឹម សុខ ដែរថា សហគមន៍អន្តរជាតិ នឹងមិនព្រមសហការ ឬគាំទ្រការចាប់ខ្លួន លោក សម រង្ស៊ី នោះទេ។ លោក សោ ចាន់ដេត ពន្យល់ថា ការប្រកាសរបស់សមត្ថកិច្ចស្រុកខ្មែរ គ្រាន់តែជាយុទ្ធសាស្ត្រភូតកុហកពលរដ្ឋ។ លោក សោ ចាន់ដេត យល់ថា សហគមន៍អន្តរជាតិ នៅតែតាមជួយការពារលោក សម រង្ស៊ី ចូលទៅកម្ពុជាដដែល៖ «ទៅធ្វើស្អីបាន។ គាត់មិនអាចទៅធ្វើស្អីខុសច្បាប់នៅស្រុកគេទេ។ គាត់ធ្លាប់ធ្វើបាន តែនៅស្រុកខ្មែរ ដល់នៅប្រទេសគេ ទៅធ្វើអ្វីបាន។ ស្រុកខ្មែរដល់ពេល សម រង្ស៊ី ទៅដល់ ទៅធ្វើស្អីកើត។ មិនដែលពួកហ្នឹងទៅចាប់សម រង្ស៊ី បាន។ ចេះតែថា កម្លា។ បើពួកហ្នឹងចាប់បាន មិនមែនពួកហ្នឹង ( ខំប្រឹង ) ស្រែកចាប់ សម រង្ស៊ី ទេ ទៅដល់ចាំចាប់ទៅ។ ឆ្កែតែព្រួសមិនដែលខាំទេ ព្រោះតែខាំមិនកើតហើយ បានវាព្រួស»។
តុលាការរបបលោក ហ៊ុន សែន បានកាត់ទោសឱ្យ លោក សម រង្ស៊ី ជាប់ពន្ធនាគារ និងសងសំណងជាច្រើនករណីទាក់ទងនឹងបទបរិហារកេរ្តិ៍។ ទោះជាបីជារបបលោក ហ៊ុន សែន ធ្លាប់អះអាងថា កំពុងស្វែងរកចាប់ខ្លួនលោក សម រង្ស៊ី ក៏ដោយ ប៉ុន្តែរដ្ឋាភិបាលនេះ មិនបានស្នើទៅរដ្ឋាភិបាលតំបន់អាស៊ីអាគ្នេយ៍ ឱ្យចាប់លោក សម រង្ស៊ី នោះទេ។ ចំណែកគេហទំព័រ ប៉ូលិសអន្តរជាតិ (INTERPOL) ក៏គ្មានឃើញលិខិតស្វែងរកចាប់ខ្លួន លោក សម រង្ស៊ី និងមន្ត្រីគណបក្សប្រឆាំងដែលត្រូវរបបលោក ហ៊ុន សែនកាត់ទោសឱ្យជាប់ពន្ធនាគារដែរ។ គេហទំព័រ INTERPOL បង្ហាញថា មានតែពលរដ្ឋខ្មែរម្នាក់ ជាអតីតព្រះសង្ឃ ដែលកម្ពុជាស្នើឱ្យប៉ូលិសអន្តរជាតិចាប់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។