ជនជាតិ​ដើម​ភាគតិច​ខេត្ត​ស្ទឹងត្រែង​ចូលរួម​បោះឆ្នោត​ច្រើន​ជាង​អាណត្តិ​មុន

0:00 / 0:00

អ្នក​សង្កេតការណ៍​បោះឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល​នៅ​ខែត្រ​ស្ទឹងត្រែង រក​ឃើញ​ថា ជនជាតិ​ដើម​ភាគតិច​បាន​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ច្រើន​ជាង​អាណត្តិ​មុនៗ។ បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ជា​សញ្ញា​បង្ហាញ​ពី​ការ​យល់​ដឹង​ច្រើន​ពី​សារសំខាន់​នៃ​ការ​បោះឆ្នោត​របស់​ជនជាតិ​ដើម​ភាគតិច​នៅ​ខែត្រ​ភាគ​ឦសាន​នេះ។

អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ មិថុនា ថា ការិយាល័យ​ចំនួន​៤ នៅ​ឃុំ​សំអាង មាន​ពលរដ្ឋ​បោះឆ្នោត​ចំនួន​ជាង ៨០​ភាគរយ​ក្នុង​ចំណោម​ពលរដ្ឋ​ប្រមាណ​ជាង ២​ពាន់​នាក់ (២.០៤៤​នាក់)។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល យល់​ថា ជនជាតិ​ដើម​ភាគតិច និង​ពលរដ្ឋ​នៅ​ខែត្រ​ស្ទឹងត្រែង មាន​ការ​យល់​ដឹង​ច្រើន​ពី​សារប្រយោជន៍​នៃ​ការ​បោះឆ្នោត។ លោក​រំពឹង​ថា សន្លឹកឆ្នោត​របស់​ពលរដ្ឋ នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​ជីវភាព​ប្រសើរ​ជាង​មុន « ព្រោះ​ពី​មុន​គាត់​មិន​សូវ​ចាប់​អារម្មណ៍ តែ​ឥឡូវ​គាត់​ចាប់​អារម្មណ៍​ដោយសារ​ធនធាន​ធម្មជាតិ​ក៏ដោយ ការ​អភិវឌ្ឍ​ភូមិ​ឃុំ​ក៏ដោយ នៅ​មាន​កម្រិត​ទាប​ណាស់ »

ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ឃុំ​សំអាង លោក ច័ន្ទ យឹម សង្ឃឹម​ថា សន្លឹកឆ្នោត​របស់​លោក​មួយ​សន្លឹក នឹង​ជ្រើសរើស​មេ​ឃុំ​មាន​លក្ខណៈ​សម្បត្តិ​ល្អ ជាពិសេស​សង្គ្រោះ​ធនធាន​ធម្មជាតិ​ដែល​កំពុង​គំរាម​កំហែង​ធ្ងន់ធ្ងរ។ លោក​ថា ក្រុម​គ្រួសារ​លោក​បាន​នាំ​គ្នា​ទៅ​បោះឆ្នោត​បាន​គ្រប់​គ្នា និង​ត្រៀម​ជា​ស្រេច​ក្នុង​ការ​ជ្រើសរើស​ថ្នាក់​ដឹកនាំ​មូលដ្ឋាន « សារសំខាន់​បោះឆ្នោត គឺ​ជា​អាយុ​ជីវិត​របស់​ខ្លួន។ បើ​យើង​មិន​បោះឆ្នោត ក៏​យើង​មិន​អាច​ទទួល​ស្គាល់​ប្រទេស​ជាតិ​ទាំងមូល​ដែរ។ ការ​បោះឆ្នោត​ជា​ការ​ទាមទារ​សិទ្ធិ​សេរីភាព »

បេក្ខជន​លេខ​រៀង​ទី​១ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​សំអាង លោក ឆន ចាន់វាសនា សង្ឃឹម​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួល​បាន​ជ័យជម្នះ​នៅ​អាណត្តិ​នេះ ខណៈ​មាន​ពលរដ្ឋ​ចំណូល​ស្រុក និង​ជនជាតិ​ដើម​ភាគតិច​មួយ​ចំនួន​ធំ បាន​ជ្រាប​ច្បាស់​ពី​ចំណុច​ខ្សោយ​ក្នុង​ការ​ដឹកនាំ​របស់​មេ​ឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​ពួក​គេ​ឈឺ​ចាប់​រឿង​បាត់បង់​ធនធាន​ធម្មជាតិ និង​ផល​ប៉ះពាល់​អវិជ្ជមាន​ដោយសារ​អាកាសធាតុ។ បញ្ហា​នេះ គឺ​ជា​ផ្នែក​មួយ​នាំ​ឲ្យ​ពលរដ្ឋ​ភាគច្រើន​ងាក​មក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ថា ពលរដ្ឋ​មួយ​ចំនួន​បាន​អស់​ជំនឿ​លើ​ការ​ដឹកនាំ​មូលដ្ឋាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​មេ​ឃុំ​ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ និង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​មាន​ភាព​ចន្លោះ​ប្រហោង​ច្រើន « ប្រជាពលរដ្ឋ​ពេល​ខ្លះ​គាត់​បង្កើត​សហគមន៍។ គាត់​បាន​ផ្ដិត​មេដៃ​ឲ្យ​ប្រធាន​សហគមន៍​ដី​កាន់​តែ​កាប់ គាត់​ខក​ចិត្ត​យ៉ាង​ខ្លាំង »

ឆ្លើយតប​រឿង​នេះ មេ​ឃុំ​សំអាង មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ញៀន ផុន បញ្ជាក់​ថា លោក​ពុំ​អាច​សន្និដ្ឋាន​ថា​យ៉ាង​ណា​នោះ​ទេ​ចំពោះ​លទ្ធផល​បោះឆ្នោត។ តែ​យ៉ាង​ណា លោក​ថា​ក្នុង​អាណត្តិ​ដែល​លោក​ជាប់​ឆ្នោត លោក​បាន​ប្រឹងប្រែង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​បម្រើ​សេវា​សាធារណៈ​ដល់​ពលរដ្ឋ​ដោយ​មិន​រើសអើង « ខ្ញុំ​មិន​ចេះ​និយាយ​ទេ សន្និដ្ឋាន​មិន​បាន​ទេ »

តួលេខ​របស់​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត​ខែត្រ​ស្ទឹងត្រែង បង្ហាញ​ថា ពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នៅ​ឃុំ​សំអាង មាន​ចំនួន ២.០៤៤​នាក់។

លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខែត្រ​ស្ទឹងត្រែង លោក ពុយ ចាន់ថាឡាក់ ឲ្យ​ដឹង​ថា នៅ​ខែត្រ​ស្ទឹងត្រែង គិត​ចាប់​ពី​ម៉ោង ២​រសៀល​ថ្ងៃ​ទី​៤ មិថុនា ពលរដ្ឋ​ជាង ៨០​ភាគរយ​បាន​ទៅ​បោះឆ្នោត​ក្នុង​ចំណោម​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ចំនួន​ជាង ៨​ម៉ឺន​នាក់។ លោក​កត់​សម្គាល់​ថា ពលរដ្ឋ​ដែល​ចុះ​ឈ្មោះ​ពុំ​មាន​អត្តសញ្ញាណប័ណ្ណ និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត បាន​ទៅ​បំពេញ​ទម្រង់​បែបបទ​ដែល គ.ជ.ប កំណត់​ធ្វើ​លិខិត​បម្រើ​ឲ្យ​ការ​បោះឆ្នោត​បាន​មួយ​ចំនួន។ លោក​បន្ថែម​ថា លទ្ធផល​បោះឆ្នោត​បឋម​នៅ​ខែត្រ​ស្ទឹងត្រែង គ.ជ.ប លោក​ពុំ​ទាន់​ប្រកាស​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ទី​៤ មិថុនា បាន​ទេ ខណៈ​មាន​ឃុំ​មួយ​ចំនួន​នៅ​តំបន់​ដាច់ស្រយាល​ឆ្ងាយៗ លំបាក​ធ្វើ​ដំណើរ ហេតុ​នេះ​អាច​នឹង​ប្រកាស​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ទី​៥ មិថុនា ហើយ​ការិយាល័យ​មួយ​ចំនួន​នៅ​ក្រុង​ស្ទឹងត្រែង កំពុង​រាប់​សន្លឹកឆ្នោត​បណ្ដើរៗ « ម៉ោង ២​កន្លះ​រសៀល​ឲ្យ​បញ្ចប់​លើ​ឯកសារ ២០១៦ ដើម្បី​ឲ្យ​គាត់​បាន​បោះ។ ខ្ញុំ​មាន​ការ​មិន​រំពឹង​ថា ក្នុង​កម្រិត​ណា​មួយ​ដែរ​ទេ ដោយសារ​ព័ត៌មាន​វា​ឆាប់​ពេក។ បើ​សិន គ . . ប គិត​មុន​បាន​មួយ​អាទិត្យ​ទៅ​ល្អ »

នៅ​ខែត្រ​ស្ទឹងត្រែង មាន​ឃុំ-សង្កាត់​ចំនួន​៣៦ និង​ការិយាល័យ​បោះឆ្នោត​ចំនួន​២០៧ និង​មាន​គណបក្ស​នយោបាយ​ចំនួន​៤ ដាក់​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​សង្កាត់ រួម​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។