អ្នក​​ជាប់​​ឃុំ​បក្ស​ប្រឆាំង​​ផ្ញើ​លិខិត​ចេញ​​ពី​​ពន្ធនាគារ​ទូល​ព្រះមហាក្សត្រ​​សុំ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ

0:00 / 0:00

អ្នក​​ជាប់​ឃុំ​បក្ស​ប្រឆាំងបាន​​ផ្ញើលិខិតចេញ​ពី​ពន្ធនាគារ​​អបអរ​ឆ្នាំ​ថ្មី ​និង​ទូល​ថ្វាយស្នើសុំ​ព្រះមហាក្សត្រ​ជួយឲ្យមាន​ដំណោះស្រាយ​នយោបាយ​។​ ទោះ​យ៉ាងណា​មន្រ្តី​រដ្ឋាភិបាល​ នៅតែ​អះអាង​ថា​​ កម្ពុជា​គ្មាន​វិបត្តិនយោបាយ​ឡើយ​ មានតែ​អ្នក​នយោបាយ​ប្រព្រឹត្ត​ល្មើស​។​

លិខិត​អ្នក​​ជាប់​ឃុំ​បក្ស​ប្រឆាំង​ ថ្វាយ​បង្គំ​​ស្នើសុំ​ព្រះមហាក្សត្រ​ ព្រះបាទ ​នរោត្ដម​ សីហមុនី​ មេត្តា​ព្រះរាជ​តម្រិះ​ជួយ​ផ្សះផ្សា​បង្រួបបង្រួម​អ្នក​នយោបាយ​គ្រប់​ភាគី​ ចូលតុចរចា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ។​​ លិខិត​ចុះ​​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា​ ដោយ​មាន​ហត្ថលេខា​ ​មន្រ្តី​ និងសកម្មជនគណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​នៅ​ពន្ធនាគារ​ព្រៃស រួម​មាន​ លោក កែវ​ ថៃ​ លោក ហេង ច័ន្ទសុទ្ធី លោក ឃឹម ភាណា និង​លោក ស៊ុន​ ធន់​ ​ចង់​ឃើញ​ ខ្មែរ​គ្រប់​ភាគី​មាន​ឱកាស​ចូលរួម​បោះឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣​ ដោយ​សេរី​​ត្រឹមត្រូវ​ និង​យុត្តិធម៌​ ស្រប​តាម​ស្មារតី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដើម្បី​កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ​ និង​សន្តិភាព​ពិត​ប្រាកដ។​

កូនប្រុសមន្ត្រី​បក្សប្រឆាំង​ដែល​កំពុង​ជាប់​ឃុំលោក​ កែវ​ ថៃ​ គឺ​លោក​ កែវ សួរ ថ្លែង​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹងនៅ​ថ្ងៃ​ទី​១៦ ខែ​មេសា​​ លិខិត​នេះ​ពិត​ជាលិខិតឪពុក​របស់​លោក​ និង​សកម្មជន​បក្ស​ផ្សេង​ទៀត​ផ្ញើ​ចេញ​ពី​ពន្ធនាគារ​​ ពិត​ប្រាកដ​មែន។ កូន​ប្រុស​​លោក កែវ ថៃ ​យល់​ថា​ ឪពុក​របស់លោកដែលកំពុងជាប់​ឃុំនេះ ​ព្រោះ​រឿង​នយោបាយ​ ដូច្នេះ​​​លោក​​ចង់​ឃើញ​មាន​ដំណោះស្រាយ​នយោបាយ​ដើម្បី​ឪពុក​លោក​អាច​មាន​សេរីភាព​ឡើងវិញ​៖ «ស្ដែង​ពី​ឆន្ទៈ​របស់​ដែល​សម្ដែង​មតិ​​​តែង​សេចក្ដី​​ថ្លែងការណ៍​ឬ​ថ្វាយ​ពរ​ ព្រះមហាក្សត្រ​​​ហ្នឹង​ព្រោះ​ពួក​គាត់​រង​គ្រោះ​ដោយ​សារ​នយោបាយ​»។

ខណៈ​វិបត្តិ​នយោបាយ​មិន​ទាន់​រក​ច្រក​ចេញ​ ហើយ​រដ្ឋាភិបាល​​បន្ត​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​ ​​សកម្មជន​បក្សប្រឆាំង​ដាក់​ពន្ធនាគារជាបន្តបន្ទាប់នោះ​ ​ក្រុម​អ្នក​ទោស​នយោបាយ​ តែង​ផ្ញើសំបុត្រ​តាម​សាច់ញាតិ​របស់​ពួក​គេ​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ លោក ហ៊ុន សែន​ គោរព​សិទ្ធិ​មនុស្ស​ ​ប្រជាធិបតេយ្យ​ និង​ត្រូវ​ដោះស្រាយ​វិបត្តិ​នយោបាយ​ ជា​ដើម​។​ សកម្មជនបក្សប្រឆាំង ស្នើសុំទៅព្រះមហាក្សត្រជួយអន្តរាគមន៍​វិបត្តិនយោបាយបែបនេះ ស្របដែល​រដ្ឋធម្មនុញ្ញចែងថា ព្រះមហាក្សត្រ​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្ត​ភាព​ជាតិ។ ទ្រង់​ជា​អ្នកធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ បូរណភាព​ទឹកដី និង​ជា​អ្នកធានា​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​ការ​គោរព​សិទ្ធិ​សញ្ញា​អន្តរជាតិ។ លើស​ពី​នេះ ព្រះមហាក្សត្រ​មាន​តួនាទី​ខ្ពង់ខ្ពស់​ជា​អាជ្ញា​កណ្ដាល ដើម្បី​ធានា​ការ​ប្រព្រឹត្តទៅ​នៃ​អំណាច​សាធារណៈ​ឱ្យ​មាន​ភាព​ទៀងទាត់។

ទាក់ទង​បញ្ហា​នេះ​ អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ ផៃ​ ស៊ីផាន​ និយាយ​ថា​ ​ការ​ចរចា​នយោបាយ​ជាសមត្ថកិច្ចមេដឹកនាំរដ្ឋាភិបាល ដូច្នេះ ​លោក​មិន​អាច​ដឹង​បាន​ទេ​។​ ទោះ​យ៉ាងណា​លោក​ថា​ ករណី​​​របស់​អ្នក​ជាប់​ឃុំ​​បក្ស​ប្រឆាំង​ គឺជារឿងរបស់ ​តុលាការ។​​ លោក​​បន្ត​ថា​​ក្រុម​អ្នក​ជាប់​ឃុំ​​គួរ​រក​មេធាវី​ដើម្បី​តតាំង​ផ្លូវ​ច្បាប់ ទើបមាន​ប្រយោជន៍ជាង​៖ «អត់​មាន​ពាក់ព័ន្ធ​រឿង​រាជរដ្ឋាភិបាល​ អត់​មាន​ពាក់ព័ន្ធ​រឿង​អ្នក​នយោបាយ​ទេ​ ជា​កាតព្វកិច្ច​របស់​តុលាការ​​ គេ​ត្រូវ​ស្វែង​រក​លទ្ធភាព​ណាមួយ​ដើម្បី​និយាយ​ជា​មួយ​តុលាការ​​»។

ទោះ​យ៉ាងណា​ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​កា​ដូ លោក​ អំ ​សំអាត លើកឡើង​ថា​ ករណីនេះ​ជា​រឿង​នយោបាយ​ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់​។ មន្រ្តី​សង្គម​ស៊ីវិល​រូប​នេះ​​ក៏​ឃើញ​អ្នក​នយោបាយ​ប្រើប្រាស់​វប្បធម៌​សន្ទនា​ចរចា​គ្នា​ឡើងវិញ​ ដើម្បី​ឲ្យអ្នកនោបាយគ្រប់ភាគីអាចរួមគ្នាដោះស្រាយ​បញ្ហា​ជាតិ​៖ « ខ្ញុំ​យល់​ថា​​មាន​តែ​មួយ​ទេ​ ព្រោះ​បើ​សិន​ជា​អ្នក​គាត់​មាន​ការ​ចរចា​​គ្នា​នោះ​អ្នក​ទាំង​អស់​​នឹង​អាច​ត្រូវ​បាន​ដោះលែង​ ​​​ឬ​ក៏​នៅ​ក្រៅ​​ឃុំ​បណ្ដោះអាសន្ន ​ឬ​ក៏​ការ​លើកលែង​ទោស​​ក្នុង​ការ​ជួបជុំ​គ្រួសារ​ដូច​បទ​ពិសោធន៍​កន្លង​មក​បាទ​ »។

បច្ចុប្បន្ន​មាន​សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​ប្រមាណ ៦០​នាក់​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​។ ក្នុង​នោះ​សកម្មជន​មួយចំនួន​ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​កាត់​ក្ដី​ដាក់​ពន្ធនាគារ ៥​ឆ្នាំ ប៉ុន្តែ​ឱ្យ​អនុវត្ត​ទោស ៣​ឆ្នាំ ៨​ខែ ហើយ​ទោស​នៅសល់​ព្យួរ​។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​មាន​មេធាវីជួយ​ការពារ​ក្ដី​ ប៉ុន្តែ​ ក្រុម​អ្នក​ទោស​នយោបាយ​​ទាំង​នោះ​មិន​ដែល​ឈ្នះ​ក្ដី​ម្ដង​ណា​ឡើយ​ ទោះ​បី​​តុលាការ​គ្មាន​ភស្តុតាង​រឹងមាំ​ក្នុង​ការ​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ​ក្ដី​។​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​ លោក សម រង្ស៊ី បាន​ប្រកាស​ថា​ លោកនឹង​ចូល​ស្រុក​ជា​ថ្មី​ ​ទៀត​ក្រោយ​​ការបោះឆ្នោត​ឃុំ​សង្កាត់​ ដើម្បី​​​ចូលរួម​ស្ដារ​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។