ទាក់ទឹងជម្លោះនយោបាយរវាងមេដឹកនាំបក្សកាន់អំណាច និងអតីតមេដឹកនាំបក្សប្រឆាំងវិញ! មេដឹកនាំនៃរបបក្រុងភ្នំពេញ លោក ហ៊ុន បញ្ចេញសារជាថ្មីទៀត នៅថ្ងៃទី៥ តុលា ថា រូបលោកនឹងគ្មានការអត់ឱនឲ្យអ្នកនយោបាយម្នាក់នៅក្រៅស្រុកនោះទេ ហើយការលើកលែងទោសតាមការស្នើសុំពីព្រះពីមហាក្សត្រនោះ ក៏គ្មានដែរ។
ការលើកឡើងនៅក្នុងទិវាគ្រូបង្រៀនពិភពនៅវិទ្យាស្ថានជាតិអប់រំ លោក ហ៊ុន សែន សំដៅដល់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងធ្វើនយោបាយការទូតនៅតាមប្រទេសលោកសេរី ដើម្បីស្វែងរកដំណោះស្រាយនយោបាយ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៖ «ខ្ញុំមានការសង្ឃឹមមិនច្រើនទេ ជាមួយអត្តចរិតដែលមិនអាចទទួលបានឬអត់ឱនឲ្យបានរបស់ពួកគេ។ កុំសង្ឃឹមថា ហ៊ុន សែន ចុះហត្ថលេខាលើកលែងទោសឲ្យអ្នកឯង។ ខ្ញុំបាននិយាយហើយ បើខ្ញុំលើកលែងទោសឲ្យអ្នកឯងម្ដងទៀត ខ្ញុំនឹងកាត់ដៃស្ដាំខ្ញុំក្រវាត់ចោល។ អ្នកឯងគ្មានការលើកលែងទោសលើកទីបីទេ។ ហើយអ្នកឯងធ្វើតាមចិត្តចង់។ យល់ល្អអ្នកឯងបង្កើតរដ្ឋាភិបាលនិរទេស តែម្ដងទៅ ទៅខ្ញុំឲ្យយោបល់»។
បច្ចុប្បន្នលោក សម រង្ស៊ី កំពុងរស់នៅនិរទេសខ្លួននៅប្រទេសបារាំង។ លោក សម រង្ស៊ី ត្រូវបានតុលាការនៃរបបក្រុងភ្នំពេញ ចោទប្រកាន់និងកាត់ទោសដាក់ពន្ធនាគារជាច្រើនឆ្នាំ ទាក់ទឹងរឿងបរិហារកេរ្តិ៍ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មានលោក ហេង សំរិន និងលោក ហោ ណាំហុង ថាជាអតីតកម្មាភិបាល និងជាមេគុកក្នុងសម័យខ្មែរក្រហម រួមនឹងការប្រមាថព្រះមហាក្សត្រផង។
ក្រោយរបបលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិ និងដណ្ដើមបានអាសនៈរដ្ឋសភាទាំងអស់ ដែលកើតពីការបោះឆ្នោតកាលពីថ្ងៃទី២៧ កក្កដា លោក សម រង្ស៊ី និងក្រុមមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា កំពុងធ្វើយុទ្ធនាការនយោបាយការទូតនៅតាមបណ្ដាប្រទេសលោកសេរី ដើម្បីស្នើឲ្យសហគមន៍អន្តរជាតិ មានសហភាពអឺរ៉ុប និងអាមេរិក ជួយស្ដារស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ និងទាមទារឲ្យរៀបចំការបោះឆ្នោតឡើងវិញ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។