របប​ក្រុងភ្នំពេញ​មិន​បារម្ភ​ការ​ដក​ហូតពន្ធ​អនុគ្រោះEBA​របស់​សហភាព​អឺរ៉ុប

0:00 / 0:00

របប​ក្រុងភ្នំពេញ មិន​បារម្ភ​ពី​ការ​ព្យួរ ឬ​ដកហូត​ការ​អនុគ្រោះ​ពន្ធ ឈ្មោះ​ថា អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ ឬ អ៊ី​ប៊ី​អេ (EBA) របស់​សហភាព​អឺរ៉ុប​ទេ។ អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ អះអាង​ថា របប​ក្រុងភ្នំពេញ គ្មាន​គម្រោង​ទប់ស្កាត់ ឬ​ស្ដារ​វិធានការ​របស់​សហភាព​អឺរ៉ុប​ទេ បើ​ទោះ​ជា​ដក ឬ យ៉ាង​ណា គឺ​ស្រេច​តែ​ចិត្ត។

អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ពន្យល់​ថា ការ​ដក​ហូត​អនុគ្រោះ​ពន្ធ ឈ្មោះថា អ្វី​ទាំងអស់​លើកលែងតែ​អាវុធ កម្ពុជា​មិន​មាន​អ្វី​ចម្លែក​នោះ​ទេ ដោយសារតែ កម្ពុជា​ក៏​នឹង​ត្រូវ​ប្រឈមមុខ​ចំពោះ​ការលើកលែង​នៅ​ពេល​ខាងមុខ​ដ៏​ខ្លី​ដែរ​ដោយសារតែ​តាម​កំណើន​សេដ្ឋកិច្ច​សរុប​ប្រចាំ​ឆ្នាំ​ដូច្នោះ​កម្ពុជា​នឹង​ត្រូវ​ចូល​ក្នុង​លក្ខខណ្ឌ​ជា​ប្រទេស​គ្មាន​ការលើកលែង​ការ​អនុគ្រោះ​ពន្ធ​ជាក់​ជាមិនខាន។

លោក ផៃ ស៊ីផាន បញ្ជាក់​ថា របប​ក្រុងភ្នំពេញ មិន​មាន​គម្រោង​ដើម្បី​ចរចា សុំ​ឲ្យ​សហភាព​អឺរ៉ុប​ស្ដារ​ឡើងវិញ​នូវ​វិធានការ​របស់​ពួកគេ​ទេ ហើយ​របប​មួយ​នេះ ធានា​ថា អាច​រស់​បាន​ដោយ​គ្មាន​ការ​ពឹង​ផ្អែកលើ​សេដ្ឋកិច្ច​ប្រទេស​ដទៃ។ លោក ផៃ ស៊ីផាន ហៅ​ភាសា ផ្ដាច់ការ​អនុគ្រោះ​ពន្ធ ឬ​ការ​ដាក់​សម្ពាធ ជា​ភាសា​ម៉ាក​ងាយ​លើ​របប​ក្រុងភ្នំពេញ៖ «ចំពោះ​កម្ពុជា​អាច​រស់​ខ្លួនឯង​បាន​ដែរ​តើ ដោយ​ឈរ​លើ​កម្លាំង​សេដ្ឋកិច្ច ដូច្នេះ​ការប្រើប្រាស់​ពាក្យ​ថា ដាក់ទណ្ឌកម្ម ការប្រើប្រាស់​ពាក្យ​ថា ផល​ប៉ះពាល់​ដល់​កម្ពុជា អានេះ​ជា​ភាសា​ម៉ាក់​ងាយ​ដល់​កម្ពុជា ពីព្រោះ​កម្ពុជា ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ ផលិតផល សម្រាប់​លក់​លើ​ទីផ្សារ​ទូទាំង​ពិភពលោក មិនមែន​សម្រាប់​តែ​ទីផ្សារ​អឺរ៉ុប​ទេ»។

សហភាព​អឺរ៉ុប កាលពី​ថ្ងៃ​ទី​៥ តុលា អះអាង​ថា បាន​ជូនដំណឹង​ទៅ​របប​លោក ហ៊ុន សែន រួចរាល់​ហើយ អំពី​ចំណាត់​ការ​ឈាន​ទៅ​រក​ការលុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឈ្មោះ «​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​» ហៅ​កាត់​ថា EBA ។ សហភាព​អឺរ៉ុប​គូស​បញ្ជាក់​ថា ចំណាត់​ការ​នេះ គឺ​ដោយសារតែ ពុំ​មាន​ការ​កែប្រែ​ស្ថានភាព​វិបត្តិ​ប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ក្នុង​រយៈកាល​កន្លងមក​នេះ។

អ្នក​សិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី មើល​ឃើញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថា កា​​​​​រ​ដែល​នាំ​ឲ្យ​កម្ពុជា​ឈាន​ដល់​ដំណាក់កាល​បែបនេះ ដោយសារតែ​វិបត្តិ​នយោបាយ​ដណ្ដើម​អំណាច​គ្នា​នៅ​កម្ពុជា មិនមែន​បណ្តាល​ពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នោះ​ទេ។ លោក​បណ្ឌិត យល់ថា របប​ក្រុងភ្នំពេញ គ្មាន​ជម្រើស​អ្វី ក្រៅពី​បន្ត​ប្រឹង​ទៅមុខ ដោយ​ពឹង​ពាក់​លើ​សេដ្ឋកិច្ច​មហា​យក្ស​ចិន ដើម្បី​រក្សា​អំណាច​ឲ្យ​ដល់​ឆ្នាំ​២០២៣​ទេ។ ប៉ុន្ដែ ទោះយ៉ាងណា លោក​បណ្ឌិត​បញ្ជាក់​ថា ចិន​មិន​អាច​ជួយ​រក្សា​សេដ្ឋកិច្ច​ឲ្យ​ពលរដ្ឋ​១៥​លាន​នាក់​ទេ។

បន្ថែម​ពី​នេះ លោក​បណ្ឌិត មាស នី បារម្ភ​ថា សហគមន៍​អឺរ៉ុប​នឹង​មិន​ព្រម​បញ្ឈប់​ត្រឹមនេះ​ទេ ហើយ​បន្ទាប់ពី​EBA របស់​សហភាព​អឺរ៉ុប អាច​នឹង​មាន​សម្ពាធ​បន្ថែម​លើ​របប​ក្រុងភ្នំពេញ ជា​បន្តបន្ទាប់​ទៀត៖ «យើង​ចាំ​មើល ទាក់ទង​នឹង​ដំណើរ​វិវត្តន៍​នឹង​សេដ្ឋកិច្ច​កម្ពុជា បន្ដ​ទៅ​ទៀត ថា​តើ​ក្រោយពី​សហភាព​អឺរ៉ុប គេ​បាន​ដកហូត​ការ​អនុគ្រោះ​ពន្ធ​ហ្នឹង តើ​នឹង​មាន​វិធានការ​អ្វី​ផ្សេងទៀត​ ? ខ្ញុំ​គិត​ថា វា​មិន​មែនមាន​តែមួយ​ហ្នឹង​ទេ វា​អាច​នឹង​មាន​អ្វី​បន្ថែម​ផ្ទូនៗ ទៀត​ទៅ​ណា។ អ៊ីចឹង អា​ប្រតិកម្ម​ថ្មី​នេះ ខ្ញុំ​គិត​ថា អ្នកនាំពាក្យ​រដ្ឋាភិបាល​គាត់​ក៏​មិន​មាន​អ្វី​ឆ្លើយតប​ភ្លាមៗ​ទេ​បាន​។ យើង​ចាំ​មើល​ថា​តើ នឹង​មាន​អ្វី​ផ្លាស់ប្ដូរ​ទៀត នៅ​ពេល​ខាងមុខ»។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ក៏​យល់ថា ការ​គ្មាន​គម្រោង​ស្ដារ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឡើងវិញ ជា​ភាសា​របស់​អ្នកនាំពាក្យ​ដែរ ប៉ុន្តែ​យ៉ាងណា លោក​មាន​​​​​​ជំនឿ​​​ថា អ្នកនយោបាយ​ខ្មែរ​ទាំង​២​ក្រុម គឺ ក្រុម​មេដឹកនាំ​គណបក្ស​កាន់អំណាច និង​ក្រុម​មេដឹកនាំ​គណបក្សប្រឆាំង នឹង​អាច​ចូល​តុ​ជជែក​គ្នា​បាន ក្នុងនាម​ជា​ខ្មែរ​ដូចគ្នា ដើម្បី​រក​ចំណុច​រួម​មួយ ជា​ប្រយោជន៍​ជាតិ។

លោក រ៉ុង ឈុន អះអាង​ថា សហជីព​លោក នៅតែ​រក្សា​ជំហរ​ដដែល គឺ ក្រោយ​ភ្ជុំបិណ្ឌ លោក​នឹង​ដាក់​លិខិត​ជូន​របប​ក្រុងភ្នំពេញ ដើម្បី​សម្ដែង​មតិ ទាមទារ​ឲ្យ​មានការ​សម្របសម្រួល​គ្នា​រវាង​អ្នកនយោបាយ​ខ្មែរ​ទាំង​២​ក្រុម ដើម្បី​ប្រយោជន៍​កម្មករ និង​ប្រយោជន៍​ជាតិ​ទាំងមូល៖ «ចំពោះ​ជំហរ សហភាព​សហជីព​កម្ពុ​ជា យើង​មិន​មាន​អ្វី​ផ្លាស់ប្ដូរ​ទេ។ កំណត់​ដូច​ដែល​ខ្ញុំ​បាន​ប្រកាស​ថា បន្ទាប់ពី​បុណ្យ​ភ្ជុំបិណ្ឌ​រួចរាល់ ខ្ញុំ​នឹង​ជូនដំណឹង​ធ្វើ​បាតុកម្ម ដើម្បី​សម្ដែង​មតិ ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​សម្រប​សម្រួល ជាមួយ​សហគមន៍​អឺរ៉ុប​ក៏ដូចជា​បណ្ដា​ប្រទេស លោក​ខាងលិច ធ្វើ​ម៉េច​ដើម្បី​រក្សា​ការងារ​ជូន​បងប្អូន​កម្មករ កម្មការិនី»។

ផ្អែក​តាម​បទ​បទបញ្ញត្តិ របស់​សភា និង​ក្រុមប្រឹក្សា​អឺរ៉ុប ក្រោយ​ស្នងការ​អឺរ៉ុប ជូនដំណឹង​ទៅ​ប្រទេស​ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA អំពី​ការអនុវត្ត​នីតិវិធី​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ស្នងការ​អឺរ៉ុប​នឹង​ធ្វើ​ការ​តាមដាន និង​វាយតម្លៃ​ស្ថានភាព​ក្នុង​ប្រទេស​ទទួល​អត្ថប្រយោជន៍​រយៈពេល ៦​ខែ​ទៀត ចាប់ពី​ពេល​ជូនដំណឹង​នេះ។ ក្នុង​រយៈពេល ៦​ខែ​បន្ទាប់​ពី​ចប់​រយៈពេល​ខាងដើម​នេះ ស្នងការ​អឺរ៉ុប នឹង​ធ្វើ​សេចក្ដីសម្រេចចិត្ត ថា​តើ​គួរ​បញ្ឈប់​នីតិវិធី​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជា​បណ្ដោះអាសន្ន​នេះ ឬ ធ្វើការ​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជា​បណ្ដោះអាសន្ន នេះ​តែម្ដង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។