អ្នកសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតនៃគណបក្សសង្គ្រោះជាតិ រកឃើញភាពមិនប្រក្រតីមួយចំនួននៅការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងខេត្តស្ទឹងត្រែង។ ភាពមិនប្រក្រតីទាំងនោះមានដូចជា មេឃុំបានចុះហត្ថលេខាមុនសេចក្តីសម្រេច និងផ្ទេរសិទ្ធិខុសឋានានុក្រម ព្រមទាំងមានវត្តមាននគរបាលដែលគ្មានភារកិច្ចចូលក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត។
មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តស្ទឹងត្រែង អំពាវនាវសុំឲ្យមន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត អន្តរាគមន៍ករណីមេឃុំស្ដៅ ស្រុកសេសាន លោក នួយ ប៊ុនធួយ ពុំមានវត្តមានក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត ហើយបានផ្ទេរសិទ្ធិឲ្យក្រុមប្រឹក្សាឃុំជំនួស ផ្ទុយពីឋានានុក្រមគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ដែលកំណត់ដោយក្រសួងមហាផ្ទៃ។ លើសពីនេះ មេឃុំរូបនោះបានចុះហត្ថលេខាទុកមុនរាល់ពាក្យស្នើសុំបញ្ជាក់អត្តសញ្ញាណនានាដើម្បីចុះឈ្មោះបោះឆ្នោត ផ្ទុយពីគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
អនុប្រធានគណៈកម្មការប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង នៃគណបក្សសង្គ្រោះជាតិ លោក សាត ស៊ិន ឲ្យដឹងនៅថ្ងៃទី១១ កញ្ញា ថា នៅថ្ងៃទី៧ និងទី៨ កញ្ញា នៅសាលាឃុំស្រែឫស្សី មាននគរបាលពាក់ឯកសណ្ឋានចូលក្នុងការិយាល័យចុះឈ្មោះបោះឆ្នោតដោយគ្មានភារកិច្ច ហើយនៅព្រឹកថ្ងៃទី១១ កញ្ញា មាននគរបាលចូលក្នុងការិយាល័យចុះឈ្មោះបោះឆ្នោតនៅឃុំចំនួនពីរនៃស្រុកថាឡាបរិវ៉ាត់ គឺឃុំអូររី និងឃុំថាឡាបរិវ៉ាត់។ លោកថា វត្តមាននគរបាលចូលក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត នៅតែកើតមានដដែលៗ បើទោះបីជាអ្នកសង្កេតការណ៍បានជូនដំណឹងទៅមន្ត្រី គ.ជ.ប អន្តរាគមន៍ជាបន្តបន្ទាប់ក្តី។ លោកសង្កត់ធ្ងន់ថា មន្ត្រីរៀបចំការបោះឆ្នោតតាមការិយាល័យនីមួយៗ ត្រូវហាមឃាត់រាល់នគរបាលពាក់ឯកសណ្ឋានចូលក្នុងការិយាល័យដោយគ្មានភារកិច្ច៖ « ប៉ះពាល់ និងរំខានការចុះឈ្មោះបោះឆ្នោត ហើយក៏ដូចការភិតភ័យដែរ ព្រោះធម្មតាពលរដ្ឋកាលណាគាត់ឃើញសមត្ថកិច្ចឃើញអីនៅក្នុងហ្នឹង គាត់ក៏មានការភ័យ និងភ្ញាក់ផ្អើលដែរ »។
ឆ្លើយតបការលើកឡើងនេះ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង លោក ពុយ ចាន់ថាឡាក់ ទទួលស្គាល់ថា មេឃុំស្ដៅ បានចុះហត្ថលេខាទុកមុនរាល់លិខិតបទដ្ឋាននានាទាក់ទិនការចុះឈ្មោះបោះឆ្នោត តែលោកបានណែនាំ និងកែសម្រួលបានត្រឹមត្រូវវិញហើយ។ លោកថា មន្ត្រី គ.ជ.ប ខេត្ត នៅមិនទាន់ទទួលព័ត៌មានពីវត្តមាននគរបាលចូលក្នុងការិយាល័យចុះឈ្មោះបោះឆ្នោតដោយគ្មានភារកិច្ចនៅឡើយទេ។ លោកថានឹងពិនិត្យនៅពេលទទួលដំណឹងនេះ៖ « បើគាត់ចូលក្នុងនាមគាត់ចុះឈ្មោះតែម្តង គឺអត់បាន គឺខុសតែម្តង ហើយក៏គាត់មិនត្រូវនៅក្នុងហ្នឹងដែរ កំណត់កន្លែងទីតាំងគាត់ត្រូវឈរជើងចម្ងាយដែលត្រឹមត្រូវកំណត់ដោយគណៈកម្មការសន្តិសុខបានបើកវគ្គអប់រំទូទៅចឹង។ ចាំមើលខ្ញុំនឹងស្រាវជ្រាវ »។
មន្ត្រីផ្នែកអង្កេតនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក ស៊ិន ទិត្យសីហា យល់ថា ការចុះហត្ថលេខារៀបចំទុកដើម្បីជាការសម្រួលនីតិវិធីស្នើសុំចុះឈ្មោះបោះឆ្នោតរបស់អាជ្ញាធរឃុំ ដើម្បីកុំឲ្យចំណាយពេលយូរ ពុំមានបញ្ហាចោទនោះទេ ក៏ប៉ុន្តែប្រសិនបើមេឃុំ ឬចៅសង្កាត់បញ្ជាក់អត្តសញ្ញាណជូនពលរដ្ឋដែលពុំមានទីលំនៅក្នុងឃុំ-សង្កាត់របស់ខ្លួននោះ ជាការអនុវត្តខុសនីតិវិធីផ្ទុយពីការកំណត់របស់ក្រសួងមហាផ្ទៃ និង គ.ជ.ប។ លោកពន្យល់ថា នគរបាលមានកាតព្វកិច្ចអាចចូលក្នុងការិយាល័យបាន លុះត្រាតែការិយាល័យចុះឈ្មោះនោះមានបាតុភាពកើតឡើង ឬចលាចល៖ « មានវត្តមានប៉ូលិសក្នុងការិយាល័យចុះឈ្មោះហ្នឹងបានតែក្នុងករណីមួយទេ គឺមន្ត្រីប៉ូលិសហ្នឹងគាត់ជាភ្នាក់ងារសន្តិសុខ ហើយមានបញ្ហាអសន្តិសុខកើតឡើងក្នុងការិយាល័យហ្នឹង ហើយមន្ត្រីនៅខាងក្នុងគាត់ស្នើឲ្យមន្ត្រីប៉ូលិសហ្នឹងចូល។ បើគាត់ចូលអត់មានក្នុងករណីហ្នឹង គឺខុសនីតិវិធី។ បើគាត់ចូលក្នុងបំណងចុះឈ្មោះបោះឆ្នោត ហើយគាត់មិនមែនជាមន្ត្រីភ្នាក់ងារសន្តិសុខដែលទទួលការពារសន្តិសុខហ្នឹងទេ គាត់ត្រូវតែស្លៀកពាក់ឯកសណ្ឋានស៊ីវិលធម្មតា »។
ការចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ មានរយៈពេល ៣ខែ គឺចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា។ តួលេខរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង ឲ្យដឹងថា ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរយៈពេល ១០ថ្ងៃគិតត្រឹមថ្ងៃទី១០ កញ្ញា ទូទាំងខេត្តស្ទឹងត្រែង កើនឡើងជិត ២ម៉ឺននាក់ក្នុងចំណោមពលរដ្ឋជាង ៨ម៉ឺននាក់ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។