ជប៉ុន​មាន​កង្វល់​អំពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​កម្ពុជា និង​ការ​ចាប់​មេ​បក្ស​ប្រឆាំង​ដាក់​គុក

0:00 / 0:00

រដ្ឋាភិបាល​ជប៉ុន​បាន​លើក​ឡើង​ពី​ក្តី​កង្វល់​របស់​ខ្លួន​ទាក់ទង​នឹង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព និង​ការ​ចាប់​មេ​បក្ស​ប្រឆាំង​ដាក់​គុក។

លោក​ កែវ រ៉េមី​ ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា ​​ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​ថា នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ ម៉ាសាតុ ​អូតាកា (Masato Otaka) អគ្គ​នាយក​រង​ការិយា​ល័យ​គោល​នយោបាយ​ការ​បរទេស​ និង​ជា​ឯកអគ្គ​រាជទូត​ ទទួល​បន្ទុក​កិច្ច​ការ​​សហ​ប្រជាជាតិ នៃ​ក្រសួង​ការ​បរទេស​ជប៉ុន​ កាល​ពី​ថ្ងៃ​ទី៧ សីហា​ថា ភាគី​​ជប៉ុន​ បានលើក​ឡើង​​អំពី​ការ​រំលាយ​បក្ស​សង្ក្រោះ​ជាតិ ការ​ឃុំ​ខ្លួន​លោក​​ កឹម សុខា ឃាតកម្ម​​លោក​​ កែម ឡី​ ព្រមទាំង​​សិទ្ធិ​សេរីភាព​សម្ដែង​មតិ និង​ការ​ប្រជុំ​របស់​សង្គម​ស៊ីវិល ព្រមទាំង​បញ្ហា​មួយ​ចំនួន​ទៀត។

លោក​និយាយ​ថា លោក​​បាន​បក​ស្រាយ​ប្រាប់​ភាគី​ជប៉ុន​ពី​បញ្ហា​ទាំង​នេះ​ថា ទាំង​អស់​នេះ គឺ​ជា​ការ​អនុវត្ត​ច្បាប់​របស់​តុលា​ការកម្ពុជា។

​លោក​ កែវ រ៉េមី អះអាងថា​ ភាគី​ជប៉ុន​បាន​ទទួល​យក​អ្វី​ដែល​លោក​បាន​បក​ស្រាយ។

អ្នក​ស្រី​ ចក់ សុភាព​ នាយិ​កា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​យល់​ឃើញ​ថា ​ចំណាប់​អារម្ម​ណ៍​របស់​ជប៉ុន​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​គួរ​ឲ្យ​ស្វាគមន៍ ប៉ុន្តែ​ជំនួប​​នេះ​ គួរ​តែ​ធ្វើ​ឡើង​ដោយ​មាន​តម្លា​ភាព​ដោយ​មាន​ការ​ចូល​រួមពី​សហ​គមន៍​ការពារ​សិទ្ធិ​មនុស្ស និង​ធ្វើ​ឡើង​ជា​ទៀង​ទាត់។ លោក​ស្រី​សង្ឃឹម​ដែរ​ថា ជប៉ុន​ដែល​ជា​ភាគី​ហត្ថលេខី​នៃកិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស និង​ជា​អ្នក​សម្រប​សម្រួល​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​កាល​ពី​​ឆ្នាំ​ ២០១៨​ នឹង​ចូល​រួម​បន្ថែម​ទៀត​ដល់​ការ​​កសាង​សន្តិភាព​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។