លោក ស ខេង បញ្ជា​ឲ្យ​សង្គម​ស៊ីវិល​បញ្ឈប់​សកម្មភាព​នៃ​បន្ទប់​ស្ថានការណ៍

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ផ្ញើ​លិខិត​ពីរ​ច្បាប់​ដាច់​ដោយ​ឡែក​​ពី​គ្នា​ទៅ​អង្គការ​ខុមហ្វ្រែល (COMFREL) និង​អង្គការ​និកហ្វិច (NICFEC) នៅ​យប់​ថ្ងៃ​ទី​៤ ខែ​កក្កដា ឲ្យ​បញ្ឈប់​សកម្មភាព​នៃ​បន្ទប់​ស្ថានការណ៍ ដោយ​អះអាង​ថា ផ្ទុយ​ទៅ​នឹង​បទបញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ ប៉ុន្តែ សង្គម​ស៊ីវិល​នៅតែ​អះអាង​ថា ខ្លួន​មិនបាន​ធ្វើ​សកម្មភាព​ខុសច្បាប់​ទេ ហើយ​លិខិត​របស់​ក្រសួង​មហាផ្ទៃ​ ដូចនេះ ជា​ការ​បិទ​ផ្លូវ​មិន​ឲ្យ​បន្ទប់​ស្ថានការណ៍​អាច​បង្កើត​ដើម្បី​តាមដាន​ដំណើរ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ​បាន។

ប្រាំពីរ​ថ្ងៃ​ក្រោយពី​ការ​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ក្រសួងមហាផ្ទៃ​ ពិនិត្យ​តាម​ផ្លូវ​ច្បាប់​លើ​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់ទង​ការ​​បោះឆ្នោត ឬ​ហៅថា បន្ទប់​ស្ថានការណ៍ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​ចេញ​លិខិត​ផ្លូវ​ការ​ផ្ញើ​ទៅ​អង្គការ​ខុមហ្វ្រែល និង​អង្គការ​និកហ្វិច ដែល​ជា​អ្នក​សម្របសម្រួល​បន្ទប់​ស្ថានការណ៍​ថា បន្ទប់​ស្ថានការណ៍​ជា​សកម្មភាព​ផ្ទុយ​ទៅ​នឹង​បទ​បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ លិខិត​ដដែល ប្រាប់​ទៅ​អង្គការ​ទាំងពីរ ត្រូវ​បញ្ឈប់​សកម្មភាព​ខុសច្បាប់​នៃ​បន្ទប់​ស្ថានការណ៍ និង​ត្រូវ​អនុវត្ត​ការងារ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។

លោក ស ខេង លើកឡើង​ក្នុង​លិខិត​នោះ​ទៀត​ថា សេចក្ដី​ថ្លែងការណ៍​​របស់​បន្ទប់​ស្ថានការណ៍ មិន​មាន​តម្លៃ​គតិយុត្តិ និង​​មិន​បាន​ឆ្លុះបញ្ចាំង​ពី​អព្យាក្រឹត​ភាព ដូច​មាន​ចែង​ក្នុង​មាត្រា​២៤ នៃ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ទេ។ លិខិត​របស់​លោក ស ខេង នៅ​ពេល​នេះ ជា​ការ​ឆ្លើយតប​ទៅ​នឹង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​​សង្គម​ស៊ីវិល​ពីរ គឺ​អង្គការ​ខុមហ្វ្រែល និង​អង្គការ​និកហ្វិច កាល​ចុង​ខែ​មិថុនា ដែល​អះអាង​ថា បន្ទប់​ស្ថានការណ៍ គឺជា​វេទិកា​អព្យាក្រឹត្យ​ឥត​លម្អៀង។

ទាក់ទង​រឿង​នេះ អតីត​សមាជិក​បន្ទប់​ស្ថានការណ៍ និង​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត នៅតែ​យល់​ថា បន្ទប់​ស្ថានការណ៍​បង្កើត​ឡើង​មិន​ខុសច្បាប់​ទេ។ លោក អំ សំអាត យល់ថា លិខិត​របស់​រដ្ឋាភិបាល​នេះ ​ដើម្បី​រារាំង​មិន​ឲ្យ​ក្រុម​អង្គការ​សង្គមស៊ីវិល​តាមដាន​ដំណើរការ​នៃ​ការបោះឆ្នោត​ឆ្នាំ​២០១៨ ខាងមុខ៖ «ខ្ញុំ​គិត​ថា លិខិត​នេះ​ចេញ​ហើយ ​បន្ទប់​ស្ថានការណ៍​គឺ​លែង​មាន​ទៀត​ហើយ បើ​មាន​ទៀត​គឺ​អាច​ប្រឆាំង​បទបញ្ជា​របស់​រដ្ឋាភិបាល»។

ទោះ​យ៉ាង​នេះ​ក្ដី លោក អំ សំអាត នៅតែ​​យល់ថា អង្គការ​សង្គម​ស៊ីវិល​នៅតែ​អាច​តាមដាន និង​វាយតម្លៃ​ការបោះឆ្នោត​ឆ្នាំ​២០១៨ ​បាន​ដដែល ទោះ​ពួកគេ​មិនបាន​បង្កើត​បន្ទប់​ស្ថានការណ៍​ក្ដី។

សេចក្ដីថ្លែងការណ៍​រួម​របស់​អង្គការ​អន្តរជាតិ​ចំនួន​៤ កាលពី​ចុងខែ​មិថុនា បាន​លើក​ឡើង​ថា ពួកគេ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​គំរាមកំហែង​លើ​អង្គការ​សង្គម​ស៊ីវិល​នៃ​បន្ទប់​ស្ថានការណ៍ ត្បិត​វា​ធ្វើ​អោយ​ប៉ះពាល់​ដល់​សកម្មភាព​ស្របច្បាប់​របស់​សង្គម​ស៊ីវិល ជាពិសេស​ចំណាត់​ការ​របស់​រដ្ឋាភិបាល​គឺជា​ការ​គំរាមកំហែង​សង្គម​ស៊ីវិល​ដទៃ​ទៀត អោយ​បាន​មុន​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨។

ទោះ​លិខិត​របស់​លោក ស ខេង ដែល​ចុះផ្សាយ​កាលពី​យប់​ថ្ងៃ​ទី​៤ ខែ​កក្កដា ឲ្យ​អង្គការ​សង្គម​ស៊ីវិល​បញ្ឈប់​សកម្មភាព​នៃ​បន្ទប់​ស្ថាន​ការណ៍​​ក្ដី។ ក្រុម​អង្គការ​សង្គម​បាន​រំសាយ​សកម្មភាព​នៃ​វេទិកា​បន្ទប់​ស្ថានការណ៍ ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ ​ចប់​រួចរាល់ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។