មន្ត្រីរបបក្រុងភ្នំពេញប្រកាសថា សមត្ថកិច្ចនឹងចាប់ខ្លួនលោក សម រង្ស៊ី នៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បើទោះជាក្នុងពិធីបុណ្យជាតិក៏ដោយ។ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងយល់ថា នេះជាសារនយោបាយគំរាម។
មន្ត្រីជាន់ខ្ពស់ក្នុងរបបក្រុងភ្នំពេញ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព បានប្រាប់ប្រព័ន្ធឃោសនារបបក្រុងភ្នំពេញ (Freshnews) អំពីចាប់ខ្លួនលោក សម រង្ស៊ី បែបនេះ នៅថ្ងៃទី ១៧ សីហា គឺមួយថ្ងៃបន្ទាប់ពីគណបក្សសង្គ្រោះជាតិ ប្រកាសថា លោក សម រង្ស៊ី នឹងធ្វើមាតុភូមិនិវត្តន៍ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីលោក គឹម សន្ដិភាព បានទេ នៅថ្ងៃទី១៧ សីហា ដោយសារមិនទទួលទូរស័ព្ទ។ តែលោកបានប្រាប់ប្រព័ន្ធឃោសនានៃរបបក្រុងភ្នំពេញថា ការចាប់ខ្លួន លោក សម រង្ស៊ី នឹងធ្វើឡើងភ្លាមៗ នៅពេលប្រធានស្ដីទីបក្សប្រឆាំងរូបនេះ ឈានជើងចូលប្រទេសកម្ពុជា ពោលគឺចាប់ខ្លួន បើទោះថ្ងៃបុណ្យជាតិក៏ដោយ។
គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ សីហា ប្រកាសថា ប្រធានស្ដីទីនៃគណបក្សនេះ គឺលោក សម រង្ស៊ី នឹងធ្វើមាតុភូមិនិវត្តន៍ទៅកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ ដែលនឹងចំថ្ងៃបុណ្យខួប ៦៦ឆ្នាំ នៃទិវាឯករាជ្យជាតិរបស់កម្ពុជា។
មន្ត្រីជាន់ខ្ពស់ទាំងឡាយរបស់បក្សប្រឆាំង ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស រួមទាំងសមាជិកសភាអឺរ៉ុបមួយចំនួនផង នឹងអមដំណើរលោក សម រង្ស៊ី ត្រឡប់ទៅកម្ពុជាវិញ។ គណបក្សសង្គ្រោះជាតិបញ្ជាក់ថា ដំណើរវិលត្រឡប់នេះ គឺដើម្បីទៅដោះស្រាយការជាប់គាំង និងបញ្ហាប្រឈមទាំងឡាយរបស់ជាតិ ដែលរបបលោក ហ៊ុន សែន មិនអាចដោះស្រាយបាន ជាពិសេសគឺជួយកុំឱ្យគេព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA។
ចំណែកស្ថាប័នកងកម្លាំងនៃរបបក្រុងភ្នំពេញវិញ ក៏ប្រកាសចាប់ខ្លួន លោក សម រង្ស៊ី នៅថ្ងៃ៩ វិច្ឆិកាដែរ។ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ថ្លែងថា លោក សម រង្ស៊ី មានសិទ្ធិសម្រេចចិត្តវិលត្រលប់ ឬអត់ ឬពេលណាក៏បាន។ ក៏ប៉ុន្តែ បើមេបក្សប្រឆាំងរូបនេះមកដល់ទឹកដីកម្ពុជាថ្មើរណា នោះសមត្ថកិច្ចនឹងចាប់ខ្លួនគាត់តាមដីការបស់តុលាការភ្លាម។ ចំណែកមេដឹកនាំផុតលេខនៃរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ក៏ធ្លាប់ប្រកាសថា នឹងចាប់ខ្លួន លោក សម រង្ស៊ី ភ្លាមៗដែរ បើលោក សម រង្ស៊ី ហ៊ានជាន់ទឹកដីទ្វីបអាស៊ី៖ «ហើយខ្ញុំសូមផ្ដាំ កុំមក (ទ្វីប)អាស៊ីឲ្យសោះ សូមកុំមកក្បែរអាស៊ី។ បើអ្នកឯងតាំងខ្លួន ធ្វើជាភេរវៈក ខ្ញុំនឹងតាមយកអ្នកឯងទាល់តែរួច ទាល់តែបាន។ ឥឡូវហ្នឹង គេកំពុងប្រកាសខ្លួន គេជាភេរវៈក មិនមែនគ្រាន់តែជាអង្គការក្រៅច្បាប់ ជាភេរវៈក តែម្ដង ជាអង្គការភេរវៈកម្ម។ សុំអញ្ជើញធ្វើ។ ខ្ញុំថា មិនចង់បញ្ជូនសារហ្នឹងចេញទេ ព្រោះខ្ញុំចង់ឲ្យវាស្ងប់ ឲ្យវាមក។ ប៉ុន្តែបើវាជ្រុលមាត់ហើយ ថាវាតែម្ដងទៅ កុំឲ្យវាមក»។
ក៏ប៉ុន្តែតាំងពីលោក ហ៊ុន សែន ប្រកាសមក គឺជាង ១ឆ្នាំហើយ ហើយលោក សម រង្ស៊ី ក៏បានមកទស្សនកិច្ច និងជួបពលករខ្មែរ នៅទ្វីបអាស៊ីច្រើនប្រទេសមកហើយ ដូចជា ប្រទេសជប៉ុន ឥណ្ឌូណេស៊ី និងប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៦ សីហា។ របបក្រុងភ្នំពេញ មិនទាន់បានចេញទៅចាប់ខ្លួន លោក សម រង្ស៊ី នៅប្រទេសទាំងនោះឡើយ។ បច្ចុប្បន្ន លោក សម រង្ស៊ី កំពុងស្នាក់នៅទីក្រុងអាដេតឡេត (Adelaide) ប្រទេសអូស្ត្រាលី ដើម្បីកៀរគរ ពលរដ្ឋខ្មែរ និងអ្នកប្រជាធិបតេយ្យទូទាំងពិភពលោក ឱ្យដាក់សម្ពាធរបបក្រុងភ្នំពេញ និងអមដំណើរលោកវិលទៅកម្ពុជាវិញ។អ្នកសម្របសម្រួលគណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃ លោក ម៉ោញ សារ៉ាត់ យល់ថា នេះជាសារគំរាមរបស់មន្ត្រីរបបក្រុងភ្នំពេញ។ លោកថា របបក្រុងភ្នំពេញអាចចាប់ខ្លួនលោក សម រង្ស៊ី និងពលរដ្ឋរាប់លាននាក់គ្រប់ពេល មិនចាំបាច់តែថ្ងៃ៩ វិច្ឆិកាទេ។ តែរបបនេះ បង្កើតបទចោទ ចាប់ខ្លួន លោក សម រង្ស៊ី និងពលរដ្ឋរាប់លាននាក់ មិនសមទំនងទេ។
អ្នកសម្របសម្រួលបក្សប្រឆាំងនៅប្រទេសថៃ និងជាប្រធានប្រតិបត្តិបក្សសង្គ្រោះជាតិខេត្តឧត្តរមានជ័យរូបនេះ ផ្ដាំទៅរបបក្រុងភ្នំពេញថា សូមត្រៀមខ្លួនកងកម្លាំង និងខ្នោះដៃ ឱ្យបានច្រើន ចំពោះយុទ្ធនាការបង្ក្រាបលោក សម រង្ស៊ី ព្រោះពលរដ្ឋខ្មែររាប់លាននាក់ នឹងងើបទាមទារយុត្តិធម៌ ជូនជាតិវិញ នៅថ្ងៃទី៩ វិច្ឆិកា៖ «អ្វីដែលក្រសួងយុត្តិធម៌ បានប្រកាសថ្ងៃនេះ លោកកំពុងតែវង្វេងថា លោកកំពុងតែអត់ដឹងខ្លួន ថាលោកកំពុងតែអនុវត្តច្បាប់ដោយអយុត្តិធម៌មកលើប្រជាពលរដ្ឋរាប់លាននាក់។ អ៊ីចឹង យើងប្រជាពលរដ្ឋរាប់លាននាក់ ដែលរងភាពអយុត្តិធម៌ យើងនឹងក្រោកឈរទាំងអស់គ្នា ដើម្បីទាមទារភាពយុត្តិធម៌ជូនលោកប្រធាន និងជូនខ្លួនយើងទាំងអស់គ្នា»។
បើទោះជាមានការអះអាងរបស់មន្ត្រីនាំពាក្យរបបក្រុងភ្នំពេញ ជាបន្តបន្ទាប់តាមបណ្ដាញសារព័ត៌មាន តែរបបនេះ មិនទាន់ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ជុំវិញគម្រោងវិលត្រលប់របស់ លោក សម រង្ស៊ី នៅថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាខាងមុខនៅឡើយទេ។ លោក សម រង្ស៊ី ឯណោះវិញ ប្រកាសថា ថ្នាក់ដឹកនាំបក្សប្រឆាំង នឹងវិលទៅកម្ពុជាវិញ នៅពេលសហគមន៍អន្តរជាតិ វាយរបបក្រុងភ្នំពេញទ្រោម ហើយលោកកំពុងប្រើសង្គ្រាមចិត្តសាស្ត្រ ធ្វើឱ្យរបបក្រុងភ្នំពេញចលាចល និងធ្វើឱ្យលោក ហ៊ុន សែន មានបញ្ហាផ្លូវចិត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។