លោក ហ៊ុន សែន ធានា​ប្រាប់​វៀតណាម​ថា កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​កងទ័ពជើងទឹក​ចិន​នៅ​កម្ពុជា​ឡើយ

0:00 / 0:00

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រាប់​ដោយ​ផ្ទាល់​មាត់​ទៅ​មេដឹកនាំ​វៀតណាម​ថា កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​កងទ័ព​បរទេស​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន​ឡើយ។ លោក​បន្ទោស​ថា ព័ត៌មាន​ស្ដីពី​មូលដ្ឋាន​កងទ័ព​បរទេស​នៅ​កម្ពុជា ជា​ព័ត៌មាន​ក្លែងក្លាយ។

លោក ហ៊ុន សែន ថ្លែង​ដោយ​ប្រយ័ត្នប្រយែង ក្នុង​សន្និសីទកាសែត​រួមគ្នា​មួយ ធ្វើឡើង​កាលពី​ថ្ងៃ សុក្រ ទី៧ ធ្នូ ក្រោយ​បិទ​បញ្ចប់​ការ​ចចារ​រវាង​លោក និង​សម​ភាគី​វៀតណាម ថា លោក​បាន​ប្រាប់​ទៅ​លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) ថា កម្ពុជា​គ្មាន​វត្តមាន​មូលដ្ឋានទ័ព​បរទេស​នោះ​ទេ។ លោក ហ៊ុន សែន ចាត់​ទុក​ព័ត៌មាន​នៃ​វត្តមាន​កងទ័ព​បរទេស​នៅ​កម្ពុជា​ថា ជា​ការ​ឃោសនា​បែប​ភូត​កុហក និង​មាន​ចេតនា​បំផ្លិចបំផ្លាញ​កម្ពុជា៖ «ខ្ញុំ​ក៏បាន​ជម្រាប​ជូន​បញ្ហា​នេះ ជូន​ឯកឧត្ដម ង្វៀន សួន​ហ្វ៊ុក និង​គណៈប្រតិភូ​វៀតណាម​ឲ្យ​បាន​ជ្រាប​អំពី​ព័ត៌មាន​មិន​ពិត ហើយ​ជា​ការ​កុហក និង​បំផ្លិចបំផ្លាញ។ ខ្ញុំ​សូម​បញ្ជាក់​ជូន​នៅ​ទីនេះ​បន្ថែម​ថា រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅ​កម្ពុជា​នោះ​ទេ ហើយក៏​មិន​អនុញ្ញាត​ឲ្យ​កងទ័ព​កម្ពុជា​ចេញទៅ​ក្រៅ​ប្រទេសក្រៅ​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​នោះ​ដែរ»។

លោក ហ៊ុន សែន ក៏បាន​ទទួលស្គាល់​ដែរ​ថា ព័ត៌មាន​នេះ​មិន​ត្រឹមតែ​បង្កើត​បញ្ហា​ដាច់ដោយឡែក​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ធ្វើ​ឲ្យ​ភាគី​វៀតណាម និង​ប្រទេសជិតខាង​កម្ពុជា ព្រមទាំង​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់ មានការ​ព្រួយបារម្ភ ហើយ​លោក​ចាំបាច់​ត្រូវ​បញ្ចប់​ពាក្យ​ចចាមអារ៉ាម​នេះ។

ក្រៅពី​បដិសេធ​រឿង​មូលដ្ឋាន​កងទ័ព​ចិន​នៅ​កម្ពុជា​នេះ លោក ហ៊ុន សែន អះអាង​ថា ភាគី​ទាំងពីរ​បាន​រក​ឃើញ​នូវ​ចំណុច​ដើម្បី​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​បន្ត ដើម្បី​បញ្ចប់​ការងារ​បោះ​បង្គោល​ព្រំដែន​នេះ​ឲ្យ​បាន​ឆាប់រហ័ស។ បច្ចុប្បន្ន កម្ពុជា និង​វៀតណាម សម្រេច​បាន​ការកំណត់​ខណ្ឌ​សីមា និង​ការ​បោះ​បង្គោល​ព្រំដែន គោក​ប្រវែង ១.២៧០ គីឡូម៉ែត្រ បាន​ប្រមាណ ៨៤​ភាគរយ ហើយ​នៅសល់ ១៦​ភាគរយ​ទៀត មិនទាន់​ដោះស្រាយ​រួច។

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន មិន​បាន​លើកឡើង​ឡើយ ថា​តើ​ភាគី​វៀតណាម​បាន​លើកឡើង​ពី​កង្វល់ និង​ចង់​ឃើញ​របប​លោក ដោះស្រាយ​ឲ្យ​បាន​ដិតដល់ រឿង​ចម្រូងចម្រាស​នៃ​ការ​បំឡាស់​ទីលំនៅ​ឋាន​ផ្ទះ​បណ្ដែត​ទឹក​របស់​ជនអន្តោប្រវេសន៍​វៀតណាម​ជាង​មួយ​ម៉ឺន​នាក់ ស្មើនឹង ២.៣៩៧ គ្រួសារ នៅ​លើ​បឹង​ទន្លេសាប ដែរ​ឬ​យ៉ាងណា​នោះ​ទេ។ ជារឿយៗ មេដឹកនាំ​វៀតណាម គ្រប់​ជាន់ថ្នាក់ មិនដែល​ភ្លេច​ឡើយ តែងតែ​បាន​ផ្ដាំផ្ញើ​ក្រើន​រំឮ​ក និង​ពេលខ្លះ​ក្នុង​បង្គាប់បញ្ជា ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ រួម​ទាំង​លោក ហ៊ុន សែន ផង​នោះ ឲ្យ​ជួយ​ផ្តល់​ការ​គាំទ្រ និង​ផ្តល់​នូវ​លក្ខខណ្ឌ​សមស្រប​ដល់​ជនជាតិ​របស់​ខ្លួន​ទាំងនោះ ឲ្យ​មក​រស់​នៅ​លើ​ដីគោក​វិញ ព្រមទាំង​ជនជាតិ​របស់​ខ្លួន​ដទៃ​ទៀត​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក៏ប៉ុន្តែ ព័ត៌មាន​ទាំងនេះ ត្រូវ​របប​លោក ហ៊ុន សែន ព្យាយាម​បិទបាំង​ដើម្បី​បញ្ចៀស​ការ​រិះគន់ថា​វៀតណាម​ជា​ចៅហ្វាយនាយ​របស់ខ្លួន និង​ថា​របប​របស់​លោក ហ៊ុន សែន ផ្ដល់​ការ​អនុគ្រោះ​ពិសេស​ដល់​ជនជាតិ​វៀតណាម​ទាំងនោះ ដែល​ភាគច្រើន​កំពុង​រស់នៅ​ខុសច្បាប់​ក្នុង​ប្រទេស​កម្ពុជា ចៀស​ជាង​គិតគូរ​ដល់​ផលប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ខ្លួនឯង​ពិតប្រាកដ។

ទស្សនកិច្ច​ផ្លូវការ​របស់​លោក ហ៊ុន សែន ទៅកាន់​ប្រទេស​វៀតណាម​នៅ​ពេល​នេះ កើតមានឡើង​ស្រប​ពេល​ដែល​ទំនាក់ទំនង​ផ្អែមល្ហែម​ចាក់​ទឹកមិន​លិច​រវាង​កម្ពុជា និង​វៀតណាម កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ស្រពិចស្រពិល និង​សង្ស័យ​ថា អាច​នឹង​រង​ការ​ប្រេះ​ឆា ខណៈ​ដែល​របប​ក្រុងភ្នំពេញ កំពុងតែ​បង្កើន​ទំនោរ​ផ្អៀង​កាន់តែ​ខ្លាំង​ឡើងៗ ទៅ​រក​មហាអំណាច​ចិន ដែល​កំពុង​មាន​ជម្លោះ​ស្រាប់​ជាមួយ​ប្រទេស​វៀតណាម។ ទស្សនកិច្ច​នេះ ធ្វើឡើង​នៅ​មិន​ដល់​មួយ​ខែ​ផង ក្រោយពេល​ដែល​មាន​ព័ត៌មាន​អំពី​លទ្ធភាព​ដែល​កម្ពុជា​អាច​អនុញ្ញាត​ឲ្យ​ចិន​សាងសង់​មូលដ្ឋាន​កងទ័ពជើងទឹក​នៅ​ខេត្ត​កោះកុង​ចេញផ្សាយ​ដោយសារ​ព័ត៌មាន Asia Times ។ បើ​ទោះ​ជា​របប​នេះ បាន​ព្យាយាម​បដិសេធ​ព័ត៌មាន​នេះ ប្រាប់​ទៅ​មេដឹកនាំ​អាមេរិក និង​វៀតណាម និង​ជា​ព័ត៌មាន​ក្លែងក្លាយ​យ៉ាងណាក៏ដោយ របប​នេះ មិនបាន​ធ្វើការ​ប្ដឹងផ្ដល់​តាម​ផ្លូវ​ច្បាប់​ជា​ផ្លូវ​ការ​ណាមួយ​ទៅកាន់​កាសែត​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​នេះ​ឡើយ។ អ្នកវិភាគ​បាន​ព្រមាន​រួចជាស្រេច​ថា បើ​ហេតុការណ៍​នេះ​ពិតជា​កើតមានឡើង​មែន នោះ​ប្រៀប​ដូចជា​ការ​ធ្វើ​អត្តឃាត​នយោបាយ​របស់​របប​ក្រុងភ្នំពេញ ទាំង​នយោបាយ​ក្នុងស្រុក ដែល​នាំ​ឲ្យ​មានការ​បែកបាក់​សាមគ្គី​ជាតិ និង​នយោបាយ​ការបរទេស​ដូច្នោះ​ដែរ។

កាល​ពី​ពេល​កន្លងទៅ ក្រសួងការបរទេស​កម្ពុជា ធ្លាប់​សរសេរ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន ដោយ​អះអាង​អំពី​ឆន្ទៈ​នយោបាយ​របស់​ប្រទេស​ទាំងពីរ ថា​មិន​អនុញ្ញាត​ឲ្យ​មាន «​កម្លាំង​អ​មិត្រ​» ណាមួយ ប្រើប្រាស់​ទឹកដី​របស់​ខ្លួន​ដើម្បី​ប្រឆាំង ឬ​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​មួយទៀត​នោះ​ឡើយ។ ក្រសួង​មិនបាន​បញ្ជាក់​ទេ​ថា តើ​កម្លាំង​អមិត្ត​នេះ ជា​ប្រទេស​ណាមួយ​ឲ្យ​ពិតប្រាកដ ឬមួយ​ក៏​វៀតណាម ចង់​សំដៅ​ទៅ​វត្តមាន​កាន់តែ​ច្រើន និង​ឥទ្ធិពល​របស់​ចិន​កាន់តែ​ខ្លាំង​នៅ​កម្ពុជា​នោះ ដែរ​ឬ​យ៉ាងណា។

ទំនាក់ទំនង​ជិតស្និទ្ធ និង​ស្អិតល្មួត​រវាង​កម្ពុជា និង​មហាអំណាច​ចិន នា​រយៈពេល​ចុងក្រោយ ទទួលរង​នូវ​ការ​ឃ្លាំមើល​ក្រោម​ក្រសែ​ភ្នែក​យ៉ាង​យកចិត្តទុកដាក់​បំផុត ពី​ប្រទេស​វៀតណាម ហើយ​ជារឿយៗ​ភាគី​វៀតណាម មិន​ញញើត​នឹង​លើកឡើង​ប្រាប់​ក្រុម​មេដឹកនាំ​ខ្មែរ ពី​កង្វល់​នានា​របស់​ខ្លួន​ជុំវិញ​បញ្ហា​នេះ និង​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​អត្ថប្រយោជន៍​របស់​ខ្លួន​នោះ​ឡើយ ដែល​ហេតុការណ៍​នេះ​ធ្វើ​ឲ្យ​មេដឹកនាំ​របប​ក្រុងភ្នំពេញ គ្រប់​ជាន់ថ្នាក់ ចាំបាច់​ត្រូវ​បញ្ជាក់ ធានា​អះអាង​ម្ដង​ហើយ​ម្ដងទៀត​ទៅ​មេដឹកនាំ​វៀតណាម និង​ត្រូវ​ធ្វើដំណើរ​ទស្សនកិច្ច ទាំង​ឯកជន និង​ទាំង​ផ្លូវរដ្ឋ​ទៅកាន់​ប្រទេស​វៀតណាម មិន​តិច​លើក​មិន​តិច​សារ​នោះ​ទេ​ក្នុង​មួយឆ្នាំៗ។ ផ្ទុយទៅវិញ ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ មិនដែល​ហ៊ាន​លើកឡើង​ពី​ក្តី​កង្វល់ ឬ​ការ​គិតគូរ​របស់​ខ្លួន​ប្រាប់​ទៅ​ភាគី​វៀតណាម​វិញ​ម្ដងណា​ឡើយ តួយ៉ាង​ដូច​ករណី​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​រង​ការ​ធ្វើទុក្ខបុកម្នេញ​គ្រប់បែប​យ៉ាង​ពី​អាជ្ញាធរ​វៀតណាម ករណី​វៀតណាម​ជួល​ដីធ្លី​ខ្មែរ​តាម​ព្រំដែន ឬ​រំលោភ​ចូល​ទឹកដី​កម្ពុជា ឬ​ករណី​វៀតណាម​ចង​សម្ព័ន្ធភាព​យោធា ជាមួយ​សហរដ្ឋអាមេរិក​នោះ​ជាដើម។ ក្រុម​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​កម្ពុជា ហៅ​ហេតុការណ៍​នេះ ថា​គឺ​ដោយសារតែ​ក្រុម​មេដឹកនាំ​ខ្មែរ រណប​ជាមួយ​វៀតណាម និង​តែង​ធ្វើតាម​អ្វី​ដែល​វៀតណាម​ចង់បាន ដោយសារតែ​ជំពាក់​គុណ​វៀតណាម​កាល​ពី​ពេល​អតីត​កាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។